ភ្នំពេញ៖ នាយកដ្ឋានគ្រប់គ្រងជាតិផ្ទុះនិងអគ្គីភ័យ បានឱ្យដឹងថា មូលហេតុនាំឱ្យកើតមានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋស្ថិតនៅសង្កាត់អង្រែក្រោម ខណ្ឌមានជ័យ ប្រមាណជិត ១០០ ខ្នង ទំនងមិនមែនកើតឡើងដោយសារការអុជផាវ ឬកាំជ្រួចនោះទេ ហើយរហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងស៊ើបអង្កេតចំពោះមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គីភ័យនេះ។
ប្រធាននាយកដ្ឋានគ្រប់គ្រង់ជាតិផ្ទុះនិងអគ្គិភ័យ លោក ធន់ សាម៉ន មានប្រសាសន៍ ថ្ងៃចន្ទនេះថា អគ្គីភ័យឆេះផ្ទះពលរដ្ឋជិត ១០០ ខ្នង នៅសង្កាត់អង្រែក្រោម ទំនងមិនមែនកើតឡើងដោយសារការអុជ ផាវ ឬកាំជ្រួចនោះទេ ព្រោះអគ្គីភ័យបានឆាបចេញពីផ្ទះប្រជាពលរដ្ឋនៅម៉ោង ១២ រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ ខែកុម្ភៈ ហើយសមត្ថកិច្ចសង្ស័យទៅលើករណីពលរដ្ឋប្រើទៀន ធូប និងចរន្តអគ្គីសនី។
សូមបញ្ជាក់ថា នៅវេលាម៉ោងជាង ១២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦ ផ្ទះប្រជាពលរដ្ឋចំនួន ៩៧ ខ្នងត្រូវបានអគ្គីភ័យឆាបឆេះបំផ្លាញទាំងស្រុង ស្ថិតនៅខាងក្រោយវត្តចាក់អង្រែក្រោម សង្កាត់អង្រែក្រោម ខណ្ឌមានជ័យ ដោយមិនទាន់ដឹងពីមូលហេតុពិតប្រាកដនៅឡើយ។ អគ្គីភ័យនេះ បានរលត់ទៅវិញនៅវេលាម៉ោង ៤ ទៀបភ្លឺ ក្រោយកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ជួយអន្តរាគមន៍៕