នៅព្រឹកថ្ងៃទី ០៥ ខែ តុលានេះ ប្រជាសហគមរងគ្រោះដីធ្លីជាង២០សហគមមកពីបណ្តាខេត្ត និងរាជធានី បានជួបជុំគ្នា នៅជាប់របងស្ថានទូតរស្ស៊ី ក្បែរអតីតតំបន់ដីក្រហម ដើម្បីប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិលើកទី៣០ និងជំរុញឲ្យរដ្ឋាភិបាលបញ្ឈប់ការបណ្តេញពលរដ្ឋចេញពីដីធ្លី ដោយមិនផ្តល់សំណងសមរម្យដល់ពួកគេ។ នៅក្នុងការប្រារព្ធពិធីនេះដែរ ពលរដ្ឋបានយកញត្តិដាក់ទៅរដ្ឋសភាជាតិ បន្ទាប់មកបន្តដាក់ទៅស្ថាប័នរដ្ឋផ្សេងៗមួយចំនួនទៀត ប៉ុន្តែត្រូវបានអាជ្ញាធររារាំង។សង្គមស៊ីវិលយល់ឃើញថា ការរារាំងនេះ គឺជាការរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់ពលរដ្ឋ។
តាមការគម្រោងទុកប្រជាពលរងគ្រោះដីធ្លី ជាង២០សហគមនោះ រួមទាំងព្រះសង្ឃ តំណាងអង្គការសង្គមស៊ីវិលប្រមាណជិត២ពាន់នាក់ គ្រោងដង្ហែញត្តិដាក់ទៅកាន់ សាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់បន្តទៀត បន្ទាប់ពីរដ្ឋសភាទទួលញត្តិរួចហើយនោះ ប៉ុន្តែក្បួនរបស់ពួកគេ ត្រូវបានអាជ្ញាធររារាំងមិនឲ្យក្បួនចេញពីបរិវេនរដ្ឋសភាឡើយ។ ទោះបីយ៉ាងណាក៏ដោយមន្ត្រីតំណាងឲ្យសាលារាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានមកទទួលញត្តិពីប្រជាសហគមរងគ្រោះដីធ្លីទាំងនោះ នៅមុខរដ្ឋសភាជាតិ។
អ្នកស្រី ផូវ ញឿង តំណាងសហគមរងគ្រោះដីធ្លីមកពីខេត្តកោះកុងបានឲ្យដឹងថា បញ្ហាជម្លោះដីធ្លីនៅសហគមរបស់អ្នកស្រីបន្តអូសបន្លាយរហូតមកដល់សព្វថ្ងៃនេះ គឺដោយសារការប្រព្រឹត្តអំពើពុករលួយ និងមានអ្នកមានអំណាចនៅពីក្រោយ ទើបញ្ហាដីធ្លីស្ថិតនៅក្នុងភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង មិនអាចដោះស្រាយបាន។ អ្នកស្រីបន្តថា គ្រួសារអ្នកស្រី រួមទាំងពលរដ្ឋក្នុងសហគមនេះកំពុងតែមានបញ្ញាផ្លូវចិត្ត និងខ្វះខាតជីវភាពយ៉ាងខ្លាំង ដោយសារបាត់បងដីធ្លីបង្កបង្កើនផល។
អ្នកស្រីថា៖ « ខ្ញុំធ្លាក់ខ្លួនឡើង មិនមែនជាមនុស្សមិនមែនជាខ្មោច ប្រឈមនឹងអត់មានផ្ទះសមបែងនៅ កូនចៅខ្ញុំមិនរៀន។ សហគមមួយចំនួននិយាយង្វេងង្វន់ព្យាបាលផ្លូវចិត្ត ទាំងរូបខ្ញុំរូបគេ អ្នកទាំងអស់គ្នាប្រឈមបញ្ហាឆ្កួនង្វេងទៅថ្ងៃមុខ ដោយសារសោកស្តាយទ្រព្យសម្បត្តិរបស់ខ្លួន ហេតុអ្វីគ្រាន់តែលំនៅដ្ឋានសមរម្យមិនត្រូវបានទទួលដូចគេដូចឯង យើងក៏ជាមនុស្សដូចគេដែរ»។
ជុំវិញបញ្ហានេះដែរ លោក សៀ ភារម្យ ប្រធានក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋានបានឲ្យដឹងរថា អ្វីដែលជាបញ្ហាពិបាកក្នុងការដោះស្រាយបញ្ហាដីធ្លីនោះគឺ ដោយសារការខ្វះឆន្ទៈដោះស្រាយពីអ្នកនយោបាយ ការប្រព្រឹត្តិអំពើពុករលួយ និងប្រព័ន្ធតុលាការមិនឯករាជ្យជាដើម។
លោកថា« ដោយសារតែប្រព័ន្ធយុត្តិធម៌មិនឯករាជ្យ អញ្ចឹង អ្នកក្រគឺមិនអាចទទួលបានយុត្តិធម៌ពីប្រព័ន្ធយុត្តិធម៌ទេ អញ្ចឹងទាល់តែយើង ជាពិសេសគឺម្ចាស់ឆ្នោតដែលត្រូវតែចូលរួមនៅក្នុងការសម្រេចចិត្ត ដើម្បីជ្រើសរើសនូវប្រព័ន្ធយុត្តិធម៌មួយ ដែលអាចការពារក្តីឲ្យជនរងគ្រោះអ្នកក្រីក្រ អាចទទួលបានយុត្តិធម៌ទាំងអស់គ្នា ស្មើគ្នាចំពោះមុខច្បាប់»។
ជាកស្តែង អ្នកស្រី អ៊ុំ សុភី តំណាងសហគមឡពាង ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន KDC របស់លោក ស្រី ជា ឃេង ភរិយា លោក ស៊ុយ សែមរដ្ឋមន្ត្រីក្រសួងរ៉ែ និងាមពល ជាង១០ឆ្នាំមកហើយ មិនទាន់ទទួលបានដំណោះស្រាយនៅឡើយ។ មិនត្រឹមតែប៉ុណ្ណោះ ប្រជាសហគមឡពាងមួយចំនួនបាបស្លាប់ និងខ្លះទៀតជាប់ពន្ធធានាគារជាបន្តបន្ទាប់។ អ្នកស្រីថា« អ្នកដែលតវ៉ាគឺស្លាប់២នាក់ ៣នាក់មកហើយ បងថ្លៃរបស់គឺស្លាប់ដោយសារគេធ្វើឃាតគឺ គេតាមរយៈការបើកឡានបុកគ្រោះថ្នាក់ចរាចរណ៍ ធ្វើឲ្យកូនគាត់កំព្រា នេះហើយដោយតែរឿងដីធ្លី។ លោកតាម្នាក់ គាត់ជចាប់គុក ដោយចេញមកវិញហើយ ដីអត់បាន គាត់ឈឺចិត្ត គាត់ស្លាប់ទៀត ក្នុងនោះម្តីនាងខ្ញុំក៏ធ្លាន់ពន្ធធានាគាររយៈពេល១៥ថ្ងៃដែរ។ អ្នកជាប់គុកប្រហែលជាង១០នាក់ទៅហើយ ប៉ុន្តែ ពេលនេះគឺគាត់នៅក្រៅឃុំបណ្តោះអាសន្ន តែស្ថិតនៅក្នុងការតាមដានរបស់តុលាការនៅឡើយ»។
ទាក់ទងនឹងបញ្ហានេះ លោក អំ សំអាត ប្រធានបច្ចេកទេសឃ្លាំមើលការរំលោភសិទ្ធិមនុស្សរបស់អង្គការលីកាដូបានលើកឡើងថា រដ្ឋាភិបាលកម្ពុជាគួរណាស់តែចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ជាមួយប្រជាសហគម ដើម្បីបង្ហាញឲ្យអន្តរជាតិមើលឃើញថា ប្រទេសកម្ពុជាមានការគោរពសិទ្ធិមនុស្សពិតប្រាកដ ផ្ទុយទៅវិញអាជ្ញាធរបាន ដាក់រនាំងរារាំងប្រជាសហគមរងគ្រោះដីធ្លីមិនឲ្យយកញត្តិទៅដាក់ស្ថានប័នទាំងនោះ ដែលទង្វើនេះគឺជាការរំលោភសិទ្ធិមនុស្សយ៉ាងពិតប្រាកដ។ លោកមានប្រសាសន៍ថា«នៅពេលប្រជាពលរដ្ឋលោកប្រារព្វ ហើយយើងដាក់របា យើងរារាំងក្នុងសិទ្ធិរីភាពបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋ នេះហើយដែលធ្វើឲ្យគេមានការរិះគន់ កាន់តែធ្ងន់ធ្ងរ អំពីការរំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ជាពិសេសសិទ្ធិសេរីការបញ្ចេញមតិ ការជួបជុំ ការប្រមូលផ្តុំនិងបាទ»។
បើតាមរបាយការណ៍របស់អង្គការធាងត្នោតបានបង្ហាញថា ប្រជាពលរដ្ឋត្រូវបានអាជ្ញាធរបណ្តេញពីលំនៅដ្ឋាន ក្នុងរាជធានីភ្នំពេញ មានចំនួន ២សែននាក់ ស្មើប្រមាណ៣ម៉ឺនគ្រួសារ និង៥៤សហគម ចាប់ពីឆ្នាំ១៩៩០ រហូតដល់ ២០១៤។ ចំណែករបាយការណ៍របស់អង្គការលីការដូវិញ ជនរងគ្រោះដោយសារការបណ្តេញចេញទូទាំងប្រទេស មានប្រមាណ៥០ម៉ឺននាក់។