សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ នៅអង្គុយមុខប៉ារ៉ាសសមត្ថកិច្ច ថ្ងៃទី៥ ខែមិថុនា ២០២៤។ រូបភាពពី Mother Nature Cambodia
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារផ្សេងៗពីគ្នា និងឆ្ងាយពីក្រុមគ្រួសារ។ សង្គមស៊ីវិលដែលតាមដានសំណុំរឿងសកម្មជនបរិស្ថាននេះ ចាត់ទុកថា ការបញ្ជូនខ្លួនពិរុទ្ធជនទៅកាន់ពន្ធនាគារយ៉ាងឆ្ងាយពីក្រុមគ្រួសារ និងមេធាវីរបស់ពួកគេបែបនេះ គឺជាការរំលោភបំពានសិទិ្ធរបស់ជនជាប់ឃុំ។ លោក គីម ចាន់ចាវ រាយការណ៍
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិចំនួន ៥ រូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ឱ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ ឆ្នាំ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ។ ក្រោយមកអ្នកទាំង ៥ ត្រូវបានអាជ្ញាធរបញ្ជូនខ្លួនទៅឃុំនៅពន្ធនាគារចំនួន ៥ ខុសៗគ្នា ដោយពន្ធនាគារមួយចំនួន មានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្នា និងពីកន្លែងដែលក្រុមគ្រួសារពួកគេកំពុងរស់នៅ ។ ការបំបែកអ្នកទាំងនោះចេញពីគ្នា និងដាក់ឱ្យជាប់ឃុំនៅក្នុងពន្ធនាគារឆ្ងាយពីគ្នា និងឆ្ងាយពីក្រុមគ្រួសាររបស់ពួកគេបែបនេះ គឺជាទណ្ឌកម្មផ្លូវចិត្តដ៏ធ្ងន់ធ្ងរ និងមិនដែលមានពីមុនមក ។ នេះបើតាមការលើកឡើងរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ។
លោក ថុន រដ្ឋា ត្រូវបានបញ្ជូនទៅឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី ៣ (ម៣) នៅក្នុងខេត្តត្បូងឃ្មុំ ។ លោក លី ចាន់ដារ៉ាវុត ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល រីឯកញ្ញា ភួន កែវរស្មី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់ ។ លោក យីម លាងហ៊ី ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺ ហើយកញ្ញា ឡុង គន្ធា ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារខេត្តព្រះវិហារ ។
លោក យី សុខសាន្ត មន្ត្រីសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ដែលបានតាមដានសំណុំរឿងនេះ និងចាត់ទុកចំណាត់ការលើក្រុមសកម្មជននេះ គឺធ្វើផ្ទុយពីមតិអន្តរជាតិដែលគាំទ្រ និងផ្ដល់ពានរង្វាន់ជូនអ្នកការពារបរិស្ថានទាំងនេះ បានប្រាប់វិទ្យុស្ត្រីនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ថា ការនាំខ្លួនសកម្មជនបរិស្ថានដែលរងពិរុទ្ធទាំង៥នាក់ទៅឃុំខ្លួននៅទីតាំងឆ្ងាយពីគ្នានេះ ជាការធ្វើទុកបុកម្នេញដល់ពួកគេ និងធ្វើឱ្យគ្រួសាររបស់ពួកគេចំណាយប្រាក់កាន់តែច្រើនក្នុងការមកតាមដានសុខទុករបស់សកម្មជនទាំងនោះ។
«បានបំបែកពួកគាត់យកទៅដាក់នៅពន្ធនាគារ នៅមណ្ឌលកែប្រែឆ្ងាយៗ។ អានេះជាការធ្វើទុក្ខបុកម្នេញ ដល់ពួកគាត់អ្នកការពារបរិស្ថាន ធ្វើឱ្យប៉ះពាល់ដល់ គេហៅថាការចំណាយរបស់គាត់ដែលកំពុងតែមានជីវភាពក្រីក្រហើយ ចង់ទៅលេងប្ដីម្ដងៗ ត្រូវចំណាយច្រើន ហើយមិនបានទៅលេងជាប់លាប់ មិនបានសួរសុខទុក្ខជាប់លាប់។ នេះជាការធ្វើទុក្ខបុកម្នេញ ដែលជាការរំលោភសិទ្ធិមនុស្ស។»
ចំណែកអង្គការការពារសិទ្ធិមនុស្សលីកាដូបានចេញផ្សាយរបាយការណ៍របស់ខ្លួនថា ការបញ្ជូនខ្លួនពិរុទ្ធជនទៅកាន់ពន្ធនាគារយ៉ាងឆ្ងាយពីក្រុមគ្រួសារ និងមេធាវីរបស់ពួកគេបែបនេះ គឺជាការរំលោភបំពានសិទិ្ធរបស់ជនជាប់ឃុំ ដែលត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់អង្គការសហប្រជាជាតិស្តីពី បញ្ហាសិទិ្ធមនុស្សនៃការឃុំខ្លួនអ្នកទោសកកកុញ និងលើសចំនួនកំណត់ ។ សកម្មភាពនេះក៏ជាការរំលោភបំពានសិទិ្ធមនុស្សផងដែរ ដោយផ្អែកលើ “ច្បាប់នេលសុនម៉ាន់ដេឡា” ស្តីពីការប្រព្រឹត្តិទៅលើអ្នកទោសដោយមានភាពមនុស្សធម៌ ។ គោលការណ៍នៃច្បាប់នេះ បានអំពាវនាវឱ្យអ្នកជាប់ឃុំទាំងអស់ ត្រូវជាប់ឃុំនៅក្បែរក្រុមគ្រួសាររបស់ពួកគេ ។
លីកាដូចាត់ទុកថា សេចក្តីសម្រេចនេះ ធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងដល់ក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកទាំង ៥ ក្នុងការធ្វើដំណើរទៅសួរសុខទុក្ខពួកគេ ។ ការណ៍នេះ ក៏ធ្វើឱ្យអ្នកទាំង ៥ មានការលំបាកក្នុងការទទួលបាននូវសេវាព្យាបាលសុខភាពដែលមានគុណភាព និងការប្រឹក្សាយោបល់និងការពារផ្លូវច្បាប់ ពីមេធាវី ។ មកដល់ពេលនេះ មិនទាន់មានមូលហេតុសមរម្យណាមួយ ត្រូវបានលើកឡើង ចំពោះការសម្រេចចិត្តបញ្ជូនអ្នកទាំង ៥ ទៅពន្ធនាគារយ៉ាងឆ្ងាយបែបនេះនោះទេ ។ ការឃុំខ្លួននៅពន្ធនាគារឆ្ងាយបែបនេះ នឹងធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពទាំងផ្លូវចិត្ត និងផ្លូវកាយរបស់អ្នកទាំង ៥ និងក្រុមគ្រួសាររបស់ពួកគេ ។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ សារព័ត៌មានអន្តរជាតិ និងសហភាពអឺរ៉ុបថ្កោលទោសចំពោះការចាប់កាត់ទោស និងចាប់ខ្លួនសកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិជាថ្មី។ ពួកគេចាត់ទុកករណីនេះថាជាការបង្ក្រាបទៅលើសំឡេងរិះគន់ និងជាការកាត់ទោសបែបនយោបាយ។
លោក យី សុខសាន្ត យល់ថាភាគីពាក់ព័ន្ធ ពិសេសតុលាការ គួរពិចារណា ដោះលែងពួកគេឱ្យមានសេរីភាពវិញ ព្រោះសកម្មជនបរិស្ថានទាំងនេះជាអ្នករួមចំណែកជួយការពារប្រទេសជាតិ ជួយការពារបរិស្ថានដើម្បី ជាទ្រព្យសម្បត្តិជាតិ ដែលផ្ទុយពីអ្នកមាន ឬឧកញ៉ាមួយចំនួនលុបបឹង កាបឈើ នោះឡើយ៕