en     km
en     km

អាជ្ញាធរជាតិអប្សរាដំឡើងអត់តែនសិប្បនិមិត្តបង្កើនបណ្ដាញប្រព័ន្ធទូរសព្ទក្នុងតំបន់រមណីយដ្ឋានអង្គរ

Share

សៀមរាប៖ ដើម្បី​សម្រួល​ដល់​ការ​ទំនាក់ទំនង​របស់​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​តំបន់​អង្គរ​ អាជ្ញាធរ​ជាតិ​អប្សរា​ បានសម្រេចដំឡើងអង់តែនដើមឈើសិប្បនិមិត្តទាំង ១២កន្លែង ដើម្បីបង្កើនបណ្តាញប្រព័ន្ធទូរសព្ទអោយកាន់តែទូលាយនៅក្នុងតំ​បន់រមណីយដ្ឋានអង្គរ។

ការសម្រេចដំឡើងអន់តែនដើមឈើសិប្បនិមិត្តទាំង ១២កន្លែងនេះដែរ  គឺតាម​រយៈ​ការ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ជាតិ​ និង​អន្តរជាតិ​ និងក្រោយ​ឆ្លង​យោបល់​ជាមួយ​គណៈកម្មាធិការ​ ICC-Angkor​ ។

នេះបើតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរានៅលើគេហទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីល្ងាចថ្ងៃទី២៦ ខែ មិថុនា ឆ្នាំ ២០១៨ ម្សិលមិញ។

នៅក្នុងសេចក្ដីផ្សព្វផ្សាយនេះ បច្ចុប្បន្ន ក្រុមការងារកំពុងពិភាក្សាលម្អិតជាមួយក្រុមហ៊ុនដំឡើងបង្គោល ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងមួយ ហើយអាចនឹងដំណើរការក្នុងពេលឆាប់ៗខាងមុខនេះ។ ដូច្នេះ មិនយូរទៀតទេ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋក្នុងតំបន់អង្គរនឹងទទួលបានសេវាអ៊ិនធើណេតគ្រប់គ្រាន់ សម្រាប់ប្រើប្រាស់លើប្រព័ន្ធទូរសព្ទ និងតម្រូវការផ្សេងៗទៀត។

សូមជម្រាបដែរថា ទីតាំងដែលត្រូវដំឡើងអង់តែនដើមឈើសិប្បនិមិត្តទាំង ១២កន្លែង នោះ ស្ថិតនៅទីតាំងនៃតំបន់ការពារទី១ និងតំបន់ការពារទី២នៃរមណីយដ្ឋានអង្គរ ដូចជា នៅភូមិស្រះស្រង់ ភូមិប្រដាក ភូមិគោកស្នួល ជិតចំណតភ្នំបាខែង ភូមិលាងដៃ ភូមិមណ្ឌល៣ ជិតព្រះលានជល់ដំរី ក្បែរព្រលានយន្តហោះ ជិតចំណតនាគព័ន្ធ តាមបណ្តោយផ្លូវជាតិលេខ៦A ភូមិទឹកវិល និងក្បែរប្រាសាទបាយ័ន។ បង្គោលទាំងនេះ មានកម្ពស់ចន្លោះពី ១៨ម ទៅ៤០ តាមស្ថានភាពជាក់ស្តែង និងមានទ្រង់ទ្រាយដូចដើមឈើនៅក្បែរៗនោះស្រាប់៕

 

 

Share

ព័ត៌មានទាក់ទង