en     km
en     km

អាជ្ញាធរខ្មែរ-ថៃ អនុញ្ញាតឱ្យពលរដ្ឋទាំងពីរប្រទេសចូលលេងប្រាសាទតាមាន់ធំក្រោយថៃហាមខ្មែរច្រៀងក្នុងប្រាសាទនេះ

Share

ក្រសួងការពារជាតិ បានឱ្យដឹងថា អាជ្ញាធរខ្មែរ និងថៃ បានសម្របសម្រួលគ្នាឱ្យពលរដ្ឋទាំងពីរប្រទេសអាចចូលលេងប្រាសាទតាមាន់ធំ ស្ថិតក្នុងខេត្តឧត្តរមានជ័យបានឡើងវិញ ក្រោយភាគីថៃហាមពលរដ្ឋខ្មែរច្រៀងចម្រៀងភ្លេងជាតិរបស់ខ្លួនក្នុងប្រាសាទនេះ ដោយយល់ច្រឡំថាពលរដ្ឋខ្មែរច្រៀងចូលទឹកដីថៃ។ កញ្ញា កែវ សុជាតា រាយការណ៍

 

 

ការហាមឃាត់ពីសំណាក់អាជ្ញាធរថៃ ធ្វើឱ្យអ្នកលេងបណ្ដាញសង្គមជាច្រើននៅខ្មែរ ចែករំលែកខ្លីបវីដេអូតៗគ្នា និងរិះគន់ចំពោះរដ្ឋាភិបាលកម្ពុជា ដែលមិនខ្វល់ខ្វាយរឿងបាត់បង់អធិបតេយ្យភាព ខណៈពលរដ្ឋព្រួយបារម្ភខ្លាចប្រាសាទតាមាន់ធំត្រូវធ្លាក់ក្នុងដៃប្រទេសជិតខាង។ ស្របពេលដែលមានការហាមឃាត់ទាំងនោះ ភ្លាមៗ លោក នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២ បានឡើងទៅប្រតិកម្មចំពោះទាហានថៃដែលហាមពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងលើប្រាសាទនេះ។ ការប្រតិកម្មនោះលោកតបតទៅភាគីថៃថា ប្រសិនមានខាងថៃចូលមកទីតាំងនេះវិញ ទាហានខ្មែរ ក៏ហាមមិនឱ្យចូលជាដាច់ខាតដែរ។

ជុំវិញរឿងនេះលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បញ្ជាក់ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី១៨ ខែកុម្ភៈនេះថា រឿងដែលភាគីអាជ្ញាធរថៃហាមពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងភ្លេងជាតិខ្មែរ បានកើតឡើងតាំងពីថ្ងៃទី១៣ ខែកុម្ភៈ នៅពេលនោះពលរដ្ឋខ្មែរ បានទៅលេងប្រាសាទ ហើយច្រៀងដូចវីដេអូដែលគេចែកចាយលើបណ្ដាញសង្គមកន្លងមក។ លោកថា ភាពចម្រូងចម្រាសនេះ កើតឡើងដោយសារភាគីអាជ្ញាធរថៃ មានការយល់ច្រឡំថាប្រជាពលរដ្ឋខ្មែរច្រៀងចម្រៀងជាតិខ្មែរនៅលើទឹកដីថៃ ដូច្នេះបង្កឱ្យសាធារណជនយល់ច្រឡំថាកម្ពុជាបាត់បង់អធិបតេយ្យភាពខ្លួន។

លោក ឈុំ សុជាតិ។ រូបភាពបណ្ដាញសង្គមហេ្វសប៊ុក។

លោក ឈុំ សុជាតិ៖​ «ឥលូវហ្នឹងសម្របសម្រួលគ្នាអស់ហើយការងារហ្នឹង ធម្មតាវិញអស់ហើយ ការដើរលេងដើរអីធម្មតាអត់មានអីទេ។ យល់គ្នាហ្នឹងដោយសារខាងថៃគិតថាយើងទៅច្រៀងហ្នឹងចូលកន្លែងគេ គេយល់ច្រឡំថាយើងចូលដីអ៊‌ីចឹងណា និយាយរួមខាងកងទ័ពយើងទាំងពីរមានការជួបគ្នាហើយ ចាប់តាំងពីថ្ងៃទី១៣មកដល់ឥលូវអត់មានអីទេ ប្រជាជននៅតែមកទស្សនកិច្ចធម្មតា ហើយកងទ័ពយើងនៅតែដើរល្បាតធម្មតាអ៊‌ីចឹងណា អត់មានសភាពការណ៍អីទេនៅហ្នឹង»។

លោកបន្ថែមថា កម្ពុជាមិនធ្វើឱ្យបាត់បង់អធិតេយ្យភាពខ្លួនទៅឱ្យប្រទេសណាមួយឡើយ ដូច្នេះបញ្ហាសន្តិសុខ និងបញ្ហាព្រំដែនមានសភាពការណ៍ធម្មតាទេ ហើយប្រជាពលរដ្ឋអាចទៅលេងប្រាសាទតាមាន់ធំនេះ ដោយសេរីគ្មានការហាមឃាត់អ្វីនោះឡើយ។

ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅលើជួរភ្នំដងរែក ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានចម្ងាយជិត ៥០គីឡូម៉ែត្រពីក្រុងសំរោង។ យោងតាមឯកសារព្រឹទ្ធាចារ្យដែលរស់នៅ និងថែរក្សានៅប្រាសាទនេះបញ្ជាក់ថា ប្រាសាទតាមាន់ធំ កសាងដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា ហើយក៏ជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ដែលស្ថិតនៅតាមផ្លូវបុរាណពីរាជធានីអង្គរទៅផ្នែកខាងជើងនៃអាណាចក្រអង្គរ។

ប្រាសាទនេះដែរ ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅសតវត្សទី១១ ដល់ទី១៣ ដោយព្រះបាទជ័យវរ្ម័នទី៧។

ប្រាសាទតាមាន់ធំ។ រូបភាពពីបណ្ដាញសង្គមហ្វេសប៊ុក។

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បដិសេធក្នុងការធ្វើសេចក្ដីអត្ថាធិប្បាយជុំវិញភាពចម្រូងចម្រាសអាជ្ញាធរថៃហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យច្រៀងចម្រៀងភ្លេងជាតិខ្លួននៅប្រាសាទតាមាន់ធំខេត្តឧត្តរមានជ័យ។

លោក ប៉ែន បូណា៖ «សូមរង់ចាំក្រសួងការពារជាតិ គាត់បំភ្លឺជូន បើចង់សាកសួរអីសួរទៅកាន់ក្រសួងការពារជាតិ ឬក៏អាជ្ញាធរខេត្តឧត្តរមានជ័យទៅណា គាត់បញ្ជាក់ជូនរឿងហ្នឹង»។

ដោយឡែកលោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ ប្រាប់ថា មន្ទីរទេសចរណ៍ខេត្តមិនបានជ្រាបបញ្ហាកើតឡើងនេះឡើយ ដោយបដិសេធការធ្វើសេចក្ដីអត្ថាធិប្បាយ។

វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក អ៊ុន សុភ័ក្រ អភិបាលរងខេត្តឧត្តរមានជ័យ ជាច្រើនដង មកដល់រសៀលថ្ងៃទី១៨ ខែកុម្ភៈនេះ តែនៅមិនមានការឆ្លើយតបពីលោកនៅឡើយ។

ជុំវិញរឿងនេះលោក ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា ប្រាប់វិទ្យុស្ដ្រីថា ជាការសង្កេតរបស់លោក នៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ មានបញ្ហាចម្រូងចម្រាសគ្នាជាហូរហែរ តាំងពីប្រាសាទព្រះវិហារ រហូតមកដល់ប្រាសាទតាមាន់ និងប្រាសាទតាក្របីជាដើម។ ថ្វីត្បិតតែមានការចរចា និងការសម្របសម្រួលគ្នា ប៉ុន្តែបញ្ហាចម្រូងចម្រាសទាំងនោះ នៅតែមិនជះស្រឡះ ចំណែកលទ្ធផលនៃការដោះស្រាយក៏មិនត្រូវបានបង្ហាញ ទើបបង្កឱ្យមានជម្លោះព្រំដែនបន្តរហូតមកដល់ពេលនេះ។

លោក ឈត ប៊ុនថង៖ «ខ្ញុំមិនដឹងអស់ពីលទ្ធផលនៃការដោះស្រាយ និងការគ្រប់គ្រងយ៉ាងម៉េចជាក់ស្ដែងនៅហ្នឹងយើងមិនដឹងដែរ ហេតុអ្វីបានជារឿងហ្នឹងវាកើតឡើង បើសិនជាយើងមើលតាមសភាពជាក់ស្ដែងមានន័យថា បើសិនជាភាគីថៃហ្នឹងគាត់មកហាម មានន័យថាគាត់ចាត់ទុកប្រាសាទហ្នឹង វានៅប្រទង់ប្រទាញ ឬនៅដណ្ដើមគ្នា នៅចែកគ្នាមិនដាច់នៅឡើយ ទោះបីទីតាំងប្រាសាទវានៅលើដែនអធិបតេយ្យរបស់ខ្មែរក៏ដោយ។ យើងឃើញហើយថានៅដែនអធិបតេយ្យរបស់ខ្មែរ ភាគីផ្សេងមិនអាចមកទាមទារ ដណ្ដើមបានទេ នៅពេលមនុស្សចង់បាន យើងឃើញហើយប្រាសាទព្រះវិហារនៅដែនអធិបតេយ្យយើង ហើយកន្លងមកក៏មានការទាមទារពីភាគីថៃដែរ អ៊‌ីចឹងហើយប្រាសាទតាមាន់ តាក្របី ក៏មានប៉ះគ្នាពីមុនមកដែរ យើងមិនដឹងថាម៉េចបានជាបញ្ហាហ្នឹងនៅតែប៉ះគ្នាដដែលៗ»។

ជាយោបល់របស់លោក រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលថៃ គួរតែដោះស្រាយបញ្ហដែលនៅសេសសល់ឱ្យជះស្រឡះ ក្រោយពីមានជម្លោះបញ្ហាព្រំដែនហើយ ដើម្បីកុំមានឱកាសនៅពេលផ្លាស់ប្ដូរថ្នាក់ដឹកនាំ បញ្ហាចម្រូងចម្រាសទាំងនោះត្រូវកើតឡើងដដែលៗ ធ្វើឱ្យសាធារណជនយល់ច្រឡំថាមានការបាត់បង់អធិបតេយ្យភាព៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

ព័ត៌មានទាក់ទង