loader

អាជ្ងាធរជាតិអប្សរាបានបង្ហើបបច្ចេកទេសកាត់ដើមឈើធំៗមិនឱ្យមានហានិភ័យដល់ប្រាសាទ

(សៀមរាប)៖ ប្រាសាទតាព្រហ្មត្រូវបានគេស្គាល់ជាទូទៅថាជាប្រាសាទដែលសម្បូរទៅដោយដើមឈើធំៗដុះក្នុងបរិវេណប្រាសាទ ដ្បិតថាដើមឈើទាំងនោះជាទីទាក់ទាញដល់ភ្ញៀវទេសចរ តែវាក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះវាអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗ ក្នុងនោះដូចជាខ្យល់ជាដើម។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍៖

កាលពីរសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះអាជ្ងាធរជាតិអប្សរាបានបង្ហើបអំពីបច្ចេកទេសនៅក្នុងការកប់ដើមឈើធំៗនៃប្រាសាទក្នុងតំបន់អង្គរ។ ចំពោះប្រាសាទដែលអាជ្ងាធរអប្សរាកំពុងផ្តោតនៅពេលនេះ គឺជាប្រាសាទតាព្រហ្ម ព្រោះថាប្រាសាទដ៏ចំណាស់ដែលមានអាយុកាលជាង៨៣៤ឆ្នាំ នេះ ត្រូវបានមនុស្សភាគច្រើនបានដឹងថា ជាប្រាសាទដែលសម្បូរទៅដោយដើមឈើធំៗដុះនៅលើ និងជុំវិញបរិវេណប្រាសាទ។ ថ្វីត្បិតតែដើមឈើទាំងអស់ដែលបានដុះមកនេះ បានរំលេចឡើងនៅសោភ័ណ្ឌភាពដ៏ស្រស់ត្រកាលគួរជាទីទាក់ទាញភ្ងៀវទេសចរណ៍នៅលើពិភពលោកយ៉ាងណាក្តី ប៉ុន្តែដើមឈើទាំងនេះក៏ជាប្រភពនៃហានិភ័យដល់ប្រាសាទផងដែរ ព្រោះដើមឈើទាំងនេះអាចដួលរលំដោយសារកត្ដាធម្មជាតិផ្សេងៗដែលក្នុងនោះរួមមានខ្យល់ជាដើម។

នៅពេលដែលដើមឈើទាំងនេះដួលលើប្រាសាទ ការយកដើមឈើចេញជាបញ្ហាប្រឈមខ្លាំងសម្រាប់ក្រុមការងារព្រៃឈើ ព្រោះប្រសិនបើមានការដកហូតដើមឈើចេញមិនបានត្រឹមត្រូវទៅតាមលក្ខណៈ បច្ចេកទេសទេនោះ វាអាចធ្វើឲ្យរបេះថ្មធ្លាក់មកយ៉ាងងាយ។ ហេតុដូច្នេះ ចាំបាច់ត្រូវមានបច្ចេកទេសខ្ពស់ក្នុងការដកហូតដើមឈើទាំងនោះចេញ។

លោក មាឃ បូរ៉ា មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានជម្រាបអំពីបច្ចេកទេសនៃការកាត់ដើមឈើនៅលើប្រាសាទបុរាណថា ការកាត់ដើមឈើធំៗដែលដួលគងលើប្រាសាទចាំបាច់ត្រូវរៀបចំរន្ទាឱ្យរឹងមាំនៅផ្នែកខាងក្រោម ហើយត្រូវកាត់ដើមឈើនោះជាចម្រៀកតូចៗបណ្ដោយសាច់ដើម្បីសម្រាលទម្ងន់ និងងាយស្រួលលើកយកចេញ។ ការធ្វើបែបនេះ គឺអាចរក្សាសុវត្ថិភាពទាំងក្រុមការងារផង និងបញ្ជៀសការប៉ះពាល់ដល់ប្រាសាទផង។

សូមជម្រាបថា កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា និងក្រុមការងារបានអញ្ជើញដល់ការដ្ឋានជួសជុលប្រាសាទតាព្រហ្ម ដើម្បីពិភាក្សាជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) អំពីផែនការរៀបចំជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម។

ក្នុងកិច្ចពិភាក្សានោះ អាជ្ញាធរជាតិអប្សរាបានឯកភាពឱ្យស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) ចាប់ផ្តើមដំណើរការនៃការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្មឱ្យបានឆាប់ដែលអាចទៅបាន ព្រោះក្នុងស្ថានភាពនេះចំនួនភ្ញៀវទេសចរក៏មានតិចនិងមិនមានការរំខាន។ ម្យ៉ាងវិញទៀត ក្នុងការសម្រួលដល់ដំណើរការជួសជុលផងនិងការចេញចូលរបស់ភ្ញៀវទេសចរផង ស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌាបានកសាងរួចរាល់នូវជណ្តើរឈើដើម្បីឆ្លងកាត់។

ក្នុងឱកាសនោះដែរ លោកអគ្គនាយកអាជ្ញាធរជាតិអប្សរានិងក្រុមការងារក៏បានចុះពិនិត្យការងារកំពុងជួសជុលនៅសាលរបាំ ដែលក្រុមការងារជួសជុលបានបំពេញដោយយកចិត្តទុកដាក់បំផុតស្របតាមអនុសាសន៍ពីអ្នកជំនាញនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ។

សូមជម្រាបថា ប្រាសាទតាព្រហ្ម មានឈ្មោះដើមថា រាជវិហារ។ ប្រាសាទនេះមានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទ្វារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើងនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គក្រោមរូបភាពប្រាជ្ញាបារមី។ ប្រាសាទនេះរុំព័ទ្ធទៅដោយឈើធំៗដុះលើប្រាសាទ៕

អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា

0 0 vote
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

លោកស្រី មូរ សុខហួរ នៅតែបន្តស្វះស្វែងរកមធ្យោបាយវិលចូលមកកាន់កម្ពុជាវិញដើម្បីមកតតាំងក្ដីនៅតុលាការ

អនុប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ នៅតែបន្តស្វ[...]

រដ្ឋាភិបាលកម្ពុជាចេញការណែនាំ១២ចំណុចដើម្បីធ្វើឱ្យការអប់រំកាន់តែល្អប្រសើរសម្រាប់ឆ្នាំ២០២០-២០២១

បវេសនកាលសម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០២០-២០២១[...]

អបអរសាទរខួប៥ឆ្នាំ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

២ ធ្នូ ២០១៥ – ២ ធ្នូ ២០២០ គឺជាថ្ងៃនៃការ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x