ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរនៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានី ធ្វើសកម្មភាពពន្យល់ដល់ពលរដ្ឋ ឲ្យយល់ច្បាស់ពីគំនូសចំណតរថយន្ដក្រុងសាធារណៈ ដើម្បីឲ្យពួកគាត់កុំយកម៉ូត ឬឡាន ទៅចតនៅកន្លែងនោះ។ ការណែនាំដូច្នេះ គឺបន្ទាប់អភិបាលរាជធានី មើលឃើញថា ប្រជាពលរដ្ឋភាគច្រើននៅមិនទាន់យល់ច្បាស់ពីករណីនេះ។
លោក លៀ ស៊ីណា រាយការណ៍ ៖
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលតាមខណ្ឌនីមួយៗ ចុះផ្សព្វផ្សាយ និងពន្យល់ពលរដ្ឋ ឲ្យយល់ និងដឹងពីគំនូសសម្រាប់រថយន្ដក្រុងសាធារណៈ នៅតាមដងវិថីនានា។ ការថ្លែងរបស់លោកអភិបាលរាជធានី ធ្វើឡើងក្នុងឱកាសបើកដាក់ឲ្យប្រើប្រាស់ សាកល្បងរថយន្ដក្រុងសាធារណៈ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន កាលពិថ្ងៃទី០១ ខែតុលា។ ជប៉ុនបានផ្ដល់រថយន្ដចំនួន ០៨គ្រឿង។
លោកអភិបាលរាជធានី មានប្រសាសន៍ទៀតថា រថយន្ដក្រុងនៅតាមខណ្ឌតែងតែមានចំណតដើម្បីឲ្យប្រជាពលរដ្ឋរង់ចាំ ហើយមិនតែប៉ុណ្ណោះក៏មានគំនូសសម្រាប់ឲ្យរថយនក្រុងសាធារណៈចូលចតផងដែរ។ ក៏ប៉ុន្ដែករណីនេះ នៅភាពខ្វះចន្លោះមួយចំនួន ព្រោះតែប្រជាពលរដ្ឋមិនបានដឹងថា គំនូសនោះជាចំណតរបស់រថយន្ដក្រុងសាធារណៈ។ ដើម្បីដោះស្រាយបញ្ហានេះ លោក ឃួង ស្រេង បញ្ជាឲ្យអាជ្ញាធរគ្រប់បណ្ដាខណ្ឌទាំងអស់ ត្រូវទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ៖«បណ្ដាខណ្ឌពាក់ព័ន្ធត្រូវគិតគូបញ្ហនេះ នគរបាលយុត្ដិធម៌ត្រូវមើលពីបញ្ហានេះ។ ត្រូវរៀបចំនិងណែនាំបងប្អូនប្រជាពលរដ្ឋ ថា កុំឲ្យគាត់ចតរថយន្ដ ឬក៏ឈរលើគំនូសចរាចរណ៍ដែល រថយន្ដក្រុងត្រូវចូលចត។ យើងធ្វើការងារនេះ ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរបស់យើងយល់ដឹងឲ្យបានច្បាស់ នៅបញ្ហានេះ នោះយើងនឹងទទួលបាននូវផលល្អ នូវកិច្ចការបម្រើដ៏ល្អប្រសើរជូនដល់ប្រជាពលរដ្ឋ»។
បន្ថែមពីនេះអភិបាលរាជធានី ប្រាប់ឲ្យមន្ដ្រីគ្រប់ខណ្ឌធ្វើការផ្សព្វផ្សាយដោយអំណត់ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹង ហើយលោកបញ្ជាក់ថា បើការផ្សព្វផ្សាយរួចហើយប្រជាពលរដ្ឋនៅតែមិនអនុវត្ដតាម គឺនឹងត្រូវអនុវត្ដតាមច្បាប់ ៖«យើងត្រូវអត់ធ្មត់នូវកិច្ចការងារនេះ។ អត់ធ្មត់យ៉ាងម៉េច ថា ប្រជាពលរដ្ឋយើងអត់ទាន់មានការយល់ដឹង ប៉ុន្ដែកិច្ចការងារនេះ ត្រូវធ្វើទៅតាមបទដ្ឋានគតិយុត្ដិដែលមានស្រាប់។ ច្បាប់យើងមានណែនាំតាមច្បាប់ ណែនាំមិនស្ដាប់ មានតែផាកពិន័យ ដែលកិច្ចការងារនេះ អភិបាលខណ្ឌពាក់ព័ន្ធត្រូវពិនិត្យកិច្ចការងារនេះ»។
យ៉ាងណាក្រៅតែពីប្រាប់ឲ្យអាជ្ញាធរតាមខណ្ឌចុះផ្សព្វផ្សាយ ពីគំនូសសម្រាប់រថយន្ដក្រុងចូលចតដល់ប្រជាពលរដ្ឋហើយ។ លោកអភិបាលរាជធានី ក៏បានជំរុញឲ្យមន្ដ្រីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្ដក្រុង បញ្ជូនមន្ដ្រីរបស់ខ្លួន ចុះត្រួតពិនិត្យជារៀងរាល់ថ្ងៃនៅតាមចំណតរង់ចាំនានា និងសម្រួលឲ្យខ្សែររត់រថយន្ដក្រុងឲ្យបានលឿនតាមតម្រូវការរបស់ប្រជាពលរដ្ឋ។
រថយន្ដក្រុងសាធារណៈ ចាប់តាំងពីដាក់ឲ្យដំណើរការកាលពីឆ្នាំ២០១៥មក ឃើញថា មានប្រជាច្រើនបានធ្វើដំណើរតាមរយៈរថយន្ដក្រុងនេះ។ គិតមកដល់ពេលនេះ សាលារាជធានីភ្នំពេញ មានរថយន្ដក្រុងសាធារណៈចំនួន ២៣៥គ្រឿង ដើម្បីបម្រើសេរវាដឹកជញ្ជូនប្រជាពលរដ្ឋ។ ក្នុងមួយថ្ងៃៗមានប្រជាពលរដ្ឋពី ១ម៉ឺននាក់ទៅ ១ម៉ឺន ១ពាន់នាក់ ទៅប្រើសេវារថយន្ដក្រុងសាធារណៈនេះ។
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនេះ ទី១ គឺការសម្រួលខ្សែរត់ចាស់ក្នុងនោះ៖
១៖ ខ្សែទី១ ដែលពីមុនរត់ចេញពីគីឡូម៉ែត្រ៩ ផ្លូវជាតិលេខ៥ ដល់ចំណតបឹងឈូក ផ្លូវជាតិលេខ១ ត្រូវបានកែសម្រួលជា២ វិញ ៖ ខ្សែទី១A ចេញពីផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ ផ្លូវព្រះមុនីវង្ស ស្ពានព្រះមុនីវង្ស ដល់ ចំណតច្បារអំពៅ។ ខ្សែទី១B ចេញពីចំណតច្បារអំពៅ តាមផ្លូវជាតិលេខ១ ទៅផ្សារគគី ស្រុកកៀនស្វាយ ខេត្តកណ្តាល។
២៖ ខ្សែទី២ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ក្រុងតាខ្មៅ ត្រូវបានកែសម្រួលឱ្យរត់ចេញពីរង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ស្ពានអាកាសក្បាលថ្នល់ ផ្លូវជាតិលេខ២ ដល់ស្ពានព្រែកសំរោង ក្រុងតាខ្មៅ ខេត្តកណ្តាល។
៣៖ ខ្សែទី៤ ត្រូវបានកែសម្រួលបន្ថែមថ្មី ដោយក្នុងនោះខ្សែទី៤B ត្រូវបានបន្លាយពីតំបន់សេដ្ឋកិច្ចពិសេស អោយទៅដល់ទីក្រុងពាណិជ្ជកម្ម ចេង ឧូបាយី កម្ពុជា ចិន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ខ្សែទី៤C រត់ចេញពីចំណតសួនច្បារឬស្សីកែវ ផ្លូវជាតិលេខ៥ រង្វង់មូលគេចកាណុង ផ្លូវលេខ៤៧ វត្តភ្នំ មហាវិថីព្រះនរោត្តម ផ្លូវលេខ១៣០ ផ្សារធំថ្មី ផ្លូវហ្សាលដឺហ្គោល ស្តាបនាងគង្ហីង ស្តុបអាងទឹកអូឡាំពិក ផ្លូវមុនីរ៉េត ផ្សារដើមគរ ស្ពានអាកាសស្ទឹងមានជ័យ ច្រមុះជ្រូកស្ទឹងមានជ័យ កាត់តាមផ្លូវលេខ២១៧ រង្វង់មូលដីក្រហម (កួរស្រូវ)។
៤៖ ខ្សែទី៥ ដែលពីមុនរត់ចេញពីចំណត ផ្សារអ៊ីអន២ ខណ្ឌសែន សុខ ដល់ផ្សាអ៊ីអន១ ត្រូវបានបន្លាយអោយរត់ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។
៥៖ ខ្សែទី៦ ត្រូវបានកែសម្រួលអោយរត់ចេញពីរង្វង់មូលគួចកាណុង កាត់ស្ពានជ្រោយចង្វារផ្លូវជាតិលេខ៦ បត់ធ្វេងតាមវិថីឈ្នះឈ្នះ ដល់ស្ថានីយចំណតរថយន្តក្រុងនៅព្រែកតារ័ត្ន សង្កាត់ព្រែកសេក ខណ្ឌជ្រោយចង្វារ។
៦៖ ខ្សែទី៧ រត់ចេញពីចំណតរថយន្តគីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៥ ផ្លូវ៥៩៨ កាត់ក្រោមស្ពានអាកាស៧មករា ផ្លូវ២៧១ កាត់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវ២៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។
៧៖ ខ្សែទី៨ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ ស្តុបអង់តែនទួលគោក ស្តុបកាំកូស៊ីធី ផ្លូវឧកញ៉ាម៉ុងឬទ្ធី ផ្លូវសម្តេចជាស៊ីម បត់ឆ្វេងមកផ្លូវឧកញ៉ាទ្រីហេង ផ្លូវសហព័ន្ធរុស្ស៊ី បត់ឆ្វេងមកផ្សារស៊ិនជូរីផ្លាហ្សា។
* ចំពោះបណ្តាញខ្សែរត់ដែលត្រូវបន្ថែមថ្មី៖
៨៖ ខ្សែទី១០ ចេញពីផ្សារស៊ិនជូរីផ្លាហ្សា បត់ស្តុបផ្លូវ២០០៤ តាមផ្លូវ២០០៤ ផ្លូវសឡា ផ្លូវចោមចៅផ្លូវ២១៧ ផ្លូវ៣៧១ ស្ពានព្រះមុនីវង្ស ដល់ចំណតបឹងឈូក។
៩៖ ខ្សែទី១១ ចេញពីវត្តស្លែង ផ្លូវព្រែវែងពងទឹក បត់ឆ្វេងផ្លូវព្រៃស បត់តាមផ្លូវ២១៧ ដល់ច្រមុះជ្រូកស្ទឹងមានជ័យ(វិលជុំ)។
១០៖ ខ្សែទី១២ (រត់ជារង្វង់) ចេញពីរាជាយស្ម័យាន មហាវិថីសហព័ន្ធរុស្ស៊ី បត់ឆ្វេងតាមផ្លូវនេរុហ៍ តាមផ្លូវព្រះសីហនុ បត់ស្តាំតាមផ្លូវ១៦៣ បត់ឆ្វេងតាមផ្លូវ៣៦០ បត់ឆ្វេងមកផ្លូវត្រសក់ផ្អែម ផ្សារធំថ្មី បត់ឆ្វេងតាមផ្លូវភ្លោះព្រះអង្គឌួង រាជាយស្ម័យាន។
១១៖ ខ្សែទី១៣ ចេញពីរង្វង់មូលគួចកាណុង ផ្លូវ៧០ បត់មកបឹងកក់ ឆ្ពោះមកក្តាន់២ ផ្លូវ១៦៩ មកស្តុបនាងគង្ហីង រង្វង់មូលសំពៅ ផ្លូវ១៦៣ មករង្វង់មូលផ្សារដើមថ្កូវ (វិលជុំ)៕