loader

អភិបាលខេត្តព្រះសីហនុប្រាប់មន្រ្តីទូតចិនពីបញ្ហាប្រឈមត្រូវដោះស្រាយក្នុងខេត្ត

ភ្នំពេញ៖ អភិបាលខេត្តព្រះសីហនុដែលទើបមកកាន់ដំណែងថ្មីបានប្រាប់ទៅឯកអគ្គរដ្ឋទូតវិសាមញ្ញចិនប្រចាំកម្ពុជា ពីបញ្ហាប្រឈមដែលកំពុងកើតមានឡើងនៅខេត្តជាប់មាត់ឆ្នេរមួយនេះ ខណៈភាគីចិនសន្យាគាំទ្រជួយដោះស្រាយបញ្ហាប្រឈមក្នុងខេត្តតាមរយៈ”កម្មវិធីខេត្តព្រះសីហនុមានសុវត្ថិភាព”។ យ៉ាងណាមន្រ្តីអាដហុកប្រចាំខេត្តនេះ ចង់ឱ្យអាជ្ញាធរខេត្តបន្ថែមកម្លាំងសមត្ថកិច្ចចុះសម្រួលពេលស្ទះចរាចរ ចាត់វិធានការតឹងរឹងចំពោះអ្នករស់នៅតាមមាត់ប្រឡាយ និងសហការជាមួយក្រុមហ៊ុនប្រមូលសំរាមឱ្យបានច្បាស់លាស់។

(លោក កែវ សុខា រាយការណ៍ពីព័ត៌មាននេះ)

បញ្ហាការគ្រប់គ្រងការសាងសង់សំណង់អគារខ្ពស់ៗជាច្រើនដែលកើតមានឡើងយ៉ាងឆាប់រហ័សមិនធ្លាប់មាននៅក្នុងខេត្តព្រះសីហនុ បញ្ហាផ្លូវខូចខាតជាច្រើនកន្លែង បញ្ហាប្រព័ន្ធលូ ប្រឡាយ និងបញ្ហាប្រព័ន្ធទឹកស្អាតបំពេញមិនទាន់គ្រប់គ្រាន់តាមសភាពការណ៍អភិវឌ្ឍន៍យ៉ាងគំហុគ ជាអ្វីដែលលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងចំពោះមុខឯកអគ្គរដ្ឋទូតវិសាមញ្ញចិនប្រចាំកម្ពុជា។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុក្នុងកិច្ចប្រជុំជាមួយមន្រ្តីរដ្ឋបាលខេត្ត។រូបភាព សាលាខេត្តព្រះសីហនុ

នេះបើយោងតាមទំព័រហ្វេសប៊ុករបស់សាលាខេត្តព្រះសីហនុចេញផ្សាយកាលពីថ្ងៃម្សិលមិញ។

ក្នុងជំនួបនោះលោកអភិបាលខេត្តព្រះសីហនុបានស្នើឱ្យឯកអគ្គរដ្ឋទូតចិន ជួយគាំទ្រការបើកទីតាំងសមាគមសារព័ត៌មានចិន និងស្ថានកុងស៊ុលនៅខេត្តព្រះសីហនុ ដើម្បីផ្សព្វផ្សាយ និងសហការជាមួយរដ្ឋបាលខេត្តដល់ប្រជាជនចិនដែលមកវិនិយោគ និងកំពុងវិនិយោគនៅខេត្តព្រះសីហនុ។

លោក វ៉ាង វេនទីង(Wang Wentian) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំប្រទេសកម្ពុជា បានសន្យាគាំទ្រជួយដោះស្រាយបញ្ហាប្រឈមកើតមាននៅខេត្តព្រះសីហនុ តាមរយៈគំរោង “កម្មវិធីខេត្តព្រះសីហនុ មានសុវត្ថិភាព”។ កម្មវិធីនេះមានបញ្ជូលការបណ្តុះបណ្តាល ការប្រើប្រាស់សំភារៈបច្ចេកទេស និងសណ្តាប់ធ្នាប់ជាដើម។

នៅរយៈពេល ២ ឆ្នាំចុងក្រោយនេះ ខេត្តព្រះសីហនុមានសន្ទុះអភិវឌ្ឍកើនឡើងស្ទើរគ្រប់វិស័យ។ សំណង់អគារបានរីកដុះដាលដូចផ្សិត ដែលភាគច្រើនជាការវិនិយោគពីវិនិយោគិនចិន។ កម្លាំងវិនិយោគពីសំណាក់ក្រុមហ៊ុនចិនដ៏សម្បើម បាននាំមកនូវការហូរចូលជនជាតិចិនយ៉ាងច្រើនមករស់នៅដែលនាំឱ្យតម្លៃដីធ្លី និងផ្ទះក្នុងខេត្តជាប់មាត់សមុទ្រមួយនេះហក់ឡើងកប់ពពក។ ជនជាតិចិនដែលមករស់នៅខេត្តព្រះសីហនុបានចាប់យកមុខរបរស្ទើរគ្រប់ទម្រង់រាប់ចាប់តាំងពីសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ហាងម៉ាស្សា កាស៊ីណូ កន្លែងកំសាន្តសប្បាយ និងអាជីវកម្មខ្នាតតូចដូចជាហាងកាហ្វេ គុយទាវ ជាដើម។

ការប្រមូលសំរាមនៅខេត្តព្រះសីហនុ។

ថ្មីៗនេះមានហេតុការណ៍បាក់រលំអគារកម្ពស់ ៧ ជាន់កើតឡើង បានបង្កឱ្យមានអ្នកស្លាប់ និងអ្នករងរបួសជាច្រើននាក់។ ហេតុការណ៍នេះបានបណ្តាលឱ្យមានការផ្លាស់ប្តូររចនាសម្ព័ន្ធនៃការដឹកនាំនៅខេត្តព្រះសីហនុ ដែលលោក យន្ត មីន អភិបាលខេត្តព្រះសីហនុចាស់ត្រូវលាលែងពីដំណែង ជំនួសវិញដោយលោក គួច ចំរើន ដែលជាអតីតអភិបាលខេត្តកំពង់ចាម។

លោកស្រី ជៀប សុធារី អ្នកសម្របសម្រួលនៃអង្គការអាដហុកប្រចាំខេត្តព្រះសីហនុយល់ឃើញថា បច្ចុប្បន្នខេត្តនេះចាប់ផ្តើមមានការផ្លាស់ប្តូរជាបណ្តើរៗបន្ទាប់ពីលោក គួច ចំរើន បានមកដឹកនាំ។ អាជ្ញាធរបានដោះស្រាយលើបញ្ហាសំណង់ខុសច្បាប់ខ្វះគុណភាព បញ្ហាប្រព័ន្ធលូ បញ្ហាស្លាកយីហោខុសអក្ខរាវិរុទ្ធ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធមួយចំនួន។ តែយ៉ាងណាលោកស្រី ជៀប សុធារី សំណូមពរឱ្យអាជ្ញាធរខេត្តបន្ថែមការយកចិត្តទុកដាក់លើបញ្ហាចរាចរ បញ្ហាការប្រមូលទុកដាក់សំរាម និងបញ្ហាការសង់លំនៅដ្ឋានរំលោភលើប្រព័ន្ធប្រឡាយជាដើម។

លោកស្រី ជៀប សុធារី៖«យើងតែងតែទទូចសុំថា កុំឱ្យមានការម៉ៅការផ្តាច់មុខទៅលើតែក្រុមហ៊ុនមួយ គួរតែឱ្យមានក្រុមហ៊ុនផ្សេងៗទៀតគេចូលរួមក្នុងការប្រមូលសំរាម។ ហើយគួរតែលើកទឹកចិត្តឱ្យអ្នកវិនិយោគឯកជនដើម្បីឱ្យគេបង្កើតឡបែងចែកសំរាម និងបង្កើតរោងចក្រដុតកម្ទេចសំរាមបំលែងសំរាមទៅជាវត្ថុផ្សេងទៀត។ទាក់ទងទៅនឹងបញ្ហាចរាចរណ៍ គួរតែឱ្យមានការចូលរួមពីប៉ូលីសចរាចរដែលទទួល​បន្ទុកខាងសណ្តាប់ធ្នាប់ហ្នឹងដាក់តាមគោលដៅសំខាន់ៗដែលតែងតែស្ទះ។ទាក់ទងបញ្ហាស្ទះទឹកអូរទឹកប្រឡាយ គួរតែមានវិធានក្តៅសម្រាប់អ្នកដែលបំពានលើចំណីអូរ មូលហេតុដែលសំរាមធ្លាក់ចូលក្នុងអូរហ្នឹងហើយដែលធ្វើឱ្យស្ទះទឹកហូរទៅអត់រួច»។

ជាការកត់សម្គាល់ នៅរយៈពេលចុងក្រោយនៃការមកកាន់ដំណែងអភិបាលខេត្តព្រះសីហនុលោក គួច ចំរើន បានចុះត្រួតពិនិត្យបញ្ហាគុណភាពសំណង់នឹងបានរុះរើសំណង់ខុសច្បាប់មួយចំនួន។​

អាជ្ញាធរខេត្តព្រះសីហនុចុះរុះរើសំណង់ខុសច្បាប់។

អាជ្ញាធរក៏បានត្រួតពិនិត្យតាមសិប្បកម្មបោះពុម្ពផងដែរ ដើម្បីបញ្ជៀសបញ្ហាការធ្វើស្លាកយីហោបកប្រែតាម Google translator ខុសអក្ខរាវិរុទ្ធខ្មែរ។ មួយវិញទៅរដ្ឋបាលខេត្តព្រះសីហនុបានសហការជាមួយក្រសួងដែនដីក្នុងការជួសជុលផ្លូវ ហេដ្ឋានរចនាសម្ព័ន្ធក្នុងខេត្ត និងបញ្ហាសំរាមផងដែរ។ យ៉ាងណាសាធារណជនបានបញ្ចេញមតិក្នុងបណ្តាញសង្គមដោយរំពឹងថា អភិបាលខេត្តព្រះសីហនុនឹងរឹតបណ្តឹងសណ្តាប់ធ្នាប់ និងចលនាអនាធិបតេយ្យរបស់ជនជាតិចិនដែលមករស់នៅខេត្តជាប់មាត់សមុទ្រមួយនេះឱ្យល្អប្រសើរជាងមុន៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោកសមរង្ស៊ីធ្វើដំណើរ​ រុលដល់ម៉ាឡេស៊ីខណៈការចូលកម្ពុជាវិញរបស់គាត់កាន់តែខិតជិតមកដល់

Read this article in English ក្រុងភ្នំពេញ៖ បណ[...]

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

Sam Rainsy traveled to Malaysia as his return to Cambodia drew ever closer

ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០១៩

(Phnom Penh) : Social media has reported on t[...]

ចិនថាកម្ពុជាមានកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរឿងមូលដ្ឋានទ័ព

ភ្នំពេញ៖ ឯកអង្គរដ្ឋទូតនៃសាធារណៈរដ្ឋប្រជាមានិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត