loader

អតីតCNRPមិនទាន់កំណត់ពេលជាក់លាក់ឱ្យលោកសម រង្ស៊ី វិលចូលកម្ពុជាទេតែសន្យានៅឆ្នាំ ២០១៩នេះ

ភ្នំពេញ៖  គណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការកំពូលរំលាយ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបញ្ជាក់ថា លោក សម រង្ស៊ី នឹងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញនៅពេលឆាប់ៗនេះ តែអតីតគណបក្សនេះមិនបានកំណត់ថ្ងៃណាឱ្យជាក់លាក់នៅឡើយនោះទេ តែសន្យាយ៉ាងដាច់ខាតថានៅក្នុងឆ្នាំ ២០១៩នេះ។

រាយការណ៍ដោយ​ លោក សោម លាភ

 

បើតាមសេចក្ដីថ្លែងការរបស់អតីតគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា ចុះថ្ងៃទី ៩ មិថុនា ឆ្នាំ ២០១៩ សរសេរសម្ដៅថា​ការធ្វើមាតុភូមិនិវត្តមកកម្ពុជានៃថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ព្រោះប្រទេសកម្ពុជា ជាមាតុភូមិរបស់ខ្មែរទាំងអស់គ្នា ។

សេចក្ដីថ្លែងការណ៍នេះបានសរសេរក្នុងន័យដើមថា «ប្រជាពលរដ្ឋខ្មែរគ្រប់រូប គ្រប់និន្នាការ ទោះរស់នៅទីណាក៏ដោយ មានសិទ្ធិ មានកាតព្វកិច្ច មានភារកិច្ចថែរក្សាការពារទឹកដី ធនធានធម្មជាតិ ទ្រព្យសម្បត្តិជាតិ ចូលរួមអភិវឌ្ឍន៍ប្រទេស ការពារផលប្រយោជន៍ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ។ ​  

ក្នុងសេចក្ដីថ្លែងការនោះក៏បានបង្ហាញទៀតថា ការធ្វើមាតុភូមិនិវត្តន៍នេះ គឺដើម្បីរួមសុខរួមទុក្ខជាមួយជនរួមជាតិនៅកម្ពុជា និងធ្វើសកម្មភាពតស៊ូនយោបាយដោយអហឹង្សាស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ​ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

ជាងនេះ ការធ្វើមាតុភូមិនិវត្តន៍របស់ថា្នក់ដឹកនាំគណបបក្សសង្រ្គោះជាតិនេះ ក៏នឹងទាមទារឱ្យមានការដោះលែងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ស្ដារលទ្ធិប្រជាធិបតេយ្យ និងអនុញ្ញាតឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ ។

គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូលរំលាយកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ មុនការបោះឆ្នោតសភាជាតិនីតិកាលទី៦ ។ ការរំលាយគណបក្សនេះ ក្រោយពេលមានការចោទប្រកាន់ថា ប្រធានគណបក្សនេះគឺលោក កឹម សុខា ឃុបឃិតជាមួយរដ្ឋបរទេសរៀបចំផែនការផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ តែយ៉ាងណា លោក កឹម សុខា កំពុងតែរស់នៅក្នុងផ្ទះដែលស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដែលការណ៍នេះ លោកមិនអាចធ្វើដំណើរទៅណាបានឆ្ងាយ ឬជួបអ្នកនយោបាយ ឬជនបរទេសមួយចំនួនឡើយ ។ រយៈពេលដែលលោក មិនទាន់ទទួលបានសេរីភាពដើរហើយ និងជួបបុគ្គលមួយចំនួននេះ គឺអស់រយៈពេលជិត ២ ឆ្នាំហើយ ខណៈលោកនៅក្នុងពន្ធនាគារប្រមាណមួយឆ្នាំ ។ ការចោទប្រកាន់ប្រធានអតីតគណបក្សសង្គ្រោះជាតិ តាមរយៈវីដេអូដែលលោកថ្លែងនៅបរទេសកាលពីឆ្នាំ ២០១៣ ។

ក្នុងសេចក្ដីថ្លែងការរបស់អតីតគណបក្សសង្គ្រោះជាតិនេះដដែល បន្ថែមទៀតថា ការធ្វើបែបនេះជាការឆ្លើយតបទៅនឹង លក្ខខ័ណ្ឌរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីធ្វើឱ្យរួចផុតពីការដកការអនុគ្រោះពន្ធក្រោយក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ EBA និងការអនុគ្រោះពន្ធទូទៅ GSP ។

គណបក្សសង្គ្រោះជាតិ អំពាវនាវដល់ខ្មែរគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការ គ្រប់គណបក្សនយោបាយ រួមកម្លាំងគ្នាថែរក្សាការអនុគ្រោះពន្ធ EBA និងGSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងទុកលំបាករបស់ប្រជាពលរដ្ឋខ្មែរ ។

លោក សម រង្ស៊ី ធ្លាប់សរសេរលើទំព័រហ្វេសបុករបស់លោកម្ដងជាពីរដងថា ពលរដ្ឋខ្មែរ យល់ព្រមឱ្យមានការដកការអនុគ្រោះពន្ធចេញពីកម្ពុជា​ ដោយសុខចិត្តទទួលយកនូវជីវភាពលំបាកក្នុងរយៈពេលខ្លី ដើម្បីមានដំណោះស្រាយនយោបាយ ។

លោក អេង ឆៃ អៀង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ជាមួយវិទ្យុអាស៊ីសេរីថា លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់អតីតគណបក្សនេះ និងវិលចូលកម្ពុជាវិញនៅអំឡុងពីរឬបីខែខាងមុខ ។

លោកស្រីមួ សុខហួរ និងលោក អេង ឆៃ អៀង អនុប្រធានអតីតគណបក្សសង្គ្រោះជាតិ បង្ហាញការជឿជាក់ថា រាជរដ្ឋាភិបាល មិនប្រើហឹង្សាមកលើក្រុមគណបក្សប្រឆាំងនេះទេ ។

រាល់ការលើកឡើងពីក្រុមមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិនៅបរទេស តែងតែទទួលរងការរិះគន់ពីក្រុមមន្ត្រីដែលនៅកម្ពុជា ដែលគេមើលឃើញថា ជាអ្នកនិយមលោក កឹម សុខា ។

ភាគច្រើនពួកគេតែងតែរិះគន់ថាអំពីការប្រកាសធ្វើមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ។ ពួកគេចោទសួរថា តើមកតាមផ្លូវណា ហើយថែមទាំងរំលឹកម្ដងហើយម្ដងទៀត តាំងពីលោក សម រង្ស៊ី ប្រកាសចូលស្រុកកាលពីប៉ុន្មានឆ្នាំមុនជាដើម ។ 

មណ្ឌលព័ត៌មានស្ត្រីកម្ពុជា មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផានបានទេ ដោយសារលោករវល់ជាប់ប្រជុំ ដោយឡែក លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនលើកទូរស័ព្ទ ។

តែយ៉ាងណា សម្ដេច ហ៊ុន សែន ធ្លាប់ប្រកាសជាដាច់ខាតថា នឹងទប់ស្កាត់ក្រុមលោក សម រង្ស៊ី ដែលធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញឱ្យខានតែបាន ។ សម្ដេច ធ្លាប់ទាំងប្រកាសធ្វើសង្រ្គាមជាមួយក្រុមលោក សម រង្ស៊ី នៅចំពោះមុខប្រទេសប្រជាធិបតេយ្យពេញលេញគឺប្រទេសជប៉ុនក៏មានដែរ ៕

 

ព័ត៌មានទាក់ទង

 ស្ត្រីម្ចាស់ហាងលក់ទូរស័ព្ទមួយទឹកបង្ហាញបទពិសោធន៍ការងារដោយមិនពឹងកម្លាំងស្វាមីទាំងស្រុង​

ស្ត្រីជាម្ចាស់ហាងលក់ទូរស័ព្ទមួយរូបក្នុងស្រុកម[...]

ស្ត្រីមេផ្ទះឆ្លៀតពេលទំនេរធ្វើការស្ម័គ្រចិត្តជួយសង្គមទោះមិនទទួលបានកម្រៃ

ទំនេរពីកិច្ចការផ្ទះស្ត្រីមេផ្ទះវ័យក្មេងមួយរូប[...]

Facebook សម្ដេច ហ៊ុន សែន៖នាយករដ្ឋមន្ត្រីហុង គ្រី គាំទ្រកម្ពុជាតស៊ូដើម្បីEBA

ទំព័រហ្វេសបុករបស់ សម្ដេចហ៊ុនសែនបានចុះផ្សាយថាល[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត