
ក្រុងម៉ូស្គូ៖ ពាក្យចចាមអារ៉ាមអំពីជីវិតស្នេហារបស់អតីតស្ត្រីទីមួយរបស់ប្រទេសរូស្ស៊ី គឺលោកស្រី Lyudmila Putina មានអាយុ ៥៨ ឆ្នាំ ថាប្រហែលបានរៀបការ ដោយស្ងាត់ៗម្ដងទៀត កំពុងតែសុះសាយពេញប្រទេសនេះ។
យោងតាមការស៊ើបអង្កេតដែលធ្វើឡើងដោយទស្សនាវដ្តីព័ត៌មានភាសារូស្ស៊ីឯករាជ្យមួយឈ្មោះថា “Sobesednik,” ឬក៏ “Interlocutor” បានឱ្យដឹងថា អតីតភរិយាលោក Putina អាចនឹងផ្លាស់ប្ដូរឈ្មោះផ្លូវការទៅជា Lyudmila Ocheretnaya វិញ។
ក្រោមចំណងជើងថា “Lyudmila is No Longer Putin,” ទស្សនារដ្តីនោះ បានឱ្យដឹងយ៉ាងច្បាស់ថានាងបានដាក់តាមនាមត្រកូលរបស់បុរស ជាអ្នកជំនួញ ម្នាក់វ័យ ៣៧ ឆ្នាំ ឈ្មោះថា Artur Ocheretny ដែលមានវ័យតិចជាងនាងដល់ទៅជាង ២០ឆ្នាំ ហើយលោកស្រីបានថតរូបជាមួយបុរសជំនួញនេះ ក្នុងកំលុងពេលប៉ុន្មានខែចុងក្រោយនេះ។
មិនមានការអះអាងបញ្ជាក់ពីសំបុត្រអាពាហ៍ពិពាហ៍នេះឡើយ ហើយវាក៏មិនត្រូវបានបង្ហាញជាសាធារណៈនៅក្នុងប្រទេសរូស្ស៊ីនោះទេ។
បើតាមវិមាន ក្រិមឡាំង (The Kremlin) បានបដិសេធក្នុងការអត្ថាធិប្បាយទាក់ទងនឹងរឿងនេះដោយអ្នកនាំពាក្យរបស់លោក Vladimir Putin គឺលោក Dmitry Peskov គ្រាន់តែក្រើនរំឭកដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា “លោក Vladimir និងលោកស្រី Lyudmila បានលែងលះគ្នាហើយ” ហេតុដូច្នេះ ខ្ញុំមិនមានតួនាទីអ្វីក្នុងការនិយាយអំពីលោកស្រី Lyudmila ឬក៏និយាយពីរឿងផ្ទាល់ខ្លួនរបស់គាត់ឡើយ”។
លោក ពូទីន និងប្រពន្ធរបស់គាត់ បានប្រកាសលែងលះគ្នា នៅតាមទូរទស្សន៍ កាលពីខែកក្កដា ឆ្នាំ ២០១៣ ក្រោយពីបានរៀបការជាមួយគ្នាអស់ពេលជាង ៣០ ឆ្នាំ មកនោះ ហើយការលែងលះគ្នានោះធ្វើឡើង បន្ទាប់ពីអ្នកទាំងពីរបានចូលរួមក្នុងការសម្ដែងរបាំបាឡេមួយ។
ចាប់ពីពេលនោះមក អតីតស្ត្រីទីមួយរបស់ប្រទេសរូស្ស៊ីរូបនេះ បានរក្សាបញ្ហាផ្ទាល់ខ្លួនពីសាធារណៈយ៉ាងខ្លាំង។
បញ្ហាលម្អិតអំពីគ្រួសារនិងជីវិតឯកជនរបស់លោក Vladimir Putin គឺត្រូវបានឃ្លាំមើលដោយ វិមានក្រិមឡាំង ហើយសូម្បីតែកន្លែងស្នាក់នៅរបស់កូនទាំងពីររបស់លោក ក៏មិនត្រូវបានដឹងជាសាធារណៈដែរ។
មានការរំពឹងទុកជាច្រើនអំពីទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ពូទីន ជាមួយអតីតកីឡាការិនីអូឡាំពិកវ័យ ៣២ ឆ្នាំ ម្នាក់មានឈ្មោះថា Alina Kabaeva។ កាលពីឆ្នាំមុន វិមាន Kremlin ត្រូវបានបង្ខំឱ្យបដិសេធចំពោះរបាយការណ៍ដែលថាប្រធានាធិបតី វ័យ ៦៣ ឆ្នាំ បានមានកូនជាមួយនាង៕
ប្រែសម្រួលដោយ៖ សេង វិបុល / ប្រភព៖ CNN