តាមច្បាប់បោះឆ្នោត ប្រទេសកម្ពុជា នឹងបោះឆ្នោត ដោយផ្ទាល់ពីប្រជាជន រៀងរាល់៥ឆ្នាំម្ដង ទាំងការបោះឆ្នោត ជ្រើសតាំងសមាជិកសភា និង សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ។ សម្រាប់ឆ្នាំ ២០២២ និង២០២៣ គឺការពេលវេលា នៃការបោះឆ្នោត ជាថ្មីទៀត។ កម្ពុជា ពុំដែលមានការរំលាយរដ្ឋសភា ដើម្បីបោះឆ្នោតមុនអាណត្តិម្ដងណានោះទេ ទោះជាកម្ពុជាមានវិបត្តិនយោបាយ ក៏ដោយ។ សម្រាប់ការបោះឆ្នោតខាងមុខនេះ ពុំដឹងថា បក្សសង្រ្គោះជាតិ អាចនឹងត្រូវបាន អនុញ្ញាតិអោយបង្កើតឡើងវិញនោះឬយ៉ាងណាទេ ។ ប៉ុន្តែបក្សរាជានិយម មួយនឹងបន្តមានវត្តមាន ។ ប្រធានរបស់បក្សនេះ គឺសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ។ តាមមន្រ្តីបក្ស នេះ គឺព្រះអង្គនឹងធ្វើសកម្មភាពនយោបាយឡើងវិញបន្ទាប់ពីខកខានដោយ ព្រះសុខភាព។
លោក នួន បូរិន ជូនសេចក្ដីរាយការណ៍៖
គណបក្សហ៊្វុនស៊ិនប៉ិច ប្រកាសនៅថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងយាងមកដឹកនាំបក្ស និងចូលរួមសកម្មភាពនយោបាយវិញនាចុងខែកុម្ភៈ ខណៈព្រះអង្គសុខភាពល្អប្រសើរ។
អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធី មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១៩ មករាថា ព្រះរាជសុខភាពសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ មានភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីព្រះអង្គបាននិងកំពុងសម្រាកព្យាបាលព្រះរាជសុខភាពរយៈពេលយូរនៅប្រទេសបារាំងហើយព្រះអង្គនឹងយាងមកដឹកនាំ គណបក្ស ដោយផ្ទាល់វិញ បន្ទាប់ពីសមាជគណបក្ស ធ្វើនៅថ្ងៃទី២៧ ខែកុម្ភៈ។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ អតីតនាយករដ្ឋមន្ត្រីទី១ ក្នុងរដ្ឋាភិបាលចម្រុះដែលគណបក្សគណបក្សហ៊្វុនស៊ិនប៉ិច ឈ្នះឆ្នោតកាលពីឆ្នាំ១៩៩៣។ ប៉ុន្តែព្រះអង្គត្រូវបានទម្លាក់ព្រះរាជតំណែង បន្ទាប់ពីព្រឹត្តិការណ៍បង្ហូរឈាម កាលពីថ្ងៃទី៥និង៦ ខែកក្កដា ឆ្នាំ១៩៩៧ដែលក្រុមប្រឆាំង និងលោកខាងលិចថា ជាព្រឹត្តិការណ៍រដ្ឋប្រហារ។
នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច បានអាសនៈក្នុងរដ្ឋសភា លំដាប់ទី២ ។ បក្សឈ្នះឆ្នោត ពេលនោះ គឺបក្សប្រជាជនកម្ពុជា ។ ចំណែកគណបក្សប្រឆាំងដំបូងគេនៅកម្ពុជា គឺគណបក្សសមរង្ស៊ី។ នៅឆ្នាំ២០០៦ព្រះអង្គត្រូវបានទំលាក់ពីប្រធានបក្ស។ នៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ គណបក្សហ៊្វុនស៊ិនប៉ិច មិនទទូលបានអាសនៈនៅក្នុងរដ្ឋសភានោះទេ។ មានតែបក្ស២ប៉ុណ្ណោះ បានឈ្នះឆ្នោត គឺបក្សប្រជាជនកម្ពុជា និងបក្សសង្រ្គោះជាតិ ដឹកនាំដោយ លោកសមរង្ស៊ី ។តែបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយ
តុលាការកំពូល ក្រោម ច្បាប់បក្សនយោបាយ ហើយពេលនោះ លោកកឹមសុខាជាប្រធានគណបក្ស ជំនួសលោកសមរង្ស៊ី ដែលបានលាលែង។ នៅពេលបក្សប្រឆាំងនេះ ត្រូវបានរំលាយ នៅឆ្នាំ២០១៧ គឺ គណបក្សហ៊្វុនស៊ិនប៉ិចទទួលបានអាសនៈជាង៤០ក្នុងរដ្ឋសភា ដែលជាអាសនៈរបស់បក្សសង្រ្គោះជាតិ រីឯបក្សផ្សេងៗទៀត ក៏បានទទួលផងដែរ របស់អាសនៈ ៥៥ នៃបក្សសង្រ្គោះជាតិ។
ទោះជាបែបនេះក្ដី អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច លោក ផាន់ សិទ្ធីបានប្រកាសថាសម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងរៀបចំបក្សឡើងវិញ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅឆ្នាំ២០២៣ ។
សម្តេចក្រុមព្រះ បានរងរបួសជាទម្ងន់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨។
សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ បច្ចុប្បន្នមានព្រះជន្ម៧៦ព្រះវស្សា។ អ្នកសង្កេតការណ៍នៅ តែមើលឃើញថា គណបក្សហ៊្វុនស៊ិនប៉ិច នៅតែពុំមានការគាំទ្រច្រើនទេ ។ តែការបញ្ចេញសកម្មភាព នយោបាយឡើងវិញរបស់សម្ដេចក្រុមព្រះ អតីតនាយករដ្ឋមន្ត្រទី១ ឆ្នាំ១៩៩៣ គឺ ជារឿងល្អ ដែលអ្នកនយោបាយជើងចាស់រូបនេះ វិលមកកាន់វេទិកានយោបាយឡើងវិញ ក្នុងស្ថានការណ៍នយោបាយ កម្ពុជាកំពុងរងការរិះគន់ពីក្រុមសិទិ្ធមនុស្សថានៅតែចង្អៀតសម្រាប់ ក្រុមប្រឆាំង ៕