ភ្នំពេញ៖ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រកាសហែកសំបុត្រទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដើម្បីផ្ទៀងផ្ទាត់កំណើនទ្រព្យសម្បត្តិរបស់អ្នកនយោបាយល្បីឈ្មោះរូបនេះ ក្នុងករណីដែលមានការចោទប្រកាន់ថា មេដឹកនាំបក្សប្រឆាំងនេះ ទិញលំនៅដ្ឋានមួយឱ្យស្រីកំណាន់។ ចំណែកអ្នកតាមដានស្ថានការណ៍សង្គមថា គឺជាល្ខោនសម្តែងរបស់គណបក្សកាន់អំណាច ដើម្បីបំបែកបំបាក់គណបក្សសង្គ្រោះជាតិ ។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិន ទៀង ប្រកាសហែកសំបុត្រទ្រព្យសម្បត្តិរបស់លោក កឹម សុខា ដើម្បីផ្ទៀងផ្ទាត់កំណើនទ្រព្យសម្បត្តិរបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ក្នុងករណីដែលមានការចោទប្រកាន់ថា មេដឹកនាំបក្សប្រឆាំងនេះ ទិញលំនៅដ្ឋានមួយឱ្យស្រីកំណាន់។
ការប្រកាសនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាករណីបណ្តឹងរបស់ក្រុមនិស្សិតមួយក្រុម នៅព្រឹកថ្ងៃព្រហស្បតិ៍នេះនៅអង្គភាពប្រឆាំងអំពើពុករលួយ។ នៅកិច្ចប្រជុំនេះប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានប្រកាសថា សំឡេងខ្សែអាត់ដែលសារព័ត៌មានអេឡិចត្រូនិចមួយបានផ្សាយចំនួន ៣៤ ភាគ គឺជាសំឡេងរបស់លោក កឹម សុខា និងសំឡេងរបស់កញ្ញា ខុម ចាន់ដារាទី ហៅ ស្រីមុំ ដែលលោកថាពិតប្រាកដ ១០០%។
លោក ឱម យ៉ិនទៀង មានប្រសាសន៍ថា៖ «ទី១ សំឡេង ៣២ ឃ្លិប ៧៤ ទំព័រ ជាសំឡេងពិតរបស់តួអង្គនីមួយៗ អត់មានថាមិនមែនសំឡេងខ្លួនទេ ទី២យើងព្រមទទួលយកពាក្យបណ្តឹងរបស់ប្អូន ទី៣ បើកឯកសារប្រកាសទ្រព្យសម្បត្តិ»។
ការអះអាងបែបនេះ ដោយផ្អែកទៅតាមការវិភាគរបស់អង្គភាពប្រឆាំងអំពើពុករលួយ ទៅនឹងសំឡេងខ្សែអាត់ នោះមាន ៤ ដំណាក់កាល រួមទាំងបង្ហាញរបាយការណ៍កម្រាស់ ៦៤ ទំព័រផងដែរ។
ដំណាល់កាលទី១ គឺកំណត់សំឡេងលោក កឹម សុខា និងសំឡេង កញ្ញា ស្រីមុំ ដែលបានផ្តល់បទសម្ភាសតាមប្រព័ន្ធផ្សព្វផ្សាយ ធ្វើការប្រៀបធៀបទៅនឹងសំឡេងខ្សែអាត់។ ដំណាក់កាលទី២ គឺស្តាប់សំឡេង និងធ្វើការផ្ទៀងផ្ទាត់វិភាគ។ ដំណាក់កាលទី៣ ប្រើឧបករណ៍បច្ចេកទេសវិភាគទៅលើសំឡេង និងដំណាក់កាលចុងក្រោយ វិភាគប្រៀបធៀបរលកប្រេកង់សំឡេង។
ចំណែក លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា មានប្រសាសន៍ថា អង្គភាពប្រឆាំងអំពើពុករលួយគួរតែទទួលពាក្យបណ្តឹងផ្សេងទៀត ដែលទាក់ទងទៅអំពើពុករលួយក្នុងរឿងដីធ្លី ដែលជាប្រយោជន៍សាធារណៈ ប្រសើរជាជាងទទួលពាក្យបណ្តឹងឯកជននេះ។
លោក សន ជ័យ និយាយថា៖ «ស្ថានប័នអង្គភាពប្រឆាំងអំពើពុករលួយហាក់បីដូចជាធ្វើរឿងមិនចំគោលដៅ ហើយមហាជនបានចាត់ទុកជារឿងឥតប្រយោជន៍ និងបង្កឱ្យមានសង្គមមានរឿងវ៉ល់ៗ ហើយនិងបង្កឱ្យមានរឿងស្រដៀងគ្នាកើតមានជាហូរហែរ»។
លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា បានបញ្ចេញទស្សនៈលើ ទំព័រហ្វេសប៊ុកថាលោក ដោយមានន័យដូចនេះថា៖ « សង្ឃឹមថាអង្គភាពប្រឆាំងអំពើពុករលួយ នឹងមានចំណាត់ការដូចគ្នាចំពោះមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតរបស់រដ្ឋាភិបាល ដែលមានតម្រុយ ឬការសង្ស័យថាបានប្រព្រឹត្តអំពើពុករលួយ ប្រសិនបើមានទ្រព្យសម្បត្តិដែលបានមកពីប្រភព ដែលមិនអាចពន្យល់បាន ឬបានមកពីប្រភពខុសច្បាប់ ដោយធៀបទៅនឹងប្រាក់ចំណូលស្របច្បាប់របស់គាត់ (ដូចបានចែងក្នុងមាត្រា ៣៦ នៃច្បាប់ប្រឆាំងអំពើពុករលួយ)។ ខ្ញុំយល់ថាតម្រុយ ឬការសង្ស័យ ទៅលើករណីពុករលួយរបស់មន្ត្រីជាន់ខ្ពស់មានដូចជា ចំនួនផ្ទះវីឡាធំៗដែលជាកម្មសិទ្ធិរបស់គាត់ឬកូនចៅគាត់ រថយន្តទំនើបដែលមានតម្លៃថ្លៃ និងការចំណាយទ្រង់ទ្រាយធំផ្សេងៗ ស្រដៀងទៅនឹងករណីដែលចោទទៅលើ លោក កឹម សុខា»។
ជុំវិញបញ្ហានេះ លោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គមបានឱ្យដឹងថា ការទទួលយកបណ្តឹងនេះ គ្រាន់តែជាការសម្តែងល្ខោនរបស់គណបក្សកាន់អំណាច ដែលចង់ឱ្យលោក កឹម សុខា បែកបាក់គ្នាជាមួយលោក សម រង្ស៊ី ហើយអ្វីដែលគណបក្សប្រជាជនចង់បាន គឺចង់ឱ្យលោក កឹម សុខា មានតំណែងប្រធានគណបក្សសង្គ្រោះជាតិតែម្តង។
លោកបណ្ឌិត មាស នី មានប្រសាសន៍ថា៖ «យើងមិនបាច់ឆ្ងល់រឿងនេះ ជាល្ខោនដែលបានរៀបចំទុកជាស្រេច»។ លោកបន្តថា ម្យ៉ាងទៀត គណបក្សប្រជាជនចង់ឱ្យគណបក្សសង្គ្រោះជាតិដាក់បុគ្គលនរណាម្នាក់ ដើម្បីឡើងជាអនុប្រធានទី១ នៃរដ្ឋសភា។ ត្រង់ចំណុចនេះ លោក បណ្ឌិត ពន្យល់ថា ប្រសិនបើគណបក្សសង្គ្រោះជាតិធ្វើបែបនេះ មែននោះ គណបក្សសង្គ្រោះជាតិអាចនឹងបានបង់ជំនឿទុកចិត្តពីអ្នកគាំទ្រ។
ស្របពេលដែរ ស្ថាប័នប្រឆាំងអំពើពុករលួយកំពុងតែចាត់ការករណីលោក កឹម សុខា អគ្គលេខាធិការដ្ឋានរដ្ឋសភា ក៏កោះហៅលោក កឹម សុខា ឱ្យចូលបំភ្លឺក្នុងរឿងនេះដែរ លោក កឹម សុខា ប្រកាសថា លោកប្រើវិធីធ្វើគធ្វើថ្លង់ គឺ «មិនឆ្លើយ មិនឆ្លង និងមិនឈ្លោះ» ចំពោះរឿងរ៉ាវរបស់លោក៕