អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House បានបន្តដាក់ពិន្ទុសេរីភាពនៅកម្ពុជាឆ្នាំ២០២១ដើមឆ្នាំនេះ ធ្លាក់ចុះមួយពិន្ទុ ក្រោមឆ្នាំ២០២០គឺ លេខ ២៤ លើ ១០០ពិន្ទុ។
តាមសេចក្ដីថ្លែងការណ៍របសស់អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House ពិន្ទុ ១០០ មានន័យថា មានសេរីភាពពេញលេញ។
សេរីភាពដែលអង្គការ Freedom House វាយតម្លៃនេះ គឺសំដៅដល់សិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋ។ បើតាមអង្គការនេះ សិទ្ធិនយោបាយរបស់កម្ពុជាធ្លាក់ចុះខ្លាំងស្ទើតែដល់កម្រិតសូន្យ។ រីឯសិទ្ធិពលរដ្ឋវិញ ក៏ស្ថិតក្នុងភាពរឹតត្បិតជាខ្លាំងគឺធ្លាក់ក្រោមពាក់កណ្ដាលនៃតារាង ពិន្ទុ១០០។
របាយការណ៍សេរីភាពពិភពលោកឆ្នាំ២០២១ របស់អង្គការ Freedom House ពិនិត្យមើលការអនុវត្តសេរីភាពនៅទូទាំងពិភពលោកក្នុងរយៈពេលពេញមួយឆ្នាំ២០២០ ។ អង្គការ Freedom House ហៅឆ្នាំ២០២១នេះថា ជាឆ្នាំដែលលទ្ធិប្រជាធិបតេយ្យនៅទូទាំងពិភពលោកកំពុងស្ថិតក្នុងភាពគំរាមកំហែង។
អង្គការនេះថា ជំងឺរាតត្បាតសាកល អសន្តិសុខសេដ្ឋកិច្ច អសន្តិសុខផ្លូវកាយ និងជម្លោះហិង្សា បានបំផ្លិចបំផ្លាញពិភពលោកក្នុង ឆ្នាំ២០២០ កន្លងទៅ។ អង្គការនេះបន្តថា ក្រុមអ្នកការពារលទ្ធិប្រជាធិបតេយ្យទទួលរងនូវធ្វើទុក្ខបុកម្នេញ ក្នុង ការតស៊ូរបស់ពួកគេប្រឆាំងនឹងក្រុមមេដឹកនាំផ្តាច់ការ ។
សម្រាប់នៅតំបន់អាស៊ីអាគ្នេយ៌គឺ ពិន្ទុសេរីភាពរបស់កម្ពុជាអន់ជាងប្រទេសភូមា មុនប្រទេសនេះ ធ្លាក់ក្នុងរដ្ឋប្រហារ អន់ជាងប្រទេសប្រ៊ុយណេជាប្រទេស របបរាជានិយម អន់ជាង ប្រទេសថៃ ដែលធ្លាក់ក្នុងការគ្រប់គ្រងបរបស់ ពួកយោធា ដែលបានធ្វើរដ្ឋប្រហារកាលពីឆ្នាំ២ឥ១៤ ហើយក៏អន់ជាងនិងប្រទេសម៉ាឡេស៊ី ។ តែពិន្ទុសេរីភាពរបស់កម្ពុជា ល្អជាង ប្រទេសកុម្មុយនិស្ត ឡាវ និងវៀតណាម ។
វិទ្យុស្ត្រីពុំទាន់បានសុំការឆ្លើយតបពី អ្នកនាំពាក្យ នៃស្ថាប័នជំនាញ នៃប្រទេសកម្ពុជានោះនៅឡើយទេ ដើម្បីឆ្លងតបនឹងការដាក់ពន្ទុរបស់ អង្គការឃ្លាំមើលសេរីភាពពិភពលោក Freedom House។
តែបែបណា ទាំងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាច អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ អ្នកនាំពាក្យ គណៈកម្មាធិការសិទ្ធិមនុស្ស របស់រដ្ឋាភិបាល អ្នកនាំពាក្យ រដ្ឋាភិបាល រួមទាំង តំណាង បេសកម្មកម្ពុជា នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស តែងតែច្រានចោល ការវាយបន្ថោកថា កម្ពុជា ជារដ្ឋ បំបិទសេរីភាព របស់ពលរដ្ឋខ្លួនឯង ដោយអះអាងថា សិទិ្ធមនុស្ស សេរីភាពនយោបាយ ត្រូវតែដើរស្របនឹងការអនុវត្តច្បាប់នៅកម្ពុជា ។ អ្នកនាំពាក្យទាំងនោះ តែងតែអះអាងថា កម្ពុជាមានលំហសេរីភាពសិទិ្ធមនុស្ស ល្អជាងប្រទេសខ្លះក្នុងតំបន់ទៀតផង៕