ភ្នំពេញ៖ បន្ទាប់ពីក្រសួងបរិស្ថានសម្រេចបង្កើតតំបន់អភិរក្សថ្មីចំនួនពីរស្ថិតនៅខេត្តក្រចេះលើទំហំដីជាង៦ម៉ឺនហិចតាមកនោះ នាំអោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF)សាទរចំណាត់ការរដ្ឋាភិបាលដោយចាត់ទុកថាអាចជួយការពារធនធានធម្មជាតិ និងសត្វព្រៃកម្រជិតផុតពូជ។
លោក ធូ វិរៈ ជូនសេចក្តីរាយការណ៍
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចបង្កើតដែនជម្រកសត្វព្រៃចំនួនពីរគឺដែនជម្រកសត្វព្រៃ «ព្រែកប្រសព្វ» និង ដែនជម្រកសត្វព្រៃ«សំបូរ» ស្ថិតនៅខេត្តក្រចេះ។ ដែនជម្រកសត្វព្រៃទាំងពីរនេះមានផ្ទៃសរុបចំនួន៦២,០០០ ហិចតា។ អនុក្រឹត្យនេះត្រូវបានលោក សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថានចុះហត្ថលេខាកាលពីថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០១៨។
ការបង្កើតដែនជម្រកសត្វព្រៃថ្មីនេះ នាំអោយអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) ចេញសេចក្តីប្រកាសព័ត៌មានសាទរចំពោះរាជរដ្ឋាភិបាលបង្កើតដែនជម្រកសត្វព្រៃ«ព្រែកប្រសព្វ» និង «សំបូរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីសប្តាហ៍មុនរបស់អង្គការ WWF ឱ្យដឹងថា ការបង្កើតដែនជម្រកថ្មីទាំងពីរនេះជាជំហានឆ្ពោះទៅរកការពារព្រៃឈើ និងការពារសត្វព្រៃជិតផុតពូជជាច្រើនប្រភេទកំពុងមានវត្តមាននៅដែនជម្រកនេះ។
ដែនជម្រកសត្វព្រៃសំបូរមានផ្ទៃដី ៥០០៩៣ ហិចតា និងដែនជម្រកសត្វព្រៃព្រែកប្រសព្វមានផ្ទៃដី ១២៧៧០ ហិចតា។
តា។ អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) បញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ដែនជម្រកសត្វព្រៃទាំំងពីរនេះជាតំបន់ជួយទ្រទ្រង់ព្រៃឈើនិងជាទីជម្រករបស់ពពួកសត្វកម្រជាច្រើននៅតាមដងទន្លេ ដែលមានដង់ស៊ីដេមនុស្សរស់នៅតិចបំផុត។
អង្គការ WWF បន្ថែមថា ដែនជម្រកសត្វព្រៃ«ព្រែកប្រសព្វ» និង «សំបូរ» កំពុងមានវត្តមានថនិកសត្វធំយ៉ាងតិច ១១ ប្រភេទ សត្វល្មូន ៥៦ ប្រភេទ រុក្ខជាតិ ៦៨៣ ប្រភេទ ហើយសត្វស្លាបកម្រយ៉ាងតិច ១៥ ប្រភេទ និងត្រីធម្មជាតិ ២២៣ប្រភេទ។ នេះបើតាមការកត់ត្រាក្នុងអំឡុងឆ្នាំ ២០០៦ ដល់ ២០០៧។
លោក សេង ទៀក នាយកអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិប្រចាំនៅកម្ពុជា(WWF) បានមានប្រសាសន៍ថា ការបង្កើតដែនជម្រកពីរបន្ថែមទៀតជាជំហានមួយឆ្នោះទៅរកភាពត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្នុងការពារព្រៃឈើ និងសត្វព្រៃនៅកម្ពជា។លោកបន្ថែមថា ព្រៃឈើមានសារសំខាន់ណាស់សត្វព្រៃ និងធនធានធម្មជាតិនានា ហើយក៏សម្រាប់ប្រជាសហគមន៍ក្នុងការចូលរូមចំណែកការពារកុំឱ្យមានបទល្មើសព្រៃឈើខុសច្បាប់។
លោក សេង ទៀត សង្ឃឹមថា អង្គការសង្គមស៊ីវិលនឹងសហការយ៉ាងជិតស្និតជាមួយរដ្ឋាភិបាល ដើម្បីគ្រប់យ៉ាងតឹងរឹងនៅថ្នាក់មូលស្ថានសម្រាប់ដែនជម្រកសត្វព្រៃថ្មីនេះ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ និងរដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា មូលហេតុបង្កើតដែនជម្រកសត្វថ្មីនេះ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ ព្រោះវត្តមានសត្វកម្រជាច្រើនប្រភេទកំពុងរសនៅក្នុងដែនជម្រកនេះ។ សត្វកម្រទាំងនោះរួមមាន ខ្លាឃ្មុំ ដំរី ឈ្លូស ស្វាក្រវ៉ាត់ ក្ងោក កេងកង ជាដើម។នេះបើតាមគេហទំព័រក្រសួងព័ត៌មាន។
អ្នកនាំពាក្យរូបនេះ បន្ថែមថា តំបន់ការពារធម្មជាតិ និងដែនជម្រកសត្វព្រៃនៅកម្ពុជាមានចំនួន ៥២ កន្លែង និងរបៀងអភិរក្សជីវចម្រុះ ៣ កន្លែង ដោយមានផ្ទៃសរុបជាង ៧ លាន ២ សែន ហិចតា៕