សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(YCUD) បានចេញរបាយការណ៍សិក្សាស្រាវជ្រាវមួយនៅក្នុងឆ្នាំ២០១៥ បង្ហាញថា អត្រាយុវជនកម្ពុជាអត់មានការងារធ្វើមានជិត ៥០ ភាគរយ ។ ជុំវិញបញ្ហានេះ ក្រុមនិស្សិតធ្វើការពាក់ព័ន្ធនឹងយុវជនបានអំពាវនាវដល់រដ្ឋាភិបាល កម្ពុជាឱ្យបើកទូលាយនូវរាល់ព័ត៌មានអំពីការទទួលបានការងារ និងអំពាវនាវដល់យុវជនខ្លួនឯង
ឱ្យពង្រឹងសមត្ថភាពរបស់ខ្លួនឱ្យបានច្រើន ដើម្បីបង្កើនឱកាសការងារពួកគេ។
របាយការណ៍សិក្សាស្រាវជ្រាវរបស់សម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(YCUD) ស្តីពី «តម្រូវការជាអាទិភាពរបស់យុវជនកម្ពុជា» មានកម្រាស់ ៤០ ទំព័រ បានបង្ហាញថា យុវជនកម្ពុជាអត់មានការងារធ្វើមានរហូតដល់ជិត ៥០ ភាគរយនៅក្នុងឆ្នាំ ២០១៥ ម្សិលមិញនេះ។
ការបង្ហាញរបាយការណ៍នេះ បានធ្វើឡើងនៅទីស្នាក់ការសម្ព័ន្ធយុវជនដើម្បីឯកភាពនិងអភិវឌ្ឍន៍ (YCUD) ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០១៥។
ស្ថាបនិកនៃសង្គមយុវជនកម្ពុជា និងជាសមាជិកសភាយុវជនត្រាប់ លោក ពុធ កុលកា បានលើកឡើងក្នុងកិច្ចពិភាក្សានេះថា ទីផ្សារការងារនៅកម្ពុជាពិតជាសម្បូរណាស់ ក៏ប៉ុន្តែលោកបន្ទោសទៅរដ្ឋាភិបាលថា មិនបានបើកទូលាយនៅព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងការងារ ជាពិសេសរដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានទាក់ទងទៅនឹង ថាតើយុវជនកម្ពុជាគួរតែជ្រើសរើសមុខជំនាញអ្វីនៅថ្នាក់មហាវិទ្យាល័យ ដើម្បីងាយស្រួលទទួលបានការងារធ្វើក្រោយទទួលបានសញ្ញាបត្រ។
លោក ពុធ កុលកា បន្តថាសូមឱ្យអ្នកនយោបាយ ប្រជាពលរដ្ឋ និងយុវជនខ្មែរទាំងអស់ ត្រូវគិតថា បញ្ហាយុវជន គឺជាបញ្ហារបស់ជាតិ ព្រោះយុវជនជាកម្លាំងស្នូលជួយអភិវឌ្ឍប្រទេស។
លោកថា៖ «សូមផ្តាំផ្ញើទៅដល់រដ្ឋាភិបាល អង្គការសង្គមស៊ីវិល ប្រជាពលរដ្ឋ ទាំងអ្នកដែលពាក់ព័ន្ធទាំងអស់ ត្រូវតែយល់ថា បញ្ហាយុវជនមិនមែនជាបញ្ហារបស់យុវជនតែឯងទេ គឺជាបញ្ហារបស់ជាតិទាំងមូល ព្រោះយុវជនដែលបានដឹងគឺជាអ្នកដឹកនាំសម្រាប់អនាគត»។
ដូចគ្នានេះដែរ កញ្ញា ហុង សាឡាយ ជាយុវជនស្ម័គ្រចិត្តនៃគណបក្សសង្គ្រោះជាតិ បានលើកឡើងថា រដ្ឋាភិបាលត្រូវតែលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំ និងលុបបំបាត់បក្ខពួកនិយមនៅក្នុងវិស័យការងារ ដើម្បីបង្កើនឱកាសការងារដល់យុវជនកម្ពុជា។ កញ្ញាបន្តថា រដ្ឋាភិបាលត្រូវតែបង្កើនកញ្ចប់ថវិកាឱ្យបានគ្រប់គ្រាន់ ដើម្បីពង្រឹងវិស័យអប់រំនៅកម្ពុជា។
កញ្ញាលើកឡើងថា៖ «មិនត្រឹមរដ្ឋាភិបាល មិនត្រឹមក្រសួងអប់រំ ត្រូវតែបោះថវិកាឱ្យខ្លាំង។ គាត់កុំផ្តោតទៅលើអ្វីដែលមិនគួររីកចម្រើន ឧទាហរណ៍ដូចជាសិល្បៈ បើតាមទស្សនវិទូថា ការរីកចម្រើនមិនចាំបាច់ បញ្ហាភាគច្រើន ស្រុកខ្មែរយើងរីកចម្រើន ផ្នែកក្លឹប ខារ៉ាអូខេ គ្រប់បែបយ៉ាង។ ប្រសិនបើរដ្ឋាភិបាលគាត់ចាប់អារម្មណ៍លើវិស័យអប់រំគ្រប់ទីកន្លែងទាំងអស់ត្រូវតែមានសៀវភៅ»។
យុវជនមួយរូបទៀតគឺ លោក ជា សុវណ្ណឆៃ ជាយុវជនស្ម័គ្រចិត្តមកពីគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់យុវជនកម្ពុជាទាំងអស់ថា ដើម្បីមានឱកាសការងារច្រើន យុវជនកម្ពុជាគួរពង្រឹងសមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមសកម្មភាពក្នុងសង្គម ឬការធ្វើការងារស្ម័គ្រចិត្តឱ្យបានច្រើន។ លោកបន្តថា យុវជនកម្ពុជា មិនគួរជ្រើសរើសមុខវិជ្ជានៅមហាវិទ្យាល័យ តម្រូវតាមទីផ្សារការងារនៅកម្ពុជាឡើយ ផ្ទុយទៅវិញ គួរជ្រើសរើសជំនាញណាដែលខ្លួនចូលចិត្ត ទើបជាការប្រសើរ។
លោកនិយាយថា «អ្វីក៏ដោយ ប្រសិនបើខ្ញុំចង់ធ្វើតាមចិត្តចង់ ប៉ុន្តែសមត្ថភាពខ្ញុំអត់ដល់ អញ្ចឹងគឺកង្វះខាតរបស់ខ្ញុំគឺធ្ងន់មែនទែន ដល់សម្រេចគោលដៅចុងក្រោយ ខ្ញុំស្មើសូន្យ ប៉ុន្តែបើខ្ញុំមានគោលដៅច្បាស់លាស់ពិតប្រាកដ ពិសេសស្គាល់ពីសមត្ថភាពរបស់យើង ថាតើមុននឹងយើងមករៀន អាហ្នឹងតើយើងមានសមត្ថភាពឬអត់»។
ជុំវិញរបាយការណ៍ស្តីពី «តម្រូវការជាអាទិភាពរបស់យុវជនកម្ពុជា» នេះ កញ្ញា អោក ស្រីរ័ត្ន ជាមន្ត្រីតស៊ូមតិនៃសម្ព័ន្ធយុវជនដើម្បីឯកភាព និងអភិវឌ្ឍន៍(YCUD) ពន្យល់ថា ការសិក្សាស្រាវជ្រាវនេះ បានសិក្សាចំពោះយុវជននៅតាមរាជធានី និងខេត្តចំនួន៥ ដោយបានសម្ភាសន៍យុវជនប្រមាណជាង៦០០នាក់ ។ កញ្ញាបន្តថា របាយការណ៍នេះបានបង្ហាញថា យុវជនកម្ពុជាកំពុងតែប្រឈមមុខនឹងភាពអត់ការងារធ្វើចំនួន៤៩ភាគរយ ។
កញ្ញាបន្តទៀតថា បញ្ហាអាទិភាពរបស់យុវជនកម្ពុជាមានចំនួន៣សំខាន់ៗ ដូចជាបញ្ហាអត់ការងារធ្វើ បញ្ហាអសន្តិសុខដូចជា គ្រឿងញៀន ចោរកម្ម គ្រោះថ្នាក់ចរាចរណ៍ ការរំលោភសិទ្ធិមនុស្ស និងបញ្ហា
អាទិភាពចុងក្រោយរបស់យុវជន គឺផ្តោតទៅលើគុណភាពអប់រំរបស់យុវជននៅមានកម្រិតនៅឡើយ។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារបានឱ្យសារព័ត៌មានក្នុងស្រុងដឹងថា កាលពីឆ្នាំ ២០១៤ អត្រាអ្នកអត់ការងារធ្វើនៅកម្ពុជាមានកម្រិតតែ ០,២ ភាគរយប៉ុណ្ណោះ ស្របពេលដែលប្រជាពលរដ្ឋមានការងារធ្វើជាង ៣ លាននាក់៕