ទិវានារីអន្ដរជាតិ លើកទី ១០៦ នៅថ្ងៃទី៨ មិនា នឹងឈានមកដល់នៅប៉ុន្មានថ្ងៃខាងមុខ ខណៈនេះក្រុមអង្គការលើកស្ទួយស្ដ្រីក្នុងវិស័យនយោបាយ និងអង្គការដៃគូក្នុងស្រុកមួយចំនួនទៀតបានប្រារព្ធទិវានារីអន្ដរជាតិ ក្រោមប្រធានបទ “ខ្ញុំបោះឆ្នោតឱ្យស្ដ្រីក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព”។
វេទិកានេះធ្វើឡើងនៅឯភោជនីយដ្ឋានទន្លេបាសាក់ ២ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ នេះ។ បើតាមរបាយការណ៍របស់អង្គការលើការងារងារស្ត្រី គឺបញ្ហាជាច្រើនទាក់ទងទៅនឹងដំណើរការឈរឈ្មោះជាបេក្ខភាព និងប្រព័ន្ធបោះឆ្នោតក្នុងបញ្ជីបេក្ខជន និងលំដាប់លេខរៀងនៅមានកម្រិត រួមទាំងបញ្ហាវប្បធម៌បិតាធិបតេយ្យ សង្គម និងបន្ទុកការងារផ្ទះ បានក្លាយជាឧបសគ្គសម្រាប់ស្ត្រីមិនអាចក្លាយជាអ្នកតំណាងរាស្ត្រ។ តែតំណាងរាជរដ្ឋាភិបាលនិយាយថា ស្ថាប័នរបស់រដ្ឋ កំពុងឱ្យតម្លៃទៅលើស្ត្រី នៅក្នុងវិស័យនិយោបាយ។
លោក ធូ វិរៈ លម្អិតព័ត៌មាននេះ ៖
ទិវានារីអន្ដរជាតិលើកទី ១០៦ នឹងមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមអង្គការលើកស្ទួយស្ដ្រីក្នុងវិស័យនយោបាយបានលើកឡើងថា តំណាងស្ត្រីមានចំនួនតិចតួចក្នុងជួររដ្ឋាភិបាលរដ្ឋសភានិងថ្នាក់ជាតិរហូតដល់ថ្នាក់មូលដ្ឋាន ហើយពួកគេចង់ឱ្យរដ្ឋាភិបាលជួយជំរុញស្ត្រីឱ្យក្លាយជាអ្នកតំណាងរាស្ត្រមានចំនួនស្មើនឹងបុរសដែរ។
លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍ និងភាពជាដៃគូក្នុងសកម្មភាព និងជាអនុប្រធាន គណៈកម្មាធិការដឹកនាំនៃ គ.ស.ន បានលើកឡើងក្នុងវេទិកានៅព្រឹកថ្ងៃពុធទី២ មិនានេះថា ស្ត្រីត្រូវបានរាំងស្ទះក្នុងការក្លាយជាអ្នកនយោបាយ ដោយសារ ដំណើរការឈរឈ្មោះជាបេក្ខភាព និងប្រព័ន្ធបោះឆ្នោតក្នុងបញ្ជីបេក្ខជន និងលំដាប់លេខរៀងនៅមានកម្រិត រួមទាំងបញ្ហាវប្បធម៌បិតាធិបតេយ្យ វប្បធម៌សង្គម និងបន្ទុកការងារផ្ទះធ្លាក់ទៅលើស្ត្រីជាដើម។
លោក រំពឹងថា ការចូលរួមបោះឆ្នោតឱ្យស្ត្រីក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ ២០១៧ នឹងមានការកើនឡើង។ លោក ម៉ម សម្បត្តិ និយាយថា៖ «ចំណេះដឹង ឧបសគ្គផ្នែកសេដ្ឋកិច្ច និងជាបញ្ហា ដែលធ្វើបុរសនៅតែធ្វើជាអ្នកធ្វើការសម្រេចចិត្តខ្ពស់ និងបញ្ហាស្ត្រីមិនត្រូវបានយកមកដោះស្រាយបានពេញលេញឆ្លើយតបទៅនិងតម្រូវការជាក់ស្តែង»។
បើតាមរបាយការណ៍របស់អង្គការលើការងារងារស្ត្រី ស្ត្រីមានជាង ៥២% នៅក្នុងចំណោមប្រជាពលរដ្ឋជាង ១៤ លាននាក់ ដែលជាកម្លាំងធនធានមនុស្សដ៏មានសក្តានុពលចូលរួមក្នុងការអភិវឌ្ឍគ្រប់វិស័យសម្រាប់ជាតិ។
ជាមួយគ្នានេះដែរ នាយកាប្រតិបត្តិអង្គការសីលការ អ្នកស្រី ធីតា ឃឹះ បានអំពាវនាវឱ្យរាជរដ្ឋាភិបាល ជំរុញស្ត្រីឱ្យក្លាយជាអ្នកនយោបាយស្មើទៅនិងចំនួន ៥០% ស្មើទៅនឹងអ្នកនយោបាយបុរស ខណៈរដ្ឋាភិបាលសន្យាថានឹងបញ្ចូលស្ត្រីនៅក្នុងថ្នាក់ដឹកនាំចំនួន ៣០% ក្នុងឆ្នាំនេះ ប៉ុន្តែចំនួននេះអង្គការសង្គមស៊ីវិលអះអាងមិនទាន់ធ្វើបានឡើយ។
អ្នកស្រី ធីតា ឃឹះមានប្រសាសន៍ថា៖ «ខ្ញុំរំពឹងថា គណបក្សនយោបាយ ទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាលទទួលយកនៅគោលការណ៍នេះ ព្រោះគោលដៅអភិវឌ្ឍន៍ដោយចីរភាពសម្រាប់ឆ្នាំ ២០៣០គឺ ការគ្រប់គ្រងឱ្យបាន ៥០ និង ៥០ ហេតុអ្វីបានត្រូវការ ៥០ និង ៥០ ព្រោះធ្វើឱ្យការសម្រេចចិត្តមានតុយភាពរវាងបុរសនិងស្ត្រី។ ស្ត្រីយកចិត្តទុកដាក់ច្រើនទៅលើសង្គមកិច្ច ទៅលើករឿងកូនចៅ រឿងអប់រំ ដែលចេញពីក្នុងចិត្តរបស់ស្ត្រីសម្រាប់ជួយប្រទេសជាតិ សង្គម និងគ្រួសារ»។
ជុំវិញបញ្ហានេះ លោក ថេ ឈុនហាក់ អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី មានប្រសាសន៍ថា រាជរដ្ឋាភិបាលបាននឹងកំពុងឱ្យតម្លៃទៅលើស្ត្រី នៅក្នុងវិស័យនិយោបាយ រួមទាំងសុខមាភាពស្ត្រី និងសុវត្ថិភាពរបស់ស្ត្រីនៅតាមមូលដ្ឋានរបស់ពួកគេផងដែរ។
លោក មានប្រសាសន៍ថា៖ «ក្នុងនាមជាខ្ញុំជាបុរស ខ្ញុំនិយាយជាផ្ទាល់ខ្លួន ខ្ញុំអាចនិយាយបានថាបុរសកម្ពុជាសំណាងជាបុរសផ្សេងទៀត ទោះបីជាស្ត្រី គាត់ចូលរួមក្នុងវិស័យនយោបាយ ក្នុងវិស័យប្រាក់ចំណូលផ្សេងៗក៏ដោយ តែខ្ញុំមិនជឿថាស្ត្រីទាំងអស់ ឬក៏ស្ត្រីភាគច្រើនឱ្យបុរសចែករំលែកការងារផ្ទះស្មើគ្នា ជាមួយគាត់ដែរ ប៉ុន្តែបុរសត្រូវតែចែកសំណាងរំលែងទៅឱ្យស្ត្រី ទៅឱ្យសមាជិកយើងវិញ មានន័យអញ្ចឹងបាទ»។
ប្រធានបទសម្រាប់ទិវានារីអន្តរជាតិ ៨ មិនា ដែលក្រុមអង្គការលើការងារងារស្ត្រីនិយាយពី៖ «អបអរទិវានារីអន្ដរជាតិ ៨ មិនា លើកទី ១០៦ ក្រោមប្រធានបទ “ខ្ញុំបោះឆ្នោតឱ្យស្ដ្រីក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព” នឹងរួមចំណែកលើកស្ទួយសមភាពយេនឌ័រឱ្យកាន់តែល្អប្រសើរនៅក្នុងប្រទេសកម្ពុជា»។
បើតាមរបាយការណ៍មួយរបស់ គណៈកម្មាធិការលើកស្ទួយស្ដ្រីក្នុងវិស័យនយោបាយគឺ នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ មានចំនួនស្ត្រីជាង ២ ពាន់នាក់ ស្មើនឹង ១៧.៧៨% នៅក្នុងចំណោមស្ត្រីជាង ១១៤០០ នាក់ កាលពីឆ្នាំ ២០១៤ ហើយស្ត្រីមានចំនួនតិចតូចក្នុងមុខតំណែងជាមេឃុំ ចៅសង្កាត់មានចំនួន ៥.៨១% ស្ត្រីជាជំនប់ទី១ មានចំនួន១១.៥៧% និងជំនប់ទី២ មាន១០.០៤%៕