អង្គការសកម្មភាពដើម្បីកុមារ (APLE Cambodia) មន្ត្រីជំនាញរដ្ឋាភិបាលជាតិ និងអន្តរជាតិ រួមទាំងក្រុមមន្ត្រីអនុវត្តច្បាប់ និងវិស័យឯកជននឹងជួបពិភាក្សាគ្នា ដើម្បីកំណត់យុទ្ធសាស្ត្រក្នុងការបង្ការ និងប្រឆាំងការកេងប្រវ័ញអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធើណែត។
កិច្ចពិភាក្សានេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែ កញ្ញា នៅសណ្ឋាគារអ៊ីនធើខន ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងអំពើកេងប្រវ័ញ និងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធើណែត ដើម្បីធ្វើឲ្យអ៊ិនធើណែតជាកន្លែងកាន់តែមានសុវត្ថិភាព»។
ការជួបជុំពិភាក្សាគ្នានេះ ក្នុងគោលបំណងកំណត់យុទ្ធសាស្ត្រប្រតិបត្តិការគន្លឹះ និងបង្កើតយន្តការទប់ស្កាត់ ប្រឆាំងអំពើរំលោភបំពានផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធើណែត ស្របពេលដែលការប្រើប្រាស់បណ្តាញអ៊ិនធើណែត និងទំនាក់ទំនងសង្គមមានការកើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងចំណោមមនុស្សវ័យក្មេង និងមនុស្សពេញវ័យ។
សេចក្តីប្រកាសព័ត៌មានដដែលនេះក៏បានបញ្ចាក់ថា ទោះបីជាបច្ចេកវិទ្យាផ្តល់ប្រយោជន៍ក៏ដោយ តែបច្ចេកវិទ្យាត្រូវបានគេមើលឃើញថា ត្រូវគេយកមកប្រើប្រាស់ក្នុងសកម្មភាពខុសច្បាប់ និងចែកចាយសម្ភារៈរំលោភបំពានផ្លូវភេទលើកុមារតាមបណ្តាញអ៊ិនធើណែតផងដែរ៕