ភ្នំពេញ៖ នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៥ខាងមុខនេះ អង្គការក្នុងស្រុកចំនួនពីរ នឹងរៀបចំព្រឹត្តិការណ៍ទប់ស្កាត់ការប្រើហិង្សាលើស្ត្រី ដែលនេះជាយុទ្ធនាការមួយ ធ្វើតាមយុទ្ធនាការពណ៌ទឹកក្រូចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
អង្គការក្នុងស្រុកចំនួនពីរ នឹងរៀបចំព្រឹត្តិការណ៍ ការទប់ស្តាត់ការប្រើប្រាស់អំពើហិង្សាលើស្ត្រី តាមយុទ្ធនាការពណ៌ទឹកក្រូចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ។
យោងតាមសេចក្តីប្រកាសព័ត៌មានមួយរបស់អង្គការឃែរ ចេញថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៥ ឲ្យដឹងថា សមាគមអភិវឌ្ឍន៍សុខភាពប្រជាជន និងអង្គការ ឃែរ នឹងរៀបចំព្រឹត្តិការណ៍នេះនៅខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៥ខាងមុខ ។
សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នេះក្នុងគោលបំណង នាំយកយុទ្ធនាការពណ៌ទឹកក្រូចរបស់អគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ត្រី។
អ្នកស្រី អ៊ាត ពិសាល ជាប្រធានកម្មវិធី ទទួលខុសត្រូវគម្រោងអំពើហិង្សាលើស្ត្រី នៃអង្គការឃែរ បានមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះ ជាសកម្មភាពថ្នាក់អន្តរជាតិ ហើយព្រឹត្តិការណ៍នេះក្នុងគោលបំណងឲ្យមានការចូលរួមលើកកម្ពស់ទៅលើស្ត្រី។
អ្នកស្រីក៏បានបញ្ជាក់ផងដែរថា អង្គការឃែរបានអញ្ជើញស្ថាប័នរដ្ឋាភិបាលប្រមាណជា ១៥០ រូប ឲ្យចូលរួម ហើយអ្នកស្រីរំពឹងថា ក្រោយពេលបញ្ចប់ព្រឹត្តិការណ៍នេះ នឹងទទួលបានលទ្ធផលល្អប្រសើរ។
អ្នកស្រី អ៊ាត ពិសាល មានប្រសាសន៍ទៀតថា អ្នកស្រីសង្ឃឹមថា នៅក្នុងព្រឹត្តិការណ៍នោះ នឹងមានអ្នកចូលរួមប្រមាណជា ១៥០ រូប ដែលអ្នកទាំងនោះមកពីស្ថាប័នរដ្ឋាភិបាល ដូចជា សមាជិកសភា អភិបាលខណ្ឌ តំណាងភ្នាក់ងារអន្តរជាតិ ក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធមួយចំនួនទៀត ។ «ខ្ញុំមានជំនឿថាការចូលរួមទាំងអស់គ្នាគឺជាលើកកំពស់ចំណេះដឹងមួយដ៏ធំដែលសាធារណៈជនទូទៅ មិនថាបុរស ឬស្ត្រីទេ នឹងចូលរួមមានន័យថានៅពេលដែលយើងចាប់ផ្តើមនិយាយយើងចាប់ផ្តើមទទួលការចាប់អារម្មណ៍។ ដោយទ្បែកគោលបំណងដែលយើងធ្វើនៅក្នុងកម្មវិធីនេះដើម្បីស្វែងរក ខំមីតធ្មិនពីថ្នាក់មូលដ្ឋាន ថ្នាក់អាជ្ញាធរ ថ្នាក់រដ្ឋាភិបាលដើម្បីចូលរួមពីព្រោះសកម្មភាពនេះនឹងធ្វើជារៀងរាល់ថ្ងៃទី ២៥ ដោយសមាគមអភិវឌ្ឍន៍សុខភាពប្រជាជននៅនឹងសហគមន៍របស់គាត់ អញ្ចឹងវេទិការថ្ងៃទី ២៥ ជាវេទិការបង្ហាញថា រដ្ឋាភិបាល ថ្នាក់ដឹកនាំ ហើយសហគមន៍នឹងចូលរួមចំណែក»។
នាយិកាអង្គការ ឃែរ ប្រចាំកម្ពុជា លោកស្រី ចូអាន ហ្វែរឡី បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា លោកស្រីមានអារម្មណ៍រំភើប រីករាយយ៉ាងខ្លាំង អំពីជំហានបន្ទាប់ លើការងាររបស់អង្គការ ឃែរ ដើម្បីការពារអំពើហិង្សា ប្រឆាំងនឹងស្ត្រីរស់នៅតំបន់ប្រជុំជន។
លោកស្រីបានបន្តថា អង្គការឃែរ បាននឹងកំពុងពង្រីកសកម្មភាព ឈានទៅរកការចូលរួមពីបុរស និងស្ត្រីនៅក្នុងសហគមន៍ ស្របពេលដែលអាជ្ញាធរ ដើរតួយ៉ាងសំខាន់ ដើម្បីគាំទ្រការងារនេះ។
សេចក្ដីថ្លែងការបន្តថា លោកស្រីសង្ឃឹមថា មានមនុស្សច្រើននឹងក្រោកឈរឡើង ដើម្បីនិយាយថា អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀនផ្លូវភេទ នឹងមិនទទួលយកបានទេ នៅក្នុងសហគមន៍របស់ពួកគេ៕