loader

អង្គការអន្តរជាតិទទូចឱ្យអន្តរជាតិដាក់ទណ្ឌកម្មកម្ពុជា ក្រោយការប៉ុនប៉ុងរំលាយបក្សប្រឆាំង

ភ្នំពេញ៖ យ៉ាងហោចណាស់អង្គការអន្តរជាតិធំៗចំនួន២ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការប៉ុនប៉ុងរំលាយបក្សប្រឆាំង ដោយអង្គការទាំងនោះអំពាវនាវដល់សហគមន៍អន្តរជាតិ អន្តរាគមន៍លើរដ្ឋាភិកម្ពុជា តាមរយៈការដាក់ទណ្ឌកម្ម ដើម្បីបង្ការ ទប់ស្កាត់កុំឱ្យកម្ពុជាធ្លាក់ចូលការដឹកនាំបែបផ្តាច់ការ។ យ៉ាងណារបាយការណ៍នេះ ត្រូវបានមន្រ្តីរដ្ឋាភិបាល បដិ សេធចោលទាំង ស្រុង ដោយអះអាងថា របាយការណ៍នេះមានចរិតញុះញង់បំបែកភាពសុខសាន្តរបស់កម្ពុជា។

                                                                     ឡូហ្គូរបស់អង្គការGlobal witness

អង្គការ Global witness និង សមាជិកសភាអាស៊ាន បានចេញនូវសេចក្តីថ្លែងការណ៍ព្រមគ្នា ដោយយល់ឃើញប្រហាក់ប្រហែលគ្នាថា ការធ្វើដំណើរទៅរបស់កម្ពុជាលើផ្លូវប្រជាធិបតេយ្យនារយៈពេលចុងក្រោយនេះ ហាក់ដើរព្រាកចាកគន្លងកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលកំពុងតែប៉ុនប៉ុងចង់រំលាយគណបក្សប្រឆាំង មុនការបោះឆ្នោតជាតិឆ្នាំ២០១៨។

អង្គការអន្តរជាតិទាំងពីរក៏អំពាវនាវឱ្យសហគមន៍អន្តរជាតិ ប្រទេសម្ចាស់ជំនួយ និងដៃគូរពាណិជ្ជកម្មរបស់កម្ពុជា ភ្ញាក់ខ្លួនឡើង ចូលជួយអន្តរាគមន៍ស្តារលទ្ធិប្រធិបតេយ្យកម្ពុជាឡើងវិញ ដើម្បីឱ្យការបោះឆ្នោតនាពេលខាងមុខប្រកបដោយប្រសិទ្ធិ ភាព និងអាចទទួលយកបាន។

ក្នុងសេចក្តីថ្លែងការណ៍កម្រាស់បីទំព័រ Global witness  ក៏ទទូចឱ្យសហគមអឺរ៉ុប និងសហរដ្ឋអាមេរិក ត្រូវដាក់ទណ្ឌកម្មជាបន្ទាន់មកលើកម្ពុជា ដើម្បីបង្ខំឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ ជៀសវាងការដឹកនាំធ្លាក់ចូលរបបផ្តាច់ការជាថ្មី។

កាលពីថ្ងៃសុក្រម្សិលមិញ ក្រសួងមហាផ្ទៃដែលជាសេនាធិការរបស់រដ្ឋាភិបាល​ បានសម្រេចបញ្ជូនពាក្យបណ្តឹងរបស់គណបក្សចំនួនពីរ និងភស្តុតាងជាកញ្ចប់ផ្សេងទៀតរបស់មេធាវីក្រសួងមហាផ្ទៃ ដាក់ជូនតុលាការកំពូល ដើម្បីឱ្យស្ថាប័នមួយនេះស្វែងរកភាពស្របច្បាប់ឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។

គណបក្សសង្គ្រោះជាតិ ដែលមានលោក កឹម សុខា ជាប្រធាននោះ លោកកំពុងជាប់ឃុំនៅពន្ធនាគារត្រពាំងថ្លុងក្រោមការសង្ស័យពីបទក្បត់ជាតិ។ ចំណែកសមាជិកមួយចំនួន កំពុងមានវត្តមាននៅបរទេស ក៏ត្រូវបានសង្ស័យពីបទចូលដៃជាមួយប្រធានបក្សខ្លួនផងដែរ បន្ទាប់ពីឃ្លីបវីដេអូមួយបានទម្លាយពីប្រសាសន៍របស់លោក កឹម សុខា ក្នុងការយកគំរូតាមប្រទេសយូហ្គូស្លាវី ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្រុងភ្នំពេញ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តីប្រាប់វិទ្យុស្រ្តីនៅថ្ងៃនេះថា អង្គការអន្តរជាតិមួយចំនួន បានចេញរបាយការណ៍មិនពិត និងមិនឆ្លុះបញ្ចាំងទិដ្ឋភាពពិតរបស់កម្ពុជានោះទេ។ ហើយទៀតសោតសហគមន៍អន្តរជាតិក៏មិនដែលដាក់ទណ្ឌកម្មអ្វីមកលើកម្ពុជាតាមការអំពាវនាវរបស់អង្គការអន្តរជាតិទាំងនោះទេ។  លោក​ ផៃ ស៊ីផាន មានប្រសាសន៍បន្តថា កម្ពុជាមិនបានព្រួយបារម្ភការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ ព្រោះប្រសិនបើសហគមន៍អឺរ៉ុប ឬសហរដ្ឋអាមរិកដាក់ទណ្ឌកម្មមែន គឺប្រទេសទាំងនោះវិញទេជាអ្នកបាត់បង់ផលប្រយោជន៍។

«ការនាំចេញសំលៀកបំពាក់ ឬកិច្ចការងារផ្សេងទៀតជាផលចំណេញរបស់អឺរ៉ុប ឬជាផលចំណេញរបស់សហរដ្ឋអាមេរិកនោះទេ មិនមែនជាផ្តល់កាដូមកខ្មែរនោះទេ ពីព្រោះរបស់ផលិតនៅកម្ពុជា គឺមានតម្លៃថោកសម្រាប់ប្រជាពលរដ្ឋនៅអឺរ៉ុប ឬក៏ជាប្រជាពលរដ្ឋនៅសហរដ្ឋអាមេរិកប្រើប្រាស់ អានេះជាចំណុចពាណិជ្ជកម្ម។ រីឯចំណុចពាណិជ្ជកម្មវាមិនពាក់ព័ន្ធនិងរឿងនយោបាយដូចទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចនោះទេ»។

វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងជាវិស័យស្នូរមួយទ្រទ្រង់សេដ្ឋកិច្ចជាតិកម្ពុជា បន្ទាប់ពីវិស័យសំណង់ វិស័យទេស ចរណ៍ និងការនាំចេញស្រូវអង្ករ។ ទីផ្សារសម្លៀកបំពាក់ធំជាងរបស់កម្ពុជាគឺសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិក ដែលវិស័យនេះបានស្រូបយកកម្លាំងពលកម្មជាង ៨០ ម៉ឺននាក់។

អ្នកវិភាគព្រមានថា ប្រសិនបើអឺរ៉ុបនិងអាមេរិកពិតជាបិទកូតានាំចូលសម្លៀកបំពាក់ពីកម្ពុជាមែន នោះកម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចមិនខាន ហើយបញ្ហាសង្គមនិងកើតមានឡើងឥតគណនា៕

   

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

កម្ពុជាតំឡើងប្រាក់ឈ្នួលកម្មករនយោជិត ១៩០ដុល្លារ ខណៈពន្ធអនុគ្រោះប្រឈមនឹងការបាត់បង់

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារចេញផ្សាយន[...]

អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អ្នកចូលរួមគាំទ្រគម្រោងជាមួយលោក សម រង្ស៊ី អាចជាប់ទោសរហូតដល់ ១០ ឆ្នាំ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ថា លោក សម[...]

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត