អង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិមនុស្ស ១០ស្ថាប័ន ស្នើឱ្យតុលាការដោះលែងលោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ ដើម្បីឱ្យប្រធានសមាគមរូបនេះបន្តកិច្ចការងារការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជន និងប្រទេសជាតិ។ យ៉ាងណាការស្នើនេះ គណៈកម្មាធិការសិទ្ធិមនុស្ស ណែនាំឱ្យក្រុមអង្គការទាំងនោះគួរតែអនុវត្តតាមផ្លូវតុលាការ ដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា។
(កញ្ញា ជា សុខនី ជូនសេចក្តីរាយការណ៍)
ការស្នើនេះ ក្រោយពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែវិច្ឆិកា សម្រេចផ្តន្ទាទោសលោក កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ឱ្យពន្ធនាគារចំនួន ៤ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល ពីបទ«ញុះញង់បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងបទមិនរាងចាលក្នុងបទល្មើសមជ្ឈិម»។
អង្គការទាំងនោះរួមមាន៖ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (ADHOC) អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (LICADHO) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) អង្គការសមាគមធាងត្នោត (STT) និងអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ជាដើម បានរួមគ្នាចេញសេចក្ដីថ្លែងការណ៍ស្នើឱ្យទម្លាក់ចោលបទចោទ និងដោះលែងលោក កើត សារ៉ាយ ដោយឥតលក្ខខណ្ឌ។ អង្គការទាំងនោះយល់ឃើញថា ការសម្រេចផ្តន្ទាទោសលើលោក កើត សារ៉ាយ គឺជាការបង្ហាញជាថ្មីទៀតនូវការគម្រាមកំហែង និងការរឹតត្បិតសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋ ជាពិសេសសកម្មជនសិទ្ធិមនុស្ស ដីធ្លី ព្រៃឈើ បរិស្ថាន និងសកម្មជនផ្សេងទៀត ដែលធ្វើសកម្មភាពបុព្វហេតុក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ថា៖ «ដូច្នេះយើងខ្ញុំជាអង្គការសង្គមស៊ីវិល សហជីព សហគមន៍ ស្នើឱ្យតុលាការផ្ដល់យុត្តិធម៌ដល់លោក កើត សារ៉ាយ ដោយទម្លាក់ចោលរាល់បទចោទប្រកាន់ និងដោះលែងឱ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ ដើម្បីឱ្យគាត់បានបន្តបេសកកម្មក្នុងកិច្ចការពារសិទ្ធិមនុស្ស បរិស្ថាន និងធនធានធម្មជាតិ សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជន»។ ហើយក៏សូមស្នើដល់រដ្ឋាភិបាល បើកនូវលំហសេរីភាពដល់ប្រជាពលរដ្ឋ សកម្មជន គ្រប់និន្នាការទាំងអស់ ដើម្បីអាចចូលរួមសកម្មក្នុងបុព្វហេតុសង្គមជាតិដោយសេរី និងគ្មានការភ័យខ្លាច»។
លោក កើត សារ៉ាយ ជាសកម្មជនសង្គម។ រូបភាពពីអង្គការលីកាដូ។
លោក នី សុខា ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែវិច្ឆិកានេះថា ការស្នើឱ្យដោះលែងលោក កើត សារ៉ាយនេះ មិនមែនក្រុមអង្គការសិទ្ធិមនុស្ស ទើបតែធ្វើនោះទេ គឺក្រុមអង្គការសិទ្ធិមនុស្សបានធ្វើតាំងពីការចាប់ខ្លួនលោក សារ៉ាយ មកម៉េះ ទោះបីជាមិនមានការឆ្លើយតបវិជ្ជមានក្ដី។ លោកអះអាងថា អង្គការសិទ្ធិមនុស្សមើលឃើញថា សកម្មភាពរបស់ប្រធានសមាគមរូបនោះកន្លងមក មិនមែនជាការញុះញង់ ឬធ្វើឱ្យមានចលាចលធ្ងន់ធ្ងរដល់សង្គមនោះទេ ពោលគឺជាសកម្មភាពមួយដែលចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋរងគ្រោះដីធ្លីឱ្យទទួលបានយុត្តិធម៌ និងជួយដល់សង្គមផងដែរ។
លោក នី សុខា៖ «អ៊ីចឹងហើយយើងយល់ថា សកម្មភាពទាំងនេះមិនគួរណាមកទទួលរងនូវការចោទប្រកាន់តាមផ្លូវច្បាប់ថាគាត់មានទោសមានអីនោះទេ អ៊ីចឹងហើយបានជាពួកយើងយល់ថា លោក កើត សារ៉ាយ គួរណាស់ទទួលបាននូវការដោះលែងឱ្យមានសេរីភាព ឱ្យគាត់បានមកចូលរួមចំណែកធ្វើកិច្ចការងារសង្គមបន្តទៅទៀត គួរណាស់តែរាជរដ្ឋាភិបាលផ្ដល់ការសរសើរ និងផ្ដល់ការលើកទឹកចិត្តទៅដល់គាត់ ដើម្បីឱ្យគាត់ដែលជាសកម្មជន ដែលជាអ្នកមានឆន្ទៈខ្ពស់នៅក្នុងការការពារសិទ្ធិមនុស្សហ្នឹង ជួយជ្រោមជ្រែង និងលើកកម្ពស់សិទ្ធិមនុស្សដែលជាគុណប្រយោជន៍សម្រាប់ប្រទេសជាតិ»។
ជុំវិញរឿងនេះ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា នៅពេលដែលមានការអនុវត្តច្បាប់លើសកម្មជនទាំងនោះ គឺឃើញក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តែងតែចេញប្រតិកម្មចំពោះការអនុវត្តច្បាប់របស់តុលាការ។ យ៉ាងណាប្រតិកម្មនេះ លោកថា មិនមានឥទ្ធិពលអ្វីទៅកាន់ប្រព័ន្ធតុលាការ ឬជាប្រយោជន៍ល្អសម្រាប់ពង្រឹងនិតីរដ្ឋនៅក្នុងប្រទេសកម្ពុជាដែរ។
លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ WMC
លោក ស្រ៊ាង ចិន្តា៖ «ខ្ញុំយល់ថាអង្គការសង្គមស៊ីវិលគួរតែចូលរួមតាមផ្លូវតុលាការទៅ យើងចូលរួមតាមនីតិវិធីច្បាប់ជាធរមានទៅ ដើម្បីចូលរួមពង្រឹងលើកកម្ពស់នីតិរដ្ឋនៅក្នុងប្រទេសកម្ពុជារបស់យើង ព្រោះកន្លងមកក៏យើងបានកត់សម្គាល់ឃើញផងដែរថា ក៏មានសកម្មជនមួយចំនួនដូចជាសកម្មជនដីធ្លី បរិស្ថានអីជាដើម ដែលត្រូវបានសាលាដំបូងរាជធានី-ខេត្ត ផ្ដន្ទាទោស។ អ៊ីចឹងទៅដល់ពេលគាត់ប្ដឹងឧទ្ធរណ៍ទៅ ត្រូវបានសាលាឧទ្ធរណ៍ទម្លាក់បទចោទ ដោះលែងឱ្យមានសេរីភាពឡើងវិញ អាហ្នឹងក៏មានដែរ អ៊ីចឹងអាហ្នឹងជាការកត់សម្គាល់មួយដែលខ្ញុំយល់ថា គាត់គួរតែចូលរួមដំណើរការទៅតាមនីតិវិធីច្បាប់ទៅ»។
លោកបន្ថែមថា ការអនុវត្តច្បាប់របស់តុលាការ មិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការគម្រាមកំហែងដល់សិទ្ធិរបស់សកម្មជនទាំងនោះទេ ផ្ទុយទៅវិញជាការពង្រឹងការអនុវត្តក្នុងការប្រើប្រាស់សិទ្ធិសេរីភាពកុំឱ្យមានការហួសព្រំដែន ពីព្រោះសិទ្ធិសេរីភាពទាំងនោះសុទ្ធតែមានព្រំដែននៅក្នុងច្បាប់កំណត់។
យ៉ាងណាលោក នី សុខា ថា ទោះបីការស្នើឥលូវនេះ មិនមានលទ្ធផលក៏ដោយចុះ ប៉ុន្តែក៏ក្រុមអង្គការសិទ្ធិមនុស្ស នៅតែទទូចស្នើសុំឱ្យរាជរដ្ឋាភិបាល និងតុលាការ ពិចារណាលើការដោះលែងលោក កើត សារ៉ាយ ហើយនិងនៅតែមានជំនឿជឿថា រាជរដ្ឋាភិបាល នឹងស្ដារឡើងវិញនៅបញ្ហាសិទ្ធិមនុស្ស បញ្ហាយុត្តិធម៌សង្គម និងបញ្ហាការអភិវឌ្ឍន៍គោលការណ៍ប្រជាធិបតេយ្យផងដែរ។ លោកបញ្ជាក់ថា ការស្ដារឡើងវិញនេះ តាមរយៈការដោះលែងសកម្មជនសិទ្ធិមនុស្ស សកម្មជននយោបាយ សកម្មជនសង្គម សកម្មជនបរិស្ថាន និងសកម្មជនផ្សេងទៀតដែលជាប់ឃុំខ្លួនក្នុងពន្ធនាគារ។

លោក នី សុខា៖ «ការដោះលែង ឫមិនដោះលែង វាជាឆន្ទានុសិទ្ធិរបស់តុលាការ នេះជាការពិតនៅក្នុងគោលការណ៍ច្បាប់ ប៉ុន្តែប្រសិនបើតុលាការមិនមានការដោះលែង ហើយរាជរដ្ឋាភិបាលមិនបានអន្តរាគមន៍ធ្វើយ៉ាងណាឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងអស់ហ្នឹងទេ ខ្ញុំជឿថាទៅខាងមុខនេះ ការដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាល ពីសំណាក់ដៃគូអភិវឌ្ឍន៍មួយចំនួន នឹងកើតមានជាបន្តបន្ទាប់ទៀត ហើយដែលពួកយើងទាំងអស់គ្នាមិនចង់ឃើញ។ អ៊ីចឹងហើយបានយើងទាំងអស់គ្នានៅតែទទូចឱ្យរដ្ឋាភិបាលលោកពិចារណាធ្វើការដោះលែងក្រុមសកម្មជនទាំងអស់ហ្នឹង ដើម្បីស្ដារមុខមាត់រដ្ឋាភិបាលផង ដើម្បីទទួលបានការជឿទុកចិត្តពីសហគមន៍អន្តរជាតិនៅក្នុងការឈានទៅចាប់ដៃគូអភិវឌ្ឍន៍ជាមួយប្រទេសមួយចំនួននៅលើពិភពលោកបាទ!»។
លោក កើត សារ៉ាយ ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅមុខការិយាល័យរបស់សមាគមលោក កាលពីខែមេសា ឆ្នាំ២០២៤ ក្រោយពេលដែលលោកបាននិយាយទៅកាន់សារព័ត៌មាន អំពីជម្លោះដីធ្លីមួយនៅក្នុងខេត្តព្រះវិហារ ដែលនៅពេលនោះអាជ្ញាធរបានដុតបំផ្លាញផ្ទះសម្បែងរបស់ពលរដ្ឋ។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» យោងតាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។ លោកក៏ជាប់ចោទពីបទ «មិនរាងចាលក្នុងបទមជ្ឈិមបន្ទាប់ពីការផ្តន្ទាទោសបទមជ្ឈិម» យោងតាមមាត្រា៨៨ នៃក្រមព្រហ្មទណ្ឌផងដែរ៕