en     km
en     km

អង្គការសិទ្ធិមនុស្ស ចាត់ទុកការផ្តន្ទាទោសលោក នី ណាក់ ជាប់ពន្ធនាគារ ២ឆ្នាំ ជាការរឹតត្បិតសិទ្ធបញ្ចេញមតិ

Share

សាលាដំបូងរាជធានីភ្នំពេញ បានផ្តន្ទាទោស លោក នី ណាក់ ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់ឱ្យមានការរើសអើង» និងបទ «បរិហារកេរ្ត៍ជាសាធារណៈ» ចំពោះការបញេ្ចញមតិនៅលើបណ្តាញសង្គមហ្វេសប៊ុក។ យ៉ាងណាការផ្តន្ទាទោសនេះ អង្គការសិទ្ធិមនុស្ស ចាត់ទុកជាការរឹតត្បិតសិទ្ធសេរីភាពក្នុងការបញ្ចេញមតិ និងជាគំរូមួយក្នុងការគំរាមកំហែងដល់សកម្មជនផ្សេងទៀត។ លោក គីម ចាន់ចាវ រាយការណ៍

 

 

សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញនេះ ប្រកាសនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានកាត់ទោសឱ្យលោក នី ណាក់ ដែលជាសកម្មជនសង្គម ត្រូវជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងត្រូវបង្គាប់ឱ្យសងសំណង ៣លានរៀល ស្មើនឹង ៧៥០ដុល្លារ ទៅកាន់តុលាការ និងទៅដើមបណ្តឹងដែលជារដ្ឋមន្ត្រីក្រសួងការងារ ចំនួន ២០០លានរៀល ស្មើនឹង ៥០,០០០ ដុល្លារ។ ការសម្រេចផ្តន្ទាទោសនេះ ពាក់ព័ន្ធនឹងសកម្មភាពលោកបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានសួរទៅកាន់រាជរដ្ឋាភិបាល ដែលបានសម្រេចផ្តល់ដី ៩១ហិកតា ឱ្យទៅលោក ហេង សួរ ដែលជារដ្ឋមន្រ្តីក្រសួងការងារ។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី២២ ខែវិច្ឆិកានេះថា លោក នី ណាក់ ជាសកម្មជនសង្គម ដែលសកម្មក្នុងការបញ្ចេញមតិលើបណ្ដាញសង្គម ហើយសកម្មជននេះ ក៏ត្រូវបានជាប់ពន្ធនាគារម្ដងរួចមកហើយ ដោយសារការបញ្ចេញមតិនេះដែរ។ ប៉ុន្តែលោកថា ក្រោយពីចេញពន្ធនាគារ លោក នី ណាក់ ក៏ត្រូវទទួលរងគ្រោះ ដោយសារការវាយប្រហារពីជនមិនស្គាល់អត្តសញ្ញាណ ធ្វើឱ្យរបួសក្បាលធ្ងន់ធ្ងរ ខណៈជនល្មើសដែលប្រព្រឹត្តនៅមិនទាន់ចាប់បាន និងផ្តន្ទាទោសនៅឡើយទេ។

លោកបន្តទៀតថា ស្របពេលជនល្មើសដែលវាយប្រហារលើលោក នី ណាក់ មិនទាន់បានផ្តន្ទាទោស ប៉ុន្តែជនរងគ្រោះបែរជាទទួលរងការកាត់ទោសពីសាលាសដំបូងរាជធានីភ្នំពេញ ដោយផ្តន្ទាទោសឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ ចំពោះការបញេ្ចញមតិ ដែលបានធ្វើឡើងលើបណ្តាញសង្គមហ្វេសប៊ុកអំពីការដែលរាជរដ្ឋាភិបាលបានផ្តល់ដីនៅក្នុងខេត្តកំពតទៅឱ្យលោក ហេង សួរ ដែលគេសង្ស័យថាជារដ្ឋមន្រ្តីក្រសួងការងារបច្ចុប្បន្ននេះ។ បន្ថែមពីលើទោសដាក់ពន្ធនាគារ លោកថា លោក នី ណាក់ ក៏ត្រូវបានបង្គាប់ឱ្យសងសំណង ៣លានរៀល ទៅកាន់តុលាការ និងទៅដើមបណ្តឹងដែលជារដ្ឋមន្ត្រីចំនួន ២០០ លានរៀល។

លោក អំ សំអាត នាយកអង្គការលីកាដូ។

លោក អំ សំអាត៖ «យើងមានការសោកស្ដាយចំពោះសាលក្រមនេះ ហើយបើយើងមើលទៅវាជាការមួយដែលបំភិតបំភ័យ និងគំរាមកំហែងអ្នកដែលសកម្មក្នុងការបញ្ចេញមតិណាបាទ! អ៊‌ីចឹងយើងមើលទៅវាហាក់ដូចជារឹតត្បិតនូវសេរីភាពក្នុងការបញ្ចេញមតិ»។

បើតាមនាយកអង្គការលីកាដូ ការផ្តន្ទាទោសនេះ គឺមានផលប៉ះពាល់ដល់ជីវភាពគ្រួសារលោក នី ណាក់ ហើយក៏ជាគំរូមួយដែលមានការបំភិតបំភ័យសម្រាប់សកម្មជនសង្គមផ្សេងទៀតសកម្មក្នុងការបញ្ចេញមតិ។ ដូច្នេះដំណោះស្រាយលោកថា គឺមានតែអាស្រ័យទៅលើប្រព័ន្ធតុលាការ និងរាជរដ្ឋាភិបាល ត្រូវបើកឱ្យទូលាយនូវសេរីភាពបញ្ចេញមតិដល់សកម្មជន ហេតុនេះពួកគេលែងរងការផ្ដន្ទាទោសដោយសារការបញ្ចេញមតិរបស់ខ្លួនទៀតឡើយ។

លោក អំ សំអាត៖ «គ្រាន់តែថាអ្វីដែលសំខាន់ប្រទេសកម្ពុជាយើងជាប្រទេសកាន់លទ្ធិប្រជាធិតេយ្យសេរីពហុបក្ស អ៊‌ីចឹងសេរីភាពក្នុងបញ្ចេញមតិវាជាមូលដ្ឋានគ្រឹះមួយនៃសង្គមប្រជាធិបតេយ្យអ៊‌ីចឹងសេរីភាពនៃបញ្ចេញមតិគួរតែត្រូវបានបើក​ឱ្យមានលំហរ ហើយឱ្យបានទូលំទូលាយណា ពីព្រោះការចូលរួមក្នុងការបញ្ចេញមតិ វាជារឿងមួយល្អដើម្បីរិះគន់ក្នុងន័យស្ថាបនា។ អ៊‌ីចឹងបើសេរីភាពក្នុងការបញ្ចេញមតិត្រូវបានរឹតត្បិតអាហ្នឹងវាធ្វើឱ្យប៉ះពាល់ដែរ ហើយការអនុវត្តនេះ វាក៏មិនសូវបានជឿនលឿនលឿនទៅមុខដោយសារតែការរិះគន់ក្នុងន័យស្ថាបនាហ្នឹងត្រូវតត្បិត»។

រីឯលោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងការងារ ពិតជាដើមបណ្ដឹងក្នុងសំណុំរឿងលោក នី ណាក់ ដែលបានប្ដឹងសកម្មជនរូបនេះ ចំពោះការបញ្ចេញមតិលើបណ្ដាញសង្គមដែលមានលក្ខណៈញុះញង់ និងបរិហារកេរ្តិ៍។ លោកថា ការបញ្ចេញមតិរបស់លោក នី ណាក់ ជាព័ត៌មានមិនពិត និងមានការចោទប្រកាន់មកលើរដ្ឋមន្ត្រីក្រសួងការងារ។

លោក កត្តា អ៊ន៖ «សាលក្រមសាលាដំបូងដែលសម្រេចសេចក្ដីផ្តន្ទាទោសលើលោក នី ណាក់ គឺជាសមត្ថកិច្ចរបស់តុលាការ គឺជាឆន្ទានុសិទ្ធិរបស់ចៅក្រមក្នុងការកាត់ក្ដីដោយសម្អាងទៅលើអង្គហេតុ អង្គច្បាប់ត្រឹមត្រូវ។ ដូច្នេះក្នុងករណីដែលលោក នី ណាក់ មិនពេញចិត្តចំពោះសេចក្ដីសម្រេចរបស់សាលាដំបូង លោក នី ណាក់ អាចធ្វើបណ្ដឹងឧបាស្រ័យទៅកាន់តុលាការជាន់ខ្ពស់ គឺទៅសាលាឧទ្ធរណ៍បន្តទៀតបាន»។

ចំណែកមេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ គឺលោក ជូង ជូងី បញ្ជាក់ប្រាប់វិទ្យុស្ដ្រីដែរថា ការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ជារឿងអយុត្តិធម៌សម្រាប់លោក នី ណាក់ ពីព្រោះការបញ្ចេញមតិរបស់កូនក្ដីលោក មិនមែនជាបទញុះញង់ ឬបរិហារកេរ្តិ៍ឡើយ។ ដូច្នេះហើយលោកនឹងបន្តនីតីវិធីតតាំងរឿងនេះ ដោយប្ដឹងទៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ដើម្បីជំទាស់ការសម្រេចនេះ។

លោក ជូង ជូងី៖ «ខ្ញុំជាមេធាវីការពារសិទ្ធិឱ្យលោក នី ណាក់ ឃើញថាអ្វីដែលលោក នី ណាក់ ចុះផ្សាយនៅក្នុងហ្វេសប៊ុករបស់គាត់នោះ មិនមែនជាបទបរិហារកេរ្តិ៍ ហើយក៏មិនមែនជាការញុះញង់ដែរ ប៉ុន្តែអ្នកដែលខំមិន (អ្នកផ្ដល់យោបល់)ទេដែលជេរប្រមាថលើឯកឧត្តម ហេង សួរ នោះ។ ដូច្នេះខ្ញុំជាមេធាវី ខ្ញុំយល់ថាមិនគួរយកអ្នកដែលខំមិនជេរប្រមាជឯកឧត្តម ហេង សួរ មកដាក់បន្ទុកលើលោក នី ណាក់ ទេ ពីព្រោះលោក នី ណាក់ ពាក្យពេចន៍ដែលគាត់បង្ហោះនៅលើហ្វេសប៊ុករបស់គាត់ មិនមែនជាពាក្យជាជេរប្រមាជ មិនមែនជាពាក្យបរិហារកេរ្តិ៍ ហើយក៏មិនមែនជាពាក្យញុះញង់ដែរ ប៉ុន្តែអ្នកដែលខំមិនទេដែលជេរប្រមាថទៅលើឯកឧត្តម ហេង សួរ នោះ»។

លោក ជូង ជូងី បានផ្ដល់បទសម្ភាសនដល់វិទ្យស្ដ្រីនៅខាងមុខតុលាការកំពូលកន្លងមក។ WMC/cheasokny

វិទ្យុស្ដ្រីបានព្យាយាមទាក់ទងភរិយារបស់លោក នី ណាក់ គឺអ្នកស្រី សុខ ស៊ីណែត មិនទាន់មានការឆ្លើយតបពីអ្នកស្រីនៅឡើយ។ ចំណែកលោក សួស វិទ្យារ៉ាន់ឌី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មកដល់ពេលនេះ ក៏មិនទាន់មានការឆ្លើយតបពីលោកចំពោះការសម្រេចផ្តន្ទាទោសលើលោក នី ណាក់។

ជុំវិញរឿងនេះ លោក ស្រ៊ាង ចិន្តា អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា កន្លងមកនៅពេលដែលមានការអនុវត្តច្បាប់លើសកម្មជនទាំងនោះ គឺឃើញក្រុមអង្គការសង្គមស៊ីវិលមួយចំនួន តែងតែចេញប្រតិកម្មចំពោះការអនុវត្តច្បាប់របស់តុលាការ។ យ៉ាងណាប្រតិកម្មនេះ លោកថា មិនមានឥទ្ធិពលអ្វីទៅកាន់ប្រព័ន្ធតុលាការ ឬជាប្រយោជន៍ល្អសម្រាប់ពង្រឹងនិតីរដ្ឋនៅក្នុងប្រទេសកម្ពុជាទេ ដូច្នេះលោកសូមស្នើឱ្យអង្គការសង្គមស៊ីវិលទាំងនោះ គួរតែចូលរួមអនុវត្តទៅតាមនីតិវិធីច្បាប់ដែលមានចែងជាធរមាន។

លោក ស្រ៊ាង ចិន្តា៖ «ប្រសិនជាបុគ្គលមួយប្រើប្រាស់សិទ្ធិសេរីភាពហួសអ្វីដែលច្បាប់បានប្រគល់ឱ្យមានន័យថាវាឈានទៅដល់ការប្រព្រឹត្តបទល្មើស អាហ្នឹងវាត្រូវទទួលខុសច្បាប់ចំពោះមុខច្បាប់ហើយនេះជារឿងធម្មតាក្នុងសង្គមនីតិរដ្ឋតែម្ដង ហើយយើងសួរថាបើសង្គមមានច្បាប់មិនអនុវត្តច្បាប់តើឱ្យយើងធ្វើយ៉ាងម៉េច ចំពោះបុគ្គលដែលប្រព្រឹត្តបទល្មើសទាំងអស់នោះ។ ហើយសូមបញ្ជាក់បងដែរថាទោះបីជាគាត់ត្រូវបានតុលាការផ្តន្ទាទោស តែនេះដំណាក់កាលទីជាសាលាដំបូងនៅឡើយទេ គាត់អាចប្ដឹងឧទ្ធរណ៍បន្តទៀតទៅ ហើយខ្ញុំក៏សំណូមពរដែរបងប្អូនអ្នកសង្គមស៊ីវិលយើងមួយចំនួនហ្នឹង បងប្អូនចូលរួមតាមនីតិវិធីតាមផ្លូវច្បាប់ទៅ អាហ្នឹងហើយវាជួយពង្រឹងនីតិរដ្ឋនៅក្នុងស្រុកយើងផង ចៀសវាងការអំពាវនាវឱ្យទម្លាក់បទចោទអ៊ីចឹងទៅ ហើយបើយើងទម្លាប់ធ្វើអ៊ីចឹងតើយើងធ្វើម៉េចឱ្យសង្គមយើងធានានីតិរដ្ឋបាន?»

កាលពីឆ្នាំ២០២១ លោក នី ណាក់ ជាសកម្មជនសង្គម ដែលតែងតែរិះគន់រាជរដ្ឋាភិបាល លើវិស័យកសិកម្ម ធ្លាប់ជាប់ឃុំខ្លួននៅពន្ធនាគារអស់រយៈ ១៨ខែ ពីបទ «ជេរប្រមាថជាសាធារណៈ និងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ទាក់ទងនឹងការសរសេរសារបង្ហោះហ្វេសប៊ុកប្រមាថអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្ដេច ហ៊ុន សែន និងអតីតរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន។ ក្រោយពីអនុវត្តទោសរួចមក នៅដើមឆ្នាំ២០២៤នេះ លោក នី ណាក់ ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនលោកជាលើកទី២ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ និងបទ ញុះញង់ឱ្យមានការរើសអើង» ក្រោមបណ្ដឹងរបស់លោក ហេង សួរ ដែលជារដ្ឋមន្ត្រីក្រសួងការងារ ដែលគិតមកដល់ពេលនេះ លោក នី ណាក់ ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេល ៣២២ថ្ងៃ ស្មើនឹងជិត ១១ខែហើយ៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង