loader

អង្គការសិទិ្ធមនុស្សថារដ្ឋាភិបាលកំពុងបើកយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយ តែរដ្ឋាភិបាល​ថា​ជាការអនុវត្តច្បាប់

អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញសេចក្ដីថ្លែងការណ៍បន្ទាន់ មួយមុន នឹងការចូលខ្លួនបំភ្លឺរបស់សកម្មជនអតីតគណបក្សសង្គ្រោះជាតិ២៦រូបដែលបាននឹងកំពុងធ្វើឡើងជាបន្តបន្ទាប់ពីថ្ងៃ៨ឧសភា។ ករណីនេះ អង្គការនេះថាជារូបភាពអាក្រក់ដដែលជាដដែល ដែលរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា បន្ដធ្វើយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយលើក្រុម ប្រឆាំងទៀតហើយ។​យ៉ាងណា មន្រ្ដីរដ្ឋាភិបាល ថានេះជាការអនុវត្តច្បាប់ ក្នុងសង្គមនីតិរដ្ឋ។​

កញ្ញា ឆោម ពៅនិកា ​លម្អិតព័ត៌មាននេះ៖

សេចក្ដីថ្លែងការណ៍ ដែលចុះផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights watch  មានមូលដ្ឋាននៅទីក្រុងញ៉ូវយ៉កធ្វើឡើងកាលពីថ្ងៃទី៧ឧសភា ដោយបានទាមទារឱ្យតុលាការ ទម្លាក់ចោលដីកាកោះហៅសកម្មជនអតីតគណបក្សសង្គ្រោះជាតិនៅខេត្តបាត់ដំបង។ អង្គការនេះថា​ រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការមួយ ដែលជាយុទ្ធនាការរុកគួននយោបាយធ្វើឡើងតាមរយៈតុលាការ។

ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តបាត់ដំបង លោក គី ប៊ុណ្ណារ៉ា បានកោះហៅអតីតមន្រ្ដីគណបក្ស សង្គ្រោះ ជាតិដែលត្រូវបានតុលាការកំពូលរំលាយនៃថ្ងៃ១៦​ វិច្ឆិកា ២០១៧ឱ្យមកបំភ្លឺនៅអយ្យការអមសាលា ដំបូង ខេត្តបាត់ដំបង បន្ដបន្ទាប់គ្នា ចាប់ពីថ្ងៃទី៨ ឧសភាតទៅ។

អតីតសមាជិកគណបក្សសង្គ្រោះជាតិទាំង២៦នោះ អះអាងថា សកម្មភាពរបស់ពួកគេ គឺធ្វើឡើងស្របទៅ នឹងសិទ្ធិសេរីភាពក្នុងបញ្ចេញមតិ និង សិទ្ធិនយោបាយដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃមាត្រា៣៥ និង ៤១។

ជាមួយគ្នានេះដែរ អ្នកទាំងនោះ ត្រូវបានអង្គការសិទ្ធិមនុស្សនេះ វាយតម្លៃថា អាចមកពីពួកគេច្រើនធ្វើការ រិះគន់រដ្ឋាភិបាលសម្ដេច ហ៊ុនសែន និង គណបក្សប្រជាជនតាមរយៈប្រព័ន្ធបណ្ដាញសង្គម។

​យ៉ាងណាមិញ អ្នកសិក្សាសង្គមមួយចំនួនបានកត់សម្គាល់ឃើញមួយចំណុចទៀតថា អ្នកទាំងនោះភាគ ច្រើនតែងតែបង្ហោះវិឌីអូ ត្រៀមស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍របស់លោកសមរង្ស៊ីដែលជាប្រធានស្ ដីទីអតីតគណបក្សខ្លួនព្រោះពួកគេជឿជាក់ថាលោកសមរង្ស៊ី នឹងវិលមកវិញនាពេលឆាប់ៗ។

នាយកប្រតិបត្តិអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី លោក ប្រ៊ែដអាដាម បានថ្លែងធ្ងន់ៗតប តាមការមើលឃើញដូចថា “រដ្ឋាភិបាលកម្ពុជាំបន្ដធ្វើទុក្ខបុកម្នេញមន្រ្ដីមួយចំនួនរបស់គណបក្សប្រឆាំង ទៅតុលាការ ហើយ អាចនឹងនឹងគម្រាមកំហែងពួកគេតាមរយៈទោសទណ្ឌពន្ធនាគារ រយៈពេលវែង បន្ទាប់ពីគណបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានតុលាការបញ្ចប់ជីវិតនយោបាយ យ៉ាងអយុត្តិធម៌”។

លោកបានហៅទង្វើនេះថា ជាយុទ្ធនាការធ្វើទុក្ខបុកម្នេញនយោបាយ ដែលគួរតែមានការបញ្ឈប់ជាបន្ទាន់ និង ទំលាក់ចោលទៅនូវការបង្កើតរឿងក្ដីមិនសមទំនងទាំងនោះ។ ថែមទៀតនោះ លោក ប្រ៊ែដ អាដាម ថ្លែង​ថា ការ​បៀតបៀន​លើ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​នេះ បង្ហាញ​ថា រាជរដ្ឋាភិបាលកម្ពុជា កំពុង​សាកល្បង​ជាថ្មី​ទៀត​ថាតើ​​អាច​វាយ​បង្ក្រាប​សំឡេង​រិះគន់ និង​សំឡេង​ឯករាជ្យ​នៅ​កម្ពុជា បាន​ដល់​កម្រិត​ណា​ដែរ​។

បែបនេះក្ដី មន្រ្ដីរដ្ឋាភិបាល បានអះអាងដូចសព្វមួយដងប្រាប់សារព័ត៌មានក្នុងស្រុក និង ក្រៅស្រុកថា ការ​កោះហៅ​ក្រុម​មន្ត្រី​បក្ស​ប្រឆាំង​ទៅ​សាកសួរ​នេះ គឺជា​រឿង​អនុវត្ត​ច្បាប់ មិនមែន​ជា​រឿង​នយោបាយ​នោះ​ឡើយ។ មន្ត្រីរដ្ឋាភិបាលចាត់ទុកលោក ប្រ៊ែដអាដាម និយាយតែផ្ដេសតែផ្ដាសដែលមិនយល់ពីច្បាប់ របស់កម្ពុជា។

មន្រ្ដីជាប់ឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ និង ការបោះឆ្នោតសកលឆ្នាំ២០១៣ រួមមាន២៦រូបសុទ្ធសឹង តែមកពី ខេត្តបាត់ដំបងដែលតុលាការបានចេញដីកាកោះហៅ មាន ចៅសង្កាត់ ចៅសង្កាត់រង មេឃុំ​ ជំទប់ សមាជិក ក្រុមប្រឹក្សាខេត្ត  សមាជិកក្រុមប្រឹក្សា ស្រុក ជាអាទិ៍ដែលរួមមាន នៅថ្ងៃនេះ អ្នកដែលត្រូវចូលខ្លួន បំភ្លឺតាម ដីកាកោះរបស់អយ្យការ នៅថ្ងៃទី៩​ឧសភានេះ រួមមាន កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់អូចា លោក ម៉ក់រ៉ា អតីតមេឃុំ ទួលតាឯក    អតីតមេឃុំ ចំការសំរោង ឃួន ចម្រើន  អតីតមេឃុំ កាន់ ប៊ុនផេង  នៃឃុំព្រែកព្រះស្ដេច ជាអាទិ៍។ ជារួមអ្នកទាំង២៦ រូប ត្រូវបានអយ្យការអមសាលាដំបូង កោះហៅមក បំភ្លឺទាក់ទិនទៅ នឹងការរំលោភសេចក្ដីសម្រេចតុលាការកំពូលដែលរំលាយគណបក្ស សង្គ្រោះជាតិ។

សេចក្ដីថ្លែងការណ៍របស់ អង្គការនេះនិយាយថា​ការធ្វើទុក្ខបុកម្នេញនោះធ្លាប់មានរូបភាពដូច្នេះម្ដង ហើយម្ដងទៀត  ដោយតុលាការកម្ពុជា ក៏បានចេញដីកាចាប់ខ្លួនផងដែរលើសមាជិកអចិន្រ្ដៃយ៍៨ រូបរបស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងនិរទេសខ្លួនគឺលោកសមរង្ស៊ីលោកស្រីមូរសុខហួរ       លោក អ៊ូចាន់រិទ្ធ លោក អេងឆៃអ៊ាង លោក ម៉េនសុធារិន្ទ លោក ឡុងរី លោក តវ៉ាន់ចាន់ និង លោក            ហូ វ៉ាន់។ បុគ្គលសំខាន់ក្នុងបក្សប្រឆាំងទាំងនេះ រងការចោទប្រកាន់ប្រឆាំងនឹងពួកគេពីបទ រួមគំនិតប្រព្រឹត្តអំពើក្បត់ជាតិនិងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។

ថែមទាំងនោះ អង្គការឃ្លាំមើលសិទ្ធិមនុស្សបន្ដរៀបរាប់ពីស្ថានភាពដែលមេដឹកនាំគណបក្សសង្គ្រោះជាតិ លោកកឹមសុខាត្រូវបានដកហូតសិទ្ធិសេរីភាពរបស់គាត់អស់រយៈពេលជាង 18 ខែ តាមរយៈការឃុំខ្លួននៅ ក្នុងពន្ធនាគារ នៅមានការជំនុំជម្រះទោសនៅឡើយ។ បច្ចុប្បន្នលោកនៅតែស្ថិតក្រោមការត្រួតពិនិត្ យផ្នែកយុត្តាធិការក្នុងលក្ខខណ្ឌរឹតត្បិតមួយចំនួន។

អង្គការនេះដែរ ក៏បានធ្វើការថ្កោលទោស និង ទាមទារយ៉ាងសកម្មឱ្យដោះលែងលោកកឹមសុខា ជាបន្ទាន់ និង ដោយឥតលក្ខខណ្ឌ។

ជុំវិញរឿងនេះដែរ លោក បណ្ឌិតមាស នី បានប្រាប់វិទ្យុស្រ្ដីពេលកន្លងមកថា ពីរចំណុចដែលលោក មើលឃើញពីការកោះហៅ អ្នកទាំង២៦រូបនោះ គឺជា វិធានការណ៍របស់តុលាការធ្វើឡើងបន្ទាប់ពី នាយករដ្ឋមន្រ្ដីចង្អុលបង្ហាញ។ លោកថា ករណីនេះ ប្រៀបបាននឹងការរំលោភសិទ្ធិ​បញ្ចេញមតិរបស់ពួកគាត់ ដែលមានការធានាយ៉ាងពេញលេញក្នុងរដ្ឋធម្មនុញ្ញ កម្ពុជា និង ច្បាប់អន្ដរជាតិ។ យ៉ាងណាអ្នកនាំពាក្យក្រសួងយុត្តិធម៌ក៏ធ្លាប់បានអះអាងថា នីតិរដ្ឋមិនមែន​ធ្វើឡើងតែទៅលើជ្រុងមួយ នៃក្រុមប្រឆាំងនោះទេ គឺជនទាំងឡាយណា​អោយតែ​រំលោភ​ច្បាប់របស់ប្រទេសគឺត្រូវតែប្រឈម មុខនឹងផ្លូវច្បាប់៕

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ក្រុមហ៊ុនផលិតកង់ធំៗ ព្រមានពីការរើចេញពីកម្ពុជា បើបាត់បង់ EBA

ក្រុងភ្នំពេញ៖ ស្របពេលប្រព័ន្ធពន្ធអនុគ្រោះ ​EB[...]

អតីតជនផ្ដាច់ការនៅហ្សិមបាវ៉េ៖សូមកុំយកសពខ្ញុំកប់នៅវិមានវីរៈជន ព្រោះខ្ញុំខ្លាចគេថាខ្ញុំក្បត់​ជាតិ

ជនបដិវត្តន៍ម្នាក់ដែលក្រោយមកក្លាយជនផ្ដាច់ការគឺ[...]

តើវត្តមានឯកអគ្គរដ្ឋទូតថ្មីអាមេរិក អាចជាការផ្ដល់លក្ខណៈនៃការវិលមកវិញរបស់លោកសមរង្ស៊ីដែរឬទេ?

សហរដ្ឋអាមេរិកទើបមានឯកអគ្គរដ្ឋទូតថ្មីរបស់ខ្លួន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត