loader

អង្គការទស្សនៈពិភពលោករកឃើញថាហិង្សាលើកុមារកើនឡើងអំឡុងកូវីដ-១៩

ភ្នំពេញ៖ អ្នកជំនាញផ្នែកកុមារនៃអង្គការទស្សនៈពិភពលោករកឃើញថា អំឡុងពេលផ្ទុះរីករាលដាលជំងឺកូវីដ១៩ ការប្រើប្រាស់អំពើហិង្សាលើកុមារពីសំណាក់ឱពុកមា្តយលើកូនៗក៏បានការកើនឡើងផងដែរ។ បញ្ហាហិង្សាលើកុមារនេះ​បណ្តាល បាក់ទឹកចិត្ត ខឹងនិងមិនអាចគ្រប់គ្រងខ្លួនឯងបាន ព្រមទាំងមានអារម្មណ៍ថាអស់សង្ឃឹមនឹងមិនចង់រស់តទៅទៀត។

លោក កែវ​ សុខា រាយការណ៍ពីព័ត៌មាននេះ

ការរីករាលដាលនៃជំងឺកូវី១៩ បាននិងកំពុងបង្កនូវផលប៉ះពាល់យ៉ាងអវិជ្ជមានដល់សុខមាលភាពរបស់កុមារ។ មិនតែប៉ុណ្ណោះ មានការកើនឡើងនូវអំពើហិង្សានិងការរំលោភបំពានផ្សេងៗលើកុមារក្នុងអំឡុងពេលកូវីដ១៩នេះ។

នេះជាការលើកឡើងរបស់លោក ស ចាន់នី អ្នកឯកទេសជាន់ខ្ពស់កម្មវិធីកិច្ចការពារកុមារនៃអង្គការទស្សនៈពិភពលោកក្នុងកម្មវិធីចែករំលែកព័ត៌មានពីយុទ្ធនាការ«គំរូអហិង្សា»របស់អង្គការទស្សនៈពិភពលោកនៅថ្ងៃទី២៣ ខែកញ្ញានេះតាមប្រព័ន្ធ Zoom។

អ្នកជំនាញផ្នែកកុមាររូបនេះបន្ថែមថា មានឪពុកម្តាយចំនួន ២១%បានលើកឡើងពីការកើនឡើងនៃការប្រើប្រាស់អំពើហិង្សាទៅលើកុមារ។ ក្នុងនោះ ៨១%ជាអំពើហិង្សាផ្លូវចិត្ត និងប្រមាណជិត ៦០%ជាអំពើហិង្សាផ្លូវកាយ។ ដោយឡែកឪពុកម្តាយនិងអាណាព្យាបាលចំនួន ៨២% ក៏បានប្រើប្រាស់ទំរង់អប់រំបែបអវិជ្ជមាននិងហិង្សាទៅកាន់កុមារផងដែរ ហើយមាន ៧៨% បានប្រើប្រាស់ហិង្សាបែបផ្លូវចិត្ត។ ទម្រង់ហិង្សាទាំងនោះមាន៖ ការស្រែកគំហគ សំលុត និងគំរាម ការជេរស្តីបន្ទោសផ្សេងៗនឹងឈានដល់ការវាយដំ និងទះកំផ្លៀងជាដើម។

លោក ស ចាន់នី អ្នកឯកទេសជាន់ខ្ពស់កម្មវិធីកិច្ចការពារកុមារនៃអង្គការទស្សនៈពិភពលោក។ រូបភាពផ្តល់ដោយក្រុមការងារ អង្គការទស្សនៈពិភពលោក។

 

ក្រុមអ្នកជំនាញលើបញ្ហាកុមារបន្ថែមទៀតថា កុមារអាយុចន្លោះ ១២ ដល់ ១៨ឆ្នាំបានលើកឡើងពីបទពិសោធន៍ជាច្រើនទាក់ទិនទៅនឹងការរំលោភបំពានផ្លូវចិត្ត ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវី១៩នេះ។ ក្នុងនោះកុមារចំនួនជិត ៧៥% តែងតែមានអារម្មណ៍ភ័យខ្លាចនិងហាក់ដូចជាមិនមានអ្វីដែលអាចជួយអោយពួកគេមានអារម្មណ៍ស្ងប់ចិត្តឡើងវិញបាន។ ហើយកុមារចំនួន ៦៤%តែងតែមានខឹងនិងមិនអាចគ្រប់គ្រងខ្លួនឯងបាន។ និងជិត ៤០% កុមារមានអារម្មណ៍ថាអស់សង្ឃឹមនិងមិនចង់រស់តទៅទៀត។

អ្នកជំនាញផ្នែកកុមារនៃអង្គការទស្សនៈពិភពលោកកត់សម្គាល់ឃើញពីដើមចមមួយចំនួនដែលនាំឱ្យមានការប្រើអំពើហិង្សាលើកុមារ នោះដោយសារប្រព័ន្ធការពារកុមារមិនទាន់មានភាពរឹងមាំ ធនធានប្រើប្រាស់ក្នុងការសំរបសំរួលនិងផ្តល់សេវាដល់កុមារនៅមានកម្រិត។ ជាងនេះទៀត ការបំពេញតួនាទីនិងការទទួលខុសត្រូវរបស់យន្តការការពារកុមារក្នុងតំបន់នៅមានការឆកល្វែងផងដែរ។ ដោយឡែក​ បញ្ហាខ្វះខាតចំណេះដឹង ទំលាប់និងឥរិយាបថក្នុងការប្រើប្រាស់ហិង្សា ពិសេសការដាក់ទណ្ឌកម្មលើរាងកាយកុមារ នៅតែជាបញ្ហាដែលកើតមានឡើងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ហើយការគ្មានឆន្ទៈក្នុងការរាយការណ៍អំពីការរំលោភសិទ្ធិកុមារ ឬអំពើហិង្សាលើកុមារទៅសមត្ថកិច្ច ក៏ជាមូលហេតុនាំឱ្យកើតមានហិង្សាលើកុមារផងដែរ។

រូបភាពនិងនិយមន័យអំពើហិង្សារាយកាយក្នុងបទបង្ហាញតាមប្រព័ន្ធZoomថ្ងៃនេះ។

 

ដើម្បីឈានទៅលុបបំបាត់ទម្រង់ហិង្សាលើកុមារ ក្រុមអ្នកជំនាញស្នើដល់អ្នកពាក់ព័ន្ធត្រូវជួយទប់ស្កាត់ និងឆ្លើយតបអោយបានទាន់ពេលវេលា តាមរយៈការស្វែងរកជំនួយ និងសេវាគាំទ្រផ្សេងៗពីអ្នកពាក់ព័ន្ឋនៅពេលឃើញឬជួបកុមាររងគ្រោះ ឬកុមារកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬសង្ស័យថាកុមារប្រឈមហានិភ័យផ្សេងៗ។

តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រសួងកិច្ចការនារីឆ្នាំ២០១៣ បង្ហាញថា មានកុមារច្រើនជាង ៥០% បានរងគ្រោះនិងបន្តរងគ្រោះពីការរំលោភបំពាន ការកេងប្រវ័ញ្ច ការមិនអើពើ និងទម្រង់ផ្សេងៗទៀតនៃអំពើហិង្សាលើកុមារ។ ក្នុងរបាយការណ៍ដដែរបានសម្ភាសន៍លើកុមារចំនួន ២៥៦០ នាក់ ដែលពួកគេច្រើនជាង ៧៥% បានទទួលរងទម្រង់មួយនៃអំពើហិង្សាមុនពេលមានអាយុ១៨ឆ្នាំ។ ហើយក្នុងចំណោមកុមារ ៤នាក់ មានម្នាក់ប្រាប់ថាធ្លាប់រងអំពើហិង្សាផ្លូវចិត្ត។ ចំណែកកុមារម្នាក់ក្នុងចំណោម ២០នាក់រាយការណ៍ថា បានទទួលហិង្សាផ្លូវភេទមុនពេលពួកគេពេញវ័យ។

រូបភាពនិងនិយមន័យអំពើហិង្សាផ្លូវភេទក្នុងបទបង្ហាញតាមប្រព័ន្ធZoomថ្ងៃនេះ។

 

ដោយឡែកអំពើហិង្សាលើកុមារបាននាំមកនូវផលប៉ះពាល់ដល់សុខមាលភាព និងអាកប្បកិរិយា និងឈានដល់ការបាត់បង់ធនធានមនុស្សផងដែរ។ របាយការណ៍រួមរបស់អង្គការយូនីសែហ្វនិងក្រសួងកិច្ចនារីឆ្នាំ២០១៣ បង្ហាញទៀតថា អំពើហិង្សាលើកុមារធ្វើឱ្យប៉ះពាល់ដល់សុខភាព និងនាំឱ្យខាតបង់ដល់សេដ្ឋកិច្ចចំនួន ១៦៨លានដុល្លារ ស្មើនិង១,០១នៃ GDP ប្រទេស។

ក្រុមអ្នកជំនាញផ្នែកកុមារនៃអង្គការទស្សនៈពិភពលោកនៅកម្ពុជារកឃើញថា ពីឆ្នាំ២០១៩ ដល់ត្រឹមឆមាសទី១នៃឆ្នាំ២០២១ មានករណីបណ្តឹងទាក់ទងអំពើហិង្សាលើកុមារប្រមាណ ២០០ ករណី។ ក្នុងនោះមានជាង ៨០% ជនបង្កត្រូវបានបញ្ជូនទៅតុលាការ និង ២០%ត្រូវបិទបញ្ចប់រឿងដោយការសម្របសម្រួលជាមួយជនរងគ្រោះហើយធ្វើការអប់រំចុះកិច្ចសន្យាត្រឹមមន្រ្តីនគរបាលមូលដ្ឋាន។ ចំណែកករណីរាយការណ៍ពីអំពើលើហិង្សាលើកុមារភាគច្រើនកើតចេញពីអ្នកជិតខាងរស់នៅក្បែរផ្ទះជនបង្ក៕

 

 

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x