loader

អង្គការទស្សនៈពិភពលោកដាក់ដំណើរការបណ្ណាល័យចល័តតាមសាលាជាង ៥០០

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក បានដាក់ដំណើរការបណ្ណាល័យចល័តតាមសាលាគោលដៅទាំង ៥៣២ ក្នុងស្រុកចំនួន ៣០ សរុបមានចំនួនខេត្ត ៩ ដើម្បីជំរុញការអានរបស់កុមារក្នុងពេលសាលារៀនត្រូវបានបិទដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការទស្សនៈពិភពលោកចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។

បើតាមអង្គការទស្សនៈពិភពលោកដដែរ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍និងបណ្ណារក្ស បានចុះតាមភូមិក្នុងសាលាគោលដៅក្នុងមួយសប្តាហ៍ម្តង ដើម្បីយកសៀវភៅទៅឱ្យកុមារនៅក្នុងភូមិខ្ចី ហើយពួកគេក៏ជួយជំរុញឱ្យឪពុកម្តាយចេះតាមដាន ជួយបង្រៀន និងលើកទឹកចិត្តកូនៗឱ្យរៀននៅពេលទំនេរពីការងារ។

សកម្មភាពក្រុមការងារបណ្ណារក្សចុះបង្រៀនកុមារតាមភូមិ។រូបភាពផ្តល់ដោយអង្គការទស្សនៈពិភពលោក។

 

លោក វ៉ា សុរិន ប្រធានបច្ចេកទេសកម្មវិធីអប់រំនៃអង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជាថ្លែងថា បណ្ណាល័យចល័តនេះ បាននឹងកំពុងជំរុញការអាន និងស្វ័យសិក្សារបស់កុមារ ជាពិសេសកុមារដែលមិនមានសម្ភារៈសិក្សាគ្រប់គ្រាន់។ លោកបន្តថា កុមារអាចខ្ចីសៀវភៅរឿង សៀវភៅចំណេះដឹងទូទៅ ដើម្បីយកទៅអាន ឬ រៀននៅផ្ទះ។ បណ្ណាល័យចល័តនេះ បានលើកស្ទួយទម្លាប់នៃការអានរបស់កុមារប្រមាណជាង ១១ម៉ឺនផងដែរ។

កុមារា មករា វ័យ១២ឆ្នាំ សិក្សាថ្នាក់ទី៦ នៅសាលាបឋមសិក្សាភ្នំពិត ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និយាយថា តាមរយៈគម្រោងបណ្ណាល័យចល័តនេះ ខ្លួនអាចខ្លីសៀវភៅច្រើនប្រភេទសម្រាប់យកទៅអាន។ មករា បន្តថា ពេលបានអានសៀវភៅច្រើនធ្វើឱ្យខ្លួនចេះដឹងច្រើន និងចេះប្រកបពាក្យច្រើនជាងមុន។

ក្មេងបានសៀវភៅអាននៅផ្ទះដោយខ្លួនតាមរយៈបណ្ណាល័យចល័យ។រូបភាពពីអង្គការទស្សនៈពិភពលោក។

ដោយឡែកលោក សុខ ឧត្ដម បណ្ណារក្ស នៃសាលាបឋមសិក្សាភ្នំពិត លើកឡើងថា កុមារក្នុងសហគមន៍ចាប់ផ្ដើមចូលរួម និងកែទម្លាប់ច្រើនមករកការអានសៀវភៅ។ លោកបន្តថា កុមារភាគច្រើនលែងសូវដើរលេង និងមើលទូរទស្សន៍ ឬលេងទូរស័ព្ទច្រើនដូចមុន ក្រោយមានសៀវភៅអាន។

កាលពីពេលថ្មីៗនេះ អង្គការសង្គ្រោះកុមារអន្តរជាតិ(Save the Children)រកឃើញថា កុមារកម្ពុជាជាង ៣ លាននាក់មិនបានទៅសាលារៀនដោយសារការបិទសាលារៀនរយៈពេលវែង។​ របាយការណ៍រកឃើញទៀតថា កុមារមកពីគ្រួសារក្រីក្រ សហគមន៍ដាច់ស្រយាល និងកុមារមានពិការភាព ត្រូវប្រឈមមុខខ្លាំងបំផុតចំពោះការបាត់បង់ការរៀនសូត្រនៅអំឡុងពេលនៃការបិទសាលារៀន និងមិនអាចវិលត្រលប់ទៅសាលារៀនវិញបានពេលសាលាបើកទ្វារវិញ។

កាលពីពេលថ្មីៗនេះដែរ ក្រសួងអប់រំបានចេញសេចក្តីណែនាំមួយ ប្រកាសពីលទ្ធភាពបើកសាលាឡើងវិញ នៅគ្រប់កម្រិតថ្នាក់ទាំងរដ្ឋនិងឯកជន ចំពោះតំបន់ណាដែលមានហានិភ័យទាបនៃការឆ្លងជំងឺកូវីដ១៩ និងបានចាក់វ៉ាក់សាំងរួចហើយ៕

 

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

អង្គការសង្គមស៊ីវិលជាង ៣០ ជំរុញភាគីពាក់ព័ន្ធស្វែងរកសំណងសមរម្យឱ្យពលរដ្ឋព្រលានយន្តហោះថ្មី

ភ្នំពេញ៖ អង្គការសង្គមស៊ីវិលជាង ៣០ បានចេញសេចក្[...]

ក្រសួងទេសចរណ៍ប្រាប់ក្រុមហ៊ុនហោះហើរក្នុងស្រុកត្រៀមបើកដំណើរការឡើងវិញ

(ភ្នំពេញ)៖ ផ្អែកតាមក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខ[...]

ពលរដ្ឋព្រលានយន្តហោះថ្មី៩នាក់ត្រូវដោះលែងខណៈអ្នករត់គេចខ្លួនមិនទាន់ហ៊ានត្រឡប់ចូលផ្ទះ

ភ្នំពេញ៖ ប្រជាពលរដ្ឋព្រលានយន្តហោះថ្មីចំនួន ៩ន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x