កំពង់ស្ពឺ៖ ឡជីវឧស្ម័នផ្តល់ផលប្រយោជន៍ច្រើន ជាពិសេសជួយសម្រួលដល់ការងារស្ត្រីមេផ្ទះមួយចំនួននៅខេត្តកំពង់ស្ពឺ ដោយពួកគេពុំចាំបាច់ទៅកាប់អូសដែលនាំឲ្យបាត់បង់ព្រៃឈើ ព្រមទាំងចំណេញពេលវេលា រួមទាំងថវិការមួយផ្នែកដោយគ្រាន់តែបំលែងលាមកសត្វដែលធ្លាប់យកទៅកប់ចោលទៅជាឧស្ម័នឬហ្គាសដើម្បីចម្អិនអាហារ និងអាចតភ្ជាប់នឹងអំពូលដើម្បីបំភ្លឺក្នុងផ្ទះបានផង។ ចំណែកកាកសំណល់ចេញពីឡវិញ ក៏អាចយកទៅធ្វើជាជីកំប៉ុស្ត៍ដាក់ក្នុងដំណាំបានដែរ។
ជាស្រី្តមេផ្ទះម្នាក់ ដែលមានមុខរបរជាកសិករអ្នកស្រី គួន សួរស្តី បានប្រាប់ពីមូលហេតុដែលអ្នកស្រីសម្រេចចិត្តតម្លើងឡរនេះថា៖ «ក្រោយពីស្តាប់ការណែនាំរបស់ក្រុមការងាររួច ខ្ញុំយល់ថាវាផ្តល់ផលចំណេញច្រើនដល់ការងាររបស់ខ្ញុំដូចជា ជួយសម្រួលដល់ការងារចម្អិនអាហារ ការងារកសិកម្ម ព្រមទាំងចំណេញពេលវេលា និងថវិការមួយផ្នែកផងដែរ»។ អ្នកស្រីបានបន្ថែមថា «មានឡនេះជួយខ្ញុំបានច្រើន ជាពិសេសយើងមិនបាច់ចំណាយពេលទៅស្វែងរកអូសដើម្បីចម្អិនអាហារ រីឯកាកសំណល់ចេញពីឡក៏អាចយកទៅធ្វើជាជីបានដែរ»។
ស្របគ្នានេះដែរ ស្ត្រីមេផ្ទះម្នាក់ទៀតដែលទើបត្រឡប់មកពីធ្វើស្រែវិញ នឹងចាប់ផ្តើមរៀបចំលាងអង្ករនៅក្នុងឆ្នាំងដើម្បីដាក់លើចង្ក្រានដែលមានភ្លើងឆេះព្រិមៗ អ្នកស្រី អួង ខែម មិនភ្លេចបង្ហាញនូវចំណាប់អារម្មណ៍របស់អ្នកស្រីទៅលើការប្រើឡជីវឧស្ម័នថា ប្រើប្រាស់ឡជីវឧស្ម័នអាចជួយសន្សំពេលវេលាធ្វើការងារផ្ទះផ្សេងបានផង ព្រមទាំងជួយកាត់បន្ថយនូវអារម្ភមួរម៉ៅ និងទំនាស់ក្នុងគ្រួសារបានមួយផ្នែក «ពេលត្រឡប់ធ្វើការងាពីស្រែវិញ ដោយសារតែហត់ខ្លាំង ខ្ញុំមានអារម្មណ៍មួម៉ៅព្រោះគ្មានអុសប្រើចម្អិនអាហារ ម្យ៉ាងមកពីមេឃភ្លៀងសើមគ្មានអូសប្រើផង។ ក្រោយពីបានតម្លើងឡនេះរួច ខ្ញុំអាចចម្អិនអាហារបណ្តើរ និងឆ្លៀតធ្វើការងារផ្ទះផ្សេងទៀតបណ្តើរ ដោយមិនបាច់ខ្វល់ពីមេឃភ្លៀងទៀតទេ»។
ក្រៅពីជួយសន្សំនូវពេលវេលា និងកាត់បន្ថយទំនាស់ក្នុងគ្រួសារ ការតម្លើងឡនេះក៏ជួយកាត់បន្ថយក្លិនស្អុយ និងធ្វើឲ្យបរិស្ថានផ្ទះរបស់អ្នកស្រី អួង ខែមស្អាតដែរ។ អ្នកស្រីបានឲ្យដឹងបន្ថែមថា មុនពេលតម្លើងឡនេះ អ្នកស្រីតែងកប់លាមកជ្រូកចោលនៅក្បែរផ្ទះ តែទោះជាកប់ចោលក្តីក៏មាន់តែងតែកាយ ដែលធ្វើឲ្យលាមករាយប៉ាយ ព្រមទាំងសាយភាយក្លិនស្អុយពាសពេញបរិវេណផ្ទះ។
ស្ត្រីមេផ្ទះម្នាក់ទៀតដែលទើបត្រឡប់មកពីលក់ទឹកសណ្តែកនៅឯផ្សារវិញ និងចាប់ផ្តើមរៀបចំកម្តៅអាហារសម្រាប់ទទួលទានថ្ងៃត្រង់ជាមួយគ្រួសារ អ្នកស្រី អួង ថុល បាននិយាយរៀបរាប់ពីប្រយោជន៍ដែលគាត់ទទួលបានពីការប្រើឡនេះថា មានឡនេះ បានជួយសន្សំពេលវេលាធ្វើទឹកសណ្តែកលក់ ព្រមទាំងជួយបង្កើនចំណូលក្នុងគ្រួសារបានផង ម្យ៉ាងទៀតអ្នកស្រីក៏អាចតភ្ជាប់អំពូលជាភ្លើងសម្រាប់បំភ្លឺក្នុងផ្ទះដើម្បីឲ្យកូនរបស់អ្នកស្រីរៀនសូត្របានដែរ។
បើតាមសៀវភៅកម្រងព័ត៌មានស្តីពី«កម្មវិធីឡជីវឧស្ម័នជាតិនៅកម្ពុជា» បានវាយតម្លៃផលចំណេញពីការតម្លើងឡជីវឧស្ម័ននេះថា ក្នុងប្រជាជនមួយគ្រួសារអាចសន្សំបាន ១១,៥ដុល្លា ក្នុងមួយខែពីការទិញអូស ធ្យូង ប្រេងកាត ឬអាគុយ និង៥ដុល្លាផ្សេងទៀតពីការទិញជីគីមី។ កម្មវិធីបង្កើតឡជីវឧស្ម័ននេះ ក៏រួមចំណែកកាត់បន្ថយការកាប់បំផ្លាញព្រៃឈើធ្វើអូសដុតជាមធ្យមស្មើរនឹង ១៥០គីឡូក្រាមក្នុងមួយខែ ព្រមទាំងកាត់បន្ថយការបំពុលបរិស្ថាន ហើយជួយឲ្យផ្ទះមានអនាម័យល្អ និងបង្កើនប្រពលវប្បកម្មដោយការប្រើកាកសំណល់ឡ ជាពិសេសជួយសម្រួលបន្ទុកការងារស្ត្រី និងកុមារក្នុងការស្វែងរកអូស សម្រាប់ចំអិនអាហារជាមធ្យមប្រមាណ២ម៉ោងក្នុងមួយថ្ងៃ។
បើនិយាយពីការតម្លើងឡជីវឧស្ម័ននេះវិញ ស្ត្រីវ័យ ៤៩ អ្នកស្រី គួន សួស្តី បានរៀបរាប់បន្ថែមថា៖ «នៅក្នុងការតម្លើងឡនេះ ខ្ញុំចំណាយអស់ថវិការ ៤០០ដុល្លា រួមផ្សំជំនួយថវិការពីកម្មវិធី ១៥០ដុល្លាផង»។ និយាយដោយសម្តីមួយៗ ច្បាស់ៗលាយឡំនឹងទឹកមុខញញឹមស្ត្រីមេផ្ទះរូបនេះ បានបញ្ជាក់បន្ថែមថា៖ «នៅក្នុងការតម្លើងឡនេះ គ្រួសារនីមួយៗចាំបាច់ត្រូវចិញ្ចឹមសត្វគោ ក្របី ជ្រូក មាន់ទាជាដើម ដែលផ្តល់ជាលាមក ម្យ៉ាងត្រូវតែមានទំហំដីធំសមល្មមដែរ។ ក្នុងការតម្លើងផងដែរ គេត្រូវការរយៈពេលមួយខែ និងត្រូវការផ្សំលាមកសត្វឲ្យគ្រប់ទម្ងន់១តោនទើបអាចផលិតចេញជាឧស្ម័នមេតានប្រើសម្រាប់ដុតចម្អិនអាហារបាន»។
ដើម្បីបម្លែងលាមកសត្វឲ្យក្លាយទៅជាឧស្ម័ន អ្នកស្រី សួរស្តី បានពន្យល់ថា ដំបូងគេត្រូវយកលាមកសត្វចាក់ចូលទៅក្នុងឡរដែលសង់ពីឥដ្ឋតាន់ លាយជាមួយទឹករួចកូរឲ្យសព្វល្បាយ និងរើសសំរាមចេញដើម្បីកុំឲ្យស្ទះឡ។ បន្ទាប់មកបើកឆ្នុកបង្ហូរល្បាយទាំងនោះ ចូលទៅក្នុងឡមួយទៀតដែលមានរាងមូលធំកប់នៅក្នុងដី ក្រោយមកល្បាយទាំងនោះនឹងបំលែងទៅជាឧស្ម័នដែលអាចយកទៅប្រើជាឧស្ម័នប្រើសម្រាប់ដុតចម្អិនអាហារបាន មួយផ្នែកទៀតក៏អាចប្រើបំភ្លឺផ្ទះជំនួសឲ្យការប្រើប្រេងកាត។ ចំណែកកាកសំណល់ពីឡក្លាយជាជីធម្មជាតិមានគុណភាពខ្ពស់ប្រើសម្រាប់ដំណាំ និងផ្សំជាមួយថ្នាំសម្រាប់កំចាត់សត្វល្អិត ព្រមទាំងអាចផ្សំជាមួយចំណីសត្វបានដែរ។
ឡជីឧស្ម័នអាចផ្តល់តម្លៃជាថាមពលមធ្យមស្មើរនឹង៦គីឡូវ៉ាត់ម៉ោង ដែលសមមាត្រនឹងបរិមាណអុស៥,៥គីឡូក្រាម។ ឡថ្មីនេះ មានដើមកំណើតមកពីប្រទេសឥណ្ឌាណែនាំឲ្យប្រើប្រាស់ដោយកម្មវិធីរួមគ្នារវាងក្រសួងរុក្ខាប្រមាញ់ និងនេសាទ និងអង្គការអភិវឌ្ឍនៃប្រទេសហូឡង់ក្រោមស្លាក «កម្មវិធីឡរជីវឧស្ម័នជាតិនៅកម្ពុជា»។