ភ្នំពេញ៖ យុវតីមកពីខេត្តតាកែវម្នាក់មានក្តីស្រមៃតាំងពីវ័យកុមារភាព ចង់កាត់បន្ថយអំពើហឹង្សាលើស្រី្តនិងកុមារនៅកម្ពុជា ព្រោះនាងធ្លាប់ឃើញស្ត្រីភាគច្រើននៅសហគមន៍ដែលខ្លួនធ្លាប់រស់នៅត្រូវប្តីវាយដំធ្វើបាប និងជេរប្រមាថ ហើយធ្វើឲ្យកូនៗខ្វះភាពកក់ក្តៅ។ ក្តីស្រមៃបានក្លាយជាការពិត ខណៈកញ្ញា ឡាយ រតនា បានចាប់ផ្តើមធ្វើការងារស្ម័គ្រចិត្តជួយដល់កុមារចាប់តាំងពីអាយុ ១២ ឆ្នាំ ហើយបច្ចុប្បន្នជាមន្ត្រីទំនាក់ទំនងនៃអង្គការសន្តិភាពនិងអភិវឌ្ឍន៍ (PYD) ដែលផ្តល់ឱកាសឲ្យយុវតីក្លាហានរូបនេះ ធ្វើការលើកកម្ពស់សមភាពយេនឌ័រតាមរយៈយុទ្ធនាការ«បុរសល្អ»។
«បុរសល្អ» មានគោលការណ៍ស្នូល៦ ជាបុរសដែលមិនប្រើហឹង្សាលើស្ត្រី បុរសចេះជួយចែករំលែកការងារផ្ទះ បុរសធ្វើការសម្រេចចិត្តរួមគ្នា ចេះពិភាក្សាគ្នា យកចិត្តទុកដាក់រវាងបុរសនិងស្ត្រីស្មើគ្នាក្នុងការងារ និងធ្វើខ្លួនជាគំរូល្អក្នុងការលើកកម្ពស់សមភាពរវាងបុរសនិងស្ត្រី។ យុទ្ធការ «បុរសល្អ» បង្ហាញប្រាប់ប្រជាពលរដ្ឋខ្មែរថា នៅពេលដែលស្រ្តីមានវត្តមានចូលរួមធ្វើការងារក្នុងវិស័យផ្សេងៗបានច្រើននៅក្នុងសង្គម នោះសង្គមជាតិនឹងមានការអភិវឌ្ឍន៍។ ប្រសិនបើស្ត្រីនៅតែមានភាពទន់ខ្សោយ នោះការងារមានសម្រាប់តែបុរស ហើយស្រ្តីខ្លួនឯងនឹងមិនមានឱកាសដើម្បីអភិវឌ្ឍខ្លួនបានល្អប្រសើរឡើយ។ ដើម្បីបង្ហាញភាពខ្លាំងរបស់ខ្លួន ស្ត្រីត្រូវតែក្រោកឈរចាប់ផ្តើមពីខ្លួនឯង ពេលនោះបុរសនឹងមើលឃើញតម្លៃវិជ្ជាមានរបស់ស្ត្រីគ្រប់សកម្មភាព។
ញញឹមបណ្តើរនិយាយបណ្តើរ រតនា បានរៀបរាប់ប្រាប់ថា កញ្ញាពិតជាសប្បាយចិត្តណាស់ដែលបានចូលរួមជួយសង្គមរបស់ខ្លួន ទាក់ទងនឹងការជុំរុញឲ្យមានសមភាពរវាងស្ត្រីនិងបុរស។ « ខ្ញុំមិននឿយហត់ ឬត្អួញត្អែរ ឬក៏ខ្លាចធ្វើការក្រោមកម្តៅថ្ងៃឡើយ… ការងារនេះ ខ្ញុំពេញចិត្តធ្វើណាស់ ពីព្រោះវាអាចជួយកាត់បន្ថយនិងបញ្ឈប់រាល់អំពើហឹង្សាលើស្ត្រី។ ការងារសង្គមមួយនេះធ្វើឱ្យមានសមភាពរវាងបុរសនិងស្រ្តី ហើយជំរុញឱ្យស្ត្រីនិងបុរសធ្វើការរួមគ្នាក្នុងការអភិវឌ្ឍន៍សង្គមជាតិឱ្យកាន់តែរីកចម្រើន ជាពិសេសជួយឲ្យកុមាររស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារ»។
មន្ត្រីផ្នែកទំនាក់ទំនងវ័យក្មេងរូបនេះ បានបន្តទៀតថា ការងារស្ម័គ្រចិត្តជួយសង្គមបានធ្វើឱ្យកញ្ញាក្លាយជាស្ត្រីមានភាពក្លាហ៊ានម្នាក់តាំងពីវ័យកុមាររហូតមកដល់ពេលបច្ចុប្បន្ន។ កញ្ញា រតនា បាននិយាយដោយមានទំនុកចិត្តថា មានបុរសៗ មួយចំនួនពេលដែលឃើញស្ត្រីចុះទៅធ្វើការនៅតាមសហគមន៍ តែងចូលចិត្តនិយាយមិនល្អ អ្វីដែលសំខាន់ស្រ្តីត្រូវមានភាពរឹងមាំនិងចេះការពារខ្លួនឯងគ្រប់ពេលវេលា។ ការងាររបស់រតនាក្នុងពេលបច្ចុប្បន្ន តម្រូវឲ្យនាងធ្វើដំណើរផ្លូវឆ្ងាយ ព្រមទាំងស្នាក់នៅតាមសហគមន៍ដាច់ស្រយាលពេលចុះបំពេញភារកិច្ច ប៉ុន្តែការលំបាកទាំងនោះពុំមែនជាឧបសគ្គ សម្រាប់កញ្ញាឡើយ។
កញ្ញា ឡាយ រតនា បាននិយាយរៀបរាប់ឱ្យដឹងថា អំពើហឹង្សាបានធ្វើឱ្យស្ត្រីមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។ ហេតុផលនេះ ជំរុញឱ្យជីវភាពគ្រួសារមានស្ថានភាពក្រីក្រ កូនៗនៅក្នុងគ្រួសារពុំទទួលបានការអប់រំ ខ្វះការយកចិត្តទុកដាក់ និងខ្វះភាពកក់ក្តៅពីម្តាយឳពុក។ អំពើហឹង្សាក្នុងគ្រួសារបង្ករឡើងដោយបុរស ពុំបានអនុញ្ញាតឱ្យស្ត្រីមានសិទ្ធិតវ៉ាឬបញ្ចេញមតិយោបល់បានដូចបុរសឡើយ។ កុមារក្រៅពីបាត់បង់ភាពកក់ក្តៅនៅក្នុងគ្រួសារ ពួកគេតែងជួបប្រទះបញ្ហាជាច្រើនដូចជា បាត់បង់ឱកាសសម្រាប់សិក្សា ការសិក្សារបស់កុមារមានកម្រិតទាប កុមារក្លាយជាក្មេងកំព្រាខ្វះរបបអាហារសម្រាប់ទ្រទ្រង់រាងកាយ មានការរំលោភបំពានលើសិទ្ធិ ធ្វើពលកម្មលើកុមារ និងការរំលោភសេពសន្ថវៈលើកុមារជាដើម។
លោកស្រី គឹម ធីតាកល្យាណី ប្រធានផ្នែកទំនាក់ទំនងនៃអង្គការ PYD ជាប្រធានរបស់កញ្ញា ឡាយ រតនា បាននិយាយថា ៖ « រតនា ជាមនុស្សម្នាក់រុសរាយរាក់ទាក់ ឧស្សាហ៍ព្យាយាម មានទំនាក់ទំនងល្អជាមួយអ្នកដទៃ អំណត់អត់ធ្មត់នឹងការងារ។ ទន្ទឹមនឹងគ្នានេះ រតនា មានសមត្ថភាពវិជ្ជាជីវៈក្នុងការងារ ជាមនុស្សមានគំនិតច្នៃប្រឌិតខ្ពស់ក្នុងការងារ និងបំពេញការងារបានយ៉ាងល្អប្រសើរ។ ប្រសិនបើការបំពេញការងារមិនមានគំនិតច្នៃប្រឌិត ការងារនោះនឹងមិនអាចដំណើរការទៅមុខបានឡើយ ដូច្នេះវត្តមានរបស់គេពិតជាសំខាន់សម្រាប់យើង»។
មុននឹងក្លាយខ្លួនជាអ្នកធ្វើការងារអប់រំផ្សព្វផ្សាយពីយុទ្ធនាការ «បុរសល្អ» លើកកម្ពស់ការយល់ដឹងពីបញ្ហាយេឌ័រ បុគ្គលិក PYD រូបនេះ កាលពីអាយុ ១២ឆ្នាំជាអ្នកបង្រៀនស្ម័គ្រចិត្តដល់កុមារនៅតាមសហគមន៍នានាក្នុងខេត្តតាកែវ ពីសិទ្ធិរបស់កុមារ ចំណេះដឹងស្តីពីការទប់ស្កាត់អំពើហឹង្សា ជំងឺអេដស៍ គ្រឿងញៀន តាមរយៈអង្គការគាំពារកុមារដែលងាយរងគ្រោះ (Vulnerable Children Assistance Organization)។ គ្រានោះ រតនា ក្លាយជាកុមារម្នាក់តំណាងឱ្យកុមារនៅកម្ពុជាទូទាំងប្រទេសទៅចូលរួមសន្និបាតកុមារប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ (UN) ឆ្នាំ ២០០២ នៅសហរដ្ឋអាមេរិច។ ទន្ទឹមនឹងការចូលរួមធ្វើសកម្មភាពច្រើនជួយដល់កុមារ រតនា បានចូលរួមកិច្ចប្រជុំផ្សេងៗ ស្តីពីបញ្ហាកុមារមានប្រទេសថៃ ឥណ្ឌូនេស៊ី កូរ៉េ និងស្រីលង្កាជាដើម។
នៅឆ្នាំ ២០១០ ស្របពេលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យុវតីមកពីខេត្តតាកែវរូបនេះ មានតួនាទីជាប្រធានគ្រប់គ្រងសមាគមកុមារ ១១ខេត្តនៅក្នុងប្រទេសកម្ពុជារបស់គណៈកម្មាធិការអង្គការមិនមែនរដ្ឋាភិបាលដើម្បីសិទ្ធិកុមារ (NGOCRC) មានជាង ២០០ សមាគម។ កញ្ញាធ្លាប់ធ្វើជាអ្នកផលិតកម្មវិធីវិទ្យុផ្តោតទៅលើចំណេះដឹងពីសុខភាពបន្តពូជដល់ស្ត្រីនិងយុវវ័យនៅ BBC World Service Trust។
យុវតីមានវ័យ ២៥ ឆ្នាំរូបនេះ បានបន្ថែមទៀតថា បច្ចុប្បន្ននេះ សង្គមកម្ពុជាបុរសនិងស្ត្រីមានការយល់ដឹងច្រើនពីបញ្ហាសមភាពយេនឌ័រ ប៉ុន្តែនៅមិនទាន់បានផ្លាស់ប្តូរឥរិយាបថរបស់បុរសបានទាំងស្រុងនោះទេ។ យុវជនទទួលយកការផ្លាស់ប្តូរផ្នត់គំនិតបានច្រើនជាងមនុស្សមានវ័យចំណាស់ តាមរយៈការទទួលបានព័ត៌មាននិងចូលរួមធ្វើសកម្មភាពផ្សេងៗ យុទ្ធនាការ «បុរសល្អ »។
កញ្ញា ឡាយ រតនា មានស្រុកកំណើតនៅឃុំ តាំងយ៉ាប ស្រុកព្រៃកាបាស ខេត្តតាកែវ។ កញ្ញា ជាកូនទី៣ ក្នុងចំណោមបងប្អូន ៥នាក់ រស់ក្នុងគ្រួសារមានជីវភាពមធ្យម មានម្តាយឪពុកជំរុញនិងលើកទឹកចិត្តឱ្យខិតខំសិក្សានិងធ្វើការងារស្ម័គ្រចិត្តជួយសង្គមតំាងពីតូច។ យុវតីកំព្រាឪពុករូបនេះ បន្តចង់ធ្វើការងារជួយដល់ស្រ្តីនិងកុមារីនៅកម្ពុជានៅតាមរយៈការងារនៅក្នុងអង្គការ និងចង់ធ្វើការងារនៅក្នុងស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធនឹងការលើកកម្ពស់ដល់ស្ត្រី៕