ហ្វីលីពីន៖ យ៉ាងតិចណាស់មនុស្ស ១២ នាក់ត្រូវបានស្លាប់ក្នុងការវាយប្រហារដោយគ្រាប់បែក នៅទីក្រុងដាវៅ (Davao) ដែលលោកប្រធានា ធិបតីហ្វីលីពីន Rodrigo Duterte ធ្លាប់ធ្វើជាចៅហ្វាយក្រុង។
មនុស្សរាប់សិបនាក់ផ្សេងទៀតបានរងរបួស ក្នុងការបំផ្ទុះនេះ នៅឯផ្សារដែលសំបូរទៅដោយមនុស្សម្នានៅទីភាគខាងត្បូងនៃទីក្រុងដាវៅ។អ្នកនាំពាក្យប្រធានាធិបតីបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញបំណែកតូចៗធ្វើអំពីគ្រាប់ បែកច្នៃនៅកន្លែងកើតហេតុ។
ប៉ូលីសទីក្រុងម៉ានីល បានប្រកាសឱ្យពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីមានការផ្ទុះសម្លាប់មនុស្សនេះ។
តាមបណ្តាញសារព័ត៌មាន BBC បានរាយការណ៍ថា យ៉ាងតិចណាស់មនុស្ស ៦០ នាក់រងរបួស និង ៣០ នាក់ផ្សេងទៀតបានបញ្ជូនទៅមន្ទីរពេទ្យ។
ហេតុការណ៍បំផ្ទុះនេះ កើតឡើងនៅខាងក្រៅសណ្ឋាគារដែលមានឈ្មោះថា Marco Polo ជាតំបន់មួយដែលលោក Duterte ឧស្សាហ៍មកទស្សនាជាញឹកញាប់ ហើយក្រុងដាវៅនេះ មិនធ្លាប់មានការវាយប្រហារណាមួយនោះទេពីមុនមក។
រូបភាពដែលបានចេញផ្សាយ បានបង្ហាញពីបំណែកកញ្ចក់ និងកៅអីជ័របែកខ្ញែកគ្នានៅកន្លែងកើតហេតុ ហើយទីកើតហេតុនោះ ត្រូវបានព័ទ្ធជុំវិញដោយខ្សែពណ៌លឿង ដែលទីនោះគឺមានអ្នកជំនាញ និងអ្នកស៊ើបអង្កេត ប៉ូលីសកំពុងស្រាវជ្រាវបំផ្ទុះគ្រាប់បែកនោះ។
អភិបាលរងក្រុងដាវៅលោក Paolo Duterte ជាកូនប្រុសច្បងរបស់លោកប្រធានាធិបតី Rodrigo Duterte បានចេញសេចក្តីថ្លែងការណ៍មួយនៅលើហ្វេសប៊ុក ដោយនិយាយថា សមត្ថកិច្ចនៅមិនទាន់អាចកំណត់បានថា អ្នកដែលនៅពីក្រោយការវាយប្រហារនេះនៅឡើយនោះទេ ប៉ុន្តែលោកបញ្ជាក់ថា៖ «អាជ្ញាធរមានសមត្ថកិច្ចកំពុងស្រាវជ្រាវអ្នកនៅពីក្រោយការបង្កឧបទ្ទវហេតុនេះ »។
តំបន់នេះកំពុងស្ថិតនៅក្រោមការប្រុងជើងការសន្តិសុខខ្ពស់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ទៅមុខទៀត ព្រោះថា កំឡុងពេលនេះ ទ័ពហ្វីលីពីនកំពុងវាយប្រហារប្រឆាំងនឹងក្រុម Abu Sayyaf ដែលជាក្រុមជីហាដ។
កាលពីថ្ងៃចន្ទ ទាហានហ្វីលីពីនយ៉ាងតិចណាស់ ១២នាក់ បានស្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងពួកសកម្មប្រយុទ្ធIS។ ចាប់ តាំងពីលោក Duterte ជាប់ឆ្នោតជាប្រធានាធិបតីហ្វីលីពីន ការសម្លាប់អ្នកដែលពាក់ព័ន្ធនឹងករណីគ្រឿងញៀនបានកើនឡើងយ៉ាងគំហុក ដែលមកទល់ពេលនេះមានមនុស្សជាង ២ពាក់នាក់ហើយ ដែលបានស្លាប់ចាប់តាំងពីលោក Duterte បានឡើងកាន់តំណែងកាលពីថ្ងៃទី ៣០ ខែមិថុនា ក្នុងយុទ្ធនាការបោសសំអាតគ្រឿងញៀន៕ ប្រភព៖BBC