en     km
en     km

ប្រធានមន្ទីរពេទ្យធំនៃតំបន់ហ្គាហ្សាត្អូញត្អែថា ក្នុងមន្ទីពេទ្យគ្មានទឹកឬអុកស៊ីហ្សែនប្រើប្រាស់

Share

នាយកមន្ទីរពេទ្យធំនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលត្រូវបានទាហានអ៊ីស្រាអែលវាយឆ្មក់នោះមានបានឲ្យដឹងថា ពេលនេះមន្ទីពេទ្យអស់អុកស៊ីហ្សែន និងទឹកហើយ ឯអ្នកជំងឺក៏កំពុងស្រែកដោយសារស្រេកទឹក។

លោក Muhammad Abu Salmiya ប្រធានមន្ទីរពេទ្យ មានប្រសាសន៍ថាសោកនាដកម្មកំពុងកើតឡើងនៅក្នុងមន្ទីពេទ្យ Al-Shifa ដែលមានអ្នកជំងឺជាង ៦៥០នាក់ បុគ្គលិកពេទ្យ ៥០០នាក់និងមនុស្ស ៥,០០០នាក់ផ្លាស់ទីលំនៅ។ ចំណែករថក្រោះអ៊ីស្រាអែលបានព័ទ្ធជុំវិញមន្ទីរពេទ្យនៃទីក្រុង Gaza ដោយយន្តហោះគ្មានមនុស្សបើកបានបន្លឺសំឡេងពីលើ ហើយទាហានអ៊ីស្រាអែលនៅតែបន្តចលល័ត នៅបរិវេណខាងក្នុងមន្ទីរពេទ្យ។  លោកប្រធានពន្ទីរពេទ្យរូបនេះ បានបន្ថែមទៀតថា «ប្រតិបត្តិការបាញ់ប្រហារនៅតែបន្ត គ្មាននរណាម្នាក់អាចផ្លាស់ទីពីអគារមួយទៅអគារមួយបានទេ ហើយយើងបានបាត់បង់ទំនាក់ទំនងជាមួយសហការីរបស់ពួកយើង។

កងទ័ព​អ៊ីស្រាអែល​បាន​ឱ្យដឹង​ថា ប្រតិបត្តិការ​របស់​ខ្លួន​ប្រឆាំង​នឹង​ក្រុម​ហាម៉ាស​កំពុង​ដំណើរការ​ក្នុង​លក្ខណៈ​មិន​ច្បាស់លាស់ ទាំងវិធីសាស្ត្រ និងភាព​ហ្មត់ចត់។ តែទោះបីជាយ៉ាងណាក៏ដោយ អ្នកកាសែតម្នាក់ដែលជាប់នៅក្នុងមន្ទីរពេទ្យ លោក Khader បានប្រាប់ សារព័ត៌មានBBCតាមទូរស័ព្ទថា ទាហានអ៊ីស្រាអែលនៅតែបន្តបាញ់គ្រប់ទីកន្លែង។ ទាហានអ៊ីស្រាអែលបាន វាយលុកគ្រប់នាយកដ្ឋានដោយបានបំផ្លាញផ្នែកខាងត្បូងនៃជញ្ជាំងអគារ និងរថយន្តរាប់សិបគ្រឿងទៀតផង។

ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់នៅតំបន់ហ្គាហ្សាបានរាយការណ៍ថាកងកម្លាំង របស់អ៊ីស្រាអែល បានបំផ្លាញផ្នែកខ្លះនៃច្រកចូលភាគខាងត្បូងនៃអគារវេជ្ជសាស្ត្រ។          អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាដ៏ធំមួយនៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីកម្ទេចក្រុមហាម៉ាស់ជាការសងសឹកចំពោះការវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ដោយខ្មាន់កាំភ្លើងរាប់រយនាក់។ អ៊ីស្រាអែល​ចាត់​ទុក​ក្រុម​ហាម៉ាស​ជា​ក្រុម​ភេរវជន​ដូច​អង់គ្លេស អាមេរិក និង​សហភាព​អឺរ៉ុប​ដែរ។

សូមជ្រាបថា មនុស្សយ៉ាងហោចណាស់ ១,២០០នាក់ បានស្លាប់នៅក្នុងការវាយលុករបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល ហើយពលរដ្ឋអ៊ីស្ត្រាអែលប្រហែល ២៤០នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង៕

ប្រភព៖ BBC ចុះថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣

Share

ព័ត៌មានទាក់ទង