ភ្នំពេញ៖ ចាប់តាំងពីវេនកាន់បិណ្ឌទី១ រហូតមកដល់វេនកាន់បិណ្ឌទី ១៥ ជារៀងរាល់ពេលជិតភ្លឺ នៅតាមវត្តអារាមនីមួយៗ គេតែងបានឮ ព្រះសង្ឃ ព្រមទាំងពុទ្ធបរិស័ទ្ធ គ្រប់វត្តអារាមសូត្រ បរាភវសូត្រ។ តើធម៌បរាភវសូត្រ នេះ ផ្តល់ការអប់រំដល់ប្រជាពលរដ្ឋអ្នកកាន់ពុទ្ធសាសនាដូចម្តេច?
ហេតុអ្វីបានគេសូត្រ តែនៅក្នុងរដូចភ្ជំបិណ្ឌ និងនៅពេលជិតភ្លឺ? តទៅនេះ សូមស្ដាប់លោក លៀ ស៊ីណា ជម្រាបជូនដូចតទៅ៖
បទបរាភវសូត្រ គឺជាធម៌ និយាយពីសេចក្តីវិនាសទាំង ១២ប្រការ ដែលពុទ្ធបរិស័ទ្ធ និងអ្នកប្រតិបត្ដិព្រះពុទ្ធសាសនាមិនគួរប្រព្រឹត្តិ។ ធម៌នេះ ត្រូវបានចងក្រងឡើងតាំងតែ ពីសម័យពុទ្ធកាលមកម្ល៉េះ។ ព្រះពុទ្ធជាម្ចាស់បានត្រាស់ សំដែងនូវ ធម៌បរាភវសូត្រ ដល់ពពួកទេវតា ដែលចូលទៅទូលសួរព្រះពុទ្ធថា អ្វីទៅជាសេចក្តីវិនាស? នៅក្នុងគម្ពីរសុត្តន្តបិដកមានដំណាលថា បន្ទាប់ពីបានស្តាប់នូវការបកស្រាយ របស់ព្រះសម្មាសម្ពុទ្ធ អំពីហេតុដែល នាំមកនូវក្តីចំរើន ឬ មង្គល រួចហើយ ពួកមនុស្ស និង ទេវតាទាំងឡាយ ដែលធ្លាប់តែមានការខ្វែងគំនិតគ្នានោះ ក៏បានស្រុះស្រួល ស្រស់ស្រាយ នឹងគ្នាឡើង ដោយពុំមានក្តីមន្ទិលឡើយ។ មិនយូរប៉ុន្មាន ពួកគេមានគំនិតមួយកើតឡើងថាធម្មតា ក្នុងលោកនេះ រមែងមានសភាវៈជាគូនឹងគ្នា គឺថា ៖ មាន គូនឹង ក្រ, សុខ គូនឹង ទុក្ខ ជាដើម, ហេតុនេះ ហេតុនៃក្តីចម្រើនត្រូវតែជាគូនឹងហេតុនៃក្តីវិនាស។
ជាទូទៅយើងឃើញថា ធម៌មួយប្រភេទនេះ ត្រូវបាន ព្រះពុទ្ធ និងពុទ្ធបរិស័ទនាំគ្នាសូត្រ នៅពេលទាបភ្លឺ នៅតាមវត្តអារាម។ ព្រះតេជគុណ លួន សុវ៉ាត មានសង្ឃដិកាពន្យល់ថា ការដែលពុទ្ធសានិក យកធម៌នេះមកសូត្រនៅម៉ោង៤ ទាបភ្លឺ ព្រោះពេលវេលានេះ មានមនុស្សម្នាទំនេរ មិនទាន់មានចេញទៅបំពេញការងារ ដែលពួកគេអាចក្រោកមកជួបជុំគ្នា ដើម្បីស្តាប់ធម៌។
ព្រះអង្គបន្តថា ធម៌នេះគឺចង់អប់រំដល់មនុស្សឲ្យដឹង អំពីផ្លូវ ឬហេតុដែលនាំមកនូវសេចក្ដីវិនាសហិនហោច និងហេតុនាំឲ្យបានថ្កុំថ្កើន។ ធម៌នេះ ចង់ឲ្យមនុស្សគ្រប់គ្នាវាចាកនូវហេតុនៃសេចក្ដីវិនាស ប្រកាន់ខ្ជាប់តែធម៌នាំឲ្យចម្រើន។
សេចក្តីវិនាសទាំង១២ប្រការ ដែល ព្រះពុទ្ធ បានទេសនាអប់រំដល់ពុទ្ធបរិស័ទ្ធមាន៖
ទី ១ - បុគ្គលអ្នកទ្រុស្តធម៌ ស្អប់ធម៌
ទី ២ - សេពគប់នឹងជនជាអសប្បុរស
ទី ៣ - កិរិយាដេក, និយាយ, ខ្ជិល, ខឹងច្រើន
ទី ៤ - មិនចិញ្ចឹម មាតាបិតា
ទី ៥ - ភូតកុហក បោកបញ្ឆោត
ទី ៦ - លាក់អាហារឆ្ងាញ់ និង ធនធាន
ទី ៧ - ប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិនរាប់សាច់ញាតិរបស់ខ្លួន
ទី ៨ - ប្រព្រឹត្តល្បែង ៣ ប្រការ
ទី ៩ - បុរសមិនត្រេកអរ និងប្រពន្ធខ្លួន
ទី ១០ - បុរសចាស់យកស្រីក្មេងធ្វើជាភរិយា
ទី ១១ - ការជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយធ្វើជាគូកំណាន់
ទី ១២ - ជនកើតក្នុងត្រកូលក្សត្រប្រាថ្នាចង់ធ្វើជាស្តេច៕