នៅចន្លោះពីម៉ោង ៥-៦ ល្ងាច ជាពេលចរាចរណ៍កំពុងមមារញឹក ប៉ុន្តែគេសង្កេតឃើញថា មានអ្នកជិះម៉ូតូមួយក្ដាប់តូច បែរជាមិនបានពាក់មួកសុវត្ថិភាពនោះទេ។ តើមកពីមូលហេតុអ្វី?
ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញាថាន ស្រីពៅ និស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្ត្រ បានឱ្យដឹងថា ប្រហែលម៉ោងនេះគ្មានប៉ូលិសប្រចាំការ ទើបពួកគេបានដៃ។ ពេល Sabay សួរថា ចុះស្រីពៅវិញ ពាក់មួកទេក្នុងអំលុងម៉ោងនេះ? ស្រីពៅ ប្រាប់ថា នាងមិនហ៊ានប្រហែសទេ ព្រោះមួកសុវត្ថិភាព អាចជួយការពារផ្នែកក្បាល ប្រៀបដូចជាអាយុជីវិតរបស់នាងដូច្នេះដែរ។
ចំណែកលោក ហម សាវី បុគ្គលិកនៃក្រុមហ៊ុនអចលនទ្រព្យមួយនៅទីក្រុងភ្នំពេញ បានបង្ហាញទស្សនៈរបស់ខ្លួនថា ពួកគេមិនពាក់ដោយសារតែចរាចរណ៍កកស្ទះ គ្មានប៉ូលិសនៅយាមកាម។ សាវី បន្ថែមថា៖ “ម៉ោងហ្នឹងជាម៉ោងគេចេញធ្វើការ ម៉ោងស្ទះ។ ប៉ូលិសគាត់អត់មានពេលចាប់ទេ ព្រោះរវល់សម្រួលចរាចរណ៍។ អ៊ីចឹងពួកគេ (អ្នកជិះម៉ូតូអត់ពាក់មួក) បានដៃ”។
“បាទបង! ប៉ូលិសដល់ម៉ោងគាត់សម្រាកហើយ តែពេលខ្លះខ្ញុំឃើញពួកគាត់ ជួយសម្រួលដែរបើមានស្ទះ។ ខ្ញុំគិតថា គាត់មិនចាប់ផាកទេ ព្រោះបើផាកមានតែគេស្ដីឱ្យ ព្រោះបើរវល់តែចាប់ ស្ទះកាន់តែខ្លាំង។ គេអាចនឹងរិះគន់គាត់”។ នេះជាការលើកឡើងរបស់ ភារម្យ។ យុវជន ភារម្យ បន្តថា ម៉ោងនេះជាម៉ោងកកស្ទះ ដូច្នេះប៉ូលិសមិនចាប់ផាកនោះទេ តែយ៉ាងណាក្ដីលោកមិនបន្ទោសនគរបាលចរាចរណ៍ឡើយ ហើយផ្ទុយទៅវិញ លោកសូមឱ្យអ្នកទាំងនោះ គិតពីសុវត្ថិភាពខ្លួនជាចម្បង។
យ៉ាងណាមិញកន្លងមក លោក គឹម បញ្ញា ប្រធានអង្គការ មូលនិធិបង្ការរបួសអាស៊ី ថ្លែងថា ចាប់តាំងពីឆ្នាំ ២០០៤ មក គ្រោះថ្នាក់ចរាចរណ៍ ជាបញ្ហាចម្បងនៅទូទាំងពិភពលោក ដែលបង្កឱ្យមនុស្សស្លាប់ របួស និងពិការ រាប់ពាន់រាប់ម៉ឺននាក់។ ចំណែកនៅកម្ពុជា បើតាមរបាយការណ៍បណ្ដោះអាសន្ន របស់គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក មានជនរងគ្រោះជាង ២០០០ នាក់បានស្លាប់។
លោកបន្ថែមថា អត្រាការស្លាប់នៃជំងឺផ្សេងៗដូចជា គ្រាប់មីន គ្រុនចាញ់ អេដស៍ មានការធ្លាក់ចុះ បែរជាអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍មានកំណើនទៅវិញ ហើយអ្នកស្លាប់ភាគច្រើន ជាអ្នកជិះម៉ូតូមិនបានពាក់មួកសុវត្ថិភាព៕
ប្រភព៖ www.news.sabay.com.kh