ស្វាយរៀង ៖ នៅថ្ងៃទី ០២ មករានេះពលរដ្ឋស្រុងរមាសហែក ខេត្តស្វាយរៀង ប្រមាណ ៥០ នាក់បានបន្តឃាឃាំងគ្រឿងចក្រក្រុមហ៊ុនមួយរបស់ឥណ្ឌា ដែលបានឈូសឆាយលើដីជម្លោះជាមួយពលរដ្ឋប្រមាន ៤០០ គ្រួសារ។ យ៉ាងណាអាជ្ញាធរស្រុករមាសហែកបញ្ជាក់ថា ដីដែលប្រជាពល រដ្ឋបន្តតវ៉ាទាមទារនោះ គឺរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដល់ភាគីក្រុមហ៊ុននោះជាយូរណាស់មកហើយ តែយ៉ាងណាអាជ្ញាធរកំពុងបន្តយន្តការដោះស្រាយបញ្ហាជូនពលរដ្ឋបន្ថែម។
តំណាងប្រជាពលរដ្ឋរងគ្រោះដីធ្លីស្រុករមាសហែកមួយរូបដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យវិទ្យុស្ត្រី ថា ដីដែលមានជម្លោះជាមួយក្រុមឥណ្ឌា អឹន ខេ វេនឆឺ នេះ គឺពលរដ្ឋបានអាស្រ័យផលតាំងពីឆ្នាំ ១៩៧៥ មកម្ល៉េះ ប៉ុន្តែនៅចន្លោះឆ្នាំ១៩៨៧ ដល់ ១៩៩៨ អាជ្ញាធរបានយកដីនោះទៅដាំកូនអាកាស្យាវិញ។ បន្ទាប់ក្រោយឆ្នាំ ១៩៩៨ ក៏ទៅអាស្រ័យដាំដំណាំលើដីនោះជាថ្មី រហូតដល់ឆ្នាំ ២០១០ ទើបមានដំណឹងថា រដ្ឋាភិបាលបានផ្តល់សម្បទានដីនោះឱ្យក្រុមហ៊ុនទៅវិញ។
យ៉ាងណាពលរដ្ឋស្នើសូមឱ្យអាជ្ញាធរខេត្ត ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាជូនពលរដ្ឋឱ្យបានសមរម្យ ព្រោះថា ប្រជាពលរដ្ឋសព្វថ្ងៃគឺអាស្រ័យលើការបង្កបង្កើនផលលើនោះដើម្បីចិញ្ចឹមជីវិតតែប៉ុណ្ណោះ។ តំណាងពលរដ្ឋសូមមិនបង្ហាញឈ្មោះ៖«ប្រជាពលរដ្ឋទាំងអស់ អះអាងថាគាត់ចង់បានដីនោះមកបង្កបង្កើនផលវិញ ព្រោះគាត់ខ្វះខាតដី ឥឡូវជីវ ភាពគាត់ធ្លាក់ក្រីក្រ តាំងពិអត់ដីនោះមក។ កាលគាត់មានដី ពួកគាត់មានលុយទិញម៉ូតូបានជិត តែឥឡូវនេះអត់មានលុយឱ្យកូនទៅសាលាផង!»។
អភិបាលស្រុករមាសហែកលោក ពីង គា និយាយថា ដីដែលកំពុងមានជម្លោះនេះ គឺជាដីព្រៃរបស់រដ្ឋ បានសម្រេចផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនឥណ្ឌា ដែលលោកថា ពលរដ្ឋលែងមានសិទ្ធិទទួលផលលើដីនេះទៀតហើយ។ លោកអភិបាលស្រុករមាសហែករូបនេះបញ្ជាក់ថា អាជ្ញាធរ និងខាងភាគីក្រុមហ៊ុនធ្លាប់បានបើកិច្ចប្រជុំ និងដោះស្រាយសំណងជូនពលរដ្ឋរួចរួលហើយ ចំណែកពលរដ្ឋដែលនៅបន្តការតវ៉ានេះ លោកសង្ស័យថា អាចមានអ្នកញុះញង់នៅពីក្រោយ។
តែយ៉ាងណាលោកថា លោកនឹងបន្តយន្តការដោះស្រាយជួយពលរដ្ឋបន្តទៀត។ លោក ពីង គា ៖«វាមានជនខាងក្រៅរុញ ដ៏អញ្ចឹងទៅប្រជាជនចេះតែតវ៉ាទៅ។ហើយគាត់ទៅតវ៉ាហ្នឹងមិនដឹងអីទេ ទៅតវ៉ាតាមការញុះញង់របស់គេ»។
លោក នុត បូពិណ្ណារ័ត្ន មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូប្រចាំខេត្តស្វាយរៀង ដែលបានតាមដានករណីនេះ បានបញ្ជាក់ថា រឿងនេះប្រជាពលហាក់ថ្លោះសិទ្ធិលើដីនេះទៅហើយ ព្រោះរដ្ឋាភិបាលបានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុនដាំអំពៅមួយរបស់ប្រទេសឥណ្ឌា។
មន្ត្រីអង្គការលីកាដូប្រចាំខេត្តស្វាយរៀងរូបនេះ ផ្តល់ឱវាទថា ប្រជាជនគប្បីផ្អាកសកម្មភាពឃាឃាំងគ្រឿងចក្ររបស់ក្រុមហ៊ុនទៀត ព្រោះអាចកើតជាហិង្សាបង្កហានិភ័យដល់ទោសព្រហ្មទណ្ឌដល់ពលរដ្ឋ។ លោកថា ពលរដ្ឋគួរដាក់ពាក្យតាមបែបបទរដ្ឋបាលដើម្បីសូមការបំភ្លឺនិងរកដំ ណោះស្រាយក្នុងរឿងនេះ។ លោក នុត បូពិណ្ណារ័ត្ន៖« ខ្ញុំបានឱ្យប៉ុស្ត៍ហ្នឹងប្រាប់ទៅតំណាងពលរដ្ឋឡើងមកខេត្ត ដើម្បីធ្វើលិខិតស្នាមទៅអភិបាល ខេត្តដើម្បីឱ្យគាត់បំភ្លឺរឿងដីហ្នឹង ចង់ដឹងរឿងពិតថាតើក្រុមហ៊ុនហ្នឹងវាយ៉ាងម៉េច? ឬដាក់ទៅមន្ទីរកសិកម្មឱ្យមន្ទីរបំភ្លឺ ព្រោះរឿងហ្នឹងមាន ការប្រជុំនៅមន្ទីរកសិកម្ម»។
សូមរំលឹកថា ករណីជម្លោះដីធ្លីដ៏រុំារ៉ៃនេះ ពលរដ្ឋរងគ្រោះស្រុករមាសហែកធ្លាប់បានឡើងមកសុំកិច្ចអន្តរាគមន៍ពីស្ថាប័ន និងក្រសួងពាក់ព័ន្ធនៅរាជធានីភ្នំពេញដើម្បី ជួយដោះស្រាយជាច្រើនលើកច្រើនសាមកហើយតែនៅមិនទាន់មានដំណោះស្រាយនៅឡើយ៕