en     km
en     km

ស្រ្តីបង្គោលគ្រួសារវ័យ៥៥ឆ្នាំ ពឹងលើញញួរបំបែកថ្មភ្នំ

Share

 

ជាស្ត្រីវ័យចំណាស់ មានបន្ទុកចិញ្ចឹមកូនមានជំងឺ ប្តីមានពិការភាព និងកូនរៀន អ្នកស្រី ឈួន សំអាន ត្រូវចូលក្នុងការដ្ឋានវាយថ្មភ្នំក្នុងតំបន់ភ្នំថ្មបាញ់ជារៀងរាល់ថ្ងៃ ដើម្បីវាយថ្ម ដោយលើកញញួរទម្ងន់ប្រមាណ៣គីឡូប្រណាំងនឹងជីវិត។ ក្រោយរៀបចំកូនឱ្យមានគ្រួសារចំនួន៣នាក់​ ស្ត្រីវ័យចំណាស់ម្នាក់នេះ រស់នៅជាមួយគ្រួសារដែលមានចំនួន៤នាក់ ក្នុងនោះមានប្តីពិការ កូនម្នាក់កំពុងរៀន និងកូនម្នាក់ទៀតជំងឺដែលទាក់ទងទៅនឹងហ្សែន។ ដោយគ្មាននរណាជាប្រភពចំណូល ដូច្នេះហើយទើបធ្វើឱ្យអ្នកស្រីជាបង្គោលម្នាក់គត់ដែលមានកាតព្វកិច្ចចូលរណ្តៅថ្មភ្នំក្នុងតំបន់ភ្នំថ្មបាញ់ ដើម្បីវាយថ្ម យកប្រាក់ចិញ្ចឹមគ្រួសារ។

(កញ្ញា ងិន ស៊ាងលីម រាយការណ៍)

 

(សំឡេងញញួរដំ ឡានដឹក និង គ្រឿងចក្រ……..)

សំឡេងរថយន្ត គ្រឿងចក្រ​ និងសំឡេងដុំដែកបំបែកថ្មបានបន្លឺឡើងឆ្លើយឆ្លងគ្នាស្របពេលតែមួយក្នុងបរិវេណភ្នំមួយកន្លែងមានទីតាំងស្ថិតនៅស្រុកបាភ្នំ ខេត្តព្រៃវែង ដែលភ្នំនេះ ត្រូវបានគេស្គាល់ថាជា ភ្នំថ្មបាញ់។ ភ្នំថ្មបាញ់ស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយទីតាំងការដ្ឋានវាយភ្នំយកថ្មនេះ មានឈ្មោះថា គ្រុឌកូឡា។ ដើម្បីបំបែកភ្នំដែលធ្លាប់តែមានសម្រស់ខៀវខ្ចីនៃរុក្ខជាតិយកថ្មមកលក់បាន ក្រៅតែពីការប្រើកម្លាំងគ្រឿងចក្រ គ្រឿងរំសេវសម្រាប់បំផ្ទុះភ្នំ និងឧបករណ៍ទំនើបៗមួយចំនួន ក្នុងនោះ ក៏សង្កេតឃើញមានការប្រើកម្លាំងមនុស្សដំថ្មដោយញញួរផងដែរ ដោយញញួរដែលត្រូវយកមកដំថ្មមានទម្ងន់ចន្លោះពី៣-៥គីឡូក្រាម។ ទម្ងន់នេះ សម្រាប់បុរសមិនចោទជាបញ្ហាប៉ុន្មាននោះទេ ត្បិតពួកមានកម្លាំងខ្លាំង និងរឹងមាំជាជាង ប៉ុន្តែសម្រាប់ស្ត្រី ពិសេសស្ត្រីដែលមានវ័យចំណាស់មិនងាយស្រួលឡើយទម្រាំតែអាចដំថ្មបាន១ម៉ែត្រគូប ក្នុងតម្លៃ៨,០០០រៀល។ តែយ៉ាងណាអ្នកស្រី ឈួន សំអាន វ័យ៥៥ឆ្នាំ មានស្រុកកំណើតនៅទីតាំងខាងលើ បានរៀបរាប់ទាំងញើសហូរស្រោបពេញផែនថ្ពាល់ដោយសារ ភាពហត់នឿយ និងអស់កម្លាំងថា ខ្លួនពុំមានជម្រើសអ្វី ក្រៅតែពីរបរមួយនេះនោះទេ បើទោះបីជាមានវ័យច្រើនហើយក្តី អ្នកស្រីត្រូវតែខំធ្វើ ដ្បិតការងារពិបាករកណាស់សម្រាប់អ្នកស្រី។ ម្យ៉ាងវិញទៀត ត្រូវការចំណាយជារៀងរាល់ថ្ងៃ តែងាកមើលចំណូលវិញ ពុំមាននរណារក្រៅតែពីអ្នកស្រីនោះទេ។ ដូច្នេះ​ ចង់ ឬមិនចង់អ្នកស្រីត្រូវតែធ្វើ ដើម្បីផ្គត់ផ្គង់គ្រួសារ និងការសិក្សារបស់កូន។

«យើងអត់ក្មួយអើយ! បើមិនប្រឹងធ្វើម៉េច! ទៅរកអីឥឡូវមុខរបរវាទាល់ច្រកទាំងអស់ណាស់ ដេញខាងសេដ្ឋកិច្ចគៀបទាំងអស់ ទៅណាក៏អត់មានណេះទឹក ទៅណោះរកមិនបានហើយយើងអ្នកប្រជាជនក្រីក្រមានតែធ្វើអ៊ីចឹងបានៗហូប។ ទី១កូនរៀន។ ទី២ បង់ទឹកបង់ភ្លើង ណាទិញអង្ករ ចែងចែកទៅទិញអង្ករហូបអ៊ីចឹងទៅ។ បើយើងមិនប្រឹងបានអ្វីហូបក្មួយអើយ!»

អ្នកស្រី ឈួន សំអាន កម្មករវាយថ្ម។ WMC/Seanglim

 

ឈរកាន់ញញួរជាប់នឹងដៃលើកដំៗក្នុងវាលរណ្តៅដ៏ធំល្វឹងល្វើយជុំវិញពោរពេញទៅដោយថ្ម ក្រោមកម្តៅថ្ងៃកណ្តាលថ្ងៃចែសស្ទើខ្លោចសាច់នោះ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ អាចរកប្រាក់កម្រៃបានចន្លោះពី១០,០០០រៀលទៅ១២,០០០រៀល ដោយកម្រៃនេះ អ្នកស្រីត្រូវព្យាយាមវាយថ្មឱ្យបានប្រមាណមួយគូបទៅ១គូបកន្លះក្នុងមួយថ្ងៃ ដែល១គូប មានតម្លៃ៨០០០រៀល។

«មួយថ្ងៃខ្ញុំប្រឹងទៅបាន១ ទៅ១គូបកន្លះ។ ១គូប៨,០០០រៀល ១គូបកន្លះអ៊ីចឹងទៅបាន១០០០០រៀល-១២០០០រៀលអ៊ីចឹងទៅ ១០០០០រៀលអ៊ីចឹងទៅ។»

ថ្មភ្នំក្នុងតំបន់ភ្នំថ្មបាញ់។ WMC/Seanglim

 

១គូប តម្លៃ៨,០០០រៀល បើគិតជាឡានក្នុងមួយឡានការវាយថ្មនេះ មានតម្លៃចាប់ពី១២០,០០០រៀល ប៉ុន្តែទម្រាំតែបានមួយឡានៗសម្រាប់កម្លាំងបុរសគឺវាយចន្លោះពី៣ទៅ៤ថ្ងៃ បើវាយថ្មជាលក្ខណៈគ្រួសារវិញអាចលឿនជាងនេះ។ តែងាកមកអ្នកស្រីសំអានវិញ ទម្រាំតែលើដៃវាយថ្មបានមួយឡានដែលមានតម្លៃ១២០០០០រៀលគឺត្រូវចំណាយពេលយ៉ាងហោចណាស់៥ថ្ងៃ។

«បើមានថ្មច្រើន ខ្ញុំវាយបានប្រហែល៥ថ្ងៃ បានៗ១ឡាន។ …១២០០០០រៀលអូន!»

យ៉ាងណា កម្រៃដែលទទួលបានពីការវាយថ្មនេះ គឺមិនគ្រប់គ្រាន់ក្នុងការចំណាយនោះទេ ប៉ុន្តែស្ត្រីវ័យ៥៥ឆ្នាំរូបនេះមិនមានជម្រើសល្អជាងនេះទៀតឡើយ ព្រោះកូនបែកគ្រួសារ៣នាក់ហើយ ដោយសព្វថ្ងៃគ្រួសារអ្នកស្រីមានសមាជិក៤នាក់ដែលមានកូន២នាក់ ស្វាមី និងអ្នកស្រី។ ក្នុងនោះអ្នកស្រីមានបន្ទុកផ្គត់ផ្គង់កូនរៀនម្នាក់ និងប្តីពិការពុំអាចធ្វើការ ឬប្រកបរបរអ្វីបាន តែម្តងម្កាលគាត់ក៏អាចធ្វើជាសន្តិសុខយាមតាមកម្មវិធីក្នុងភូមិដោយទទួលបានប្រាក់កម្រៃបន្តិចបន្តួច។ ងាកមកកូនប្រុស ពៅរបស់ស្ត្រីវ័យចំណាស់នេះម្នាក់ទៀតក៏មានបញ្ហាសុខភាព ដែលស្គាល់ថាជាជំងឺDown syndrome ឬទ្រីសូមីទី២១ ដែលជំងឺនេះទាក់ទងទៅនឹងហ្សែន ហើយរូបរាងក៏ប្លែកពីកុមារដទៃ។ ដូច្នេះ ហើយនៅក្នុងគ្រួសារមានតែអ្នកស្រីម្នាក់គត់ដែលមកវាយថ្មឱ្យ អាជីវកម្មវាយថ្ម គ្រុឌ កូឡានេះ ដោយនាំកូនប្រុសពៅមកជាមួយផង។

«គ្រួសារខ្ញុំ! គេបែកគ្រួសារអស់៣នាក់ ហើយនៅតែក្នុងបន្ទុករាល់ថ្ងៃ៤នាក់។ ក្នុង៤នាក់ហ្នឹងរៀនមួយ ហើយមួយពិការអ៊ីចឹងអ្ហឹៈ!មើលវា ហើយប្តីខ្ញុំក៏ពិការដែរ តែគាត់ធ្វើខាងសន្តិសុខភូមិអត់មានប្រាក់ខែទេ។ គាត់ដើរយាមតាមរោងៗតាមអីគេហៅមកទៅបាន ៤ម៉ឺន អ៊ីចឹងដែរ។»

កូនប្រុសពៅ អ្នកស្រី ឈួន សំអាន។ WMC/Seanglim

 

នៅក្នុងរណ្តៅវាយថ្មនេះ សង្កេតឃើញថាមានអាណាព្យាបាលខ្លះនាំកូនមកជាមួយ ដាក់នៅកន្លែងដែលមានសុវត្តិភាព ព្រោះជាវេលាដែលសាលាត្រូវឈប់សម្រាកវិស្សមកាល។ ដូច្នេះ ពួកគេត្រូវមកគយគន់ទេសភាពក្នុងវាលរណ្តៅវាយថ្មល្ហល្ហេវនេះជាមួយឪពុកម្តាយ ឬជីដូនជីតាដែលពួកគាត់មកប្រកបរបរវាយថ្មក្នុងតំបន់ភ្នំថ្មបាញ់។ ម្យ៉ាងវិញទៀត ដោយសារខែតុលានេះ នៅខេត្តព្រៃវែងមានទឹកឡើងខ្លាំង ទើបពួកគេមិនហ៊ានបណ្តោយឱ្យកូនៗនៅផ្ទះនោះឡើយ។ ការស៊ីឈ្នួលនេះ មិនគិតចំនួនថ្ងៃ មិនគិតខែ វាយតាមលទ្ធភាព និងកម្លាំងខ្លួនដោយគិតតម្លៃឈ្នួលទៅតាមចំនួនម៉ែត្រ និងចំនួនឡាន។ ប្រសិនបើវាយ ឬដំថ្មបានច្រើន ប្រាក់កម្រៃក៏ច្រើនទៅតាមបរិមាណ។ នៅពេលធ្វើរួចរាល់ក៏អាចបើកប្រាក់បានភ្លាមៗ ហើយបើមានទុក្ខលំបាកបន្ទាន់ក៏អាចខ្ចីថៅកែបានខ្លះផងដែរ។

ក្នុងសំលៀកបំពាក់ហ៊ុមជិតមើលពីក្រោយស្មានតែជាមនុស្សប្រុស ដៃលើកញញួរដែលមានទម្ងន់ប្រមាណជាង៣គីឡូក្រាមដំថ្ម មួយៗ ស្ត្រីវ័យ៥៥ឆ្នាំរូបនេះ បានឆ្លៀតពេលប្រាប់វិទ្យុស្ត្រីថា ការវាយថ្មនេះជាការងារត្រូវប្រើកម្លាំងខ្លាំង តែអ្នកស្រីមានវ័យចំណាស់ហើយជាមនុស្សស្រីទៀតមិនងាយឡើយក្នុងបំបែកថ្ម។ ដូច្នេះ ទម្រាំតែបាន ១គូបៗ ឬមួយឡានៗ ត្រូវចំណាយពេលយូរ ដ្បិតអីអ្នកស្រីវាយតែម្នាក់ឯង ពុំមានគ្រួសារជួយនោះទេ។

«លំបាកអូនលំបាក បើមិនខំប្រឹងវាយមិនបែកទេពៅ ទាល់តែប្រឹងវាយខ្លាំងដែរហ្នឹងអ្ហឹៈ! បានៗបែកពៅ។ ជូនទៅដុំធំៗណាស់យើងវាយអូ! ប្រឹងកម្លាំងខ្លាំងហាណាស់ បានៗបែកហើយបើមិនប្រឹងចេញកម្លាំងវាយមិនបែកទេ អូនអើយ! យើងចាស់ហើយ មិនដូចកម្លាំងប្រុសទេ។ ប្រុសគេដាក់តែ១ញញួរ ២ញញួរបែកហើយៗដល់ពេលយើងទាល់តែប្រឹងអ៊ីចឹងដូចអូនឯងឃើញ។»

ថ្មភ្នំក្នុងតំបន់ភ្នំថ្មបាញ់។ WMC/Seanglim

 

៥៥ឆ្នាំជាវ័យមួយដែលត្រូវនៅផ្ទះមើលថែរកូនចៅ ចូលវត្តសូត្រធម៌ភាវនា តែស្ត្រីចំណាស់រូបនេះបែរជា បើភ្នែកមកស្គាល់តែញញួរទៅវិញ។ ញញឹមស្រស់ដាក់អ្នកសារព័ត៌មាន អ្នកស្រីហាក់ពុំតូចចិត្តនោះទេ ដ្បិតអីរបរវាយថ្មនេះ អ្នកភូមិស្វាយសាមសិប និងអ្នកភូមិក្បែរៗនោះតែងតែធ្វើទាំងប្រុសទាំងស្រី មានទាំងលក្ខណៈគ្រួសារ និងអ្នកខ្លះទៀតធ្វើតពីដូនតាមក តាំងពីអតីតកាលមនុស្សម្នារចងខ្សែរឡើងលើភ្នំដែលមានកម្ពស់ដ៏ខ្ពស់ដើម្បីបំផ្ទុះយកថ្មលក់ដោយខ្លួនឯង រហូតដល់បច្ចុប្បន្នស៊ីឈ្នួលវាយថ្មឱ្យអាជីវកម្មឯកជន ដែលស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។ រុក្ខជាតិខៀវខ្ចីដ៏សម្បូរបែប ទីជម្រកសត្វព្រៃ និងម្លប់ត្រជាក់ត្រឈឹងត្រឈៃនៃភ្នំនេះ សព្វថ្ងៃលែងមានសម្រស់ស្រស់ត្រកាលដូចកាលមុនហើយ ដោយបច្ចុប្បន្នភ្នំដែលធ្លាប់តែនៅទីខ្ពស់ប្រែក្លាយទៅជាវាលរណ្តៅជ្រៅ យ៉ាងស្រងេះស្រងោច។ អ្នកស្រី សំអាន ក៏បានបង្ហើបប្រាប់វិទ្យុស្ត្រីខ្លះៗអំពីរបរវាយ និងបំផ្ទុះថ្មតាមបែបបុរាណ មុនពេលដែលមានគ្រឿងចក្រទំនើបៗមកគាស់កាយដូចសព្វថ្ងៃ។

«ពីដូនតាមកយើងឡើងដាប់ ចងពួរវាត់ចង្កេះឡើងភ្នំហ្នឹង កម្ពស់៧០ម៉ែត្រជាងហាស! តាយាយមក បន្ទប់ឱពុកម្តាយខ្ញុំហ្នឹងគាត់ចងៗចង្កេះ ឡើងពួរ ឡើងដាប់ ញញួរប៉ុណ្ណឹងទៅ ដាប់យើងដាក់ទៅដាប់យកហើយពេលនេះយើងមានអាកូនគូបអាគូបតូចៗហាណាស់! យកមកញ៉ាត់ដុតបញ្ឆេះ ដុត ដល់ដុតទៅវាដុំទៅបែក បានធំដូចអា ដូចគេច៊ឹងអូនអ្ហឹៈ! ហើយវាយទៅ។ ប៉ុន្តែគ្រាន់តែថា ជំនាន់នោះ យើងថ្មវាថោក ១ម៉ែត្រ២-៣ពាន់ ៤-៥ពាន់អ៊ីចឹងទៅ មិនមែនថ្លៃដូចឥឡូវទេ។»

 

សកម្មភាពវាយថ្មភ្នំ។ WMC/Seanglim

 

យ៉ាងណាមុខរបរប្រពៃណីនេះ មានផលវិបាកច្រើន ទាំងសម្ភារៈ កម្លាំង និងមានហានិភ័យខ្ពស់ ដែលផ្ទុយស្រឡះនឹងពេលបច្ចុប្បន្នដែលមានគ្រឿងចក្រ ឬត្រាក់ទ័រជួយសម្រួល កម្មករចាំតែវាយប៉ុណ្ណោះ។ ដោយសារតែភាពងាយស្រួលនេះហើយ ទើបបច្ចុប្បន្នពុំមានអ្នកណាឡើងទៅបំផ្ទុះដោយខ្លួនឯងទៀតឡើយ ពោលគឺប្តូរពីការធ្វើថៅកែខ្លួនឯងមកស៊ីឈ្នួលវាយឱ្យគេវិញ។

«កាលពីមុនរាងយ៉ាប់អូន! តែមកឥឡូវរៀងស្រួល។ ឥឡូវវាមានគ្រឿងចក្រសព្វបែបយ៉ាងអ៊ីចឹងហាណាស់! យើងអត់សូវយ៉ាប់កម្លាំងទេ។ កាលមុនយើងវាយហើយ យើងលើកដាក់ឡាន លើកបង្គីលើកដាក់ឡានទៀតបានៗ។ ដល់ពេលឥឡូវយើងមិនចាំបាច់លើកទេ បានកាយមកវាយបានអ៊ីចឹងអាអ៉ិចលើកដាក់ឱ្យ យើងដឹងតែតម្លៃ១ម៉ែត្រម៉ាន ១ម៉ែត្រ ៨០០០រៀនអ៊ីចឹងគេរាប់លុយឱ្យយើងមក វាធូរបានប៉ុណ្ណឹង។»

ជាមួយគ្នានេះ លោក ស៊ូ សម្បត្តិ អ្នកទទួលបន្ទុកមើលការខុសត្រូវលើអាជីវកម្ម គ្រុឌ កូឡា បានលើកថា ខាងអាជីវកម្មរបស់លោកបានផ្តល់ភាពងាយស្រួលគ្រប់បែបយ៉ាងដល់កម្មករៗចាំតែវាយថ្ម និងទទួលបានប្រាក់ប៉ុណ្ណោះ។ ក្រៅពីនោះ គ្រឿងចក្រជាអ្នកចាត់ចែង ។ ទទឹមនឹងតម្រូវការរបស់អតិថិជនដែលត្រូវការថ្មវាយដោយដៃ លោកបង្កើតអាជីវកម្មនេះ គឺចង់ឱ្យប្រជាជននៅទីនោះមានការងារធ្វើ និងនៅជុំគ្រួសារ ពោលគឺមិនចាំបាច់ចំណាកស្រុកទៅឆ្ងាយគ្រួសារ។ លោកថា នៅក្នុងការដ្ឋានដែលលោកមើលការខុសត្រូវមិនមានការបង្ខិតបង្ខំដោយប្រការណាមួយនោះឡើយ។

«បាទ! បើគាត់មានមុខរបរណា បើសិនជាគាត់ធ្វើអ៊ីចឹងដូចថាជួយសង្គ្រោះគាត់! ដូចថាគៀរកម្លាំងមក ដូចថាមិនឱ្យចំណាក់ស្រុកជួបជុំៗកូនជុំចៅ ជុំគណបក្សជុំគ្នារកស៊ីនៅហ្នឹងទៅ។ បើទៅឆ្ងាយជាចំណាក់ស្រុកក៏មិនល្អដែរ។ ឧទាហរណ៍ថា ទៅភ្នំពេញ ចុះបើកូនរៀនទីនេះ? អ៊ីចឹងខ្ញុំបាទ! បង្កើតអាជីវកម្ម គឺគាត់មកធ្វើអាជីវកម្ម គិតដោយខ្លួនឯងផ្ទាល់ អត់មានការបង្ខិតបង្ខំគឺអត់មាន។ ជូនកាលគាត់មានបញ្ហាតិចតួចអាចដោះស្រាយបានដោះស្រាយ ដូចថាគាត់ឈឺ ខ្ចីលុយអី ឬក៏អត់ស្បៀងឧបត្ថម្ភ ជាថវិកាជួយគាត់ទៀត។ ទាំងកូនឈឺ ឬម្តាយស្លាប់អ៊ីចឹងហាណាស់!»

លោក ស៊ូ សម្បត្តិ អ្នកទទួលបន្ទុកមើលការខុសត្រូវលើអាជីវកម្ម គ្រុឌ កូឡា។ WMC/Seanglim

 

អាជីវកម្ម គ្រុឌ កូឡា បានបង្កើតឡើងខេត្តព្រៃវែងនេះ តាំងពីឆ្នាំ២០១០មកម្ល៉េះ អនុញ្ញាតដោយអាជ្ញាធរថ្នាក់ខេត្ត ហើយថ្មទាំងអស់ដែលវាយបាននៅកម្ពុជាគ្មានការដឹកជញ្ជូនទៅក្រៅប្រទេសឡើយ។ យ៉ាងណាមិញ តាមសំដីរបស់កម្មករមួយចំនួនពួកគេថា ខាងអាជីវកម្មទើបបើកឱ្យកម្មករចូលមកវាយបានមួយរយៈធំ។ ចំណែកអ្នកខ្លះទៀតថា ទើបតែបានមកវាយមិនបានប៉ុន្មានខែតាមរយៈការណែនាំពីបងប្អូនដែលជាកម្មករនៅទីនោះ។ ក្នុងនោះ លោក សម្បត្តិ ក៏ប្រាប់ដែរថា ដោយសារកាលពីមុនលោកធ្វើតាមតម្រូវការទីផ្សារ ឬការកម្ម៉ង់របស់អតិថិជន ដូច្នេះហើយ ទើបលោកត្រូវប្រើគ្រឿងចក្រគ្រប់យ៉ាងតែម្តង តែបច្ចុប្បន្នសេដ្ឋកិច្ចធ្លាក់ចុះគ្មានទីផ្សារ ដូច្នេះ លោក មកធ្វើតាមបែបបុរាណវិញ ពោលគឺឱ្យកម្មករវាយបំបែកដោយញញួរតាមបែបធម្មតាវិញ​ តែគ្រឿងចក្រក៏នៅតែប្រើ។

«កាលនោះខ្ញុំអឺ! វាទីផ្សាណាស់ផ្គត់ផ្គងគឺខ្ញុំបាញ់បំបែកៗយកលក់ដល់ទីផ្សារហាណាស់! ទៅភ្នំពេញទៅណាស់ ប្លុងធំៗចាក់ លុបគ្រឹះទាំងអស់។ បើថាឧកញ៉ាណាត្រូវការ គឺខ្ញុំបំពេញតាមសំណូមពររបស់គេហាណាស់! ដល់ពេលបច្ចុប្បន្នមកគឺទីផ្សារអត់មាន សេដ្ឋកិច្ចគៀបៗអ៊ីចឹង ខ្ញុំបាទគឺដំឡើងមួយគឺថា កៀរគរបងប្អូនប្រជាពលរដ្ឋ គាត់មកធ្វើអាជីវកម្មដូចធាតុដើមវិញ។»

ភ្នំថ្មបាញ់នេះ មានទំហំធំណាស់ ត្រូវបានប្រជាជនវាយយកថ្មតាំងពីសម័យដូនតាមករហូតមកទល់ពេលនេះ ក្លាយជារណ្តៅយ៉ាងជ្រៅ ជាច្រើន មើលសឹងមិនដាច់កន្ទុយភ្នែក។ កម្មករខ្លះនៅទីនេះ អ្នកខ្លះកើតមិនទាន់ពេលភ្នំនៅមានរុក្ខជាតិខៀវខ្ចីនោះទេ​ ពួកគេបានឃើញនៅពេលគេប្រើគ្រឿងចក្រប៉ុណ្ណោះ។ អ្នកស្រី សំអាន ដែលមានស្រុកកំណើតនៅទីនេះផ្ទាល់ប្រាប់ថា កាលពីមុនភ្នំនេះមានទំហំធំខ្លាំងណាស់។

«ហ៊ឹម!! អូនអើយភ្នំហ្នឹង កាប់អស់ អាលអូនឯងឃើញស្រាប់ហើយកាលពីមុនឡើយនោះជើងភ្នំកន្លែងព្រៃៗយើងឯណោះ។ អាក្រឡុកសៀរៗភ្នំ សៀរផ្លូវហា!អូន ហើយដល់ពេលឥឡូវហ្នឹង! ហា!អូនឯងឃើញស្រាប់ហើយឃើញអស់រលីង នៅសល់ប៉ុណ្ណឹង ជើងៗក្រោមហ្នឹង។ កាលពីមុនហ្នឹងជើងភ្នំនោះៗ ព្រៃៗនោះហ្នុងកាលពីដូនតាខ្ញុំនៅអ្ហឹៈ!»

សកម្មភាពវាយថ្មភ្នំ។ WMC/Seanglim

 

តំណាងអាជីវកម្ម គ្រុឌ កូឡា បញ្ជាក់ថា ការវាយភ្នំយកថ្មនេះ មានការកំណត់ប្រវែង និងជម្រៅទៅតាមលក្ខខណ្ឌរបស់អាជ្ញាធរត្រឹមត្រូវ មិនអាចធ្វើលើសពីកិច្ចសន្យា ឬបំពាននៅកន្លែងទីសក្ការៈ និងកន្លែងអភិរក្សនោះឡើយ។ ប្រសិនបើដំណើការទៅធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋដោយប្រការណាមួយ ខាងអាជីវកម្ម និងបណ្តាក្រុមហ៊ុននានា មានកាតព្វកិច្ចទទួលខុសត្រូវសងរាល់ការខូចខាតទាំងអស់។ រីឯថ្មដែលវាយបាននេះ គេយកទៅសាងសង់ផ្លូវ ផ្ទះ ស្ពាន ហេដ្ឋារចនាសម្ព័ន្ធ ឬបុកគ្រឹះ​ជាដើម។

គួរបញ្ជាក់ដែរថា ភ្នំថ្មបាញ់ ដែលអាជីវកម្មគ្រុឌ កូឡា ធ្វើអាជីវកម្មនេះ មិនបានពាក់ព័ន្ធទៅនឹងតំបន់ភ្នំឈើកាច់បាភ្នំដែលជាទីសក្ការៈ និងតំបន់អភិរក្សនោះទេ។ ដោយភ្នំឈើកាច់បាភ្នំស្ថិតនៅភូមិរោងដំរី ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ឯតំបន់ភ្នំថ្មបាញ់ដែលគេវាយយកថ្មនេះ ស្ថិតនៅភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង៕

(អត្ថបទសរសេរដោយកញ្ញា ងិន ស៊ាងលីម)

 

 

Share

Image Not Found
Image

ព័ត៌មានទាក់ទង