loader

ស្រ្តីខ្មែរយ៉ាងតិច៣០រូបស៊ីឈ្នួលពពោះឱ្យជនបរទេស

ភ្នំពេញ៖ចាប់ពីពេលនេះរហូតដល់ឆ្នាំក្រោយស្ត្រីកម្ពុជាមិនអាចស៊ីឈ្នួលពរពោះឲ្យជនបរទេសទៀតទេ ខណៈដែលមានស្ត្រីខ្មែរប្រមាណ៣០នាក់កំពុងពពោះជំនួសជនបរទេស។មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថាក្រសួងអាចនឹងចាត់វិធានការប្រសិនបើមានការរំលោភលើបម្រាមនេះ។

ចាប់ពីខែកក្កដានេះរហូតដល់ដើមខែមករា ឆ្នាំ២០១៨ ស្ត្រីខ្មែរមិនត្រូវស៊ីឈ្នួលពពោះឲ្យជនបរទេសទៀតទេ។ មូលហេតុគឺដើម្បីចៀសវាងការជួញដូរទារកទៅក្រៅប្រទេស។ នេះបើតាមសេចក្តីអះអាងរបស់ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលបានថ្លែងប្រាប់វិទ្យុស្រ្តីនៅថ្ងៃ១២ កក្កដា ឆ្នំា ២០១៧។ លោកស្រីបញ្ជាក់បន្ថែមថាក្នុងករណីដែលត្រូវរកឃើញថាមានការមិនគោរពតាមសេចក្តីណែនាំនេះក្រសួងមហាផ្ទៃអាចនឹងប្រើប្រាស់វិធានការផ្លូវច្បាប់។ ប៉ុន្តែលោកស្រីមិនបានបង្ហាញវិធានការនោះបែបណានោះទេ។

សេចក្តីអះអាងនេះធ្វើឡើងខណៈដែលមានរបាយការណ៍មកថាយ៉ាងហោចណាស់មានស្ត្រីខ្មែរចំនួន៣០នាក់បានស៊ីឈ្នួលពពោះជំនួសជនបរទេសចាប់តាំងពីឆ្នាំ២០១៦មក។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆំាងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង បានពន្យល់ថារហូតមកទល់ពេលនេះមានការដាក់ពាក្យស្នើសុំទារកពីស្រ្តីខ្មែរពីជនបរទេសមកកាន់ក្រសួងមហាផ្ទៃ ត្រឹម តែ ១៤-១៥ ករណីប៉ុណ្ណោះ។

លោកស្រី ជូ ប៊ុនអេង បញ្ជាក់បន្ថែមថាការដាក់កម្រិតនៅពេលនោះគឺដើម្បីទុកពេលឲ្យស្ត្រីដែលបានពពោះរួចហើយនោះមានពេល​វេលារហូតដល់ពេលសម្រាលកូន។ «ដាក់កំហិតថាករណីថ្មីនេះមិនឱ្យមានទៀតទេពីនេះរហូតទៅដល់មុនដើមខែមករា ឆ្នំា​២០១៨ ដោយសារយើងទុកចន្លោះពេលមួយនៅពេលដែលពួកគាត់បានជាជ្រុលរួចទៅហើយយើងក៏នឹងបន្តធ្វើការងារនេះគឺមិនប្រលែងនោះទេ»

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានចុះហត្ថលេខាលើគោលការណ៍បណ្តោះអាសន្នមួយកាលពីខែមីនា ឆ្នំា២០១៧ អនុញ្ញា​តិ​ឱ្យនំាយកទារកដែលពពោះជំនួសដោយស្រ្តីកម្ពុជាទៅកាន់បរទេស។ ហើយគោលការណ៍បណ្តោះអាសន្ននេះតម្រូវឱ្យជនបរទេសដែលចង់បានទារកពីផ្ទៃម្តាយកម្ពុជាដែលពពោះជំនួសនោះមកដាក់ពាក្យស្នើសុំពីក្រសួងមហាផ្ទៃ។

នៅពេលនេះក្រសួងយុត្តិធម៌ និង ក្រសួងកិច្ចការនារី រួមទាំងផ្នែកពាក់ពន្ធ័មួយចំនួនទៀតកំពុងរៀបចំបង្កើតច្បាប់ទប់ស្កាត់ករណីផ្តល់សេវាស៊ីឈ្នួលពពោះឱ្យជនបរទេសតទៅទៀត។

ទាក់ទងនឹងករណីនេះ ក្រសួងសុខាភិបាល ក៏បានហាមប្រាមមិនឱ្យមានស្រ្តីខ្មែរស៊ីឈ្នួលពពោះជំនួសជនបរទេសផងដែរ។

លោក ស្រី សាខឿន សាវ៉ាឌី មន្រ្តីទទួលបន្ទុកផ្នែកច្បាប់នៃក្រសួងកិច្ចការនារី  បានផ្តល់បទសម្ភាសន៍ឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃនេះដែរថា   ក្រសួងកិច្ចការនារីកំពុងតែប្រជុំពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធដើម្បីធ្វើយ៉ាងណាឱ្យច្បាប់នេះចេញមកមានប្រសិទ្ធភាពល្អប្រសើរ។ តែទោះបីជាយ៉ាងនេះក្តីលោកស្រី សាខឿន សាវ៉ាឌី មិនទាន់អាចប្រាប់បានទេថាសេចក្តីព្រាងច្បាប់នេះនឹងបញ្ចប់នៅពេលណានៅទ្បើយនោះទេ។«ពេលដែលក្រសួងពីរនឹងបានសម្រេចហើយវាមានការប្រជុំការងារផ្ទៃក្នុងតូចមួយទៀតវាមានក្រសួងពាក់ព័ន្ធសំខាន់ៗដូចជាក្រសួងសុខាភិបាល ក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អីហ្នឹងត្រូវចូលរួមប្រជុំមួយសារទៀតដើម្បីឯកភាពគ្នាហើយសុំទៅក្រុមប្រឹក្សាអ្នកច្បាប់ត្រួតពិនិត្យទៀត»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌មិនអាចទាក់ទងបានទេនៅថ្ងៃនេះ។

គួរជម្រាបថាកាលពីអំទ្បុងខែវិច្ឆិកា ឆ្នំា២០១៦ អាជ្ញាធរបានឃុំខ្លួនស្រ្តីជនជាតិអូស្រ្តាលី និងបក្សជនជាតិខ្មែរពីរនាក់ ដែលបានបើកក្លីនិចផ្តល់សេវាពពោះជំនួសនៅកម្ពុជា។ ជនជាតិដែលនិយមទិញសេវាពពោះជំនួសនៅកម្ពុជានេះ រួមមានជនជាតិអូស្រ្តាលី ជនជាតិអាមេរិក ជនជាតិកាណាដា ក្រៅពីនោះក៏មានជនជាតិចិនផងដែរ។

បើតាមលោកស្រ្តីជូ ប៊ុនអេង ពន្យល់ថាវិធីពពោះជំនួស មានពីររបៀប។ របៀបទីមួយ គេយកអំព្រីយ៉ុងដាក់ក្នុងមេជីវិតឈ្មោល ញី ហើយ យកមកផ្ញើរនៅក្នុងពោះស្រ្តី និងទីពីរ គេយកមេជីវិតបុរសដាក់បញ្ចូលក្នុងមេជីវិតស្រ្តី រហូតដល់ពេលកើត គឺ ៩ខែ ១០ថ្ងៃ៕

 

បញ្ចេញមតិ

Be the First to Comment!

avatar

ព័ត៌មានទាក់ទង

អង្គការ​បន្ទាយស្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ​វេទិកា​ស្ដី​ពី​សិទ្ធិ​ស្ដ្រី​ និង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​

អង្គការ​បន្ទាយ​ស្ដ្រី​ ខេត្ដសៀមរាប​ បាន​រៀបចំ[...]

ស្ដ្រី​បម្រើ​តាម​ផ្ទះ​ សង្ឃឹមថា​ ការ​អំពាវនាវ​របស់​នាយក​រដ្ឋមន្ដ្រី​ នឹង​ធ្វើ​ឲ្យ​ពួក​គេ​ទទួល​បាន​ប្រាក់​ឈ្នួល​សមរម្យ​

ស្ដ្រី​បម្រើ​តាម​ផ្ទះ​ បង្ហាញ​ក្ដី​សង្ឃឹមថា​ [...]

សម្ដេច​ ហ៊ុន​ សែន​ អំពាវនាវ​ឲ្យ​ម្ចាស់ផ្ទះ​ផ្ដល់​ប្រាក់​ឈ្នួល​ ឲ្យ​បាន​ខ្ពស់​ដល់​ស្ដ្រី​បម្រើ​ការ​តាម​ផ្ទះ​

ក្នុង​ឱកាស​ នៃ​ពិធី​ជួប​សំណេះសំណាល់​ជាមួយ​កម្[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត