loader

ស្ថានភាពនៃការប្រឆាំងនឹងកូវីដ-១៩នៅកម្ពុជា ប្រៀបធៀបនឹងស្ថានភាពនៅបរទេស

ស្ថានភាពទាក់ទងនឹងកូវីដ-១៩នៅតែជាបញ្ហាក្ដៅសម្រាប់ពិភពលោក ខណៈដែលអង្គការសុខភាពពិភពលោកទទូចឱ្យប្រទេសនានាទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ចាក់ឱ្យប្រជាពលរដ្ឋ។

យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោក ស្ថានភាពសាកលទាក់ទងនឹងកូវីដ-១៩ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា ការឆ្លងសរុបជិត២៣២លានករណី ក្នុងចំណោមនេះ ការស្លាប់សរុបមាន៤,៧លានករណី រីឯការចាក់វ៉ាក់សាំងមានជិត៥ ៩២៥លានដូស គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ ការឆ្លងក្នុងរយៈពេល២៤ម៉ោងចុងក្រោយគឺមានជាង២៨៦ពាន់ករណី។

តំបន់ដែលមានការឆ្លងច្រើនជាងគេគឺទ្វីបអាមេរិក (ជាង៨៩លានករណី) ទ្វីបអឺរ៉ុប (ជាង៦៩លានករណី) តំបន់អាស៊ីអាគ្នេយ៍ (ជិត៤៣លានករណី) តំបន់ខាងកើតសមុទ្រម៉េឌីទែរ៉ាណេ (ជិត១៦លានករណី) តំបន់ខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក (ជាង៨លានករណី) និងទ្វីបអាហ្វ្រ៊ិក (ជាង៦លានករណី)។

ប្រទេសដែលមានការឆ្លងច្រើនជាងគេគឺសហរដ្ឋអាមេរិក (ជាង៤២,៥លានករណី) ឥណ្ឌា (ជិត៣៤លានករណី) ប្រេស៊ីល (ជាង២១លានករណី) អង់គ្លេស (ជិត៨លានករណី) រុស្ស៊ី (ជាង៧លានករណី) និងទួកគី (ជាង៧លានករណី)។

យោងតាមស្ថិតិរបស់អង្គការសុខភាពពិភពលោកដដែល ស្ថានភាពនៅកម្ពុជាទាក់ទងនឹងកូវីដ-១៩ គិតត្រឹមថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២១ បង្ហាញថា ការឆ្លងសរុបមាន១០៩ ០៨៧ករណី ក្នុងចំណោមនោះ ការស្លាប់សរុបមាន២ ២៤៣ករណី។ ទិន្នន័យនេះទាបជាងទិន្នន័យរបស់ក្រសួងសុខាភិបាលកម្ពុជាបន្តិចបន្តួច ដោយសារអង្គការសុខភាពពិភពលោកគិតតាមម៉ោងនៅអឺរ៉ុប ដែលដើរយឺតជាងម៉ោងនៅកម្ពុជា។ រីឯវ៉ាក់សាំងដែលត្រូវបានចាក់មានសរុបជិត២២លានដូស ក្នុងនោះការចាក់លើទី៣ធ្វើបាន៨៦៩ ៦៨០ដូស បើគិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។ បើគិតជាភាគរយ កម្ពុជាបានចាក់វ៉ាក់សាំងកូវីដ-១៩ លើពលរដ្ឋចំនួនជាង៨២ភាគរយនៃពលរដ្ឋសរុប ក្នុងនោះអ្នកចាក់បាន២ដូសមានចំនួនជិត១១លាននាក់ និងអ្នកចាក់ដូសទី៣មានចំនួន៨៦៩ ៦៨០នាក់។ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ការឆ្លងគឺមាន៨៦៦ករណី រីឯការស្លាប់វិញមាន២៦ករណី។

វិធានការបង្ការនានាដែលត្រូវបានអនុវត្តនៅលើពិភពលោក ក៏ដូចជានៅកម្ពុជាដែរ រួមមាន៖ ១) ការពាក់របាំងការពារមុខមាត់ ២) ការបិទសាលារៀន ឬការបើកសាលារៀនដោយមានវិធានការបង្ការសមស្រប ៣) ការបិទអាជីវកម្មឬការិយាល័យ ឬការបើកអាជីវកម្មឬការិយាល័យដោយមានវិធានការបង្ការសមស្រប ៤) ការកំណត់ចំនួនឬការរឹតត្បិតការជួបជុំគ្នាជាសាធារណៈឬជាឯកជន ៥) ការរឹតត្បិតការធ្វើដំណើរក្នុងប្រទេស តាមរយៈការរឹតត្បិតសេវាដឹកជញ្ជូនសាធារណៈ និងការតម្រូវឱ្យស្នាក់នៅផ្ទះ ៦) ការរឹតត្បិតការធ្វើដំណើរជាអន្តរជាតិ តាមរយៈការហាមមិនឱ្យចេញចូល ឬតាមរយៈការអនុញ្ញាតឱ្យចេញចូលដែរ តែត្រូវធ្វើចត្តាឡីស័ក និងត្រូវឆ្លងកាត់ការពិនិត្យរកមេរោគ។ លក្ខណៈវិនិច្ឆ័យទាំង៦ចំណុចខាងលើត្រូវបានយកទៅប្រើ ដើម្បីវាស់វែងភាពតឹងរ៉ឺងនៃវិធានការសង្គមនិងសុខភាពសារធារណៈ នៅតាមប្រទេសនីមួយៗ សម្រាប់បង្ការការចម្លងកូវីដ-១៩។

បន្ថែមពីលើវិធានការទាំងនោះ ការចាក់វ៉ាក់សាំងឬថ្នាំបង្ការកូវីដ១៩ ត្រូវបានគេចាត់ទុកថា«ចាំបាច់» ដើម្បីកាត់បន្ថយភាពដុនដាបនៃសភាពជំងឺ ក៏ដូចជាកាត់បន្ថយមរណៈភាពរបស់អ្នកជំងឺ។ ប៉ុន្តែ បញ្ហាស្ថិតនៅលើប្រសិទ្ធភាពនៃវ៉ាក់សាំងនីមួយៗ។ អង្គការសុខភាពពិភពលោកជឿថា ការទទួលបានដោយសមធម៌នូវវ៉ាក់សាំង ដែលមានសុវត្ថិភាពនិងដែលមានប្រសិទ្ធភាព គឺជារឿងចាំបាច់ ដើម្បីបញ្ចប់ជំងឺឆ្លងសាកលកូវីដ-១៩។ អង្គការនេះប្រាប់ថា ខ្លួនកំពុងធ្វើការដោយមិនខ្លាចនឿយហត់ជាមួយដៃគូនានា ដើម្បីអភិវឌ្ឍ ផលិត និងដាក់ឱ្យប្រើប្រាស់ថ្នាំបង្ការកូវីដ-១៩ ដែលមានទាំងសុវត្ថិភាព មានទាំងប្រសិទ្ធភាព។

រហូតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ បណ្ដាវ៉ាក់សាំងកូវីដ-១៩ ដែលអង្គការសុខភាពពិភពលោកអនុញ្ញាតឱ្យប្រើបន្ទាន់ បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃគុណភាពបឋម មានដូចជាវ៉ាក់សាំងរបស់ក្រុមហ៊ុន BioNTech Manufacturing ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Serum Institute of India ក្រុមហ៊ុន Janssen–Cilag International ក្រុមហ៊ុន Moderna Biotech ក្រុមហ៊ុន Beijing Institute of Biological Products និងក្រុមហ៊ុន Sinovac Life Sciences។

យោងតាមអង្គការសុខភាពពិភពលោក ការចាក់វ៉ាក់សាំងរួចពុំមានន័យថា អ្នកចាក់អាចធ្វេសប្រហែស ហើយធ្វើឱ្យខ្លួនឯង ឬអ្នកដទៃ ស្ថិតក្នុងការប្រឈមនឹងគ្រោះថ្នាក់ទេ ដោយហេតុថា ការស្រាវជ្រាវនៅតែបន្តធ្វើនៅឡើយ ទាក់ទងនឹងកម្រិតប្រសិទ្ធភាពទប់ទល់នឹងជំងឺ និងទប់ទល់នឹងការឆ្លង ក៏ដូចជាការចម្លង។ បច្ចុប្បន្ន អ្នកវិទ្យាសាស្ត្រអះអាងថា ថ្នាំបង្ការកូវីដ-១៩មានប្រសិទ្ធភាពក្នុងរយៈពេល៦ខែ បន្ទាប់ពីចាក់រួច។

អង្គការសុខភាពពិភពលោកទទូចឱ្យមានការផ្ដល់វ៉ាក់សាំងដោយយុត្តិធម៌និងដោយសមធម៌ និងឱ្យមានការធានាថា គ្រប់ប្រទេសទាំងអស់ទទួលបានវ៉ាក់សាំង ហើយអាចចាក់ឱ្យប្រជាពលរដ្ឋ ដោយចាប់ផ្តើមពីអ្នកដែលងាយរងគ្រោះបំផុត។ គិតត្រឹមថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ វ៉ាក់សាំងចំនួន៥,៤ពាន់លានដូស ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់១លើក លើប្រជាជន៤០ភាគរយនៃប្រជាជនសរុបក្នុងពិភពលោក។ ប្រជាពលរដ្ឋនៅក្នុងប្រទេសក្រីក្រទទួលបានការចាក់វ៉ាក់សាំងកូវីដ-១៩តិចតួចបំផុត។ មានប្រជាជននៅក្នុងប្រទេសដែលមានចំណូលទាបតែ១,៨ភាគរយប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងដូសដំបូង។ ដោយហេតុដូច្នេះហើយ ទើបអង្គការនេះអំពាវនាវថា ការចាក់វាក់សាំងដូសទី៣ ឬហៅម្យ៉ាងទៀតថាដូសជំរុញ គួរតែផ្ដល់ជាអាទិភាព ឱ្យក្រុមប្រជាពលរដ្ឋដែលប្រឈមនឹងគ្រោះថ្នាក់ជាងគេ នៅពេលណាមានភស្តុតាងអំពីការថមថយចុះនៃអង្គបក្ខដិបក្ខ ដែលមានតួនាទីរារាំងជំងឺធ្ងន់និងមរណភាព។ វ៉ាក់សាំងដូសទី៣នេះ បើតាមអង្គការសុខភាពពិភពលោក មិនត្រូវផ្ដល់ឱ្យអ្នកដែលនៅមានអង្គបក្ខដិបក្ខគ្រប់គ្រាន់ និងអ្នកមានសុខភាពល្អទេ៕

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

នៅឆ្នាំ២០៣០ ស្ត្រី និងកុមារ នឹងទទួលបានរបបអាហារប្រកបដោយសុខុមាលភាព និងសុវត្ថិភាព

នៅឆ្នាំ២០៣០ ពលរដ្ឋកម្ពុជា នឹងទទួលបានរបបអាហារប[...]

ខេមបូចារកឃើញករណីមន្ត្រីថ្នាក់លើបើកផ្លូវឱ្យអាជ្ញាធរយាយីអ្នកកាសែតពេលបំពេញការងារ

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា)ព[...]

នាយករដ្ឋមន្រ្តីផ្តួចផ្តើមគំនិតត្រៀមរៀបចំបើកប្រទេសឡើងវិញ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញគំនិត[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x