ទោះបីដឹងថាជាការងារ លំបាក ប្រលាក់ ហុយ ស្លៀកពាក់មិនស្អាតបាតដូចជានារីដទៃ តែអ្នកស្រី ជន ស្រីម៉ៅ នៅតែតស៊ូ ជម្នះរហូតបានក្លាយជាជាងចម្លាក់ថ្មដ៏ចំណានមួយរូប។ អ្នកស្រីបានបញ្ជាក់ថា ការងារចម្លាក់ថ្មភក់ ជាការងារដែលអ្នកស្រីស្រលាញ់ចេញពីបេះដូង ទើបអ្នកស្រីអាចធ្វើវាបាន។ អ្នកស្រីវ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
ផ្តើមចេញពីឧបនិស្ស័យពីកំណើត និងក្តីស្រលាញ់ផ្នែកចម្លាក់ថ្មតាំងពីវ័យក្មេងបានជំរុញឱ្យអ្នកស្រី ជន ស្រីម៉ៅ ក្លាយជាជាងចម្លាក់ថ្មភក់ដ៏ចំណានមួយរូប ប្រចាំនៅក្រុមហ៊ុនអាទីសង់អង្គរខេត្តសៀមរាប។ បើទោះបីជាការងារចម្លាក់ថ្មនេះ ជាការងារធ្ងន់ក៏ពិតមែន តែដោយសារ ចិត្តស្រលាញ់ចេញពីបេះដូង ទោះបីជាលំបាក ត្រូវប្រលាក់ ហុយ ត្រូវស្លៀកសម្លៀកបំពាក់មិនស្អាតដូចជានារីដទៃដែលបម្រើការងារផ្នែកផ្សេងយ៉ាងណាក៏ដោយ ក៏អ្នកស្រីនៅតែចិញ្ចឹមចិត្ត និងជម្នះតស៊ូរហូតបានក្លាយទៅជាអ្នកជំនាញចម្លាក់ថ្មមួយរូប ប្រចាំនៅសិប្បករអង្គរ។
អ្នកស្រី ជន ស្រីម៉ៅ៖«ខ្ញុំស្រលាញ់ ក៏ចេះតែប្រឹងប្រែងធ្វើ វគ្គខ្ញុំគេធ្វើហើយឈប់អស់ព្រោះធ្វើអត់កើតក៏ឈប់ពីមួយជំនាន់ទៅមួយជំនាន់នៅម្នាក់ ពីរនាក់ដល់ខ្ញុំចេះតែ ខិតខំតស៊ូៗមកវាមិនកើតមានអីទេ គឺស្រលាញ់ផង លុយអត់បានច្រើនទេ តែវាស្រលាញ់ការងារ ស្រលាញ់ហើយចង់ចេះខ្លាំង និងចង់ធ្វើម៉េចដើម្បីឱ្យកូនខ្មែរបន្តមុខរបរពីចាស់បុរាណមកកុំឱ្យបាត់បង់ ខ្ញុំគិតតែអញ្ជេះឯង!»។
អ្នកស្រី ជន ម៉ៅ មានស្រុកកំណើតនៅភូមិស្រិត ឃុំកន្រ្ទាំង ស្រុកបា្រសាទបាគង ខេត្តសៀមរាប។អ្នកស្រី ជន ស្រីម៉ៅ បានចាប់ផ្តើមមុខរបរជាជាងចម្លាក់នេះចាប់តាំងពីអាយុ១៩ឆ្នាំ ដំបូងឡើយអ្នកស្រីរំលឹកថា កាលពីនៅវ័យកុមារ អ្នកស្រីបានទៅលេងកម្សាន្តនៅប្រាសាទអង្គរវត្ត និងបានស្ទាបរូបចម្លាក់នៅតាមជញ្ជាំងប្រាសាទ ហើយក៏នឹកគិតថា ហេតុអ្វីបានជាចាស់បុរាណធ្វើរូបចម្លាក់ទាំងនេះកើត ។ អ្នកស្រីក៏គួចចិត្តស្រលាញ់ និងចង់ចេះលើជំនាញចម្លាក់នេះដែរ ស្របពេលជាមួយគ្នានោះ ក៏មានក្រុមហ៊ុនមួយជ្រើសរើសបុគ្គលិក ឱ្យចូលរៀនផ្នែកចម្លាក់នេះ អ្នកស្រីក៏បានដាក់ពាក្យជាប់និងរៀនសូត្រ ចាប់អាជីពលើការងារចម្លាក់រហូតមកដល់សព្វថ្ងៃនេះ ជិត៣០ឆ្នាំមកហើយ។
អ្នកស្រី ជន ស្រីម៉ៅ៖« ជាដំបូងដែលយើងស្រលាញ់ការងារចម្លាក់នេះ កាលក្មេងៗយើងដើរទស្សនាតាមប្រាសទា យើងឃើញរូបចម្លាក់ យើងស្រលាញ់ ចេះតែលួចសរសើរចាស់ៗបុរាណសម័យមុន ហេតុអីក៏គាត់ធ្វើកើត យើងស្រលាញ់ហើយចាប់អារម្មណ៍ខ្លាំង មិនដឹងរៀនម៉េចនឹងធ្វើកើត ឃើញហើយស្រលាញ់ ក៏ដូចជា ជាប់ក្នុងចិត្ត បេះដូងយើងស្រលាញ់ ក្តីស្រម៉ៃយើងចង់ចេះ រហូតដល់ខ្ញុំ បានចូលធ្វើការ »។
លើការងារចម្លាក់នេះសូម្បីតែពេលសម្រាន្ត ក៏ស្ត្រីវ័យ៤៦ឆ្នាំរូបនេះ គិតអំពីការដាប់ឱ្យចេញជា មុខមាត់ ជារូបរាង របស់រូបចម្លាក់នោះដែរ។
អ្នកស្រី ជន ស្រីម៉ៅ ៖« សូម្បីតែដេក ក៏ខ្ញុំគិតដែរ ថាធ្វើម៉េចឱ្យចេញជាមុខ ចេញមាត់ ម៉េចក៏លោកគ្រូ អ្នកគ្រូធ្វើកើត យើងស្រលាញ់ យើងចេះប្រឹងប្រែង ឈ្វេងយល់ ថាគេដាប់ម៉េចបានចេញ ដល់ពេលយើងធ្វើៗទៅ យើងមានអារម្មណ៍មួយចង់ចេះ យើងធ្វើបាន ធ្វើបានម្តងបន្តិចៗ វាមិនទាន់ស្អាតទេ តែយូៗទៅចេះតែច្នៃ វាបានស្អាត ស្រដៀង សុទ្ធ ចាប់អារម្មណ៍ថាការងារនេះយើងស្រលាញ់ចេះពីបេះដូង យើងអាចធ្វើបាន!»។
ចម្លាក់ដែលអ្នកស្រីធ្វើតាមភ្ញៀវដែលបានកម្ម៉ង់ មានដូចជាផ្ទាំងរូបអប្សរាអង្គរ ផ្ទាំងទាហាន នៅតាមប្រាសាទអង្គរវត្ត រូបដឹកជញ្ជូនស្បៀង និងស្រីគ្រប់លក្ខណ៍ជាដើម។ អ្នកស្រី ជន ស្រីម៉ៅ សង្កត់ធ្ងន់ថា ការងារចម្លាក់ មិនបានប្រកាន់ថា ជាការងារមនុស្សប្រុស ឬក៏ស្រីឡើយ សំខាន់ឱ្យតែការងារដែលស្រលាញ់ចេញពីបេះដូង ទោះបីការងារនោះលំបាកក៏នៅតែអាចពុះពារធ្វើបាន៕