ស្ដ្រីរងគ្រោះដោយការបោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិន នៅតែបន្ដរង់ចាំ យុត្ដិធម៌ពីរាជរដ្ឋាភិបាល បើទោះបីជារឿងរ៉ាវនេះបានកន្លងហួសមួយឆ្នាំជាងទៅហើយក្ដី។
ស្ត្រីរងគ្រោះម្នាក់មកពីខេត្តព្រៃវែងអះអាងថា នាងបានដាក់ពាកបណ្ដឹង អស់រយៈពេលមួយឆ្នាំជាងទៅហើយ ក្រោយពីនាងបានរួចពីការជួញដូរទៅបម្រើផ្លូវភេទនៅប្រទេសចិន ប៉ុន្ដែរហូតមកដល់ពេលនេះ យុត្ដិធម៌ដែលនាងរំពឹងទុក នៅតែមិនទាន់ទទួលបាននៅឡើយទេ។
ស្រី្ដរងគ្រោះម្នាក់ រស់នៅក្នុងខេត្ដព្រៃវែង ឃុំកំចាយមា ឱ្យដឹងថា នាងត្រូវបានមេខ្យល់បោកបញ្ឆោតយកទៅរៀបការជាមួយបុរសជនជាតិចិន ដោយកុហកថានឹងរកការងារល្អឱ្យធ្វើ ហើយបានប្រាក់ខែច្រើនផង។
ស្ត្រីរងគ្រោះ ដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានថ្លែងប្រាប់វិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៥ បន្ថែមថា នាងមិនត្រឹមតែមិនបានទទួលការងារល្អ ប្រាក់ខែច្រើន ដូចដែលមេខ្យល់ប្រាប់នោះទេ បែរជាត្រូវមេខ្យល់យកទៅលក់ឱ្យធ្វើជាប្រពន្ធរបស់បុរសជនជាតិចិនទៅវិញ។
នាងបានថ្លែងពីសេចក្ដីទុក្ខលំបាកថា បន្ទាប់ពីត្រូវបានគេលក់ទៅ នាងតែងតែត្រូវ បុរសចិនធ្វើបាបស្ទើររាល់ថ្ងៃ ព្រោះតែនាងមិនព្រមរួមរស់ជាមួយបុរសចិននោះ។
ដោយសារតែក្ដីលំបាកនេះហើយ ទើបបណ្ដាលឱ្យនាងសម្រេចចិត្ដព្យាយាមរត់ទៅរកអន្ដរាគមន៍ពីមន្ដ្រីទូតខ្មែរប្រចាំនៅប្រទេសចិន ជាច្រើនលើកច្រើនសារ ទម្រាំបានរួចផុតពីបុរសជនជាតិចិននោះ។
នាងបន្ថែមថា៖ «មានរឿងកើតឡើងច្រើន ដោយសារខ្ញុំមិនព្រមរស់នៅជាមួយគេ អញ្ចឹង គេខឹងវាយធ្វើបាបខ្ញុំរាល់ថ្ងៃ។ អញ្ចឹងទៅ ខ្ញុំក៏បានរត់ទៅរកស្ថានទូតខ្មែរប្រចាំនៅ ទីក្រុង សៀងហៃ ប្រចាំនៅចិន ពីរ បីដង ដែរតែមន្ដ្រីស្ថានទូតជួយមិនទាន់គេចេះតែចាប់ខ្ញុំមកវិញរហូត»។
ជាមួយគ្នានេះដែរក្រោយពីបានមកដល់កម្ពុជាវិញ ស្ដ្រីរងគ្រោះខាងលើ បានដាក់ពាក្យបណ្ដឹងសុំឱ្យរាជរដ្ឋាភិបាល ក៏ដូចជាសង្គមស៊ីវិល ជួយស្វែងរកយុត្ដិធម៌សម្រាប់នាង ក៏ដូចជាស្ដ្រីរងគ្រោះជាច្រើនទៀត ដែលត្រូវមេខ្យល់រូបនោះនាំយកទៅលក់ឱ្យធ្វើជាទាសករផ្លូវភេទនៅឯបរទេស។
ទាក់ទងបញ្ហានេះ អនុប្រធានកម្មវិធីផ្នែកសិទ្ធិស្ត្រី និងកុមារ នៃសមាគមអាដហុក លោកស្រី លឹម មុន្នី បានមានប្រសាសន៍ ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMC ថា នាពេលកន្លងទៅថា ស្ដ្រីនៅតែជួបបញ្ហាប្រឈមពីការជួញដូរផ្លូវភេទ និងកម្លាំងពលកម្ម ស្ថិតនៅក្នុងកម្រិតខ្ពស់នៅឡើយ ដែលនៅក្នុងនោះវាមានកត្ដាច្រើនរួមផ្សំ ជាហេតុធ្វើឱ្យស្ដ្រីសម្រេចចិត្ដចំណាកស្រុកដោយខុសច្បាប់។
លោកស្រី លឹម មុន្នី ក៏បានលើកឡើងដែរថា បញ្ហាការអនុវត្ដច្បាប់នៅកម្ពុជា មានលក្ខណៈអំពើពុករលួយច្រើន ហើយករណីខ្លះអាជ្ញាធដែនដីឃុបឃិតគ្នាជាដើម ដែលជាកត្ដានាំឱ្យស្រី្ដចំណាកស្រុកត្រូវរងគ្រោះ ដោយខ្លះក៏ត្រូវបានអាជ្ញាធជួយសង្គ្រោះ ទាំងអ្នកខ្លះមានសភាពស្ទើរឡប់អស់ទៅហើយ។
លោកស្រីមានប្រសាសន៍ដែរថា បើទោះបីជាស្ដ្រីរងគ្រោះ ត្រូបានជួយសង្គ្រោះមកហើយយ៉ាងណាក្ដី ក៏ស្ដ្រីមួយចំនួនធំ នៅតែមិនទាន់បានទទួលបានយុត្ដិធម៌ពីរឿងនេះនៅឡើយ ដែលជាហេតុធ្វើឱ្យស្ដ្រី ខ្លះក៏មានវិបត្ដិផ្លូវចិត្ដ រហូតដល់ធ្លាក់ខ្លួនឈឺថែមទៀត។
ជាអនុសាសន៍ លោកស្រី លឹម មុន្នី លើកឡើងថា មន្ដ្រីគួរតែរឹតបន្ដឹងការអនុវត្ដច្បាប់ ក្នុងការទប់ស្ដាត់ និងឈានទៅដល់ការញ្ឈប់បានការជួញដូរមនុស្សឱ្យបាន បើទោះបីជាមេខ្យល់មួយចំនួន មានទំនើបកម្ម មានគ្នាជាប្រព័ន្ធច្រើនយ៉ាងណាក្ដី។
លោកស្រីយល់ថា បើសិនជាការអនុវត្ដច្បាប់នៅតែមានលក្ខណៈពុករលួយ អាចធ្វើឲ្យជនរងគ្រោះ និងប្រជាពលរដ្ឋអាចនឹងបាត់ជំនឿ ហើយនិងមើលស្រាលទៅលើអ្នកអនុវត្ដច្បាប់។
លោកស្រីបន្ថែមថា«ឱ្យតែការអនុវត្ដច្បាប់មានប្រសិទ្ធភាព ខ្ញុំគិតថា វាអាចឈានទៅរកការកាត់បន្ថយ ឬបញ្ឈប់បាន។ សំខាន់ការអនុវត្ដច្បាប់ ហើយនៅក្នុងលក្ខណៈអនុវត្ដច្បាប់ហ្នឹង ត្រូវមើលថា ការអនុវត្ដច្បាប់នោះខ្វះពីអី ទើបមន្ដ្រីយើងអនុវត្ដទៅមិនបានគ្រប់ជ្រុងជ្រោយ»។
ឆ្លើយតបនឹងករណីនេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិដឹកនាំការបង្ក្រាបការជួញដូរ និងរត់ពន្ធមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងការកេងប្រវ័ញ្ចផ្លូវភេទលើស្ត្រី និងកុមារ លោកស្រី ជូ ប៊ុនអេង បានមានប្រសាសន៍ជាមួយវិទ្យុស្ដ្រី FM 102 នៃ WMC នៅថ្ងៃចន្ទ ទី២១ ខែធ្នូ ឆ្នាំ២០១៥ នេះថា លោកជំទាវបដិសេធនូវការលើកឡើងរបស់អង្កការសង្គមស៊ីវិលដែលថា ការចាប់មេខ្យល់ ដើម្បីស្វែងរកយុត្ដិធម៌ជូនជនរងគ្រោះមិនបានគឺបណ្ដាលមកពីរដ្ឋាភិបាលពុករលួយនោះគឺមិនពិតនោះទេ។
យ៉ាងនោះក្ដី លោកស្រី ជូ ប៊ុនអេង ទទួលស្គាល់ថា ក្រុមមេខ្យល់ពិតជាមានគ្នាជាប្រព័ន្ធច្រើនមែន ដែលជាការលំបាកសម្រាប់កំណត់អត្ដសញ្ញាណជនប្រព្រឹត្ដនោះ ទើបត្រូវការស្រាវជ្រាវរយៈពេលយូរ។
លោកស្រីបន្ថែមថា៖ «មូលហេតុត្រង់ពាក្យថា ឧក្រិដ្ឋជនមិនមែនឱ្យយើងចាប់បានងាយៗទេ ហើយពូកហ្នឹងជាបណ្ដាញជាមេខ្យល់ ដោយយើងអានិយាយបានពាកយថាមេខ្យល់ហ្នឹង មានពេលខ្លះគេទាក់ទងគ្នាតាមទួរស័ព្ទទេ ចឹងយើងអត់ដឹងថាពួកហ្នឹងនៅឯណា ចឹងយើងត្រូវការស្រាវជ្រាវ »។
តាមរបាយការណ៍របស់សមាគមការពារសិទ្ធិមនុស្សអាដហុក នៅក្នុងឆ្នាំ២០១៥ នេះ ឱ្យដឹងថាពាក្យបណ្ដឹងសរុប ដែលពលរដ្ឋខ្មែរចាញ់បោកមេខ្យល់ទៅក្រៅប្រទេស គិតត្រឹម ១០ ខែចុងក្រោយនេះ មានចំនួន ១១៨ ករណី ក្នុងនោះមានជនរងគ្រោះទាំងអស់ ៥២៨នាក់។
របាយការណ៍ឱ្យដឹងដែរថា ក្នុងចំណោមជនរងគ្រោះទាំងនោះ បុរសមានចំនួន ៣២២ នាក់ និង ស្ដ្រី ២០៦ នាក់។ របាយការណ៍អាដហុក ក៏បានឱ្យដឹងផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ការជួញដូរផ្លូវភេទ នៅមានការកើនឡើងខ្ពស់ គឺជារឿងដែលគួរឱ្យព្រួយបារម្ភបំផុតសម្រាប់ស្ដ្រីខ្មែរ។
យោងទៅតាមរបាយការណ៍ដែលចេញផ្សាយដោយសហរដ្ឋអាមេរិកឱ្យដឹងថា ការជួញដូរមនុស្សនៅប្រទេសកម្ពុជា នៅតែស្ថិតនៅក្នុងលំដាប់ដែលគួរតែតាមដាននៅឡើយ៕