loader

ស្ដ្រី​ខ្មែរ​ចាប់ផ្ដើម​ទៅ​បម្រើ​ការងារ​តាម​ផ្ទះ​ នៅ​ទីក្រុង​ហុងកុង​ ជា​លើក​ដំបូង​ហើយ​នៅ​ថ្ងៃនេះ​

​ភ្នំពេញ​ ៖​ ក្រសួង​ការងារ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២៧​ ខែធ្នូ​ នេះ​ បាន​បញ្ជូន​ស្ដ្រី​ បម្រើ​តាម​ផ្ទះ​ចំនួន​ ១៤​នាក់​ទៅ​កាន់​ទីក្រុង​ហុងកុង​ ប្រទេស​ចិន​ ដែល​ជា​ការ​ចាប់ផ្ដើម​ជា​លើក​ដំបូង​នៅ​ពេល​នេះ​។​ ក្រសួង​ការងារ​ បាន​អះអាង​ថា​ ការបញ្ជូន​ស្ត្រី​ខ្មែរ​ទៅ​ បម្រើ​ការងារ​តាម​ផ្ទះ​នេះ​ គឺ​មាន​យន្ដការ​និង​ អនុស្សរណៈ​យោគយល់​គ្នា​ច្បាស់លាស់​ទើប​រដ្ឋាភិបាល​អនុវត្ត​ដូចនេះ​។

​លោក​ លៀ​ ស៊ី​ណា​ រាយការណ៍​៖​

 

លោក ងុយ រិទ្ធ អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ប្រភពរូបភាព WMC/FM102

 

​ស្ដ្រី​ខ្មែរ​ ទាំង​ ១៤​នាក់​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ទីក្រុង​ហុងកុង​ ក្រោយ​ពី​ពួក​គេ​បាន​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល​រយៈពេល​ ៣​ខែ​ ពី​ការ​អនុវត្ដ​ការងារ​ ជា​ជំនួយការ​មេផ្ទះ​។​

​លោក​ ងុ​យ​ រិ​ទ្ធ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​អាកា​យានដ្ឋាន​អន្ដរជាតិ​ភ្នំពេញ​ មុន​ពេល​នាំ​កម្មការិនី​ ចេញ​ទៅ​ទីក្រុង​ហុងកុង​ថា​ ស្ដ្រី​ខ្មែរ​ ដែល​ទៅ​បម្រើ​ការងារ​ នៅ​ទីក្រុង​ហុងកុង​នេះ​ គឺ​មាន​រយៈពេល​ ២​ឆ្នាំ​ ហើយ​អាច​បន្ដ​កិច្ចសន្យាការងារ​បន្ដ​ទៀត​ ប្រសិនបើ​និយោជក​ ក៏​ដូច​ជា​កម្មការិនី​ ពេញចិត្ដ​ធ្វើការ​បន្ដ​ទៀត​។​ លោក​បាន​បន្ថែម​ទៀត​ថា​ ពល​ការិនី​ដែល​ទៅ​កាន់​ទីក្រុង​ហុងកុង​នេះ​ ពួក​គេ​នឹង​ទទួល​បាន​ប្រាក់បៀវត្ស​ចំនួន​ ៥៧០​ដុល្លារ​ក្នុង​មួយ​ខែ​ រួម​ផ្សំ​នឹង​អត្ថប្រយោជន៍​ផ្សេងៗ​ រាប់​ទាំង​ការ​ស្នាក់​នៅ​ និង​គ្រោះថ្នាក់​ការងារ​។​

​តាម​អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ នៃ​ក្រសួង​ការងារ​ មូលហេតុ​ ដែល​ក្រសួង​អនុញ្ញាត​ឲ្យ​មានការ​ប​ញ្ជូ​ល​ពល​ការិនី​ ទៅ​ទីក្រុង​ហុងកុង​ ពីព្រោះ​ទីនោះ​មានការ​អនុវត្ដ​ច្បាប់​តឹងរ៉ឹង​ ដែល​មុន​ពេល​អនុញ្ញាត​ឲ្យ​និយោជក​ទទួលយក​ពលករ​បរទេស​ទៅ​ធ្វើការ​ គឺ​អាជ្ញាធរ​របស់​ទីក្រុង​នេះ​ បាន​តម្រូវ​ឲ្យ​និយោជក​ មានការ​តម្កល់​ប្រាក់​ និង​រៀបចំ​ទីកន្លែង​សម​ស្រប​ សម្រាប់​ពលករ​បរទេស​ត្រឹមត្រូវ​មុន​ទទួល​បាន​ពលករ​ និង​មួយវិញទៀត​ទីក្រុង​ហុងកុង​ បាន​ផ្ដល់​សិទ្ធិ​ដល់​ពលករ​ក្រៅប្រទេស​ ដូចនឹង​ពលរដ្ឋ​របស់​គេ​ដែរ​។​

​លោក​ ងុ​យ​ រិ​ទ្ធ​ ៖«​ច្បាប់​របស់​ហុងកុង​ គឺ​ផ្ដល់​សិទ្ធិ​សេរីភាព​ ហើយនឹង​ការ​ការពារ​ពលករ​បរទេស​ហ្នឹង​ ដូច​ពលករ​របស់​ហុងកុង​ហ្នឹង​ ហើយ​ពលករ​របស់​ប្រទេស​ដទៃ​ គឺ​មាន​សិទ្ធិ​ស្នើ​គ្នា​ គឺ​ដូច​គ្នា​ មិន​ខុស​គ្នា​ទេ​»​។​

​ជាមួយ​គ្នា​នេះ​ អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​ការងារ​ បន្ដ​ថា​ ក្រសួង​នឹង​ធ្វើការ​បញ្ជូន​ពល​ការិនី​ទៅ​កាន់​ទីក្រុង​ហុងកុង​ មួយ​លើក​ទៀត​នា​ពេល​ខាង​មុខ​។​

​ជុំវិញ​រឿង​នេះ​ អ្នកស្រី​ អ៊ុំ​ ណា​រ័​ត្ន​ ភ្នាក់ងារ​ផ្សព្វផ្សាយ​ជ្រើ​រើស​ពលករ​ របស់​ក្រុមហ៊ុន​ អេ​លី​ត​ មេន​ផា​វ័​រ​ អេ​ជិន​ស៊ី​ ដែល​មាន​ពល​ការិនី​ចំនួន​ ៦​នាក់​ ក្នុង​ចំណោម​ពល​ការិនី​ ៨​នាក់​ផ្សេង​ទៀត​មក​ពី​ក្រុមហ៊ុន​ អ៊ឹ​ង​រិ​ទ្ធី​គ្រុប​ បាន​និយាយ​ថា​ ក្រុមហ៊ុន​ គឺ​មានការ​ធានា​ ១០០​ភាគរយ​ពី​សុវត្ថិភាព​របស់​ស្ដ្រី​ខ្មែរ​ ដែល​ទៅ​បម្រើ​ការងារ​នៅ​ទីក្រុង​ហុងកុង​ ដែល​នឹង​មិន​មាន​បញ្ហា​ប្រឈម​ដូច​ការ​ដែល​ស្ដ្រី​ទៅ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ទេ​។​

​អ្នកស្រី​ អ៊ុំ​ ណា​រ័​ត្ន​៖«​ចា​ លក្ខណៈ​ពិសេស​នៅ​ខាង​ហុងកុង​គឺ​ល្អ​ជាង​ម៉ា​ឡេ​ស៊ី​ ដោយសារ​ឯកសារ​ទាំងអស់​ ក្រុមហ៊ុន​ទុក​ឲ្យ​នូវ​ដៃ​យើង​អ្នក​កាន់​ផ្ទាល់​ ហើយ​ទៅ​ដល់​នោះ​មានច្បាប់​ការងារ​ឲ្យ​យើង​ឈប់​១​ខែ​ ៤​ថ្ងៃ​ ហើយ​ទៅ​ដល់​គេ​បើក​សិទ្ធិ​ឲ្យ​យើង​ទាក់ទង​មក​ក្រុម​គ្រួសារ​ជា​រឿង​រាល់ថ្ងៃ​»​។​

អ្នកស្រី អ៊ុំ ណារ័ត្ន ភ្នាក់ងារផ្សព្វផ្សាយជ្រើរើសពលករ របស់ក្រុមហ៊ុន អេលីត មេនផាវ័រ អេជិនស៊ី ប្រភពរូបភាព WMC/FM102

 

​ដូច​គ្នា​នេះ​ដែរ​ កញ្ញា​ សេង​ ផាត់​តា​ម៉ា​ បុគ្គលិក​ទទួល​បន្ទុក​ផ្នែក​ធនធានមនុស្ស​ ក្រុមហ៊ុន​ អ៊ឹ​ង​រិ​ទ្ធី​គ្រុប​ បា​និយាយ​ថា​ ការ​ចេញ​ទៅ​ធ្វើ​ការងារ​នៅ​ទីក្រុង​ហុងកុង​របស់​ស្ដ្រី​ខ្មែរ​នា​ពេល​នេះ​ កញ្ញា​ជឿជាក់​ថា​ នឹង​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ទេ​ ព្រោះ​ក្រុមហ៊ុន​កញ្ញា​ បាន​រៀបចំ​ឯកសារ​ជាក់លាក់​ ដែល​មានការ​ដឹង​ឮ​ គ្រប់​ភាគី​ មិន​ថា​ ក្រសួង​ការងារ​កម្ពុជា​ ក៏​ដូច​ជា​អាជ្ញាធរ​នៃ​ទីក្រុង​ហុងកុង​។​

​កញ្ញា​ សេង​ ផាត់​តា​ម៉ា​ ៖«​ចំពោះ​ទីផ្សារ​ទៅ​ហុងកុង​នេះ​ ខ្ញុំ​ជឿជាក់​ថា​ នឹង​មិន​មាន​បញ្ហា​អី​កើតឡើង​ទេ​ ដោយសារ​តែ​យើង​បាន​រៀបចំ​នៅ​ច្បាប់​ក៏​ដូច​ជា​ លក្ខខណ្ឌ​កិច្ចសន្យា​ទាំង​ខាង់យើង​ក៏​ដូច​ជា​នៅ​ខាង​ហុងកុង​ដែរ​ ហើយ​ជា​ពិសេស​ក៏​មានការ​ត្រួតពិនិត្យ​ពី​ក្រសួង​ការងារ​ដែរ​ ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​អត់​មាន​ទេ​»​។​

កញ្ញា សេង ផាត់តាម៉ា បុគ្គលិកទទួលបន្ទុកផ្នែកធនធានមនុស្ស ក្រុមហ៊ុន អ៊ឹងរិទ្ធីគ្រុប ប្រភពរូបភាព WMC/FM102

ការ​អះអាង​របស់​កញ្ញា​ ផាត់​តា​ម៉ា​ ដូចនេះ​ ពីព្រោះ​ក្រុមហ៊ុន​ អ៊ឹ​ង​រិ​ទ្ធី​គ្រុប​ ទើបតែ​បាន​បញ្ជូន​ពល​ការិនី​បម្រើ​តាម​ផ្ទះ​ទៅ​កាន់​ទីក្រុង​ហុងកុង​កាលពី​ប៉ុន្មាន​ខែ​មុន​ ដែល​កញ្ញា​បញ្ជាក់​ថា​ ពួក​គេ​គ្មាន​បញ្ហា​ប្រឈម​អ្វី​កើតឡើង​នោះ​ទេ​។​

​ក្នុង​បទ​សម្ភាស​កន្លង​មក​ ជាមួយ​វិទ្យុ​ស្ត្រី​ អ្នកនាំពាក្យ​ក្រសួង​ការងារ​ បាន​ប្រាប់​ថា​ ក្រុង​ហុងកុង​ត្រូវការ​កម្លាំង​ពលករ​ពី​ប្រទេស​ផ្សេងៗ​ មក​បម្រើ​ការងារ​ជា​ស្ត្រី​មេផ្ទះ​ ចំនួន​ មួយ​ពាន់​នាក់​ ៕​

ព័ត៌មានទាក់ទង

ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្សា​ផ្លូវភេទ​នៅ​កម្ពុជា​ឈ្នះ​រង្វាន់​ប្រាក់​ជិត​ ១​ សែន​ដុល្លារ

ក្រុម​ស្រាវជ្រាវ​អំពី​ការ​ទប់ស្កាត់​អំពើ​ហិង្[...]

​អាជ្ញាធរ​បញ្ជូន​ស្រី្ត​ម្នាក់​ទៅ​តុលាការ​ករណី​ជះ​ទឹក​អាស៊ីត​លើ​ស្វាមី​សង្ស័យ​ប្រចណ្ឌ

អាជ្ញា​ធរមាន​សមត្ថកិច្ច​សម្រេច​ប​ញ្ចូ​ន​ស្ត្[...]

អាណាព្យាបាល​ កាន់តែ​បារម្ភ​ពី​សុវត្ថិភាព​កូនៗ​ បន្ទាប់​ពី​មាន​ករណី​រំលោភ​ ហើយ​សម្លាប់​កុមារី​ អាយុ​ ០៥​ឆ្នាំ​

អាណាព្យាបាល​ ដែល​មានកូន​ស្រី​តូចៗ​ បាន​បង្ហាញ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត