ក្រោយពីអ្នកស្រី អេង សុខា ជាប់ឃុំពីបទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ អ្នកស្រី ង៉ែត ឃុន ឬគេស្គាល់ថាជាយាយម៉ាំមី សកម្មជនដីធ្លីបឹងកក់ តែងតែទៅសួរសុខទុក្ខកូនក្នុងពន្ធនាគារ ដោយបារម្ភពីស្ថានភាពជំងឺប្រចាំកាយកូន ទោះបីពន្ធនាគារ មិនទាន់អនុញ្ញាតឱ្យក្រុមគ្រួសារចូលជួបនៅឡើយ។ កញ្ញា កែវ សុជាតា រាយការណ៍
អ្នកស្រី អេង សុខា ជាសកម្មជនស្ដ្រីដែលសកម្មក្នុងការចូលរួមសកម្មភាពតវ៉ានានារបស់សកម្មជនដីធ្លីសកម្មជនបរិស្ថាន និងអ្នកនយោបាយ ត្រូវជាប់ឃុំខ្លួនក្នុងពន្ធានាគារព្រៃស ក្រោមបទចោទ «បំផ្លាញទ្រព្យសម្បត្តិសាធារណៈ» ក្នុងអំឡុងពេលអ្នកស្រីស្រែកទាមទារយុត្តិធម៌ជូនម្ដាយខ្លួន។
អ្នកស្រី ង៉ែត ឃុន សកម្មជនដីធ្លីបឹងកក់ និងជាម្ដាយអ្នកស្រី អេង សុខា ប្រាប់វិទ្យុស្ដ្រីនៅថ្ងៃទី៧ ខែកុម្ភៈថា រយៈពេលមួយសប្ដាហ៍ដែលកូនអ្នកស្រីជាប់ឃុំខ្លួនក្នុងពន្ធនាគារព្រៃស ហើយមកដល់ពេលនេះអ្នកស្រីនៅមិនទាន់បានជួបកូននៅឡើយ។ តាំងពីកូនជាប់ឃុំ ជារៀងរាល់ថ្ងៃ អ្នកស្រី ឃុន ដែលមានវ័យ ៨៤ឆ្នាំ តែងតែធ្វើដំណើរទៅពន្ធនាគារព្រៃស ដើម្បីយកម្ហូបអាហារទៅឱ្យកូន ប៉ុន្តែរបស់ទាំងនោះបានត្រឹមតែផ្ញើរតាមមន្ត្រីពន្ធនាគារប៉ុណ្ណោះ ដោយពន្ធនាគារមិនទាន់អនុញ្ញាតឱ្យអ្នកស្រីជួបកូនស្រីបានឡើយ។
ស្ដ្រីវ័យចំណាស់រូបនេះលើកឡើងថា មូលហេតុដែលពន្ធនាគារ មិនទាន់អនុញ្ញាតឱ្យអ្នកស្រីជួបកូនស្រី ដោយសារការឃុំខ្លួននេះមិនទាន់គ្រប់ ១៥ថ្ងៃ។ ម្យ៉ាងវិញទៀតហេតុផលដែលអ្នកស្រីជារៀងរាល់ថ្ងៃតែងតែទៅពន្ធនាគារ ដោយសារបារម្ភពីបញ្ហាជំងឺកូនស្រី ពីព្រោះអ្នកស្រី សុខា មានស្មារតីមិនល្អយូរហើយ តែងមានអាការៈប្រកាច់ម្ដងៗ ហើយជាពិសេសកូនស្រីខ្លួនថែមទាំងមានកូនតូចៗនៅក្នុងបន្ទុកផងដែរ។
អ្នកស្រី ង៉ែត ឃុន និងកូនស្រី អេង សុខា។
អ្នកស្រី ង៉ែត ឃុន៖ «អារម្មណ៍ខ្ញុំខ្លាចវាប្រកាច់ វាមានសតិអារម្មណ៍អត់សូវស្រួលផង យូរៗវាប្រកាច់ម្ដងៗអ៊ីចឹង ខ្ញុំចេះតែភ័យបារម្ភអ៊ីចឹងណាក្មួយ ហើយដល់ទៅគេអត់ឱ្យជួប ហើយខ្ញុំចេះតែផ្ដាំគេឱ្យជួយមើលអ៊ីចឹង។ ខ្ញុំខ្លាចតែវាប្រកាច់ ជួនអីវានិយាយជាមួយយើង ត្រូវប្រកាច់ ប្រកាច់យកទៅម៉ង ពុងហូបបាយក៏មានប្រកាច់ដែរ អត់មានអីសោះនិយាយជាមួយយើងធម្មតា ហូបបាយហូបអី អត់មានអីផងស្រាប់តែប្រកាច់ ហើយដល់អ៊ីចីងខ្ញុំខ្លាចត្រង់ហ្នឹងប្រកាច់អត់មានអ្នកមើល ខ្ញុំខ្លាចក្រែងវាស្លាប់អីធ្វើម៉េចទៅខ្ញុំបារម្ភអ៊ីចឹងណាក្មួយ»។
សកម្មជនដីធ្លីរូបនេះថា នៅពេលដែលកូនស្រីខ្លួនមិនទាន់ជាប់ឃុំ ពេលជំងឺប្រកាច់នេះធ្វើទុកម្ដងៗ មានវត្តមានអ្នកស្រីនៅក្បែរចាំជួយមើលថែ តែឥលូវនៅក្នុងពន្ធនាគារ មិនដឹងមន្ត្រីពន្ធនាគារយកចិត្តទុកដាក់ដិតដល់លើកូនខ្លួនដែរឬទេ?
អ្នកស្រី ង៉ែត ឃុន៖ «ហេតុអីខ្ញុំសុំទៅជួបកូនគេមិនឱ្យជួប តើកូនខ្ញុំហ្នឹងវាមានទោសអីធ្ងន់ធ្ងរ? វាអត់ទោសអីសម្រាប់កូនឱ្យធ្ងន់ធ្ងរណាស់ណានោះទេ បើតាមចិត្តរបស់ខ្ញុំមើលអ៊ីចឹងដូចអត់មានអី។ ចុះបើទោសគេវ៉ៃខ្ញុំបែកក្បាល ខ្ញុំទៅប្ដឹងគេ ដោយសារតែខ្ញុំហ្នឹងកូនខ្ញុំទៅទាមទារយុត្តិធម៌ បានត្រូវគេចាប់ហ្នឹង បើកូនខ្ញុំមិនទៅទាមទារយុត្តិធម៌ខាងពលរដ្ឋគេមានភស្ដុតាងទាំងអស់ ហើយគេវ៉ៃបែកក្បាល ហេតុអ្វីបានជាតុលាការមិនចាប់?»។
អ្នកស្រី អេង សុខា វ័យ ៣៧ឆ្នាំ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញចាប់ខ្លួនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ មុនចាប់ខ្លួនអ្នកស្រី អេង សុខា នៅថ្ងៃដដែលអ្នកស្រីសុខា បានផ្សាយផ្ទាល់លើបណ្ដាញសង្គមហ្វេសប៊ុកខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយនិយាយរិះគន់ការអនុវត្តរបស់តុលាការថាជារឿងអយុត្តិធម៌ចំពោះម្ដាយខ្លួន ដែលត្រូវគេវាយឱ្យរងរបួសក្បាល ក្នុងពេលតវ៉ារកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោកឧកញ៉ា ឡាវ ម៉េងឃីន ជាសមាជិកព្រឹទ្ធសភារបស់បក្សកាន់អំណាចដែលបានរំលោភយកដីធ្លីផ្ទះសម្បែងរបស់ពួកគាត់ កាលពីជាង ១០ឆ្នាំមុន។
ថ្វីត្បិតតែមន្ត្រីពន្ធនាគារ មិនទាន់អនុញ្ញាតឱ្យជួបក្ដី តែអ្នកស្រី ឃុន នៅតែបន្តទៅពន្ធនាគារព្រៃសជារៀងរាល់ថ្ងៃ។ ការបន្តទៅពន្ធនាគារនេះ ដោយអ្នកស្រីយល់ថា កូនស្រីខ្លួនត្រូវឃុំខ្លួនដោយអយុត្តិធម៌ ដោយសារឈឺចាប់ជំនួសអ្នកស្រីដែលជាម្ដាយត្រូវជនមិនស្គាល់ វាយរបួសក្បាល ក្នុងអំឡុងពេលតវ៉ាដីធ្លី ដែលករណីនេះកើតឡើងយូរហើយ តែតុលាការនៅមិនទាន់បានជំនុំជម្រះ ឬកាត់សេចក្ដីនៅឡើយ។
អ្នកស្រី ង៉ែត ឃុន៖ «សូមឱ្យលើកលែង អធ្យាស្រ័យឱ្យកូនខ្ញុំផង កូនខ្ញុំអត់ទោសអីធ្ងន់ធ្ងរទេ ខ្ញុំសុំឱ្យចង់ចេញមកក្រៅឃុំ បើថាដាក់ទោសកូនខ្ញុំ៣ខែ ដាក់ចុះ ប៉ុន្តែឱ្យកូនខ្ញុំចេញនៅក្រៅឃុំ អារម្មណ៍ខ្លាចតែវាប្រកាច់អត់អ្នកមើល ទទួលខុសត្រូវអ៊ីចឹងណា»។
វិទ្យុស្ដ្រីព្យាយាមទាក់ទងលោក ឃៀង សុណាឌីន អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ ជាច្រើនដង មកដល់រសៀលថ្ងៃទី៧ ខែកុម្ភៈនេះ មិនមានការឆ្លើយតបពីលោកនៅឡើយ។
ប៉ុន្តែលោក អ៊ី រិន្ទ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីកន្លងមកថា ការផ្សាយផ្ទាល់របស់អ្នកស្រី សុខា មិនមែនមកដើម្បីបញ្ចេញមតិនោះទេ គឺអ្នកស្រីមកបំផ្លិតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ដូច្នេះប្រសិនជាគ្រាន់តែផ្សាយផ្ទាល់លើបណ្ដាញសង្គមទាក់ទងនឹងការបញ្ចេញមតិ លោកថា គ្មានបទចោទប្រកាន់មកលើអ្នកស្រី អេង សុខា ឡើយ។
លោក អ៊ី រិន្ទ៖ «គ្រាន់តែLive វាមិនមាននេះអីទេ តែគាត់បានមកបំផ្លិតបំផ្លាញទ្រព្យសម្បត្តិរបស់តុលាការ ដូចជាវ៉ៃកញ្ចក់ព័ត៌មាន វ៉ៃអីហ្នឹងខ្ទេចខ្ចីអស់ ហើយនិងសម្ភារៈមួយចំនួនទៀត អ៊ីចឹងដូចជាគេចោទពីបទបង្កឱ្យខូចខាតដោយចេតនាទេ»៕
អត្ថបទដោយ៖ កញ្ញា ជា សុខនី