loader

សំណុំរឿងលោក កឹម សុខា រង់ចាំថ្ងៃជំនុំជម្រះ ខណៈស្ថានភាពនយោបាយចាប់ផ្ដើមប្រែប្រួល

ភ្នំពេញ៖ ចៅក្រមស៊ើបសួរលោកគឺឫទ្ធី បានសម្រេចបិទការស៊ើបសួរករណីលោក កឹម សុខា បន្ទាប់ពីបើសេរីភាពឱ្យអ្នកនយោបាយរូបនេះ អាចដើរហើរបានគ្រប់កន្លែងនៅក្នុងប្រទេសកម្ពុជា ។ ករណីនេះ កើតឡើងស្របពេលដែលអន្តរជាតិជាពិសេសគឺសហភាពអឺរ៉ុប ដែលអាចនឹងផ្ដាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ប្រសិនបើកម្ពុជាមិនឆ្លើយតបជាវិជ្ជមានក្នុងរយៈពេលមួយខែពាក់ព៏ន្ធទៅនឹងការស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។ ប្រធានស្ដីទីអតីតគណបក្សប្រឆាំងថា នេះដោយសារតែសម្ពាធជាតិ និងអន្តរជាតិ ។ តែយ៉ាងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ ថាសំណុំរឿងលោក កឹម សុខា ស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដែលដំណើរការទៅតាមច្បាប់ជាធរមាន ហើយករណីសម្រេចយ៉ាងណា គឺនៅលើចៅក្រម ។

រាយការណ៍ដោយ លោក សោម លាភ

កាលពីថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ ២០១៩ បន្ទាប់ពីអវត្តមានតាមការសន្យារបស់លោក សម រង្ស៊ី ដែលថានឹងវិលចូលកម្ពុជានៅថ្ងៃទី ៩ វិច្ឆិកា តុលាការកម្ពុជា បានបើកនូវសិទ្ធិសេរីភាពដើរហើរដល់លោក កឹម សុខា ទូទាំងប្រទេសកម្ពុជា ។ មកដល់ថ្ងៃទី១៤ វិច្ឆិកា សម្ដេច​ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសសម្រួលឱ្យមានការដោះលែងឱ្យនៅក្រៅឃុំចំពោះសកម្មជនដែលបានអាជ្ញាធរឃុំខ្លួន ដោយសារគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ក្រុមលោក សម រង្ស៊ី ។ មកដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ចៅក្រមស៊ើបសួរបានសម្រេចបិទការស៊ើបសួររង់ចាំពេលបើកការជំនំជម្រះក្ដីករណីលោក កឹម សុខា ។

លោក សម រង្ស៊ី បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា ព្រឹត្តិការណ៍ នៅប្រទេសកម្ពុជា កំពុងតែដើរយ៉ាងលឿន ដោយសារតែការតស៊ូពីប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្ពាធអន្តរជាតិពីក្រៅប្រទេសផង ។

លោក សម រង្ស៊ីបានរំលឹកថា សហភាពអឺរ៉ុប ទើបតែបានដាក់ឱសានវាទ ឱ្យរាជរដ្ឋាភិបាលកម្ពុជា  ធ្វើឱ្យមានលទ្ធិប្រជាធិបតេយ្យដំណើរការឡើងវិញ ឲ្យបានមុនថ្ងៃ ១២ ធ្នូ ២០១៩​។

ប្រធានស្ដីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ បន្តថា ប្រជាពលរដ្ឋកម្ពុជា ចង់រក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហភាពអឺរ៉ុប ដើម្បីរក្សាឆ្នាំងបាយរបស់កម្មករ ប្រមាណ ៨ សែននាក់ ។

លោកបន្ថែមថា សម្ពាធអន្តរជាតិ ច្បាស់ជាមានប្រសិទ្ធភាពយ៉ាងពិតប្រាកដពេលនេះ ព្រោះលោកថា នាយករដ្ឋមន្ត្រីកម្ពុជា មិនហ៊ាន និងមិនអាចច្រានចោល ការទាមទារដ៏ត្រឹមត្រូវរបស់សហភាពអឺរ៉ុបទេ ក្នុងនោះ មានការទម្លាក់ចោលការចោទប្រកាន់ទាំងអស់ មកលើលោក កឹម សុខា និងសកម្មជន គណបក្សសង្គ្រោះជាតិទាំងអស់ ។

លោក សម រង្ស៊ី បន្ថែមថា រឿងរ៉ាវបន្ទាប់ពីនេះ គឺនឹងមានការបើកឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ ដោយលោកថា ដោយសារតែថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សនេះ មិនមានកំហុស ឬទោសអ្វីទេ ហើយការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃ ១៦ វិច្ឆិកា ២០១៧ គឺជាទង្វើខុសច្បាប់ ។

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ បានសរសេរលើទំព័រហ្វេសបុករបស់ខ្លួនថា បើនាយករដ្ឋមន្ត្រីកម្ពុជាមានឆន្ទៈក្នុងការផ្សះនយោបាយ  និងប្រកួតប្រជែងនយោបាយតាមបែបលទ្ធិប្រជាធិបតេយ្យមែននោះ គឺត្រូវមានការសម្រេចដ៍ត្រឹមត្រូវក្នុងដំណោះស្រាយ ដែលអ្នកប្រជាធិបតេយ្យក៏រស់ ហើយEBA ក៏មិនស្លាប់ ។ ការណ៍នេះលោកថា  រាស្រ្តក៏មិនរងគ្រោះ សង្គមក៏បានជួបនូវស្ថិរភាព សេរីភាព យុត្តិធម៌ និង សន្តិភាពពិតប្រាកដ ។

លោកមាជ សុវណ្ណារ៉ា ដែលត្រូវបានព្រះមហាក្សត្រ លើកលែងទោស បន្តទៀតថា ក្រោយពីបញ្ចប់ការបិទសំណុំរឿងស៊ើបសួរ ចំពោះករណីបណ្តឹងលោកកឹម សុខា ភាគីពាក់ព័ន្ធគួរតែដើរលើផ្លូវ​ ដែលចង់អោយមានការផ្សះផ្សាជាតិ ការបង្រួបបង្រួមជាតិ និងឯកភាពជាតិ ដោយមិនដើរនៅលើផ្លូវដ៍វែងឆ្ងាយ ហើយស្មុគស្មាញទៀតផង ។

លោកថាករណីនេះ គួរតែទាំងអំណាចរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ជាសេនាធិការក្នុងរង្វង់ច្បាប់ជាមួយអំណាចតុលាការ ដែលក្រសួងយុត្តិធម៌មានអំណាចលើព្រះរាជអាជ្ញា និងចៅក្រមស៊ើបសួរ ក្នុងការសម្រេចចិត្តនៃបណ្តឹងផ្នែកនយោបាយមួយនេះ ។

ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបិទការស៊ើបសួរលើសំណុំ រឿងលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ  ពាក់ព័ន្ធនឹងបទល្មើស សន្ទិដ្ឋិភាពជាមួយបរទេសដែលសំណុំរឿងនេះនឹងត្រូវបញ្ជូនទៅជំនុំជម្រះនាពេលខាងមុខ ។

សេចក្តីជូនដំណឹងរបស់ ចៅក្រមស៊ើបសួររូបនេះសរសេរថា «ត្បិតសំណុំរឿងព្រហ្មទណ្ឌលេខ៥៦៤២ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលមានជនត្រូវចោទឈ្មោះ កឹម សុខា ត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤៤៣ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា នោះយើងបានសម្រេចបិទការស៊ើបសួរចាប់ពីពេលនេះតទៅ»

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក កឹម សុខា ត្រូវបានបន្ធូរបន្ថយលក្ខខ័ណ្ឌត្រួតពិនិត្យតាមផ្លូវតុលាការ ដោយឱ្យអ្នកនយោបាយរូបនេះ អាចនៅទីណាក៏បានក្នុងទឹកដីនៃប្រទេសកម្ពុជា ។

តែយ៉ាងណា លោក កឹម សុខា ក៏ត្រូវគោរពនូវកាតព្វកិច្ចមួយចំនួនផងដែរ ពោលគឺ មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវធ្វើសកម្មភាពនយោបាយ និង ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់អាជ្ញាធរមានសមត្ថកិច្ច ។

លោក កឹម សុខាថា លោកមានការសោកស្ដាយដែលតុលាការបិទមិនឱ្យលោកធ្វើសកម្មភាពនយោបាយ ។

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ថា​ ករណីលោក កឹម សុខា គឺចៅក្រមស៊ើបសួរធ្វើត្រូវតាមច្បាប់ដែលមានជាធរមានទាំងអស់ ។

លោកបន្ថែមថា ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺគណបក្សសង្គ្រោះជាតិ មិនអាចរស់ឡើងវិញឡើយ ខណៈលោកថា ករណីរំលាយកអតីតគណបក្សសង្គ្រោះជាតិ គឺមិនមែនដោយសារតែរឿងក្ដីលោក កឹម សុខានោះទេ ។

លោកបន្ថែមថា លោក កឹម សុខា ប្រសិនបើមានការទម្លាក់ការចោទប្រកាន់ ឬផ្ដន្ទាទោស ហើយលោកអនុវត្តន៍ទោសជាប់សព្វគ្រប់ ឬត្រូវបានព្រះមហាក្សត្រចុះព្រះហស្ថលេខាលើកលែងទោស នោះលោក កឹម សុខា នឹងក្លាយជាពលរដ្ឋធម្មតាវិញ អាចធ្វើសកម្មភាពនយោបាយដូចដែលអនុញ្ញាតដោយរដ្ឋធម្មនុញ្ញ តាមរយៈការបង្កើតគណបក្សថ្មីផ្សេងទៀត ។

យ៉ាងណា លោក សុខ ឥសាន្ត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ធ្លាប់សរសេរលើបណ្ដាញទំនាក់ទំនងតេលេក្រាមថា កាលណាលោក កឹម សុខា ក្លាយជាប្រធានគណបក្សសង្គ្រោះជាតិឡើងវិញ នោះលោក សម រង្ស៊ី ជាស្វ័យប្រវត្តិនឹងលែងក្លាយជាប្រធានស្ដីទីទៀតហើយ ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើ «ក្បត់ជាតិ» ឬសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិតជាមួយរដ្ឋបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។ លោកត្រូវបានអាជ្ញាចូលចាប់ខ្លួនទាំងយប់ ដោយអះអាងថាលោក បានប្រព្រឹត្តបទល្មើដជាក់ស្ដែង កាលពីឆ្នាំ ២០១៣ ដោយសំអាងលើវីដេអូដែលលោកថ្លែងនៅប្រទេសអូស្ត្រាលី ដោយលោកថា លោកអនុវត្តតាមការណែនាំពីបរទេស ដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែប៊ី ។

ទាំងការឃុំខ្លួនក្នុងពន្ធនាគារ និងស្នាក់នៅក្នុងផ្ទះដោយមិនអាចមានសេរីភាពដើរហើរនោះ គឺអស់រយៈពេលប្រមាណជាងពីឆ្នាំ​ ។

សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក នៅតែទទួច និងបន្តបង្ហាញការព្រួយបារម្ភរបស់ខ្លួនចំពោះស្ថានភាពនយោបាយនៅកម្ពុជា ទៅលើការអនុវត្តន៍លទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ។

សហគមន៍អន្តរជាតិធំៗទាំងពីរនេះ ក៏ទាមទារឱ្យកម្ពុជាទម្លាក់ការចោទប្រកាន់នឹងលោក កឹម សុខា មន្ត្រី និងសកម្មជននៃអតីតគណបក្សនេះ ផ្ដល់សិទ្ធិនយោបាយដល់អ្នកទាំង ១១៨ រូប និងធ្វើឱ្យគណបក្សសង្គ្រោះជាតិរស់ឡើងវិញ​ ។

សម្រាប់សហភាពអឺរ៉ុប បានបញ្ជូនរបាយការណ៍របស់ខ្លួនអំពីការវាយតម្លៃស្ថានភាពអនុវត្តន៍ប្រជាធិបតេយ្យនៅកម្ពុជា ហើយទុកពេលឱ្យកម្ពុជារយៈពេល ១ ខែ ដើម្បីឆ្លើយតប ។

យ៉ាងណា បើកម្ពុជាមិនបានឆ្លើយតបជាវិជ្ជមានណាមួយទេដល់សហភាពអឺរ៉ុប ឱកាសនៃការទទួលបានការអនុគ្រោះទំនិញនាំចូលទៅសហភាពនេះដោយគ្មានបង់ពន្ធសូម្បីបន្តិចនោះ ក្រោមក្របខ័ណ្ឌគ្រប់មុខទំនិញទាំងអស់លើកលែងអាវុធ អាចនឹងបាត់បង់ពីកម្ពុជា ដែលការសម្រេចជាផ្លូវការនោះនៅអំឡុងខែកុម្ភៈឆ្នាំ ២០២០ ។

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

លោក សម រង្ស៊ី​រៀបរាប់ពីការរារាំង និងជោគជ័យលើដំណើរមាតុភូមិនិវត្តន៍

ភ្នំពេញ៖ លោក សម រង្ស៊ី ថ្លែងអំពីដំណើរមាតុភូមិ[...]

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត