មន្ត្រីអភិរក្សបានឱ្យដឹងថា ត្រីបាឡែនមួយក្បាលងាប់អណ្តែកមកទើនៅឆ្នេរឧទ្យានជាតិ ឥណ្ឌូនេស៊ី ត្រូវបានគេរកឃើញសំណល់ប្លាស្ទិកក្នុងក្រពះជិត៦គីឡូក្រាម។ នេះបើតាម បណ្តាញផ្សាយព័ត៌មាន BBC ។
កាកសំណល់ទាំងនោះរួមមាន កែវជ័រផឹកទឹកចំនួន ១១៥ កែវ ដបផឹកទឹកប្លាស្ទិកចំនួន ៤ ស្បោងចំនួន ២៥ និងស្បែកជើងចម្ពាម។
សពត្រីបាឡែនដែលមានប្រវែងប្រហែល ៩ ម៉ែត្រកន្លះ ត្រូវគេប្រទះឃើញនៅក្បែរកោះ កាពូតា ក្នុងឧទ្យានជាតិ វ៉ាកាតូប៊ី កាលពីថ្ងៃ ចន្ទ សប្តាហ៍នេះ។
បើតាមបណ្តាញផ្សាយព័ត៌មាន BBC អ្នកស្រី Dwi Suprapti អ្នកសម្របសម្រួលអភិរក្សសត្វសមុទ្រនៅអង្គការ WWF ប្រចាំនៅប្រទេសឥណ្ឌូនេស៊ី ស្រង់សំដីដោយសារព័ត៌មាន APថា ទោះបីជាពុំទាន់រកឃើញមូលហេតុងាប់របស់ត្រីបាឡែនក៏ដោយ តែហេតុការណ៍ដែលបានគឺវាអាក្រក់ណាស់។ អ្នកស្រី បន្ថែមថា មិនទាន់អាចនិយាយបានថាការស្លាប់នេះដោយសារសំណល់ប្លាស្ទិកនោះទេ ។
ប្រទេសចំនួន ៥ នៅតំបន់អាស៊ីអាគ្នេយ៍ គឺ ចិន ឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម និង ថៃ ជាប្រទេសដែលមានកាក់សំណល់ប្លាស្ទិកចូលទៅក្នុងសមុទ្រមានរហូត ៦០ ភាគរយ។នេះបើយោងតាមរបាយការណ៍ឆ្នាំ ២០១៥ របស់អ្នកអភិរក្សបរិស្ថាន Ocean Conservancy និងមជ្ឈមណ្ឌល McKinseyសម្រាប់អាជីវកម្មនិងបរិស្ថាន៕ ប្រភព៖ BBC