អង្គការសេដាក បានបើកសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិមួយជាមួយ កសិករ ប្រធានក្រុមហ៊ុនឯកជន និងមន្រ្តីមកពីមន្ទីរកសិកម្មខេត្តមួយចំនួន ដើម្បី ពង្រីកគម្រោងប្រព័ន្ធធានារ៉ាប់រងកសិករខ្នាតតូចនៅកម្ពុជា។ សិក្ខាសាលានេះប្រព្រឹត្តិធ្វើនៅមជ្ឈមណ្ឌលសហកិច្ចប្រតិបត្តិការកម្ពុជា-ជប៉ុននៅថ្ងៃទី០៩ ខែកក្កដានេះ។
លោក យ៉ង សាំងកុមារ ប្រធានអង្គការសេដាកបានប្រាប់ពីគោលបំណងក្នុងការបង្កើតគម្រោងនេះថា «អង្គការសេដាកបង្កើតប្រព័ន្ធធានារ៉ាប់រងប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនេះឡើង គឺដើម្បីជួយប្រជា កសិករដែលជួបហានិភ័យ ដូចជាគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត អាចស្តារជីវភាព និងមុខរបរឡើងវិញ»។ លោកបន្តទៀតថា លក្ខខណ្ឌដែលអាចចូលជាសមាជិកក្នុងប្រព័ន្ធធានារ៉ាប់រងនេះ គឺត្រូវតែជាកសិករដែលឯកភាពជាមួយប្រព័ន្ធនេះជាពិសេស កសិករទាំងនោះត្រូវតែជាមនុស្សមានទឹកចិត្តចេះជួយគ្នាទៅវិញទៅមក ពីព្រោះកញ្ចប់ថវិកានេះនឹងត្រូវបង្វែរទៅជួយកសិករដែលរងគ្រោះពិតប្រាកដ។
បច្ចុប្បន្ននេះ អង្គការសេដាកបាននឹងកំពុងអនុវត្តគម្រោងនេះរយៈពេល២ខែហើយ ដល់កសិករប្រមាណ ២០០នាក់ នៅខេត្តតាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង។ គម្រោងនេះ មានជំនួយថវិកានិងបច្ចេកទេស ពីមូលនិធិអាក្មៀ(Achmea)របស់ប្រទេសហូឡង់។ អង្គការសេដាកមានគម្រោង នឹងពង្រីកសេវាកម្មធានារ៉ាប់រងផលិតកម្មកសិកម្មជូនកសិករខ្មែរផងដែរ។
កសិករមួយរូបមកពីខេត្តកំពង់ស្ពឺ និងជាសមាជិកធានារ៉ាប់រងកសិកម្មខ្នាតតូច អ្នកស្រី អ៊ុក គង់និយាយថា មូលហេតុដែលអ្នកស្រីចូលជាសមាជិកកម្រោងនេះ ក៏ព្រោះតែ អ្នកស្រីចង់ ស្តារជីវភាពគ្រួសារ ក្នុងពេលផលកសិកម្មជួបប្រទះការខូចខាតណាមួយដោយចៃដន្យ។ កសិកររូបនេះ ក៏បានរៀបរាប់ឲ្យដឹងផងដែរថា គាត់ធ្វើស្រែដោយពឹងលើទឹកភ្លៀងតែប៉ុណ្ណោះ ដូច្នេះកាលណាមិនសូវមានភ្លៀងធ្លាក់ ផលស្រូវរបស់គាត់ក៏ត្រូវខាតបង់ផងដែរ។ «ការចូលជាសមាជិកប្រព័ន្ធធានារ៉ាប់រងកសិករនេះ ធ្វើឲ្យខ្ញុំមានភាពកក់ក្តៅជាងមុន ព្រោះខ្ញុំមិនសូវមានការព្រួយបារម្ភពីការខូចខាតដែលកើតមានដោយគ្រោះធម្មជាតិ។
ពាក់ព័ន្ធនឹងគម្រោងនេះដែរ លោក អឹម នឿន មន្រ្តីកម្មវិធីអង្គការសេដាក និងជាប្រធានគម្រោងប្រព័ន្ធធានារ៉ាប់រងកសិកម្មខ្នាតតូចនៅកម្ពុជានេះ បានលើកឡើងថា គម្រោងនេះបានបែងចែកការបង់ថ្លៃជាបីប្រភេទ៖ កសិករដែលធ្វើស្រូវស្រាល ត្រូវបង់១០៥០រៀល ចំនែកស្រូវកណ្តាល៨០០ រៀល និងស្រូវធ្ងន់ បង់២០០រៀល ក្នុងដីស្រែមួយអា ក្នុងរយៈពេល១ឆ្នាំ។ ចំណែកគោលការណ៍សំណងនឹងទូទាត់តំលៃ សរុបដែលកសិករខូចខាតចាប់ពី ២០%ទៅ២៥% នឹងទទួលសំណង៥% ពី ២៦% ទៅ៣០% បានសំណង១០% និងចាប់ពី៣១%ទៅ៥០% បានសំណង៤០%។ ចំណែកការខូចខាតចន្លោះ ពីសូន្យទៅ២០% នោះទទួលបានសំណងឡើយ ពីព្រោះខូចខាតមានកំរិតអប្បបរិមា។
គួរបញ្ជាក់ផងដែរថា ផលប្រយោជន៍នៃការទិញធានារ៉ាប់រងស្រូវ សមាជិកនឹងទទួលបានផល ប្រយោជន៍សំខាន់ៗមួយចំនួនទៀតដូចជា សេវាកម្មប្រឹក្សាយោបល់ស្តីពីបច្ចេកទេសកសិកម្ម វិធីសាស្ត្រត្រៀមបង្ការកាត់បន្ថយ និងគ្រប់គ្រងហានិភ័យ ជាពិសេសគឺការជួយគ្នាទៅវិញទៅមកក្នុងចំណោមកសិករដូចគ្នា។ ក្នុងគម្រោងនេះដែរ សមាជិកនឹងទទួលបានការបញ្ចុះតំលៃ១០%សម្រាប់ការអនុវត្តន៍តាមប្រព័ន្ធប្រពលវប្បកម្មបានល្អ និង ៥% សម្រាប់កសិករដែលមានស្រះទឹក និងប្រព័ន្ធស្រោចស្រពជាលក្ខណៈគ្រួសារ។ រួមជាមួយគ្នានេះ កសិករក៏ទទួលបានការបញ្ចុះតំលៃ១០%ផងដែរ ប្រសិនបើកសិករបានអនុវត្តន៍បច្ចេកទេសសកសិកម្មធន់នឹងបម្រែបម្រួលអាកាសធាតុ៕