ភ្នំពេញ៖ សិស្ស និស្សិតនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគ សាទរដែលពួកគេទទួលបានការអនុវត្តរបបសន្តិសសុខសង្គម បណ្ណ ប.ស.ស ផ្នែកថែទាំសុខភាពចាប់ពីពេលតទៅ នឹងអាចទៅទទួលសេវាថែទាំសុខភាពនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស។នេះតាមការបញ្ជាក់ពីអ្នកនាំពាក្យនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ អ្នកស្រី វ៉ាយ វត្តី ជូនសេចក្តីរាយការណ៍
អ្នកនាំពាក្យនៃបណ្ឌិត្យសភានគរបាលកម្ពុជា លោក ប៊ុន ភក្តី បានឱ្យវិទ្យុស្រ្តីដឹងនៅថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២៥ ថាទោះបីជាសិស្ស និស្សិតនគរបាលកំពុងសិក្សានិងពុំទាន់មានក្របខណ្ឌជាមន្រ្តីក្តី ក៏ពេលនេះអាចទទួលបានប្រព័ន្ធរបបសន្តិសុខសង្គម ឬបណ្ណ ប.ស.ស ផងដែរ បន្ទាប់ពីរដ្ឋាភិបាលអន្តរាគមន៍។ លោកថា រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យលេខ៣០៤អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល កាលពីថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៤ តាមសំណើររបស់ក្រសួងមហាផ្ទៃ។ ដូច្នេះហើយកាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២៥ ទើបបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនាយនគរបាលបន្តវេន ។ លោកថា ពេលនេះសិស្ស និស្សិតនគរបាលមានការសាទរ និងពេញចិត្តជាខ្លាំងដែលទទួលបាននូវបណ្ណ ប.ស.ស។
លោក ប៊ុន ភក្តី៖«សិស្ស និស្សិតនគរបាល គឺមានការសាទរ និងពេញចិត្តជាខ្លាំងដែលទទួលបាននូវបណ្ណប.ស.ស ដែលអាចឱ្យពួកគាត់ទទួលបាននូវការថែទាំសុខភាពនៅគ្រប់មន្ទីរពេទ្យដែលជាដៃគូ ខ្ញុំសូមជម្រាបជូនផងដែរថា ការរៀបចំពិធីនេះគឺឆ្លុះបញ្ចាំងពីការអនុវត្តគោលនយោបាយ និងចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាកច្រកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់កម្រិតជីវភាពប្រជាពលរដ្ឋ បន្តអភិវឌ្ឍន៍និងពង្រីកប្រព័ន្ធគាំពារសង្គមដែលមានវិសាលភាពគ្របដណ្តប់ដល់ប្រជាពលរដ្ឋគ្រប់រូប»។
ការផ្ដល់ការថែទាំសុខភាព ជូនដល់សិស្ស និស្សិតនគរបាល នាពេលនេះ លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. បានឱ្យដឹងថា នេះគឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខុមាលភាពរបស់សិស្ស និស្សិតនគរបាល ដែលអនាគតជាកម្លាំងការពារសន្ដិសុខជាតិ ដែលនៅពេលឈឺថ្កាត់ មាតុភាព ឬគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ ដោយពួកគេអាចទទួលបានការព្យាបាលទាន់ពេលវេលា ការពារបាននូវការចំណាយផ្ទាល់ខ្លួនដើម្បីព្យាបាលអំឡុងពេលកំពុងសិក្សានេះផងដែរ។
លោក ហេង សុផាន់ណារិទ្ធ៖«សូមបញ្ជាក់ដែរថា សម្រាប់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពនេះគឺយើងបានដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០១៦សម្រាប់វិស័យឯកជន ហើយសម្រាប់វិស័យសាធារណៈអតីតមន្រ្តីរាជការ និងអតីតយុទ្ធជនគឺអនុវត្តនៅក្នុងឆ្នាំ២០១៨ កន្លងមកយើងបានអនុវត្តន៍ទៅលើមន្រ្តីរាជការសាធារណៈ ដោយឡែកសិស្ស និស្សិតបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគនេះពួកគាត់មិនទាន់មានបណ្ណ ប.ស.ស នៅឡើយទេព្រោះពួកគាត់ជាសិស្សនិស្សិតដែលកំពុងតែហ្វឹកហាត់នៅសាលា ហើយនៅពេលដែលពួកគាត់ចប់គឺគាត់ត្រូវប្រឡងបើសិនជាក្នុងករណីដែលគាត់ប្រឡងជាប់ បានគាត់ក្លាយជាមន្រ្តីរាជការពេញលេញ អ៊ីចឹងហើយបានជាកំឡុងពេលគាត់ហាត់នេះគឺគាត់ត្រូវមានបញ្ហាទាក់ទងនឹងសុខភាព របស់ពួកគាត់ជាដើម។ល។ អ៊ីចឹងហើយបានជាខាងក្រសួងមហាផ្ទៃបានស្នើសុំទៅសម្តេចធិបតីដើម្បីគ្រប់ដណ្តប់(Cover)ទៅដល់ក្រុមគោលដៅនេះ អ៊ីចឹងហើយទើបមានអនុក្រឹត្យ៣០៤ដែលគ្របដណ្តប់ក្រុមគោលដៅទាំងពីរនេះ»។
អគ្គនាយរង ប.ស.ស រូបនោះបានបញ្ជាក់ថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំងសុខភាពដល់សិស្ស និស្សិតនគរបាល បន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យលេខ ៣០៤ អនក្រ.បក ស្ដីពីការពង្រីកវិសាលភាពរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់និស្សិតនគរបាល និងសិស្សនគរបាល កាលពីពេលថ្មីៗនេះ ពោលគឺ និស្សិតនគរបាល និងសិស្សនគរបាល ដែលកំពុងសិក្សា និងហ្វឹកហាត់នៅបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់នឹងទទួលបានរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាព ដែលអាចទៅព្យាបាលជំងឺនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ចាប់ពីការផ្សព្វផ្សាយនេះតទៅ៕
ប្រភពរូប៖ ប.ស.ស