អគ្គរដ្ឋអាជ្ញានៃប្រទេសសិង្ហបុរី បានប្រកាសថាគេបានរឹបអូសទ្រព្យសម្បត្តិរបស់ពួកមន្ត្រីនិងឈ្មួញជនជាតិម៉ាឡេស៊ីមានតម្លៃ២៤០លានដុល្លារសិង្ហបុរី បន្ទាប់ពីធ្វើការស៊ើបអង្កេត តាំងខែមីនា ឆ្នាំ២០១៥។ យោងតាម ការប្រកាសរបស់អគ្គរដ្ឋអាជ្ញាសិង្ហបុរី ទ្រព្យសម្បត្តិទាំងនេះកើតមានឡើងដោយការលាងលុយកង្វក់ និងអំពើពុករលួយ។
តាម បណ្ដាញផ្សាយព័ត៌មាន Channel News Asia យ៉ាងតិចក្រុមហ៊ុនប្រទេសម៉ាឡេស៊ី ចំនួន ៤ ជាប់ទាក់ទិននិងទ្រព្យសម្បត្តិដែលរឹបអូសនេះ។
ជាមួយគ្នានេះក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កំពុងរៀបចំសំណុំរឿងដើម្បីរឹបអូសទ្រព្យសម្បត្តិមន្ដ្រីជាន់ខ្ពស់ម៉ាឡេស៊ី ដែលមានចំនួនជាង១ពាន់លានដុល្លារអាមេរិក ករណីលាងលុយកង្វក់ និងពុករលួយ។
ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានបញ្ចេញឈ្មោះ មន្ដ្រីជាន់ខ្ពស់របស់នាយករដ្ឋមន្ត្រី ណាជីព រ៉ាសាក់ មួយចំនួនដែលក្នុងនោះមានសាច់ញាតិរបស់លោកផងដែរ ពាក់ព័ន្ធក្នុងការផ្ទេរលុយ ពីមូលនិធិរបស់រដ្ឋ 1 MDB កាលពីឆ្នាំ២០០៩។
ពួកមន្ដ្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកដែលស្រង់មកចុះផ្សាយ ដោយបណ្ដាញផ្សាយព័ត៌មាន BBC បាននិយាយថា ទ្រព្យស្បត្តិមួយចំនួនរបស់មន្ដ្រីលោក ណាជីព រ៉ាសាក់ ដែលមាន នៅសហរដ្ឋអាមេរិក ភាគច្រើនបានមកពីការប្រព្រឹត្ត អំពើពុករលួយ។
កាលពីឆ្នាំមុនកាសែត The Wall Street Journal បានបង្ហាញរបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដោយរកឃើញលុយ ជាង៧រយលានដុល្លារអាមេរិក ត្រូវបានគេលួចផ្ទេរ ពីធនាគារ 1MDB ដាក់ចូលក្នុងគណនីផ្ទាល់របស់លោកនាយករដ្ឋមន្ដ្រី ណាជីព។ ប៉ុន្ដែយ៉ាងនេះក្ដី លោក ណាជីព បដិសេធហើយបានគំរាមប្ដឹងកាសែតអន្ដរជាតិនេះវិញ។
នៅពេលលោកនាយករដ្ឋមន្ត្រី ណាជិព ប្រឈមុខនឹងរឿងអាស្រូវនេះ ក្រុមគណបក្សប្រឆាំងនៅម៉ាឡេស៊ី បានអំពាវនាវឱ្យលោកលាលែងពីតំណែង។
លោកស្រី Wan Azizah ប្រធានគណបក្សប្រឆាំងរបស់លោក អានវ៉ាអ៊ី ប្រាហ៊ិម និយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា៖«ខ្ញុំជឿថាប្រជាជនម៉ាឡេស៊ី ពិតជាលែងត្រូវការលោក ណាជិព ទៀតហើយ ព្រោះលោកបានបំពានអំណាចរដ្ឋ និងរឿងអាស្រូវធ្ងន់ធ្ងរ»៕ ប្រភព:CNA