loader

សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដហៅភ្នំព្រះរាជទ្រព្យជាជង្រុកមាសនៃទេសចរណ៍ចាំបាច់ដុសខាត់ឱ្យភ្លឺ

ភ្នំព្រះរាជទ្រព្យស្ថិតនៅខេត្តកណ្ដាល ចម្ងាយជាង៤០គីឡូពីទីរួមរាជធានីភ្នំពេញ ។ ទីកន្លែងនោះគឺជា បូជនីយដ្ឋានពេញនិយមមួយ។ រាប់ពីជើង ទៅ ចង្កេះដល់កំពូលភ្នំ ភ្នំព្រះរាជទ្រព្យ ប្រកបដោយបេតិកភណ្ឌជាតិច្រើនសន្ធឹកពិសេសនូវច្រូងភ្នំដ៏ខ្ពស់បានបង្ហាញនូវប្រាង្គទាំងប្រាំនៃចេតិយផុសចេញពីទេសភាពដ៏វែងអន្លាយ។ តែជាក់ស្ដែងស្ថានភាពទូទៅនៃភ្នំពីជើងទៅដល់កំពូលនៅមានភាពខ្វះសណ្ដាប់ធ្នាប់គឺមិនទាន់ស័ក្តសមជាបូជនីយដ្ឋានមួយដែលបង្កប់សោភ័ណភាព ភាពបុរាណ ក៏ដូចជា ​ប្រវត្តិសាស្រ្ដ។ សាស្រ្ដាចារ្យប្រវត្តិសាស្រ្ដពីររូប ចង់ឃើញមានការកែប្រែប្រសើរឡើងបន្ថែមទៀតព្រោះភ្នំព្រះរាជទ្រព្យអាចនឹងប្រភពនៃទ្រព្យសម្បត្តិមហាសាលមួយនៃវិស័យទេសចរណ៍កម្ពុជា។

កញ្ញា ឆោមពៅនិកា អត្ថាធិប្បាយព័ត៌មាននេះ៖

មនុស្សមួយចំនួនហៅថាជាភ្នំឧត្តុង្គតាមដោយបរិបទប្រវត្តិសាស្រ្ដបន្សល់ទុក។ អ្នកខ្លះហៅភ្នំនៅខេត្តកណ្ដាលដែលឈរស្ដឹងរាងយ៉ាងធំនេះថា ភ្នំអដ្ឋរស្ស ព្រោះធ្លាប់មាននូវវិហារអដ្ឋរស្ស ឬ វិហារ១៨ហត្ថនៅទីនោះ តែត្រូវបានគេសង្កេតឃើញថាមានការបំផ្លាញដល់ឬសគល់នៃវិហារនេះ​។នេះបើតាមការតំណាលរឿងនៃវិហារអដ្ឋរស្ស ប្រជុំរឿងព្រេងខ្មែរភាគទី៥ និយាយអំពីទំនាក់ទំនងនៃប្រទេសចិន និង ខ្មែរផងដែរនិងការប៉ុនប៉ងលុបបំបាត់អរិយធម៌ខ្មែរពីសំណាក់បរទេសតាំងពីសម័យមហានគរ។

យ៉ាងណាមកទល់បច្ចុប្បន្នគេឃើញមានការផ្លាស់ប្ដូរការហៅឈ្មោះវិហារធំអដ្ឋរស្ស ទៅជាវិហារដង្ហើមនាគ។ ​ ក្រោយៗមក ទៀតមជ្ឈដ្ឋាននានា​កំណត់ហៅភ្នំនេះរត់មាត់ថា “ភ្នំ​ព្រះរាជ្យទ្រព្យ”គឺក្នុងប្រវត្តិសាស្រ្ដពិពណ៌នាថា  ភ្នំ​នេះ​មិន​ខ្ពស់​ពេក ហើយ​ស្ថិត​នៅ​កែ្បរ ឧដុង្គ ជា​​រាជ​វាំង​ស្រាប់ ដោយសារព្រះ​រាជា​ក៏​ទ្រង់​ចាត់​ឲ្យ​សាង​ព្រះ​ចេតិយ​ធំ​ៗ និង​មាន​ចម្លាក់​លម្អ សម្រាប់​​បញ្ចុះ​ព្រះ​បរម​អដ្ឋិ និង ព្រះ​អដ្ឋិ​នៃ​ព្រះរាជ​វង្សានុ​វង្ស ដោយ​ចាប់​សាង​បូជនីយ​ដ្ឋាន​នោះ ដោយ​កម្លាំង​​ព្រះ​រាជ​ទ្រព្យ ផ្ទាល់​ព្រះ​អង្គ​ទើប​សន្មត​ថា” ភ្នំ​ព្រះរាជ​ទ្រព្យ “។ មកទល់ពេលនេះ ភ្នំព្រះរាជ្យទ្រព្យ ជាបូជនីយដ្ឋានព្រះពុទ្ធសាសនាដ៏ធំ សមនឹងការតម្កើនថាពុទ្ធសាសនាជាសាសនារបស់រដ្ឋ និង មានព្រះសក្យមុនីចេតិយជាសិរីរិកធាតុដែលព្រះសមណគោតមព្រះអង្គបានបន្សល់ទុកតរៀងមក។  

លោកសាស្រ្ដាចារ្យប្រវត្តិសាស្ត្រសំបូរមណ្ណារ៉ា បានរៀបរាប់ថាការឱ្យឈ្មោះភ្នំនេះជាភ្នំព្រះរាជទ្រព្យគឺមានប្រវត្តិ និង គុណតម្លៃខ្ពស់ណាស់សម្រាប់ប្រទេសនេះ។

ភ្នំព្រះរាជទ្រព្យមាននូវគោលដៅទេសចរណ៍ជាច្រើនចំណុច។ នៅលើក្ដារព័ត៌មានទេសចរណ៍ដែលបានដាក់ដោយទីភ្នាក់ងារទេសចរណ៍ បានបង្ហាញពីផ្លូវដើរដែលមានលក្ខណៈសព្វគ្រប់ មានជាអាទិ៍ការរៀបរាប់ពីដំណើរពីចេតិយ៍ស្ដេចអង្គមួយទៅអង្គមួយទៀតនៃសម័យលង្វែក ឧត្តុង្គ ព្រមទាំងព្រះរាជវង្សានុវង្ស វិហារខ្មែរនានា កន្លែងសក្ការៈបូជានៃអតីតមេទ័ពខ្មែរមានមហិទ្ធិរិទ្ធគឺ តាដំបងដែក  ព្រះសក្យមុនីចេតិយ៍កោដ្ឋមាសនៃសិរីរិកធាតុព្រះពុទ្ធ ក៏ដូចជាវិហារ ចាមអ៊ីម៉ាំសាន់នៅទីនោះ មានជាអាទិ៍។

ម្ល៉េះហើយបើចង់ចំណាយពេលសិក្សាស្រាវជ្រាវច្បាស់លាស់ពីប្រវត្តិសាស្រ្ដ និង​កម្សាន្ដទៀតនោះ ភ្នំព្រះរាជទ្រព្យមួយនេះ អាចត្រូវឱ្យអ្នកទេសចរជាតិ ក៏ដូចជាអន្ដរជាតិហោចណាស់ក៏ប្រើពេលវេលាកន្លះថ្ងៃទៅមួយថ្ងៃដែរ។

យ៉ាងណាមិញគេឃើញជាទូទៅ ភ្នំព្រះរាជទ្រព្យនេះទាក់ទាញច្រើនបានតែភ្ញៀវទេសចរជាតិប៉ុណ្ណោះ គឺរាល់ពេលមានពិធីបុណ្យទាន និង​ការឈប់សម្រាកចុងសប្ដាហ៍ជាអាទិ៍។ ទេសចរជាតិទាំងនោះសោត ក៏ច្រើនតែមកត្រឹមទទួលទានអាហារមួយចំនួនទៅវិញទៀតក៏មាន។

តម្រូវការអភិវឌ្ឍសោភ័ណភ្នំព្រះរាជទ្រព្យ

ព្រោះតែភាពក្រីក្រ ក្មេងៗរាប់សិបនាក់ មនុស្សចាស់មួយចំនួនទាំងពិការ និង មានអវយវៈគ្រប់គ្រាន់ក្ដី បានត្រៀបត្រាអង្គុយសុំសប្បុរសធម៌ជាជំនួយទឹកប្រាក់តាមសទ្ធានៃអ្នកទេសចរណ៍ពីកាំជណ្ដើរនីមួយៗ។

ជាទិដ្ឋភាពរួមនៃរមណីយដ្ឋានក៏បានដិតដាមនូវភាពកខ្វក់ជាមួយនឹងសម្រាមប្លាស្ទិកមួយចំនួន រួមទាំងក្លិនកខ្វក់បក់បោកប៉ះពាល់ដល់ខ្យល់ដង្ហើមភ្ញៀវទេសចរណ៍នានា។ នៅលើកម្ពស់ភ្នំដ៏វែងឆ្ងាយ មានការលក់ដូរភេសជ្ជៈ មួយចំនួន ដែលកើតចេញពីការរកចំណូលពីអ្នកក្នុងតំបន់នេះតែម្ដង។ ទីកន្លែងមួយចំនួនដែលតម្រូវឱ្យមានការហាមប្រាមមិនឱ្យពាក់មួក និង ស្បែកជើងមានមនុស្សមួយចំនួនធំគោរពតាម តែបើពិនិត្យមើលលើប្រាង្គដែលខ្ពស់បំផុតនៃព្រះចេតិយ៍ ដែលដាក់តម្កល់ព្រះអដ្ឋិធាតុរបស់ព្រះសម្មាសម្ពុទ្ធវិញយើងក៏អាចមើលឃើញពីភាពល្អល្អះរបស់ស្នាដៃដ៏ល្អឯករបស់ស្ថាបត្យករខ្មែរសម័យក្រោយមកគឺក្រោយពីមានការជួសជុលឡើងវិញនិង រៀបចំក្រោយមានហេតុការណ៍លួចយកកោដ្ឋមាសកាលពីពេលមុន។  តែ បើសិនដាក់ភ្នែកសម្លឹងមើលចុះមកក្រោមពាសលើផ្ទៃការ៉ូសដែលតម្រូវមិនឱ្យពាក់ស្បែកជើងនោះ មានស្នាមដីកខ្វក់ មានភាពស្អិត ថែមទាំងមានដក់ទឹកកខ្វក់ខ្លះទៀត។ ផ្លូវដំណើរនៅក្រោមសក្យមុនីចេតិយ៍មានតម្កល់បដិមាព្រះពុទ្ធតូចៗចំនួន ១២៥០អង្គដែលជាតំណាងព្រះអរហន្ដព្រះអង្គដែលទ្រង់បំបួសធំជាងគេនៅថ្ងៃដាក់អាយុសង្ខារ។ គេអាចសង្កេតឃើញមានការបូជាផ្កាមានដូចជា ផ្កាឈូក ម្លិះ គ្រឿងក្រអូប ទានធូប ជាអាទិ៍ ដែលធ្លាក់រប៉ាត់រប៉ាយក្រោយពីមានការប្រជ្រៀតគ្នាបួងសួងសុំសេចក្ដីសុខ។

ចេតិយ៍ដែលត្រូវបានសាងសង់នៅលើកំពូលភ្នំបានក្លាយជានិមិត្តរូបមួយដែលចែងចាំងនៃម្លប់ព្រះពុទ្ធសាសនាប្រដូចនឹងជំនាន់អាណាចក្រខ្មែរនាព្រហ្មញ្ញសាសនាដែលតែងតែកសាងប្រាសាទនៅទីខ្ពស់ដូចជាភ្នំតំណាងឱ្យឋាននៃអាទិទេពផងដែរ។

ចេតិយ៍ទាំងនោះក្រៅពីចេតិយ៍ព្រះបាទស្រីសុរិយោពណ៌ ព្រះបាទនរោតត្តម ព្រះបាទអង្គឌួង ព្រះបាទមុនីវង្ស រួមទាំង ព្រះរាជវង្សានុវង្សផ្សេងៗទៀតដែរ។ បុព្វបុរសមហាក្សត្រខ្មែរព្រះបាទជេដ្ឋា ព្រះអង្គចន្ទ និង ស្ដេចសម័យលង្វែកព្រះបាទច័ន្ទរាជាក៏មានតម្កល់ចេតិយ៍នៅកំពូលម្ខាងចុងគេនៃជួរភ្នំព្រះរាជទ្រព្យ។ ពិនិត្យមើលស្ថានភាពនៃចេតិយ៍ទាំងនោះមានការរក្សានូវសោភ័ណចាស់ដដែល តែពុំមានការបញ្ជាក់នូវឯកសារក្ដារចារឹកថ្មីដើម្បីឱ្យទេសចរងាយយល់ជាខេមរភាសាក្ដី ភាសាបរទេសដើម្បីបង្កើនចំណាប់អារម្មណ៍និង តម្លៃនៃគុណបំណាច់ស្ដេចអង្គទាំងនោះទេ។

ភ្នំព្រះរាជទ្រព្យជាទីស្ថានប្រវត្តិសាស្រ្ដដែលគួរត្រូវបានពិពណ៌នា និង ផ្ដល់ប្រយោជន៍បន្ថែមដល់សង្គម

លោកសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដសំបូរម៉ាណ្ណារ៉ា គូសបញ្ជាក់បន្ថែមទៀត ថា ការចារឹកពីចេតិយ៍ដែលសេសសល់នោះមិនទាន់មានសោភ័ណ និង លក្ខណៈគ្រប់គ្រងទេសចរណ៍បែបវប្បធម៌ប្រវត្តិសាស្រ្ដពេញលេញនោះទេ។

សាវតារប្រវត្តិសាស្រ្ដបញ្ជាក់ថា ភ្នំព្រះរាជទ្រព្យគឺជា អតីត​រាជធានី​នា​សតវត្សរ៍​ទី ១៧ (ពី​ឆ្នាំ​១៦១៨ ដល់​ឆ្នាំ ១៨៦៦)នៃព្រះបាទជ័យជេដ្ឋាទី២ មានឈ្មោះជារាជធានីថា ព្រះ​បរម​រាជ​វាំង​មហា​នគរ​ឧដុង្គ-មាន​ជ័យ​បុរី​រម្យ​ឧត្តមរាជ​និវេសន​ដ្ឋាន ដែល​​ហៅ​ខ្លី​ថា ក្រុង​ឧដុង្គ​មានជ័យ។  លុះឆ្នាំ១៨៦៦ ក្រុងឧត្តុង្គមានជ័យត្រូវបានបោះបង់ដោយព្រះបាទនរោត្តម ក្រោយពីទ្រង់សព្វព្រះរាជហឬទ័យត្រឡប់មកកសាងរាជធានីចតុមុខមង្គលសារជាថ្មី។

តាមរដ្ឋបាលភ្នំព្រះរាជទ្រព្យ​ស្ថិត​នៅ​ក្នុង​ ឃុំផ្សារដែក និង​​ឃុំភ្នំបាត ស្រុកពញាឭ ខេត្តកណ្តាល ជាទីកន្លែងដែលមានអ្នកស្រុករស់នៅរាប់សែននាក់ និង មានប្រជាពលរដ្ឋមួយចំនួនអាចកសាងជីវភាពបានដោយអាស្រ័យលើភ្នំនេះជាតំបន់ទេសចរណ៍មួយផ្សាភ្ជាប់ជីវិតរបស់ពួកគេ។ លោកសាស្រ្ដាចារ្យប្រវត្តិសាស្រ្ដមួយរូប ទៀត គឺ លោកសាស្រា្ដចារ្យវង្សសុធារ៉ា ហៅថា គម្រោងការជួសជុលថែរក្សា និង សង្គ្រោះបេតិកភណ្ឌគឺពិតជាមានតម្លៃព្រោះជាការលើកស្ទួយសេដ្ឋកិច្ចពលរដ្ឋ និង ប្រទេស ស្របពេលដែលយើងអាចពង្រីកវិសាលភាពនៃការយល់ដឹងពីស្នាដៃបុព្វបុរសទៅកាន់មហាជនរួម និង ថែរក្សាកេរតំណែលជាតិ។

ព្រះរាជាណាចក្រកម្ពុជាជាប្រទេសដែលមានភាពល្បឺរន្ទឺនៃគោលដៅទេសចរណ៍អន្ដរជាតិ។ កម្ពុជាមាននូវសំណង់សាសនាព្រាហ្មណ៍ដ៏ធំបំផុត ដែលជាប់ចំណាត់ថ្នាក់មួយដែរក្នុងចំណោមអច្ឆរិយទាំងប្រាំពីររបស់សកលលោក។ មកទល់សតវត្សទី២១នេះ មានតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ដចំនួនបីធំៗរបស់កម្ពុជាជាប់ជាសម្បត្តិបេតិក​ភណ្ឌពិភពលោករូបី រួមមានតំបន់អង្គរ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី១៤ ខែធ្នូ ឆ្នាំ​១៩៩២, ប្រាសាទ​ព្រះវិហារ ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃ​ទី៧ ខែ​កក្កដា ឆ្នាំ​២០០៨ និង ចុងក្រោយតំបន់ប្រាសាទ​សំបូរ​ព្រៃគុក ចុះក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក នៅថ្ងៃទី​០៨​កក្កដា ឆ្នាំ​២០១៧។ វិស័យទេសចរណ៍​បានជម្រុញមួយភាគធំដែរ ក្នុងការធ្វើឱ្យកម្ពុជាមាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧ភាគរយ៕

ព័ត៌មានទាក់ទង

រុស្ស៊ីវាយលុកចូលតំបន់អារ៉ាប់ ក្រោយពីអាមេរិកស្ទាក់ស្ទើរមិនហ៊ានធ្វើសង្គ្រាមនឹងអ៊ីរ៉ង់

តាំងពីអាមេរិកបញ្ចូនទ័ពមកដាក់នៅមជ្ឈឹមបូព៌ាមកលទ[...]

តើNATOនឹងចាត់ការយ៉ាងណាចំពោះទង្វើឈ្លានពានស៊ីរីរបស់ទួគីជាសមាជិកខ្លួន?

ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អ[...]

វិភាគ៖ចិនព្យាយាមធ្វើឱ្យតៃវ៉ាន់ឯកាបំផុត តើទៅរួចឬអត់?

ឯកា មិនមានអ្នករាប់រកគឺស្មើនឹងការមិនទទួលស្គាល់[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត