ភ្នំពេញ៖ ថ្លែងក្នុងវេទិកាមួយ ស្តីពី«គម្រោងអភិវឌ្ឍន៍តំបន់បឹងកក់» កាលពីព្រឹកថ្ងៃទី 0៧ កញ្ញា លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា សាលារាជធានីសម្រេចថា នឹងសាងសង់ផ្លូវមួយ ខ្សែ ដែលមកប៉ះចំរបងវិហារឥស្លាម អាល់សាកាល់ ស្ថិតនៅតំបន់បឹងកក់។ ក៏ប៉ុន្ដែលោកថាត្រូវការពិភាក្សា ជាមួយតំណាងពលរដ្ឋឥស្លាមដើម្បីសម្រួលកិច្ចការនេះ។ តែកាលពីថ្មីៗនេះ ពលរដ្ឋឥស្លាមជាច្រើនដែលបានតវ៉ា ពួកគាត់ជំរុញឲ្យ សាលារាជធានីភ្នំពេញ សាងសង់ផ្លូវបញ្ចៀសដោយកុំឲ្យប៉ះចំក្លោងទ្វារវិហាររបស់ពួកគេ ។
លោក ប៉ា សុជាតិវង្ស បានអះអាងថា បំណងធ្វើផ្លូវនេះដើម្បីជួយសម្រួលកុំឲ្យមានការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ តែលោកថា សាលារាជធានីត្រូវឲ្យពលរដ្ឋក្នុងតំបន់បឹងកក់ ជាពិសេសពលរដ្ឋខ្មែរអ៊ីស្លាម ត្រូវធ្វើយ៉ាងណាបង្កើតតំណាងរបស់ខ្លួន ឲ្យបានឆាប់ដើម្បីជួបពិភាក្សា ជាមួយនឹងគណៈកម្មការរបស់សាលាក្រុង។
អភិបាលរាជធានីភ្នំពេញបានសន្យាថា ប្រសិនបើការសាងសង់ផ្លូវប៉ះពាល់ដល់លំនៅឋានរបស់ពលរដ្ឋ គឺអាជ្ញាធរនឹងផ្ដល់ដំណោះស្រាយជូនពលរដ្ឋឲ្យបានសមស្រប។ លោក ប៉ា សុជាតិវង្ស៖«អញ្ចឹងបងស្រីមួយអំបាញ់មិញដែរលើកថា ចុះបើប៉ះផ្ទះគាត់ដើម្បីពង្រីកផ្លូវ តើគាត់បានដីពីណាមកនៅទៀត គឺថាយើងសងបើប៉ះ»។
ចំណែកលោក អះម៉ាត់ យះយ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាតំណាងខ្មែរឥស្លាមដែលបានចូលរួមក្នុងពិធីនេះដែរ មានប្រសាសន៍ថា រាល់ការអភិវឌ្ឍគឺជារឿងល្អសម្រាប់ពលរដ្ឋគ្រប់រូប។ ប៉ុន្ដែលោកថា ដីវិហារអ៊ីស្លាមគឺជារឿងពិសេសមួយព្រោះដីវិហារ គឺជាដីរួម។ លោកអះអាងថា ពលរដ្ឋខ្មែរអ៊ីស្លាមភាគច្រើនមិនចង់ឲ្យសាលារាជធានីភ្នំពេញ ធ្វើផ្លូវចំក្លោងទ្វារវិហារនោះទេ ព្រោះធ្វើឲ្យប៉ះពាល់កន្លែងដែលជាទីគោរពសក្ការៈ របស់ពួកគេ។
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ដែលមានដើមកំណើតជាខ្មែរឥស្លាមរូបនេះ បន្ដទៀតថា ពលរដ្ឋអ៊ីស្លាមគឺមានបំណងស្នើឲ្យសាលារាជធានីភ្នំពេញ ធ្វើផ្លូវដោយវាងកុំឱ្យទៅប៉ះរបងវិហារឬ កុំធ្វើឲ្យប៉ះចំក្លោងទ្វាវិហារ។ លោក អះម៉ាត់ យះយ៉ា៖ «នៅក្នុងវិហារបឹងកក់ដែលគេមកថ្វាយបង្គុំ រាល់ថ្ងៃ គេសំណូមពរ អភិវឌ្ឍន៍ៗចុះ ធ្វើផ្លូវក៏ធ្វើចុះ ប៉ុន្ដែគាត់សំណូមពរថា ធ្វើវាងបន្ដិចទៅតាមរបងអីទៅ ហើយការធ្វើវាងខ្ញុំជឿងថាធ្វើកើត លើកលែងថាយើងអត់ចង់ធ្វើ»។
ចំណែកអ្នកស្រី ថាច់ សារ៉ន ដែលជាពលរដ្ឋមួយរូបរស់នៅក្នុងតំបន់បឹងកក់ស្ថិតនៅភូមិ ៦ មានប្រសាសន៍ថា អ្នកស្រីសប្បាយចិត្ដក្រោយឮ ការប្រកាសពីការផ្ដល់ដីសំណងទៅឱ្យពលរដ្ឋរងផលប៉ះពាល់។ អ្នកស្រី ថាច់ សារ៉ន៖«ប្រជាជនយើងកាន់តែកើនច្រើន ហើយអញ្ចឹងការធ្វើដំណើរ ក៏កាន់តែរីកចម្រើនទៅមុខ ឥឡូវយើងកាន់តែរីកចម្រើនច្រើនហើយ គ្រួសារខ្លះមានឡានម៉ូតូល្អៗជិះដែរ បើអញ្ចឹងសុំឲ្យរីកផ្លូវនេះជាបន្ទាន់ដើម្បីពួកខ្ញុំសប្បាយនឹងការធ្វើដំណើរ»។
សូមជម្រាបថា កន្លងមក ពលរដ្ឋខ្មែរឥស្លាមចំណុះវិហារ អាល់សាកាល់ ស្ទើរតែទាំងអស់បានជំទាស់មិនគាំទ្រចំពោះការធ្វើផ្លូវពុះវិហារបឹងកក់នេះហើយនៅក្នុងនោះក៏មានលោក អះម៉ាត់ យ៉ះយ៉ា បានជំទាស់រឿងនេះដែរ។
ជុំវិញការជំទាស់របស់លោក អះម៉ាត់ យះយ៉ា នេះ លោកត្រូវបានលោក អូស្មាន់ ហាហ្សាន់ ដែលជាក្មួយប្រុសរបស់លោកបានដាក់ពាក្យបណ្ដឹងប្ដឹងលោកពីបទបរិហារកេរ្ដិ៍ ។ ករណីនេះកាលពីថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦ សាលាដំបូងរាជធានីភ្នំពេញ សម្រេចពិន័យលោក ដោយតម្រូវឲ្យបង់ប្រាក់សំណងជំងឺចិត្ត ១០០លានរៀល ទៅឱ្យលោក អូស្មាន ហាស្សាន់ ជាភាគីដើមបណ្តឹង៕