
មេធាវីការពារសិទ្ធិឱ្យលោក ស៊ុន ចន្ធីំ និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ចាត់ទុកការជំនុំជំនះក្ដីរបស់សាលាឧទ្ធរណ៍ ជាការមិនបំពេញតួនាទីត្រឹមត្រូវ និងមិនមានភាពយុត្តិធម៌នោះទេ ដែលកាត់ក្ដីកំបាំងមុខ ដោយសមត្ថកិច្ចមិនបាននាំប្រធានគណបក្សប្រឆាំងរូបនេះមកចូលរួមសវនាការឡើយ។
ក្នុងសវនាការកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ស្ថិតក្រោមការជំនុំជំនះដោយលោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជំនះ និងចៅក្រមប្រឹក្សា លោកស្រី យិច ឈាណាវី ខណៈដែលសាលាឧទ្ធរណ៍ភ្នំពេញ នឹងបើកសវនាការនេះលើបណ្តឹងប្តឹងទាស់សាលក្រាមសាលាដំបូងរាជធានីភ្នំពេញរបស់មេដឹកនាំគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ពាក់ព័ន្ធដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ន ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ។ បទចោទនេះ គឺទាក់ទងនឹងសកម្មភាពរបស់លោក ស៊ុន ចន្ធី បានផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គម ដោយបានទម្លាក់កំហុសទៅលើរាជរដ្ឋាភិបាលលើការចែកប័ណ្ណក្រីក្រជូនប្រជាពលរដ្ឋ ថាមានការលម្អៀង និងរើសអើង។ កញ្ញា ជា សុខនី រាយការណ៍
មេធាវីការពារសិទ្ធិលោក ស៊ុន ចន្ធី គឺលោក ជូង ជូងី បានប្រាប់វិទ្យុស្ដ្រីនៅព្រឹកថ្ងៃទី១២ ខែមិថុនាថា ល្ងាចម្សិលមិញលោកមិនបានចូលរួមក្នុងសវនាការ ដែលសាលាឧទ្ធរណ៍បានជំនុំជំនះនោះឡើយ ពីព្រោះក្នុងសវនាការនេះ គឺសាលាឧទ្ធរណ៍ បានកាត់ក្ដីកំបាំងមុខ មិនបាននាំកូនក្ដីរបស់លោក គឺលោក ស៊ុន ចន្ធី មកចូលរួមក្នុងសវនាការនេះឡើយ។ លោកថា ការមិននាំកូនក្ដីរបស់លោកមកចូលរួមក្នុងសវនាការ គឺបញ្ជាក់ថាសមត្ថកិច្ចមិនបានបំពេញតួនាទីរបស់ខ្លួនឱ្យបានត្រឹមត្រូវ ជាពិសេសគ្មានការទទួលខុសត្រូវ ខណៈកន្លងមកចៅក្រមស៊ើបសួរថា ការដែលមិនឱ្យលោក ស៊ុន ចន្ធី នៅក្រៅឃុំ គឺខ្លាចប្រធានគណបក្សប្រឆាំងរូបនេះរត់គេចខ្លួន មិនចូលរួមក្នុងសវនាការ ប៉ុន្តែឥលូវត្រូវបានឃុំខ្លួនហើយ លោកចោទជាសំណួរថា ហេតុអ្វីបានជាមិនយកលោក ស៊ុន ចន្ធី មកចូលរួមក្នុងសវនាការនេះ។
លោក ជូង ជូងី ៖ «អាហ្នឹងគឺជាកំហុសសមត្ថកិច្ចក្នុងការដឹកជញ្ជូន ដើម្បីយកគាត់មកចូលរួមនីតិវិធីណា គឺបានន័យថាអត់មានការទទួលខុសត្រូវ ចង់អយុត្តិធម៌យ៉ាងមិច ចង់បំពានសិទ្ធិលោក ស៊ុន ចន្ធីយ៉ាងមិចក៏ធ្វើទៅបានដែរ។ អ្វីដែលខ្ញុំចង់ឃើញ អ្វីដែលខ្ញុំចង់បានឱ្យមន្ត្រីសមត្ថកិច្ចដែលស៊ីប្រាក់ខែរដ្ឋហ្នឹងធ្វើឱ្យបានត្រឹមត្រូវទៅតាមតួនាទី កុំធ្វើទៅតាមទំនើងចិត្តរបស់ខ្លួនគឺចង់តែប៉ុណ្ណឹងបានហើយឱ្យត្រឹមត្រូវ ធ្វើមិចត្រឹមត្រូវ កាត់ក្ដីកាលណាកាត់ក្ដីលោក ស៊ុន ចន្ធី ត្រូវតែមានវត្តមានលោក ស៊ុន ចន្ធី គឺបុគ្គលណាក៏ដោយ កាលណាកាត់ក្ដីទៅលើរឿងគាត់ត្រូវតែមានគាត់ចូលរួម មិនមែនកាត់ក្ដីកំបាំងមុខ វាអត់មានយុត្តិធម៌ទេ»។
ការមានវត្តមានជនជាប់ចោទ នៅក្នុងសវនាការ លោកថា គឺជារឿងសំខាន់ បើទោះបីបុគ្គលដែលរងការចោទប្រកាន់នោះ ជាចៅក្រមក្ដី ជានាយករដ្ឋមន្ត្រីក្ដី ឬជាតំណាងរាស្ត្រក្ដី ត្រូវតែនាំមកចូលរួម មិនមែនធ្វើការកាត់ក្ដីដោយកំបាំងមុខ ហើយប្រកាសថាមានភាពយុត្តិធម៌ ដូច្នេះហើយដល់ពេលដែលមានអ្នករិះគន់ថាគ្មានភាពយុត្តិធម៌ សមត្ថកិច្ចចាប់ផ្ដើមចោទប្រកាន់លើអ្នករិះគន់ទាំងនោះ។ លោកបន្ថែមថា ចំពោះនីតិវិធីបន្តទៀតលើករណីលោក ស៊ុន ចន្ធី គឺមានតែរង់ចាំការសម្រេចរបស់សាលាឧទ្ធរណ៍ប៉ុណ្ណោះ ទើបលោកជាមេធាវីអាចបន្តរឿងក្ដីនេះទៅមុខទៀតដែរ។
ជុំវិញរឿងនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានប្រាប់វិទ្យុស្ដ្រីដែរថា ការមិននាំលោក ស៊ុន ចន្ធី មកចូលរួមក្នុងសវនាការ គឺលោកមើលឃើញថា វាអាចនឹងពាក់ព័ន្ធទីតាំងនៃការឃុំខ្លួនរបស់ប្រធានគណបក្សប្រឆាំងរូបនេះ មានចំណាយឆ្ងាយ ខណៈរឿងក្ដីនេះបានកើតឡើងនៅរាជធានីភ្នំពេញ ប៉ុន្តែបែរជាមានការឃុំខ្លួននៅពន្ធនាគារខេត្តពោធិ៍សាត់។ ការឃុំខ្លួននៅពន្ធនាគារឆ្ងាយៗបែបនេះ លោកថា វាធ្វើឱ្យប៉ះពាល់ដល់ដំណើរការនៃនីតិវិធីប្រចាំការ ហើយនិងអាចប៉ះពាល់ដល់ប្រព័ន្ធយុត្តិធម៌ផងដែរ។
លោក អំ សំអាត ៖ «រាល់សវនាការការជំនុំជំនះដើម្បីឱ្យមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ ហើយធានានូវយុត្តិធម៌ដល់ចំពោះមុខ វាត្រូវតែមានវត្តមាននៃជនជាប់ចោទ ដើម្បីតទល់និងការដេញដោល ហើយនិងការលើកជាសំអាងហេតុផលផ្សេងៗហ្នឹងណា ប្រសិនជាអត្តវត្តមាននៃជនជាប់ចោទនោះយើងឃើញហើយថា បើយើងនិយាយពីយុត្តិធម៌ក៏វាត្រូវបានបាត់មួយផ្នែកហើយ ដោយសារតែជនជាប់ចោទគឺជាតួអង្គសំខាន់នៅក្នុងអង្គសវនាការ ដើម្បីជជែកដេញដោលនោះ»។
ទោះជាយ៉ាងណា លោកថា វត្តមានរបស់លោក ស៊ុន ចន្ធី នៅក្នុងសវនាការ ជាការធានាបាននៅនីតិវិធី និងយុត្តិធម៌នៅចំពោះមុខ ដែលចង់ ឬមិនចង់តុលាការត្រូវនាំជនជាប់ចោទឱ្យមានវត្តមានគ្រប់ពេលនៅក្នុងសវនាការ។
មុននឹងបើកសវនាការនេះ លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ បានចេញលិខិតសុំទោសទៅកាន់រាជរដ្ឋាភិបាល ចំពោះសកម្មភាពផ្សព្វផ្សាយរបស់ខ្លួន។ លោកត្រូវបានកម្លាំងស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បន្ទាប់ពីលោកបានត្រឡប់មកពីបំពេញបេសកកម្មនៅប្រទេសជប៉ុន។ មកដល់ពេលនេះ ប្រធានគណបក្សប្រឆាំងរូបនេះ ត្រូវបានតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី៤ នៅខេត្តពោធិ៍សាត់៕