ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បាន ឱ្យដឹងថា តុលាការបានសម្រេចចេញដីកាកោះហៅមន្ត្រីសមាគមអាដហុកម្នាក់ទៀត ប្រចាំខេត្តព្រៃវែង ឈ្មោះ អ៊ាង គឹមលី មកសាកសួរ ក្នុងនាមសាក្សី ក្នុងសំណុំរឿងសូកប៉ាន់សាក្សី លើសំណុំរឿងអាស្រូវផ្លូវភេទលោក កឹម សុខា និងនាងខុម ចាន់ដារ៉ាទី ហៅ ស្រីមុំ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ខាងមុខនេះ។

លោក លី សុផាន់ណា បានឱ្យដឹងតាមបណ្តាញសង្គមតេលេក្រាមថា ពាក់ព័ន្ធនឹងករណីនេះ ចៅក្រមសើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏គ្រោងនឹងកោះហៅសាក្សីមួយចំនួនទៀត មកសាកសួរជាបន្តបន្ទាប់នៅក្នុងរឿងក្តីដូចគ្នានេះ។
សូមបញ្ជាក់ថា មន្ត្រីសមាគមអាដហុកចំនួន ០៤ រួមមាន លោក នី សុខា លោក យី សុខសាន្ត លោកណៃ វ៉ង់ដា និងលោក ស្រីលឹម មុន្នី រួមទាំងលោក នី ចរិយា មន្ត្រីគជប ត្រូវបានតុលាការ ចោទប្រកាន់ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី និងឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស និងមន្ទីឃុំឃាំងស្នងការរាជធានីភ្នំពេញ។
ការឃុំខ្លួនមន្ត្រីទាំង៥រូបនេះ ក្រោយពីកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលគេសង្ស័យថាទំនាក់ទំនងស្នេហាជាមួយ លោក កឹម សុខា បានចេញលិខិតចំហរមួយ ដោយបានសរសេររៀបរាប់អំពីរឿងរ៉ាវ ដែលនាងនិយាយលាក់បាំងសមត្ថកិច្ច៕