ភ្នំពេញ៖ សាលាក្ដីខ្មែរក្រហម នឹងប្រកាសសាលដីកាស្ថាពរ លើបណ្ដឹងសាទុក្ខ ក្នុងសំណុំរឿង០០២ វគ្គ១ ប្រឆាំងនឹងអតីតមេដឹកនាំខ្មែរក្រហមលោក នួន ជា និង លោក ខៀវ សំផន នៅថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោ៩ព្រឹក។
តាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ឬសាលាក្ដីខ្មែរក្រហម ចុះផ្សាយនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៦ សំណុំរឿង ០០២ វគ្គ១ គឺជាការជំនុំជម្រះក្ដីលើកទីមួយនៃការជំនុំជម្រះយ៉ាងតិចចំនួនពីរ ប្រឆាំងនឹងលោក នួន ជា អតីតអនុលេខាបក្សកុមុយនីស្ដកម្ពុជា និងខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
សេចក្ដីប្រកាសព័ត៌មាន របស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដដែលបានបញ្ជាក់បន្ថែមថា បទចោទនៅក្នុងសំណុំរឿង ០០២ វគ្គ១ នេះ គឺផ្ដោតលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ក្នុងពេលជម្លៀសប្រជាជនពីក្រុងភ្នំពេញ ថ្ងៃ១៧ខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីលំនៅដោយបង្ខំនៅ តំបន់ដទៃទៀត រួមទាំងការកាប់សម្លាប់រង្គាលមួយ នៅទួលពោធិ៍ជ្រៃ ក្នុងខេត្តពោធិ៍សាត់។
នៅថ្ងៃទី ០៧ ខែសីហា ២០១៤ អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ និងបានសម្រេចប្រកាសទោស ដាក់ពន្ធនាគារជនជាប់ចោទទាំងពីរ អស់មួយជីវិត។
នួន ជា និងខៀវ សំផន បានធ្វើបណ្ដឹងសាទុក្ខប្រឆាំងនឹងសាលក្រមរបស់អង្គជំនុំជម្រះសាលាដំបូង ដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្ដឹងសាទុក្ខរៀងៗខ្លួនចំនួន២២៣ និង១៤៨ ។
សួមរម្លឹកថា លោក កាំង ហ្កេកអ៊ាវ ហៅឌុច អតីតប្រធានគុកទួលស្លែងនៃរបបកម្ពុជាប្រជាធិបតេយ្យ ដែល រងការផ្ដន្ទាទោស អស់មួយជីវិត គឺស្ថិតក្នុងសំណុំរឿង ០០១៕