en     km
en     km

សាច់ញាតិ រំពឹងថាតុលាការនឹងដោះលែងយុវជនជាប់ឃុំ ពាក់ព័ន្ធគម្រោង CL

Share

 

តុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែមករានេះ បានបើកសវនាការលើសំណុំរឿងនីតិវិធីសុំនៅក្រៅឃុំបណ្តោះអាសន្ន របស់ក្រុមយុវជនដែលជាប់ឃុំខ្លួនដោយសារគម្រោង CLV។ បន្ទាប់ពីបញ្ចប់សវនាការ តុលាការ គ្រោងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់យុវជនទាំងនោះ នៅថ្ងៃទី១៤ ខែមករាខាងមុខនេះ ដែលធ្វើឱ្យសាច់ញាតិ និងអង្គការសិទ្ធិមនុស្ស ដាក់ក្ដីរំពឹងថាតុលាការនឹងដោះលែងយុវជនទាំងនោះ ដើម្បីឱ្យពួកគេបន្តការសិក្សារៀនសូត្រ និងជួយសង្គម។ លោក គីម ចាន់ចាវ រាយការណ៍

 

 

ក្រុមយុវជនដែលកំពុងជាប់ឃុំខ្លួនដោយសារគម្រោង CLV និងមានវត្តមានក្នុងសវនាការតុលាការកំពូល នៅព្រឹកថ្ងៃទី៣ ខែមករានេះរួមមាន៖ កញ្ញា​ ​រៀម​ ​ស្រី​ពេជ្រ​រតនា​​ លោក ធី ថន ដែល​អ្នក​ទាំងពីរ​មាន​អាយុ​ ​២​៣​ឆ្នាំ​ និងមានតួនាទីជាអនុប្រធានសមាគម​ស​ម្ព័ន្ធ​និស្សិត​ប​ញ្ញ​វ័ន្ត​ខ្មែរ (KS​I​L​A​)។ ចំណែក ៣នាក់ទៀត មានកញ្ញា​ ​សើន​ ​ស្រី​មៃ ​អាយុ​ ​២​១​ឆ្នាំ លោក ឈាង​ ​ឬ​ទ្ធី និងកញ្ញា សាក់ កន្និការ ដែលអ្នកទាំងពីរជាបុគ្គលិកអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន ​(​Y​R​D​P) ត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ ក្រោយពីពួកគេបានចេញវីដេអូសុំទោស។

ស្ថានភាពសវនាការនេះ មិនមានអ្នកសារព័ត៌មាន និងអង្គការសិទ្ធិមនុស្សណាមកឃ្លាំមើលអ៊ូអរឡើយ ដោយហាក់ជាស្ងប់ស្ងាត់ ខុសពីសវនាការពួកគេកន្លងមកនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។ មុនសវនាការនៅតុលាការកំពូល កញ្ញា ស្រី​ពេជ្រ​រតនា និងលោក ធី ធន ត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញបដិសេធសំណើនៅក្រៅឃុំបណ្ដោះអាសន្ន ហើយពួកគេក៏ធ្លាប់ចូលទៅឆ្លើយបំភ្លឺពីបទ «រួមគំនិតក្បត់» ចំពោះមុខចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ។

កញ្ញា រៀម ស្រីពេជ្ររតនា នៅខាងឆ្វេង និងលោក ធី ថន នៅខាងស្ដាំ។

ចំណាយពេលជាង ១ម៉ោង ក្នុងសវនាការនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក ធី ថន និងកញ្ញា រៀម ស្រីពេជ្ររតនា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។ ការសម្រេចបែបនេះ ដោយសារមេធាវីការពារសិទ្ធិជូនយុវជនទាំងពីរនាក់ អះអាងថា កូនក្ដីរបស់ខ្លួនមិនបានពាក់ព័ន្ធនឹងបុគ្គលឈ្មោះ ហៃ វណ្ណា និងបុគ្គលចំនួន ២នាក់ទៀត ទាក់ទងគម្រោងផ្ដួលរលំរដ្ឋាភិបាលឱ្យទម្លាក់ចោលគម្រោង CLVឡើយ។ ក្រៅពីនេះយុវជនទាំងពីរ ក៏មិនបាននៅក្នុងក្រុមឆាតដែលចង់ផ្ដួលរលំរដ្ឋាភិបាលដែរ។

មេធាវីការពារសិទ្ធិឱ្យពួកគេ លើកឡើងក្នុងសវនាការថា ការដោះលែងយុវជនទាំងពីរនាក់នេះ គឺគ្មានការប៉ះពាល់ដល់ការងារស៊ើបអង្កេតឡើយ ប៉ុន្តែការបន្តឃុំខ្លួនយុវជនទាំងនោះទេ ដែលធ្វើឱ្យប៉ះពាល់ដល់ការសិក្សា និងសេដ្ឋកិច្ចគ្រួសារពួកគេ។

ឳពុកកញ្ញា រៀម ស្រីព្រេជរតនា លោក ជិន សារូ អាយុ ៤៦ឆ្នាំ ធ្វើដំណើរពីខេត្តកំពង់ធំ មកចូលរួមសវនាការនៅតុលាការកំពូល បញ្ជាក់ប្រាប់វិទ្យុស្ដ្រីថា លោកមិនទាន់ដឹងថា ហេតុអ្វីបានជាតុលាការមិនទាន់សម្រេចឱ្យកូនលោកនៅក្រៅឃុំនៅឡើយ ខណៈសកម្មជនផ្សេងទៀតដែលជាប់ឃុំខ្លួនដំណាលគ្នាដែរ មកដល់ពេលនេះ ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញហើយ។ យ៉ាងណាលោកនៅតែអះអាងថា កូនខ្លួនមិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ឡើយ ព្រោះតាំងពីតូចមកកូនលោកស្រលាញ់ការសិក្សា ហើយក៏គ្មានតួនាទី និងមុខងារអ្វីដែលបណ្ដាលឱ្យមានទោសក្បត់ជាតិដែរ។

លោក ជិន សារូ នៅឆ្វេង និងអ្នកស្រី ភួង ណារិ នៅខាងស្ដាំ។

លោក ជិន សារូ៖ «គ្រាន់តែថាពូអត់ជឿជាក់ថាកូនពូទៅជាអ៊‌ីចឹងទេ ព្រោះអីគាត់នៅតូចៗណាស់ គាត់អ្នកសិក្សារៀនសូត្រ ពូជឿជាក់ចិញ្ចឹមកូនមកមិនអាចទៅជាអ៊‌ីចឹងទេ ពូអត់ជឿថាកូនពូទៅជាអ៊‌ីចឹងទេ»។

កញ្ញា រតនា មិនដែលធ្វើឱ្យលោក សារូ និងភរិយា ពិបាកចិត្តឡើយ ដោយប្រឹងតស៊ូឡើងពីខេត្ត មករៀននៅភ្នំពេញ ដើម្បីចាប់យកជំនាញផ្នែកច្បាប់សម្រាប់ប្រើការជួយដល់សង្គមជាតិ ប៉ុន្តែបច្ចុប្បន្ននេះកញ្ញាជាប់ឃុំខ្លួន ក្នុងពេលដែលកំពុងសិក្សាជំនាញផ្នែកច្បាប់។

ម្ដាយកញ្ញា រតនា អ្នកស្រី ភួង ណារិ ប្រាប់ដែរថា មានតែស្នើសុំឱ្យរដ្ឋាភិបាលពិចារណាដោះលែងកូនអ្នកស្រីឱ្យមានសេរីភាពឡើងវិញ ព្រោះកូនខ្លួនស្ថិតក្នុងវ័យសិក្សា ហើយជាធនធានសំខាន់សម្រាប់សង្គមត្រូវការ។ ម្យ៉ាងវិញទៀត ដោយសារវ័យកញ្ញារតនា នៅក្មេង ដូច្នេះការស់នៅក្នុងពន្ធនាគារ គឺពិបាកសម្រាប់កូនអ្នកស្រី ទាំងអនាម័យ បន្ទប់តូចចង្អៀត និងរបបអាហារមិនគ្រប់គ្រាន់ផងដែរ។

អ្នកស្រី ភួង ណារិ៖ «ក្នុងនាមជាម្ដាយសូមស្នើឱ្យដោះលែងកូនខ្ញុំឱ្យមានសេរីភាព ឱ្យឆាប់បានរៀនវិញ ព្រោះខាតរៀនច្រើនណាស់»។

ក្រុមយុវជនទាំងនោះត្រូវបានចាប់ខ្លួននៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ដោយរងបទចោទ «រួមគំនិតក្បត់» ក្នុងអំឡុងពេលដែលរដ្ឋាភិបាល ត្រៀមកម្លាំងចាប់ខ្លួនពលរដ្ឋ ដែលចូលរួមបញ្ចេញមតិ ឬលើកឡើងពីផែនការប្រមូលផ្តុំគ្នា ទាក់ទងនឹងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា វៀតណាម និងឡាវ (CLV-DTA)។ បទចោទនេះ បើត្រូវផ្តន្ទាទោស ពួកគេនឹងប្រឈមជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។ គិតមកដល់ពេលនេះ កញ្ញា រតនា និងលោក ថន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជិត ៥ខែហើយ។

ករណីឃុំខ្លួនក្រុមយុវជននេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ ប្រាប់វិទ្យុស្ដ្រីថា សវនាការលើយុវជនទាំងពីរនាក់នេះ គឺធ្វើឡើងដោយសារពួកគេមិនទាន់ដោះលែងឱ្យនៅក្រៅឃុំ ដូចនិងយុវជនផ្សេងទៀតដែលជាប់ឃុំខ្លួន និងចាប់ខ្លួនដំណាលគ្នាដែរ។ សំណុំរឿងរបស់យុវជនទាំងនោះ បានមកដល់តុលាការកំពូល ព្រោះសាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ ច្រានចោលសំណើនៅក្រៅឃុំបណ្ដោះអាសន្នរបស់ពួកគេ។

ដូច្នេះយុវជនពីរនាក់ដែលស្ថិតក្នុងសវនាការនៅតុលាការកំពូលនេះ លោកថា តុលាការគួរតែពិចារណាដោះលែងពួកគេឱ្យមានសេរីភាពឡើងវិញ ព្រោះអ្នកជាប់ឃុំខ្លួនដោយសារគម្រោង CLV មានមួយចំនួនត្រូវបានដោះលែងឱ្យមានសេរីភាពវិញហើយ ក្រោយពីពួកគេបានសុំទោសចំពោះសកម្មភាព និងទង្វើកន្លងមក។

 

លោក អំ សំអាត៖ «បីនាក់មុនគាត់មានការសុំទោសនៅអ្វីដែលគាត់បានធ្វើអីកន្លងមកអ៊‌ីចឹងទៅ អាហ្នឹងវាជារឿងមួយដូចតែអ្នកមុនៗដែរទេ បើយើងមានលិខិតសុំទោស ឬវីដេអូសុំទោសអ៊‌ីចឹងទៅគាត់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហ្នឹងណា ចំណែកអ្នកដែលអត់ឃើញមានវីដេអូ ឬការសុំទោសអី គឺនៅជាប់ឃុំហ្នឹង។ បើមើលទៅពួកគាត់(លោក ធី ធន និងកញ្ញា រៀម ស្រីពេជ្ររតនា) មិនបានប្រព្រឹត្តអ្វីខុស អ៊‌ីចឹងគាត់មិនអាចធ្វើការសុំទោសអីបានទេ ពីព្រោះគាត់គិតថាមិនបានធ្វើអ្វីខុសនឹងច្បាប់»។

កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងមកនេះ សម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ប្រកាសថា កម្ពុជាសម្រេចដកខ្លួនចេញពីគម្រោង CLV ដើម្បីកុំឱ្យក្រុមជ្រុលនិយម ចាប់យកគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីខេត្តទាំង៤ នៃភាគឦសានឱ្យទៅបរទេស។

ប៉ុន្តែលោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បញ្ជាក់ប្រាប់វិទ្យុស្ដ្រីកន្លងមកថា ការសម្រេចដកខ្លួនពីគម្រោង CLV នេះ គឺមិនមានជាប់ទាក់ទងនឹងចំណាត់ការផ្លូវច្បាប់របស់តុលាការឡើយ ដូច្នេះអ្នកដែលប្រព្រឹត្តអំពើខុសច្បាប់ គឺត្រូវតែទទួលទោសតាមចំណាត់ការផ្លូវច្បាប់ វាជារឿងធម្មតា។ ចំណែកការមានទោស ឬគ្មានទោសនេះ លោកថា ជាការសម្រេចរបស់តុលាការ ពីព្រោះកម្ពុជាមានការបែងចែកអំណាចកាន់កាប់ច្បាស់លាស់ ហេតុដូច្នេះទាំងរាជរដ្ឋាភិបាល ឬស្ថាប័ននានា គ្មានសិទ្ធិលូកដៃលើអំណាចតុលាការឡើយ។

លោក ប៉ែន បូណា៖ «ខ្ញុំសូមបញ្ជាក់ជូនឱ្យច្បាស់សម្រាប់អ្នកសារព័ត៌មាន អ្នកដែលរងចំណាត់ការផ្លូវច្បាប់កន្លងមកនេះ មិនមែនជាការរិះគន់ទេបាទ គឺគាត់បំពានច្បាប់របស់កម្ពុជា ដើរហួសបន្ទាត់ក្រហមនៃច្បាប់កំណត់។ គាត់ត្រូវទទួលទោសតាមច្បាប់ជាធរមានបាទ!»។

ងាកមកលោក ថន ធន ដែលជាមិត្តភក្ដិលោក ធី ថន និងកញ្ញា ស្រីពេជ្ររតនា បានមកចូលរួមសវនាការនេះ ដើម្បីលើកទឹកចិត្តលោក ធី ថន ជំនួសឱពុករបស់លោក ថន ដោយអវត្តមានព្រោះធ្លាក់ខ្លួនឈឺ។ យ៉ាងណាសវនាការព្រឹកនេះ លោកខកចិត្តដែលតុលាការមិនទាន់សម្រេចលទ្ធផលនៅឡើយ ប៉ុន្តែលោករំពឹងទុកថា ការប្រកាសសាលក្រមរបស់តុលាការខាងមុខនេះ អាចនឹងដោះលែងមិត្តភក្តិរបស់ខ្លួនឱ្យមានសេរីភាពវិញ ព្រោះតាមការអះអាងរបស់មេធាវី លោក ធី ថន និងកញ្ញា រតនា មិនបានប្រព្រឹត្តអំពើក្បត់ជាតិដូចការចោទប្រកាន់ឡើយ ហើយក៏មិនបានជាប់ពាក់ព័ន្ធជាមួយបុគ្គលដែលបង្កើតព្រឹត្តិការណ៍គម្រោង CLV ដែរ។

លោក ថន ធន មិត្តភក្ដិលោក ធី ថន និងកញ្ញា ស្រីពេជ្ររតនា។

លោក ថន ធន៖ «សំណូមពរឱ្យតុលាការ ក៏ដូចជាចៅក្រម សូមឱ្យកាត់ក្ដីទៅតាមនីតិវិធីទៅតាមផ្លូវច្បាប់ ដោយសារអីច្បាប់គេមានហើយ ប្រសិនជាយើងកាត់ក្ដីដោយអគតិ ៤យ៉ាង មានន័យថាលម្អៀងព្រោះខ្លាច លម្អៀងព្រោះស្រលាញ់ ឫក៏លម្អៀងព្រោះល្ងង់ ឬក៏ស្អប់អីហ្នឹង វាជារឿងមួយដែលខុសប្រាសចាកអំពីអ្វីដែលជាតួនាទីរបស់យើង ឬក៏សម្បជញ្ញៈនៃតុលាការអ៊‌ីចឹងណាបង។ អ៊‌ីចឹងបើយើងអត់ដើរតាមផ្លូវតាមច្បាប់ អ៊‌ីចឹងយើងទុកឱ្យអ្នកណាគេជាអ្នកគោរពច្បាប់ ប្រសិនជាយើងជាតុលាការ ជាចៅក្រមហ្នឹង អ៊‌ីចឹងខ្ញុំគិតថាប្រសិនជាតុលាការធ្វើតាមនីតិវិធីច្បាប់ គឺវាល្អសម្រាប់យើងទាំងអស់គ្នា»។

លោកបន្ថែមថា ក្នុងនាមជាមិត្តភក្ដិ គ្រប់សកម្មភាពដែលលោក ថន និងកញ្ញា រតនា បានធ្វើកន្លងមក គឺគ្មានប្រព្រឹត្តបទល្មើសខុសច្បាប់ណាមួយឡើយ ហើយពួកគេគ្រាន់តែជាយុវជនស្លូតត្រង់ និងជាគំរូភាពដល់យុវជនជំនាន់ក្រោយ។

យោងតាមរបាយការណ៍អង្គការលីកាដូ បានកត់ត្រាចាប់ពីពាក់កណ្ដាលខែកក្កដា ឆ្នាំ២០២៤កន្លងមកនេះ មានមនុស្សជាង ១០០នាក់ ត្រូវបានចាប់ខ្លួន និងច្រើនជាង ៦០នាក់ ត្រូវបានចោទប្រកាន់ និងជាប់ឃុំក្នុងពន្ធនាគារ ដោយសារការបង្ហោះសារលើបណ្តាញសង្គម និងគម្រោងជួបជុំ ជុំវិញព្រឹត្តិការណ៍នៃកិច្ចព្រមព្រៀងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV)។ ក្នុងនោះអង្គការលីកាដូ រកឃើញថា យ៉ាងហោចណាស់មនុស្សច្រើនជាង ៣០នាក់ទៀត ជាប់ឃុំនៅក្នុងពន្ធនាគារទាក់ទងនឹងបទចោទជុំវិញព្រឹត្តិការណ៍គម្រោង CLV៕

អត្ថបទដោយ៖ កញ្ញា ជា សុខនី

Share

Image Not Found
Image

ព័ត៌មានទាក់ទង