loader

សហរដ្ឋអាមេរិកបន្តជំរុញអោយកម្ពុជាដោះលែងសកម្មជននៃអតីតគណបក្សសង្រ្គោះជាតិជាបន្ទាន់

រយៈពេលចុងក្រោយនេះ គេសង្កេតឃើញមានប្រតិកម្មជាបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ មានដូចជា សហរដ្ឋអាមេរិក ស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ និង អង្គការសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស អំពីការបន្តចាប់ខ្លួន សកម្មជននៃអតីតគណបក្សប្រឆាំងនៅកម្ពុជា។

ប្រតិកម្ម ជាលើកទី២ គឺកាលពីថ្ងៃពុធម្សិលមិញនេះ ក្រសួងការបរទេសអាមេរិក បន្តជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជា ដោះលែង សកម្មជន នៃអតីតបក្សសង្រ្គោះជាតិ ទាំងអស់ដែលបានចាប់ខ្លួន ។ សហរដ្ឋអាមេរិក ចាត់ទុកការចាប់ខ្លួន គឺជាការបំពានធ្ងនធ្ងរសេរីភាពនយោបាយ និងសិទិ្ធមនុស្ស។  យ៉ាងណា ទាំង​ក្រសួងការបរទេស និងអ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា បានចាត់ទុកប្រតិកម្មពីសំណាក់អន្តរជាតិទាំង​នេះ ថា ជាកាជ្រៀតជ្រែកលើដែនសមត្ថកិច្ចតុលាការកម្ពុជាដោយអះអាងថាកម្ពុជាគឺជារដ្ឋអធិប​តេយ្យ មួយរបស់អង្គការសហប្រជាជាតិ។

ក្រសួង​ការ​បរទេស​អាមេរិក តាមរយៈអ្នកនាំពាក្យ បានអំពាវនាវជាថ្មីទៀត ដល់រាជ រដ្ឋាភិបាល​កម្ពុជា​ដោះ​លែង​សកម្មជនអតីត​គណបក្ស​សង្រ្គោះជាតិជា​បន្ទាន់។

អ្នកស្រី Morgan Ortagus អ្នក​នាំពាក្យ​នៃក្រសួង​ការ​បរទេស​អាមេរិក បានទទូចដូចនេះ ក្នុង​សារ​ជា​វីដេអូ​ដែល​មាន​រយៈពេល​៥៤​វិនាទី​ តាម​បណ្តាញ Twitter អ្នក​ស្រី កាលពីថ្ងៃពុធទី១៨កញ្ញាម្សិលមិញនេះហើយត្រូវបានមើលឃើញជាសាធារណៈនៅលើបណ្ដាញសង្គម ។

លោកស្រីបាន និយាយដូចនេះ​ថា៖ «សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​អំពី​ស្ថានភាព​គាប​សង្កត់​ខាង​នយោបាយ​របស់​រដ្ឋាភិបាល​ម្ពុជា​ទៅ​លើ​អតីត​សមាជិក​គណបក្ស​សង្គ្រោះជាតិ។ ហើយ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​លុប​បំបាត់​ការ​រឹតបន្តឹង​ខាង​នយោបាយ​នានា​លើ​បុគ្គល​គ្រប់​រូប រួម​ទាំង​លោក កឹម សុខា និង​ដោះលែង​សកម្មជន​នយោបាយ​ដែល​ត្រូវបាន​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត និង​ដោយ​ខុស​ច្បាប់‍»។

សេចក្តី​ថ្លែង​ការណ៍​ ​របស់​ក្រសួង​ការ​បរទេស​អាមេរិក តាមរយៈអ្នកនាំពាក្យ អ្នក​ស្រី Morgan Ortagus បាន​បញ្ជាក់បន្ថែម ​ថា៖ «សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ម្តង​ហើយ​ម្តង​ទៀត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​ពហុ​បក្ស​ដ៏​ពិត​ប្រាកដ និង​ការពារ​សិទ្ធិ​មនុស្ស និង​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា‍»។

សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេសអាមេរិក លើកទី២នេះ គឺបន្ទាប់ពី បានជំរុញម្ដងហើយកាលពីថ្ងៃទី២កញ្ញា ចំខួបឃុំខ្លួន លោកកឹមសុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ រយៈពេល២ឆ្នាំ ដែល អាមេរិកបានទាមទារអោយកម្ពុជា ទំលាក់ចោលបទចោទប្រឆាំងអតីតមេដឹកនាំបក្សប្រឆាំងរូបនេះ។

យ៉ាងណា សេចក្ដីថ្លែងការណ៍ក្រសួងការបរទេសអាមេរិក គឺក្រោយមួយថ្ងៃ ដែលសមាជិកសភា​អាស៊ាន មួយចំនួន បានអំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាលកម្ពុជា បញ្ឈប់​ជាបន្ទាន់ រាល់​ការ​​ចាប់​ចង​​សកម្មជន​​បក្ស​​ប្រឆាំង។

ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា APHR កាលពី​ថ្ងៃ​ទី១៧ ខែ កញ្ញា​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​ខ្មែរ ឈប់​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ សកម្មជន​បក្ស​ប្រឆាំង និង​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​​ដោយសារ​​ហេតុផល​នយោបាយ។

ការ​ចាប់ខ្លួន​បន្ថែម​ច្រើន​នាក់​ក្នុង​ពេល​ដ៏​ខ្លី​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​សកម្មជន​បក្ស​ប្រឆាំង ដែល​ត្រូវ​បាន​ចាប់ខ្លួន​បន្ថែម និង​កំពុង​ជាប់ឃុំ​កើន​ឡើង​ដល់ ២៦​នាក់​ គិត​ចាប់ពី​ដើម​ឆ្នាំ ២០១៩ មក​ត្រឹម​ពេលនេះ​។

សមត្ថកិច្ច​ចោទប្រកាន់​សកម្មជន​ទាំងនោះថាមានផែនការ​ប្រឆាំង​សាលដីកា និង​ផ្ដួល​រំលំ​រាជរដ្ឋាភិបាលនៅពេលពួកគេ ត្រៀមរៀបចំកម្លាំងទៅ ​លោក សម រង្ស៊ី ដែលសន្យាវិលចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ។

ទាក់ទិន​ រឿងនេះ អតីតគណបក្សសង្រ្គោះជាតិ បានចេញសេចក្ដីថ្លែងការណ៍ដោយ ចាត់ទុកថា ​ការចាប់ និងឃុំខ្លួនសកម្មជនរបស់ខ្លួន គឺជាទង្វើរំលោភបំពាន​យ៉ាងកំរោល​លើច្បាប់ជាតិ និងអន្តរជាតិ ព្រមទាំងរដ្ឋធម្មនុញ្ញ​កម្ពុជា។ សេចក្ដីថ្លែងការណ៍បានប្រដូចសកម្មភាពនេះ ដូចជាសកម្មភាពក្នុងរបបខ្មែរក្រហម។

សេចក្ដីថ្លែងការណ៍ដដែលឱ្យដឹងថា បើគិតអ្នកទាំង ៦នាក់ដែលចាប់ខ្លួនចុងក្រោយគឺ សរុបចំនួន​មនុស្ស​ មានចំនួន ២៦នាក់ ហើយ​ជាង ១៥០នាក់​ទៀត ត្រូវបានកោះហៅទៅ​សាក​សួរដោយសមត្ថកិច្ច។

លោកស្រី មិឆែល បាឆេឡេត ស្នងការសិទ្ធិមនុស្សរបស់ អង្គការសហប្រជាជាតិ ក៏បានសម្ដែងការ​ព្រួយ​បារម្ភ ជាខ្លាំង អំពីស្ថានភាពសិទ្ធិមនុស្ស និងសេរីភាពនយោបាយនៅកម្ពុជាកាន់តែធ្លាក់ចុះ។ លោកស្រី​ទទូច​អោយកម្ពុជា ស្ដារស្ថានភាពបែបនេះឡើងវិញ។

យ៉ងណា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានបញ្ជាក់ក្នុងបទសម្ភាសជាមួយ វិទ្យុក្នុងស្រុក​មួយថា ករណីរបស់សកម្មជននៃអតីតគណបក្សសង្រ្គោះជាតិ គឺ ជាការអនុវត្តច្បាប់ គឺអនុវត្តទៅលើអ្នកណាបំពានច្បាប់។ លោកថា ក្រុមនេះ មានផែនការបង្កអសន្តិសុខសង្គម។

ដោយឡែក ចំពោះ ជំហររបស់សហរដ្ឋអាមេរិក វិញ គឺក្រសួងការបរទេសកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍​ដោយប្រតិកម្មនឹងក្រសួងការបរទេសអាមេរិកម្ដងហើយ ការដែលលើកឡើងអំពីការឃុំខ្លួនលោកកឹមសុខា និង​ចោទថាកម្ពុជា បានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ក្រសួងការបរទេសកម្ពុជា ចាត់ទុកជំហរសហរដ្ឋអាមេរិក ដូចនេះ គឺជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា

អត្ថបទ៖ នួន បូរិន

បញ្ចេញមតិ

avatar

ព័ត៌មានទាក់ទង

ទូតកម្ពុជាប្រចាំអឺរ៉ុប ថាកម្ពុជាធ្វើឱ្យស្ថានភាពនយោបាយប្រសើរឡើងជាជំហានៗ

ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសហភាពអឺរ៉[...]

កូនលោក កឹម សុខាថា ឆ្នាំ ២០២០ លោក កឹម សុខានឹងជម្រុញឱ្យមានការផ្សះផ្សារជាតិទ្រង់ទ្រាយធំ

ភ្នំពេញ៖ កញ្ញាកឹម មនោវិទ្យា កូនស្រីរបស់លោក កឹ[...]

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ទស្សនៈចម្រុះមុនជំនុំជម្រះរឿងក្ដីលោក កឹម សុខា

ថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០១៩

ភ្នំពេញ៖ ដំណាក់កាលចុងក្រោយថ្មីៗនេះ កម្ពុជាមាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត